លោកមុត ចន្ថា ៖ គ្មានការទូរសព្ទទាក់ទងគ្នារវាងលោក កឹម សុខា និងលោក សម រង្សី ទេ

នាយកខុទ្ទកាល័យ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក មុត ចន្ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩បានសរ​សេរ​អះអាង​នៅលើហ្វេសប៊ុករបស់ថា លោក កឹម សុខា មិនបានទាក់ទង​ជា​មួយ លោក សម រង្ស៉ី តាមទូរសព្ទ ដូចការលើកឡើងលើ​បណ្តាញសង្គមហ្វេសប៊ុកទេ។

លោក មុត ចន្ថា បានសរសេរ ថា លោកបដិសេធយ៉ាងដាច់ខាតចំពោះសារដែលឈ្មោះ Sok Paul Pen បាន​បង្ហោះ​នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិច។ លោកចាត់ទុកថា ទង្វើរបស់លោក Sok PaulPen មានចេតនាទុច្ចរិតមកលើ លោក កឹម សុខា ហើយលោកស្នើឲ្យធ្វើការកែ​តម្រូវជា​បន្ទាន់។

គួររម្លឹកថា លោកកឹម​សុខា ទើបតែត្រូវបានសាលាដំបូងតុលាការរាជធានីភ្នំពេញ ចេញដីកាដោះលែងឱ្យ​នៅក្រៅឃុំបណ្តោះអាសន្ន កាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ហើយក្រោយពីការដោះលែង លោកកឹម សុខា តែងតែជួបជាមួយអគ្គរាជទូត អគ្គរដ្ឋទូត ដែលមកពីបណ្តាប្រទេសនានា នៅកម្ពុជា៕

Leave a comment