សៀវភៅ “គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធ” របស់ពៅ សុខ

សៀវភៅ “គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធ” របស់ពៅ សុខ Trackback

ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ Touch Sokhak កាលពី 2 days ago 6 Comments
ដកស្រង់ចេញពីគេហទំព័រសប្បាយទាំងស្រង់

អ្នកនិពន្ធម្នាក់បានត្រៀម បោះពុម្ពសៀវភៅ “គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធ” ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្វីដែលលោករំពឹងទុកគឺ យុវជនជំនាន់ក្រោយ នឹងមានផ្លូវដើរលើវិថីតែងនិពន្ធ។ ប្រការដែលសរសេរសៀវភៅនេះឡើង គឺរូបលោកមិនខ្លាចប៉ះពាល់អាជីពរបស់លោកនោះទេ ហើយថែមទាំងចង់ឲ្យមានអ្នកនិពន្ធវ័យក្មេងកាន់តែច្រើនក្នុង សង្គមទៀតឪង។ លោក ពៅ សុខ បានបញ្ជាក់ថា “ដោយសារកាលណា មនុស្សស្រលាញ់សិល្បៈតែងនិពន្ធ គឺមនុស្សស្រលាញ់ជាតិ“។

Sabay៖ ខ្ញុំសូមឲ្យលោកនិយាយទៅកាន់ មិត្តអានបន្តិច អំពីគោលបំណងក្នុងការចងក្រងសៀវភៅ នេះឡើង ថាតើ លោកមានហេតុផលបែបណាខ្លះដែលនាំឲ្យលោកសម្រេចចិត្តរៀបរៀងសៀវភៅ នេះឡើង?

ពៅសុខ៖ បាទ! មូលហេតុ ដែលធ្វើឲ្យខ្ញុំចងក្រងជាសៀវភៅនេះ ទីមួយដោយមើលឃើញថា នៅកម្ពុជាយើង ហាក់នៅមានកម្រិតនៅឡើយ ចំពោះទឹកដៃនៃការតែងនិពន្ធ។ ទីពីរ ចំពោះរៀមច្បង ដែលបានរៀបរៀងរួចមកហើយនូវមេរៀនតែងនិពន្ធនេះ ហាក់មិនទាន់ចំគោលដៅ ដែលអាចជំរុញឲ្យកូនខ្មែរ ដែលចង់ចេះតែងនិពន្ធនេះ អាចយកទៅប្រើការបាន និង ទីបី គឺចង់ឲ្យកូនខ្មែរមានមេរៀនសម្រាប់ការតែងនិពន្ធខ្លះ ជាជាងសរសេរដោយគ្មានទិសដៅពិតប្រាកដ។

Sabay៖ លោក មានការរំពឹងទុកកម្រិតណា ដើម្បីឲ្យសម្រេចអ្វីដែលលោកលើកឡើងខាងលើ ព្រោះតាមការសង្កេតប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ពុំសូវចូលចិត្តអានសៀវភៅនោះ?

ពៅ សុខ៖ បាទ តាមការរំពឹងទុក ខ្ញុំគិតថា ទោះបីជាមិត្តអ្នកអាន មួយចំនួនមិនសូវចូលចិត្តសៀវភៅក៏ដោយ តែខ្ញុំសង្ឃឹមថា ក្រោយសៀវភៅនេះចេញទៅ វានឹងធ្វើឲ្យមនុស្សចូលចិត្តអានសៀវភៅស្រលាញ់សៀវភៅ។ នេះជាការរំពឹងទុក តែមិនទាន់ប្រាកដថា បានដល់កម្រិតណាទេ។ ម្យ៉ាងទៀត គោលបំណងនៃការបង្កើតសៀវភៅនេះ គឺខ្ញុំចង់ឲ្យមនុស្សខ្មែរ ចូលចិត្ត និង ស្រលាញ់សៀវភៅ និង ស្រលាញ់ការងារ ព្រោះ ការងារច្រើន ធ្វើឲ្យយើងដឹងច្រើន និង ចេះច្រើនផងដែរ។

Sabay៖ តាមបទពិសោធន៍របស់លោក តើយុវជនខ្មែរមានចំណាប់អារម្មណ៍បែបណាក្នុងកិច្ចតែងនិពន្ធនេះបាទ?

ពៅ សុខ៖ តាមការសង្កេត ឃើញយុវជនចាប់អារម្មណ៍ច្រើន លើមុខជំនាញ ឬវិជ្ជាតែងនិពន្ធនេះ។ ប៉ុន្តែទំនងដោយ សារវិជ្ជានេះពិបាករកប្រាក់ចំណូល ទើបធ្វើឲ្យពួកគេ ចាប់អារម្មណ៍បានមួយភ្លែត ហើយក៏បោះបង់ទៅវិញ។ តែខ្ញុំនៅតែសង្ឃឹមថា ថ្ងៃក្រោយពួកគេ នឹងចូលចិត្តការសរសេរច្រើន ថ្ងៃក្រោយពួកគេនឹងយល់ពីគុណតម្លៃនៃសៀវភៅ និង ការសរសេរ។ ខ្ញុំចង់ ឲ្យកម្ពុជាមានសំណេរសំបូរបែប ដូចបរទេស ដែលអ្នកណាក៏អាចសរសេរបាន។

Sabay៖ តាមការសន្ទនាជាមួយលោក ខ្ញុំអាចនិយាយបានថា លោកចង់ឲ្យយុវជនខ្មែរចាប់អារម្មណ៍ នឹងការតែងការនិពន្ធឲ្យបានច្រើន។ តើលោកអាចពន្យល់មិត្តអ្នកអានបានទេថា ហេតុអ្វីបានជាលោកមានចេតនាបណ្ដុះវិជ្ជាតែងនិពន្ធនេះ ដល់យុវជនជំនាន់ក្រោយឲ្យចេះ?

ពៅ សុខ៖ បាទ ដោយសារកាលណាមនុស្សស្រលាញ់សិល្បៈតែងនិពន្ធ គឺមនុស្សស្រលាញ់ជាតិបានច្រើន។ អ្នកនិពន្ធភាគច្រើនមិនមែនជាមនុស្សលោភលន់ ឬបំផ្លាញជាតិទេ។ ម្យ៉ាង នៅពេលគាត់ចេះនិពន្ធ គាត់ងាយបង្ហាញចំណេះដឹងរបស់គាត់ ដែលគាត់មានទៅអ្នកដទៃ។ អ្នកតែងនិពន្ធ ជាមនុស្ស ដែលមានចំណេះដឹងទូលាយ ដូច្នេះ បើប្រទេសយើងមានអ្នកនិពន្ធច្រើន គឺមានន័យថា យើងមានធនធានមនុស្សច្រើន។ ចេះតែងនិពន្ធ ក៏អាចងាយស្រួលក្នុងការធ្វើសារណា ឬនិក្ខេបបទ បញ្ចប់ការសិក្សាតាមកម្រិតនីមួយៗដែរ តែការលើកឡើងរបស់ខ្ញុំអាចបញ្ច្រាសគ្នាខ្លះ ជាមួយទស្សនៈអ្នកនិពន្ធដទៃទៀត។ នេះជាមហិច្ឆតារបស់ខ្ញុំក្នុងការបង្កើតសៀវភៅ គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធ។

Sabay៖ ផ្ទុយទៅវិញ ប្រសិនបើអ្នកនិពន្ធពុំបានបម្រើឧត្ដមគតិពិតក្នុងវិជ្ជាជីវៈខ្លួន ទេ ពោលគឺបម្រើនិន្នាការនយោបាយឆ្វេងនិយមណាមួយ តើលោកគិតថា នឹងអាចនាំសង្គមជាតិប្រឈមនឹងគ្រោះ ដូចម្ដេចខ្លះបាទ?

ពៅ សុខ៖ ខ្ញុំគិតថា អ្នកនិពន្ធ ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ បើមិនដូច្នេះទេ វានឹងនាំឲ្យបញ្ហាដែរ ព្រោះអ្នកនិពន្ធ ក៏ជាអ្នកទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រដែរ។ អ្នកនិពន្ធ ត្រូវមានឯករាជ្យភាពរបស់ខ្លួន ដូចអ្នកកាសែតដែរ។ រឿងនេះ ខ្ញុំបានសរសេរនៅក្នុងមេរៀន គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធអស់ហើយ។ អ្នកនិពន្ធត្រូវតែឯករាជ្យជាដាច់ខាត់។ មិនត្រូវក្បត់ឧត្ដមគតិខ្លួនឯងទេ អ្នកនិពន្ធ ជាអ្នកចងក្រង ឬបង្កើតឡើងនូវអ្វី ដែលថ្មី មិនមែនជាអ្នកកាន់ជើងអ្នកនយោបាយ ឬសង្គមណាមួយទេ។ កាលណាអ្នកនិពន្ធលម្អៀង ធ្វើឲ្យស្នាដៃរបស់គេគ្មានតម្លៃ។

Sabay៖ និយាយ អំពីប្រយោជន៍របស់អ្នកនិពន្ធវិញ។ បើសិនជាក្នុងសង្គមមួយមានអ្នកនិពន្ធជាយុវជនច្រើន លោកគិតថា អាចចូលរួមជួយយុវជនឯទៀតយ៉ាងណាទៅលោក?

ពៅ សុខ៖ បាទ ខ្ញុំគិតថា បើមានអ្នកនិពន្ធជាយុវជនច្រើន គឺមានន័យថា សង្គមមួយសម្បូរទៅដោយធនធានមនុស្ស និង អាចជួយយុវជនដទៃទៀតឲ្យប្រាក់ចាកពីការប្រព្រឹត្តអំពើអបាយមុខ ផ្សេងៗ ព្រោះការតែងនិពន្ធ ទាមទារឲ្យមានការយកចិត្តទុកដាក់ និង ព្យាយាម។ ដូច្នេះ បើយុវជន ជាអ្នកនិពន្ធច្រើន គឺពួកគាត់មានគំនិតអភិវឌ្ឍច្រើន គាត់គ្មានពេលគិតពីរឿងអបាយមុខ ឬអំពើអកុសលផ្សេងៗឡើយ។ លើសពីនេះ គាត់ព្យាយាមស្រាវជ្រាវធ្វើយ៉ងណា ឲ្យស្នាដៃរបស់គាត់មានតម្លៃ ពោលគឺគិតលើការងារច្រើនជាងការសប្បាយ។ កាលណាធ្វើជាអ្នកនិពន្ធ គឺត្រូវការស្រាវជ្រាវច្រើន ហើយកាលណាយុវជនមានការស្រាវជ្រាវ គឺធ្វើឲ្យគាត់ដឹងច្រើន និង ចេះច្រើនដែរ។ នៅពេលយុវជនចេះតែងនិពន្ធ គឺធ្វើឲ្យពួកគាត់រីកចម្រើន ដូចជា ចេះស្រាវជ្រាវ និង ប្រមូលព័ត៌មាន។បើសរសេរទាក់ទងច្បាប់ ពួកគាត់ស្រាវជ្រាវពីច្បាប់ បើសរសេរទាក់ទងកសិកម្មពួកគាត់ស្រាវជ្រាវកសិកម្ម ដូច្នេះ អ្វីទាំងនេះ ធ្វើឲ្យពួកគាត់ចេះ និង រីកចម្រើន ផ្នែកចំណេះដឹង។

Sabay៖ តើលោក នឹងប្រើមធ្យោបាយអ្វីខ្លះ ដើម្បីឲ្យសៀវភៅរបស់លោកបានដល់ដៃយុវជន កាន់តែច្រើន?

ពៅ សុខ៖ បាទ ដើម្បីឲ្យសៀវភៅខ្ញុំដល់ដៃយុវជន ទីមួយខ្ញុំត្រូវតែសរសេរវា ហើយបោះពុម្ពផ្សាយ ទោះបីក្នុងកម្រិតណាក៏ដោយ យ៉ាងហោចណាស់ ក៏ពួកគេមួយចំនួនបានអានសៀវភៅខ្ញុំនេះដែរ។

Sabay៖ ក្នុង នាមលោកជាអ្នកនិពន្ធ ជាពិសេស ពូកែអានសៀវភៅ ពូកែស្រាវជ្រាវ តើលោកគិតថា មានហេតុផលអ្វីខ្លះដែលនាំឲ្យយុវជន មិនសូវចាប់អារម្មណ៍ក្នុងការអានសៀវភៅ? ចំពោះលោក មានមធ្យោបាយដូចម្ដេចដើម្បីឲ្យពួកគេចាប់ផ្ដើមអានសៀវភៅឲ្យផុលផុស នោះ?

ពៅ សុខ៖ បើយើងសង្កេត ឃើញថា មានកត្តារួមផ្សំមួយចំនួន ដែលធ្វើឲ្យយុវវ័យមិនសូវចូលចិត្តអានសៀវភៅ ទីមួយ គឺការមិនទម្លាប់អានរបស់គ្រួសារនីមួយៗ ទីពីរ គុណភាពនៃសៀវភៅនៅមានកម្រិត ទីបី យុវវ័យនៅមើលឃើញតម្លៃនៃការកម្សាន្តច្រើនជាង ការក្រេបយកចំណេះដឹង។ ដូច្នេះ ពួកគេយកពេលអានសៀវភៅ ទៅមើលទូរទស្សន៍ ដែលភាគច្រើនគឺកម្មវិធីកម្សាន្ត។ ចំពោះមធ្យោបាយ ដូចជាមិនទាន់មើលឃើញទេតែ អ្វីដែលយើងអាចធ្វើបាន គឺព្យាយាមផលិតសៀវភៅ ដែលមានគុណភាព សម្រាប់មិត្តអ្នកអាន និង ជំរុញការផ្សព្វផ្សាយអំពីសៀវភៅឲ្យបានច្រើន ។ ដូច្នេះ សង្ឃឹមថា ថ្ងៃក្រោយនឹងអាចទាក់ទាញពួកគេបាន។

Sabay៖ ងាក មករឿងតែងនិពន្ធវិញ តើសៀវភៅ “គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធ” របស់លោក បានប្រាប់មធ្យោបាយសំខាន់ៗយ៉ាងណាខ្លះ ដែលអាចឲ្យយុវជនក្លាយជាអ្នកនិពន្ធល្អម្នាក់នោះ?

ពៅ សុខ៖ នៅក្នុងសៀវភៅ នេះ គន្លឹះមួយចំនួន ដែលយើងបានបញ្ចូល គឺដើម្បីក្លាយជាអ្នកនិពន្ធល្អ អ្នកនិពន្ធ ត្រូវឈរលើមូលដ្ឋានឯករាជ្យ។ មុនបង្កើតសាច់រឿងមួយ ត្រូវធ្វើការស្រាវជ្រាវឲ្យគ្រប់ជ្រុងជ្រោយ គ្រប់ទម្រង់ នៃ ព័ត៌មានមិនស្រមើស្រមៃហួសហេតុ មិនត្រូវចងមុងសរសេរក្នុងនោះ អ្នកនិពន្ធ ត្រូវកំណត់ខ្លួនឯងឲ្យបានច្បាស់ គឺ ទីមួយ ត្រូវកំណត់ប្រធានបទ ទីពីរ កំណត់ពីបំណង ទីបី កំណត់ពីក្រុមគោលដៅ ទីបួន ត្រូវកំណត់សារ ឲ្យបានច្បាស់ ចៀសវាងសរសេរ គ្មានគោលដៅ និង វង្វេងវង្វាន់ក្នុងសាច់រឿង។ ក្រៅពីនេះ ក៏បង្ហាញដែរថា តើអ្នកនិពន្ធដែលល្អ គឺជាអ្នកនិពន្ធ ដែលមានយុទ្ធវិធីរបៀបម៉េច?។ អ្នកនិពន្ធ ដែលល្អ គឺជាអ្នកនិពន្ធ ដែលចេះច្បិចយកជ្រុងមួយនៃសង្គមមកបង្ហាញ ។ល។ ហើយអត្ថបទដែលល្អ គេវាយតម្លៃទៅលើអ្វីខ្លះ?។

Sabay៖ ចុងក្រោយលោកមានទស្សនៈអ្វីបន្ថែមទាក់ទងទៅនឹងវិជ្ជាតែងនិពន្ធ និងយុវជន?

ពៅ សុខ៖ តាមបទពិសោធន៍ ឃើញថាយុវជនយើងមួយចំនួន មានការចាប់អារម្មណ៍ទៅលើវិជ្ជាតែងនិពន្ធដែរ តែពួកគេនៅខ្វះមធ្យោបាយ ក្នុងការតែងនិពន្ធ។ ការគ្មានមធ្យោបាយនេះហើយធ្វើឲ្យពួកគេបាត់បងទំនុកចិត្ត ឬបាត់ទឹកចិត្ត ដូច្នេះ ជាសំណូមពរចុងក្រោយ ខ្ញុំសូមឲ្យយុវជនយើង ធ្វើយ៉ាងណាកុំបាក់ទឹកចិត្ត ហើយព្យាយាមសរសេរវាឡើង ព្រោះគ្មានអ្នកណាម្នាក់កើតមកចេះទេ ។ យើងត្រូវតែសរសេរនូវអ្វីដែលយើងចង់ ហើយបើមានពេលត្រូវឆ្លៀតទៅជួបរៀមច្បងចាស់ៗ ដែលគាត់មានស្នាដៃល្អ ឲ្យកាត់ជួយផ្ដល់យោបល់លើអត្ថបទរបស់យើង។ខ្ញុំបានសាកល្បងឲ្យ សិក្ខាកាមមួយចំនួនសរសេរអត្ថបទខ្លីៗរបស់ពួកគេ ឃើញថា ការសរសេរមានគំនិតប្លែកៗល្អណាស់ គ្រាន់តែនៅខ្វះវិធីពង្រីកសាច់រឿង និង ពង្រីកព្រឹត្តិការណ៍ក្នុងរឿង។ដូច្នេះសូមយុវវ័យព្យាយាមថែមទៀត ហើយធ្វើយ៉ាងណា កុំឲ្យជាន់ជាមួយគំនិតគេ។

លោក ពៅ សុខ ធ្លាប់ធ្វើជា “និពន្ធនាយក” ទស្សនាវដ្ដី អ្នកនិពន្ធនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា។ ក្រៅពីនេះ លោកបាននិពន្ធស្នាដៃជាច្រើនដូចជា រឿង “បងថ្លៃជីដូនមួយ” រឿង “ចំណងស្នេហ៍ក្នុងស្រែនិស្ស័យ” រឿង “ចិត្តស្រី” រឿង “ទំនួញស្នេហ៍តាមទូរស័ព្ទ” ។ ឯផ្នែកល្ខោនទូរទស្សន៍មាន “គុម្ពឫស្សី” រឿង “បង្គងវល្លិមាស” រឿង “ជញ្ជីងគ្មានស្រមោលជាដើម” ។ បច្ចុប្បន្ន លោកកំពុងនិពន្ធប្រលោមលោកបែបប្រវត្តិសាស្ត្រមួយ គឺរឿង ” បេះដូងវីរជន”។ បន្ថែមពីនេះ លោកក៏ជា “ការីនិពន្ធព័ត៌មាន” ប្រចាំស្ថានីយទូរទស្សន៍មួយដែរ៕

ពេលកំពុងតែងនិពន្ធ តើអ្នកនិពន្ធត្រូវធ្វើអ្វីខ្លះ?

ពេលកំពុងតែងនិពន្ធ តើអ្នកនិពន្ធត្រូវធ្វើអ្វីខ្លះ?

ពុំមានសៀវភៅ ឬមេរៀនណាបង្ហាញយើងអំពីវិធីនេះទេ។ប៉ុន្តែតាមរយៈបទពិសោធន៍ និង ការសិក្សាមួយរយៈកន្លងមកនេះ ធ្វើឲ្យ​យើងមើលឃើញ និង ចាត់ទុកជាមេរៀនថា នៅពេលដែលអ្នកនិពន្ធ កំពុងបំពេញការងារតែងនិពន្ធអត្ថបទរបស់ខ្លួន អ្នកនិពន្ធ មាន តួនាទីបី ក្នុងពេលតែមួយ។តើតួនាទីទាំងនោះអ្វីខ្លះទៅ?។តួនាទីទាំងនោះគឺ…

១.តួនាទី ជាអ្នកនិពន្ធ

២.តួនាទីជាតួអង្គ

៣.តួនាទី ជាទស្សនិកជន ឬមិត្តអ្នកអាន…។

មេរៀននេះ វានឹងមានលម្អិត នៅក្នុងសៀវភៅ គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធ

អ្វីទៅ ជាបទនិពន្ធដ៏ល្អ?

អ្វីទៅ ជាបទនិពន្ធដ៏ល្អ?

ដោយសារទីណា ក៏ដូចទីណាដែរ ជាពិសេសសម្រាប់ ប្រទេកម្ពុជា មិនសូវ​មានភាពឯករាជ្យខាងផ្នែកផ្តល់ពិន្ទុ ឬតម្លៃ ដល់រាល់ស្នា​ដៃនៃបទនិពន្ធ នី​មួយៗពុំមានតម្លៃពេញលេញ។នៅកម្ពុជា អ្នកនិពន្ធ ត្រូវសរសេរតម្រូវអារម្មណ៍ ឬគំនិតគណកម្មការ​ផ្តល់ពិន្ទុ​ទើបបានពិន្ទុល្អ ទោះបីជាប្រធានបទត្រូវបានប្រ កាសថា សរសេរដោយសេរីក៏ដោយ ហើយបើអ្នកនិពន្ធមិនសរសេរឲ្យត្រូវ ចិត្តគណកម្មការកំណែរទេ អត្ថបទរបស់អ្នកនិពន្ធមិនអាចត្រូវបានគេជ្រើស​រើសក្នុងចំណាត់ថ្នាកឡើយ។

គណកម្មការកំណែ មួយចំនួន បានរអ៊ូថា ខ្លួនពិតជាពិបាកសម្រេចដែរ ព្រោះ ប្រាក់ឧបត្ថម្ភសុទ្ធតែមានម្ចាស់។ដូច្នេះមិនអាចឲ្យ គណកម្មការឯករាជ្យបានទេ។ត្រូវតែលម្អៀង និង ធ្វើទៅតាមម្ចាស់លុយ។

ពុំមានមេរៀនច្បាស់លាស់ណាមួយបង្ហាញថា មានតែបទនិពន្ធបែបនេះ ឬបែប​នោះ ទើបជាបទនិពន្ធដែលល្អទេ តែនៅក្នុងមេរៀនតិចតួច គ្រាន់តែនិ យាយថា បទនិពន្ធ ដែលល្អ គឺជាបទនិពន្ធ ដែលព្រឹតិការណ៍ ឬទំនាស់​រឿងគួរ​ឲ្យចាប់អារម្មណ៍ ដូចជាព្រឹតិការណ៍នៃការសម្លាប់លោកបាដេស ជំនាន់បារាំង ។ទីកន្លែង ដែលអ្នកនិពន្ធលើកឡើង គួរឲ្យចាប់​អា​រម្មណ៍ ដូចជាគុកទួលស្លែង តួអង្គ ដែលអ្នក​និពន្ធបង្កើតឡើងគឺជាតួអង្គ ដែលគួរឲ្យចាប់អា​រម្មណ៍ ដូចជា​ទុំទាវជាដើម។

ប៉ុន្តែនៅមានមេរៀនដ៏ថ្មី និងតូចមួយទៀ ដែលបានពន្យល់យើងដែរថា អត្ថបទ រឿង ឬបទនិពន្ធដែលល្អ គឺជាបទនិពន្ធ ដែលមិនបែកខ្ញែក​ប្រធានបទ ដែល​អ្នកនិពន្ធចេះច្បិចយកជ្រុង ឬផ្នែកមួយនៃសង្គម ឬក្តោបយកព្រឹតិការណ៍តូច មួយ​នៃសង្គមមកលាតត្រដាង ដោយមិន​លម្អៀង និងពោរពេញដោយសិល្បៈ និងទេព​កោសល្យ។

តែនៅកម្ពុជា សាច់រឿង នីមួយៗ គ្មានប្រធានបទច្បាស់លាស់ទេ ពេលខ្លះប្រធានបទ ឬសារច្រើនពេកធ្វើឲ្យអ្នកមើល អ្នកអានវង្វេង ចាប់ ឬតាមមិនទាន់។គ្មានទីតាំងពិតប្រាកដ ពាក្យសន្ទនា ក៏មិនច្បាស់តាមសម័យកាលដែរ។

ប្រហែលនៅមានចំណុចមួយចំនួនទៀត ដែលខ្វះខាត?

ដើម្បីបានបទនិពន្ធ ដ៏មានប្រសិទ្ធភាពមួយ អ្នកនិពន្ធត្រូវធ្វើអ្វីខ្លះ?

ដើម្បីបានបទនិពន្ធ ដ៏មានប្រសិទ្ធភាពមួយ អ្នកនិពន្ធត្រូវធ្វើអ្វីខ្លះ?

ការពិត វាពុំមែនជាមេរៀនថ្មីសម្រាប់យើងគ្រប់គ្នានោះទេ ។យើងបានជួបវាតាំងពីយើងចាប់ផ្តើ​មរៀននៅអនុវិទ្យាល័យមកម្ល៉េះ។​ដើម្បី​បាន បទនិពន្ធ ដ៏មានប្រសិទ្ធភាពមួយ អ្នកនិពន្ធត្រូវតែ

១.មានប្រធានបទ(តើប្រធានបទយើងនឹងសរសេរអំពីអ្វី?)

២.មានគោលបំណង(តើយើងមានគោលបំណងអ្វី បានជាយើងសរសេរ?)

៣.មានគោលដៅ(តើយើងមានគោលដៅទៅណា មកណាដែរ?)

៤.មានក្រុមគោលដៅ(តើក្រុមគោលដៅរបស់យើងជាមនុស្សប្រភេទណាដែរ?ចាស់ឬក្មេង សិស្ស ឬអ្នកនយោបាយ?)។

៥.មានសារ យ៉ាងច្បាស់លាស់។តើសារយើង ចង់និយាយ ឬផ្ញើទៅគេអំពីអ្វី?

នៅពេលដែលអ្ននិពន្ធ មានអ្វីគ្រប់យ៉ាងខាងលើនេះហើយ តើអ្នកនិពន្ធ ត្រូវមានអ្វីខ្លះទៀត?។

មិនមែនមានតែ អ្វី ដែលយើងរៀបរាប់រួចមកនេះ អ្នកនិពន្ធ អាចសរសេរបានដោយល្អឥតខ្ចោះនោះទេ អ្នកនិពន្ធត្រូវតែមានតំណាក់ កាល ចាច្រើនទៀតសម្រាប់ធ្វើការងារនេះ ដោយអ្នកនិពន្ធត្រូវតែ។

១.សង្កេត

២.ចងចាំ

៣.ស្រាវជ្រាវ

១.១អ្នកនិពន្ធ ត្រូវតែសង្កេត រាល់ព្រឹតិការណ៍ ដែលកើតឡើង នៅក្នុងទូទាំងពិភពិលោក នៅទូទាំងប្រទេស នៅទូទាំងសហគមន៍ និង នៅ ទួទាំងជុំវិញខ្លួនឯង ថាតើមានអ្វីកើតឡើងខ្លះ រវាងពីមួយថ្ងៃទៅមួយថ្ងៃ? ពីមួយខែទៅមួយ ពីមួយឆ្នាំទៅមួយឆ្នាំ?។

២.១ អ្នកនិពន្ធ ត្រូវតែកត់ចំណាំ និងត្រូវតែចងចាំនូវ រាល់ព្រឹតិការណ៍ ដែលបានកើតឡើងនៅទួទាំងពិភពលោក នៅទួទាំងប្រទេស នៅទួ ទាំងសហគមន៍ និង នៅទួទាំងជុំវិញខ្លួនឯង។អ្នកនិពន្ធ មិនអាចមិនចងចាំ មិនកត់ចំណាំនូវអ្វី ដែលបានកើតឡើងទាំងអស់នោះទេ។

៣.១ អ្នកនិពន្ធ ក្រោយពីធ្វើការសង្កេត និងកត់ចំណាំ ឬចងចាំនូវអ្វីទាំងអស់នោះហើយ អ្នកនិពន្ធខ្លួនឯង ក៏ត្រូវធ្វើការស្រាវជ្រាវបន្ថែម ទៀតដែរ ហើយការស្រាវជ្រាវនេះ ត្រូវបានគេចែកចេញជាពីរផ្នែកគឺ ការស្រាវជ្រាវរកឯកសាររស់ និងឯកសារងាប់។

៣.២ ឯកសាររស់ គឺគេនិយាយអំពីការស្រាវជ្រាវរកប្រភពព័ត៌មានពីមនុស្ស ដែលនៅមានអាយុជីវិតរស់នៅនៅឡើយ ហើយ​នៅក្នុងឯក​សាររស់នេះដែរ  ត្រូវបានគេបែងចែកជាពីរផ្នែកដែរ គឺ ការស្រាវជ្រាវដោយផ្ទាល់ និងដោយប្រយោល។

ក.ការស្រាវជ្រាវដោយផ្ទាល់ បើសិនជាយើងត្រូវការព័ត៌មានអ្វីមួយ ដែលទាក់ទងទៅនឹងជីវិតអ្នកណាម្នាក់ ឧទាហរណ៍ថា នារីរកស៊ីផ្លូវ​ភេទ យើងត្រូវតែទៅសួរគាត់ដោយផ្ទាល់ ថាតើ ជីវិតរបស់នៅរបស់ពួកគាត់នោះ រស់នៅរបៀបណា? ការចេញរកស៊ីពេលយប់នោះ របៀបណា? ត្រូវគេគំរាមយ៉ាងម៉េចខ្លះ ?ពេលថ្ងៃធ្វើអីខ្លះ?ជាដើម។ល។កុំភ្លេចសង្កេត និងសួរពីពាក្យពេចន៍ដែលពួកគេនិយាយផង។

ខ.ការស្រាវជ្រាវដោយប្រយោល

ក្រៅពីទៅជួនសមីខ្លួនដោយផ្ទាល់ ដើម្បីបានដឹងអំពីបញ្ហាទាំងឡាយ ដែលយើងចង់បានហើយ យើងគប្បី ត្រូវតែទៅរកជួបអ្នជំនាញ ផ្នែក ការងារនេះ ថាតើហេតុអ្វីបានហេតុការណ៍ ឬរឿងរ៉ាវទាំងនេះកើតឡើងនៅប្រទេសយើង ឬថា តើប្រទេសដទៃ មានដូចប្រទេសយើងទេ?  តើការងារទាំងនេះ ពាក់ព័ន្ធនឹងច្បាប់ ឬប្រពៃណីខ្មែរយើងទេ?។និយាយឲ្យចំ យើងត្រូវសួរតែព័ត៌មានណា ដែលពាក់ព័ន្ធ និងប្រធានបទ ខាងលើរបស់យើងទៅបានហើយ។ប្រធានបទយើងនិយាយអ្វី យើងត្ឬុវស្រាជ្រាវវាតែអំពីរឿងនោះបានហើយ។

គ. ការស្រាវជ្រាវឯកសារងាប់

ឯកសារងាប់គឺជាឯកសារទាំងឡាយ ដែលគេបានចុះផ្សាយនៅក្នុងទំព័រកាសែត ទស្សនាវដ្តី ឬគេចងក្រងជាសៀវភៅ​ផ្សេងៗ។យើង​ត្រូវស្វែងរកអ្វីទាំងឡាយណា ដែលពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងដែរ ចៀសវាងខាងពេលអត់ប្រយោជន៍។បើរកអំពីស្រីលក់ខ្លួន យើងរកតែប្រធានបទនេះបានហើយ ថាតើវាមានអ្វីខ្លះពាក់ព័ន្ធ? ដើម្បីគាំទ្រទៅដល់ឯកសារទាំងពីរចាងលើដែរ។តើវាស៊ីគ្នាទេ?។

ក្រោយពីយើងប្រមូលបានព័ត៌មានគ្រប់គ្រាន់ហើយ យើងគប្បីវាយតម្លៃវាថា តើវាសមល្មម ដែលអាចឲ្យយើងយកមកធ្វើជារឿងបាន ហើយឬនៅ បើនៅទេ យើងគួរតែបន្តស្រាវជ្រាវបន្ថែមទៀត ។តែបើយើងគិតថាគ្រប់គ្រាបន់ហើយ នោះយើងអាចចាប់ផ្តើមបទនិពន្ធ របស់យើងបានហើយ។

នៅកម្ពុជា ជាទួទៅ អ្នកនិពន្ធមិនសូវចាប់អារម្មណ៍ ឬឲ្យតម្លៃទៅលើការស្រាវជ្រាវ ការសង្កេតទេ គឺច្រើនតែសរសេរដោយការស្រមើស្រមៃ ដែលមើលទៅគ្មានការពិតច្រើនជាង។ប្រការនេះ ធ្វើឲ្យស្នាដៃ នៃបទនិពន្ធរបស់យើងគ្មានគុណភាព និងប្រសិទ្ធភាព។

នេះគ្រាន់តែជាផ្នែកដ៏តូចមួយប៉ុណ្ណោះ យើងនឹងលើកយកផ្នែកផ្សេងៗទៀតមកនិយាយនៅលេខបន្ត។

តួនាទី អ្នកដឹកនាំការសម្តែង

តួនាទី អ្នកដឹកនាំការសម្តែង

អ្នកដាកនាំសម្តែង មានតួនាទី ហាក់ជាជំនួយការផ្ទាល់របស់អ្នកដឹកនាំរឿង និងការជាអ្នកជំនាញផងដែរ។អ្នកដឹកនាំសម្តែង ជាអ្នកនាំពាក្យពីអ្នកដឹកនាំរឿង មកប្រាប់តួសម្តែងដោយផ្ទាល់ តែនៅកម្ពុជា អ្នកដឹកនាំរឿង បែរជាដើរតួនាទីនេះដោយខ្លួនឯង។

អ្នកដឹកនាំសម្តែង ក៏មានចំំណេះដឹងទូលំទូលាយ ផ្នែកសិល្បៈ ផ្នែកវប្បធម៌ ផ្នែកអ្វីៗផ្សេងទៀត ដូចអ្នកដឹកនាំរឿងដែរ(នៅកម្ពុជា គ្មានអ្នកដឹកនាំរឿង មានតែអ្នកដឹកនាំសម្តែង ហើយបើមាន មិន​សូវយល់អ្វីនោះទេ)។

អ្នកដឹកនាំសម្តែង គឺជាអ្នកពន្យល់ ជាអ្នកសម្របសម្រួលរាល់ការសម្តែង រាល់បញ្ហារបស់តួអង្គ ដូចជាប្រាប់ពីរបៀប ដែលអ្នកដឹកនាំរឿងចង់បាន ប្រាប់ពីដង្ហើម ឬចរន្តដែលខ្លួនត្រូវលេង។ប្រាប់ពី​ល្បឿន និងទីតាំងរបស់កាមេរ៉ា ប្រាប់ពីសំឡេង ដែលតួសម្តែងត្រូវនិយាយ ប្រាប់ពីភាសា ដែលតួសម្តែងត្រូវនិយាយ(តួសម្តែងស្រុកខ្មែរ មិនអានអត្ថបទរឿងដែលគេឲ្យទេ គឺខ្ជិលច្រអូសតែម្តង លើក​​លែងតែលោកទេព រិនដារ៉ូ និងតួមួយចំនួនតូចប៉ុណ្ណោះ)។ភាសាទីនេះ យើងចង់និយាយអំពីក្រៀមភាសា របស់ប្រទេស ឬតំបន់នីមួយៗ។

នៅពេលដែលតួអង្គសម្តែង សម្តែងទៅមិនទាន់ត្រឹមត្រូវ មិនទាន់សមតាមអ្វី ដែលអ្នកដឹកនាំរឿងចង់បាន នោះអ្នកដឹកនាំសម្តែង ត្រូវពាំនាំពាក្យទាំងនេះមកពន្យល់ប្រាប់ហេតុផលដល់តួសម្តែង​ម្តងទៀត ថា ការសម្តែងនេះល្អហើយ តែព្យាយាមបន្ថែមទៀត(អ្នកដឹកស្រុកខ្មែរ គិតតែពីជេរតួ ឬជេរអ្នកដទៃ ហើយមិនខ្វល់ថា គេសម្តែមិនល្អត្រង់ណា ខុសត្រង់ណា ស្ទើត្រង់ណាទេ គិតតែថា អានេះ មីនេះ ល្ងង់ដប់គត់ មិនចេះសម្តែង)ឲ្យកាន់តែល្អ ព្រោះអ្នកដឹកនាំរឿងប្រាប់ថា នៅស្ទើទឹកមុខ ឬស្ទើសំឡេង ដែលនិយាយ មិនសូវឮជាដើម។

នៅពេល តួសម្តែងមានបញ្ហា ជាមួយអ្នកដឹកនាំរឿង ឬក្រុមការងារដទៃទៀត អ្នកដឹកនាំសម្តែង ក៏មានតួនាទីមួយទៀត ក្នុងការសម្រមសម្រួលការងារជាមួយនឹងអ្នកសម្តែង ដូចអ្នកចាត់ការទួទៅ​ដែរដែរ។គេធ្វើយ៉ាងណា ឲ្យអ្នកសម្តែង មានការធូរអារម្មណ៍ ស្រស់ស្រាយអារម្មណ៍ និង ចង់សម្តែងឡើងវិញ(នៅហូលីវូដ ពេលខ្លះតួសម្តែមិនសប្បាយចិត្ត រឿងមិនបានវ៉ៃសិចពីយប់ ឬរឿងផ្សេង ពេលមកដល់កន្លៃថត ក៏បើកឡានទៅវ៉ៃសិច ឬទៅលំហែកាយអស់ពេញមួយថ្ងៃទើបត្រឡប់មកវិញ ធ្វើឲ្យក្រុមការងាររង់ចាំទាំងមួហ្មង ទោះអ្នកចាត់ការទួទៅព្យាយាមយ៉ាងសម្របសម្រួល​ណាក៏ដោយ)។

ដូច្នេះ នៅកម្ពុជា បើអ្នកដឹកនាំរឿង និងអ្នកដឹកនាំសម្តែង មានចំណេះដឹងដូចគ្នា និង​ស្គាល់ពីតួនាទីរបស់គ្នា នោះវាមិនធ្វើការជាន់គ្នា ឬវានឹងមិនធ្វើឲ្យភាពយន្តខ្មែរធ្លាក់ទឹកទេ។

តួនាទីអ្នកដឹកនាំរឿង

តួនាទីអ្នកដឹកនាំរឿង

ប្រហែលដោយសារនៅកម្ពុជា មិនទាន់មានសាលាភាពយន្តត្រឹមត្រូវ ទើបធ្វើឲ្យមនុស្ស និង អ្នកសិល្បៈមួយចំនួនយល់ច្រឡំថា ការដឹកនាំ សម្តែង គឺជាការដឹកនាំរឿង។យើងនឹងលើកយកប្រធានបទ អំពីការដឹកនាំសម្តែង មកបរិយាយនៅលេខក្រោយទៀត។

អ្នកដឹកនាំរឿង មានតួនាទីធំបំផុត បន្ទាប់ពីអ្នកនិពន្ធ។អ្នកដឹកនាំរឿង គឺជាមនុស្ស ដែលភាសាអ្នកភាពយន្តនិយាយថា ជាម្តាយ ដែលពរ​ពោះមើលថែកូន រហូតដល់ថ្ងៃកើត  ឯអ្នកនិពន្ធ គ្រាន់តែជាឪពុកតែប៉ុណ្ណោះ។

អ្នកដឹកនាំរឿង មុននឹងយកអត្ថបទរឿងរបស់គេមួយទៅដឹក ត្រូវតែយល់អំពីខ្លឹមសារ អំពីរូបភាព អំពីសកម្មភាព អំពីពាក្យសន្ទនា ដែល អ្នកនិពន្ធបានសរសេរឡើង។អ្នកដឹកនាំរឿង មិនមែនចេះតែដឹករឿង ទាំងងងឹតងងុល គ្មានដឹងអ្វីនោះទេ។

អ្នកដឹកនាំរឿង គឺជាអ្នកធ្វើឲ្យសាច់រឿងកាន់តែល្អទៅៗ(នៅកម្ពុជា អ្នកដឹកមួយចំនួនអត់យល់សាច់រឿង ចេះតែដឹក ហើយធ្វើឲ្យ​សាច់រឿង​អន់ទៅៗ) ដូចជា ​ប្រសិនបើសាច់រឿងរបស់គេ មានគុណភាពតែ៨០ភាគរយ អ្នកដឹកនាំរឿងត្រូវតែច្នៃ ឲ្យកាន់តែល្អឡើងដល់៩០ ឬ១០០ ភាគរយ។អ្នកដឹកនាំរឿង មានសាច់សម្រេចចិត្តកែសម្រួលអត្ថបទ របស់អ្នកនិពន្ធ តែ១០ ទៅ២០ភាគរយតែប៉ុណ្ណោះ ហើយរាល់ការកែ ឬសម្រួលក្តី អ្នកដឹកនាំរឿង ត្រូវតែឆ្លង ឬសួរយោបល់ដល់អ្នកនិពន្ធជាមុនសិន ថាហេតុអ្វីបានជាត្រូវកែ?មកពីពិបាកថត ឬមិនសូវមាន ទម្ងន់សាច់រឿងជាដើម(នៅកម្ពុជា អ្នកដឹករឿង មិនយល់សាច់រឿងហើយ ព្យាយាមកែអត្ថបទគេទៀត)។បើអ្នកនិពន្ធមិនឯកភាព ឬមិន​យល់ស្រប ក្នុងការកែប្រែអត្ថបទទេ អ្នកដឹកនាំរឿង ក៏ត្រូវតែធ្វើតាមអ្នកនិពន្ធវិញដែរ ព្រោះអ្នកនិពន្ធ មុននឹងចេញបានអត្ថបទមួយនេះ គឺគេបានគិត និងត្រួតពិនិត្យ បានយ៉ាងល្អិតល្អន់ និងឆ្លងយោបល់ក្រុមផលិត ឬអ្នកដទៃជាច្រើនរួចអស់ទៅហើយ។

អ្នកដឹកនាំរឿង មិនមែនជាអ្នកដឹកនាំសម្តែងទេ គឺត្រួតពិនិត្យ នូវរាល់ខ្លឹមសារ របស់រឿង និង ត្រួតពិនិត្យទៅលើប្លង់ថត(ហ្រ្វេម)នីមួយ  ពន្លឺ និងសំឡេងជាដើម។ថាតើ ពន្លឺនេះ ស៊ីនឹងខ្លឹមសាររឿង ដែលអ្នកនិពន្ធសរសេរមកទេ?ថាតើទំហំប្លង(អាចនិយាយថាហ្រ្វេម)នេះវា សម ឬស៊ីនឹងកាយវិការដែរទេ តើការសម្តែងនេះ វាសម ឬស៊ីហើយឬនៅ?។តើសំឡេង អ្នកយកសំឡេង យកបានល្អទេ។រឿងល្បីៗរបស់ហូលី វូដ មួយចំនួន យ៉ាងហោចឈុតខ្លះ មានអ្នកដឹកនាំបីបួននាក់ និងទីប្រឹក្សារាប់សិបនាក់ទៀតផង។បើអ្នកក្បាច់គុន ពិនិត្យផ្នែកក្បាច់ អ្នក បាញ់​​បោះ ពិនិត្យខាងបាញ់បោះ អ្នកស្នេហា ពិនិត្យខាងស្នេហា។ឯអ្នកប្រវត្តិសាស្រ្ត ពិនិត្យផ្នែកប្រវត្តិសាស្រ្ត ផ្នែកសង្រ្គាម ពិនិត្យខាង សង្រ្គាមជាដើម។ល។

អ្នកដឹកនាំរឿង មិនមែនជាអ្នកបញ្ជាទៅតួសម្តែងដោយផ្ទាល់ទេ(នៅកម្ពុជាតែងតែធ្វើដូច្នេះ គឺអ្នកដឹក តែងតែទៅដឹកតួឲ្យសម្តែង ដែលការ ងារនេះ ជាការងាររបស់អ្នកដឹកនាំសម្តែង)គឺត្រូវឆ្លងកាត់អ្នកដឹកនាំសម្តែងម្នាក់ ឬជំនួយការដឹករឿងម្នាក់ទៀត។អ្នកដឹករឿង គ្រាន់តែជា អ្នកអង្គុយមើលឧបករណ៍មើលរូបភាព(ម៉ូនីទ័រ)ដែលផ្ជាប់ចេញពីកាមេរ៉ាថត(នៅកម្ពុជា ក្រុមហ៊ុនមួយចំនួនយកទូរទស្សន៍ធ្វើជាម៉ូនីទ័រ ដែលការធ្វើបែបនេះ ខុសពីបច្ចេកទេសភាពយន្ត ព្រោះទូរទស្សន៍ពុំមានពណ៌ជាលក្ខណៈមាត្រដ្ឋាន(ស្តង់ដា)ទេ)។

អ្នកដឹកនាំរឿង ក្រោយពីថតចប់ហើយ នៅមានតូនាទីបន្តការងារបន្តទៀត គឺត្រូវយករូបដែលថតបានទាំងអស់ទៅជួបអ្នកកាត់តរូបភាព (យើងនឹងនិយាយអំពីអ្នកកាត់តបន្តទៀតនៅលេខក្រោយ) ដែលភាសាអ្នកសិល្បៈហៅថា ជាឆ្មប ដើម្បីបង្កើតកូន គឺកាតតសាច់រឿង ឲ្យកាន់តែល្អមួយកម្រិតទៀត។

អ្នកដឹកនាំរឿង ក៏នៅត្រួតពិនិត្យជាមួយនឹងអ្នកកាត់តជារហូតដែរ រហូតទាល់តែសមិទ្ធផលចេញសម្រេចជាផ្លូវការ។អ្នកដឹកនាំរឿងត្រូវ តែដឹកថា តើងប្លង់នេះគួរដាក់ត្រង់ណា? ដាក់ភ្លេងអ្វី? ហើយគួរតែដកប្លង់ត្រង់ណាចេញ? ព្រោះអ្នកដឹករឿង គឺជាអ្នកធ្វើឲ្យសម្រេចសមិទ្ធ ផលទាំងអស់នេះ។ពេលខ្លះ អ្នកដឹករឿងបានកាត់សាច់រឿង ដែលថតរួចចោលស្ទើពាក់កណ្តាល តែគេមិនបានធ្វើឲ្យបាត់បង់ខ្លឹមសារ នៃ សាច់រឿងទេ និងសាច់រឿងក៏មិនបានបាត់បង់ដែរ។

អ្នកដឹកនាំរឿង ត្រូវតាមដានការងារនេះ រហូតផលិតផលរបស់ខ្លួនបានឡើងបញ្ចាំងលើរោង ឬតាមកញ្ចក់ទូរទស្សន៍។

សូមកុំច្រំ រវាងអ្នកដឹកនាំរឿង និងអ្នកដឹកនាំសម្តែង។យើងនឹងជួបគ្នានៅលេខក្រោយ ដែលនិយាយអំពីអ្នកដឹកនាំសម្តែង និង អ្នកកាត់ត វី ដេអូបន្តទៀត។…

បំណែងចែកអ្នកនិពន្ធ

បំណែងចែកអ្នកនិពន្ធ

ជាទូទៅ អ្នកនិពន្ធត្រូវបានគេបែងចែកជាពីរប្រភេទគឺ

១.អ្នកនិពន្ធឯករាជ្យ

២.អ្នកនិពន្ធមិនឯករាជ្យ

១.១.អ្នកនិពន្ធឯករាជ្យ ក៏ត្រូវគេចែកចេញជាពីរទៀតដែរគឺ

ក.អ្នកនិពន្ធឯករាជ្យ សន្តិភាព

ខ.អ្នកនិពន្ធឯករាជ្យបែបចម្អក

អ្នកនិពន្ធឯករាជ្យបែបសន្តិភាព គេអាចសម្គាល់ទៅលើស្នារបស់គេ ដែលមានដូចជាលោកញ៉ុក ថែម លោករឹមគីន លោកនូហាច លោក ឌឹក គាម ជាដើម។អ្នកនិពន្ធប្រភេទនេះ អត្ថបទរឿងរបស់ពួកគេ មិននិយាយប៉ះពាល់ទៅខាងណាទាំងអស់ ដោយគ្រាន់តែបញ្រ្ជាប​ការ​អប់រំតិចៗតែប៉ុណ្ណោះ។

១.២អ្នកនិពន្ធបែបចំអក គឺជាអ្នកនិពន្ធ ដែលនិយាយបែបចំអក។ពួកគាត់មិនសរសេររិះគន់រដ្ឋាភិបាលដោយត្រង់ៗទេ ពួកគាត់ចូលចិត្ត​និយាយបញ្ឆិតបញ្ឆៀង ហើយគេឃើញមានដូចជាលោកស ស្រណោះ លោក កាន់ស្វាយរិន និង លោក​សុទ្ធ ប៉ីលីន ជាដើម។អ្នកនិពន្ធ​ចំអក គឺជាអ្នកនិពន្ធតែងតែសរសេរចំអកឲ្យខ្លួនឯងផង និងចំអក ឲ្យសង្គមផងជាដើម។

២.អ្នកនិពន្ធមិនឯករាជ្យ

អ្នកនិពន្ធមិនឯករាជ្យ ក៏គេចែកចេញជាពីរដែរគឺ

២.១.អ្នកនិពន្ធរិះគន់

២.២.អ្នកនិពន្ធគាំទ្រ

ក.អ្នកនិពន្ធរិះគន់ ឬប្រឆាំង គឺជាអ្នកនិពន្ធ ដែលបានសរសេរអំពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស ហើយអ្នកនិពន្ធ បែបនេះមិនសូវមានទេនៅមក្ពុជាយើង ព្រោះថា វាប្រឈមមុខខ្លាំងណាស់ចំពោះផលទាំងបី។ប៉ុន្តែនៅទីនេះ យើងគួរតែចែកឲ្យដាច់ដែរ រវាងអ្នកនិពន្ធរិះគន់ និង អ្នកនិពន្ធប្រឆាំង ព្រោះថា ពាក្យប្រឆាំង និងរិះគន់គឺខុសគ្នាដែរ។ពាក្យថារិះគន់ គឺគ្រាន់តែរិះគន់រាល់ចំណុចអវិជ្ជ មាន ឬខ្វះខាតតែប៉ុណ្ណោះ ឯពាក្យថាប្រឆាំងវិញ គឺជំទាស់ ឬមើលឃើញគេខុសទាំងអស់ ហើយគ្មានដំណោះស្រាយទេ។តែទោះជាយ៉ាង ណា អ្នកនិពន្ធរិះគន់ នៅតែមានឧិកាសជោគជ័យច្រើន ព្រោះអត្ថបទរបស់គេនឹងនៅស្ថិតស្ថេរជារៀងរហូត។

កាលពីឆ្នាំ២០០៥ (ព័ត៌មានក្រៅផ្លូវការ)លោកសុខអាន ធ្លាបើរអ៊ូប្រាបមន្រ្តីរបស់លោកថា ពិបាកទិញណាស់ខួរក្បាលពួកអ្នកនិពន្ធនេះ ពិបាកទិញជាងក្បាល អ្នកកាសែតទៀត។ឲ្យលុយថ្ងៃនេះល្អ  ថ្ងៃស្អែកសរសេរផ្សេង។ជាធម្មតា នៅលើពិភពលោក អ្នកនិពន្ធ ដែលឯក​រាជ្យពិតប្រាកដ មិនមែន​ជាមនុស្ស​រស់នៅក្រោម​គំនាបរបស់អ្នកណាម្នាក់ ឬក្រុមណាមួយទេ។

ខ.អ្នកនិពន្ធគាំទ្រ គឺជាអ្នកនិពន្ធ ដែលសរសេរគាំទ្រ នូវរាល់សមិទ្ធផលរបស់រដ្ឋាភិបាល ការដឹកនាំរបស់រដ្ឋាភិបាល ហើយសរសេរ​បង្ហាញឡើងតែចំណុចល្អ ចំណុចវិជ្ជមានប៉ុណ្ណោះ ទោះរដ្ឋាភិបាលបានធ្វើខុស ឬដឹកនាំមិនល្អក៏ដោយ។អ្នកនិពន្ធបែបនេះ ពិតជាមាន វាសនាល្អនៅក្នុងអំឡុងអណ័ត នៃរដ្ឋភិបាល ដែលខ្លួនគាំទ្រ។ពួកគេមិនខ្វល់ពីការខ្វះខាតជីវភាព រស់នៅ ឬសុវត្ថិភាពទេ ប៉ុន្តែស្នាដៃរបស់ គេវានឹងរលត់ទៅវិញនៅពេលដែលរដ្ឋាភិបាលដែលខ្លួនគាំទ្រដួលរលំ ឬត្រូវបានផ្លាស់ប្តូរ ព្រោះគេនឹងមិនអានទេចំពោះ​ស្នាដៃបែបនេះ។​វាធ្វើឲ្យខូចប្រវត្តិសាស្រ្តផងដែរ។

អ្នកនិពន្ធ គួរសម្រេចចិត្ត ក្នុងការនិពន្ធបទនិពន្ធរបស់ខ្លួនឲ្យបានត្រឹមត្រូវ ជៀសវាងក្លាយជាអ្នកក្បត់ប្រវត្តិសាស្រ្ត និង ជៀសវាងប្រវត្តិ​សាស្រ្តជេរស្តី។

គន្លឹះដើម្បីក្លាយជាអ្នកនិពន្ធ

គន្លឹះ ដើម្បីក្លាយជាអ្នកនិពន្ធ

ក.ដើម្បីបានអត្ថបទរឿងមួយ តើយើងត្រូវមានឬត្រូវត្រៀម​លក្ខណៈ

អ្វីខ្លះ?

ដើម្បីបានបទនិពន្ធខ្លី ឬវែងមួយ យើងត្រូវ៖

១.មានទុននៃគំនិត

២.ទុននៃពេលវេលា

៣.ទុននៃថវិកា

៤.ទុននៃចំណេះដឹង

៥.ទុននៃការជឿជាក់

៦.ទុននៃការព្យាយាម

១.១ អ្វីទៅជាទុននៃគំនិត ?

ជាទូទៅ មិនថាចំពោះតែអ្នកជំនួញ តូចធំ ឬជាកសិករទេ ពួកគេតែងតែធ្វើអ្វីទៅតាមធន ធាននៃទុនថវិកា របស់ខ្លួន ប៉ុន្តែដោយឡែក ចំពោះអ្នកនិពន្ធវិញ មិនដូច្នេះទេ ពួកគេត្រូវ ការការវិនិយោគមួយ ដោយការប្រើប្រាស់នូវគំនិតជាធំ។វានឹងមិនអាចទៅរួចទេ ប្រសិន បើពួកគេមានតែទុននៃទ្រព្យធន ហើយខ្វះខាតនូវទុនគំនិតច្នៃប្រឌិតនោះ។អាចនិយាយ បានថា ពួកអ្នកនិពន្ធ គឺត្រូវយកទុននៃគំនិត មកធ្វើជាអាជីវកម្ម និង ជំនួញ។គឺប្រើទេព កោសល្យនៃការគិតមកធ្វើជាត្រីមុខ។

១.២ អ្វីទៅជាទុននៃពេលវេលា?

បើទោះបី ជាអ្នកនិពន្ធមាន ឬពោរពេញទៅដោយទុននៃគំនិតក៏ដោយ ប៉ុន្តែអ្នកនិពន្ធនឹង មិនអាចធ្វើទៅបានទេ ប្រសិនបើទុននៃពេលវេលាមិនអំណោយផល។ទុននៃពេល វេលានៅទីនេះ យើងមិនមែននិយាយសំដៅដល់ការបោះពុម្ពផ្សាយនោះទេ គឺយើង ផ្តោតទៅលើការចាប់ផ្តើម នៃពេលវេលា។មានន័យថា តើយើងប្រាកដទេថា នឹងមាន​ពេលគ្រប់គ្រាន់ក្នុងការធ្វើវា ឬសរសេរវា?។បើសិនជាគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បី​ចាប់ផ្តើមវា ឬដើម្បីបញ្ចប់វាទេ នោះការប្រើទុននៃគំនិត វាក៏នឹងក្លាយទៅជាឥតន័យ​ដែរ។គឺអ្នកនិពន្ធទាមទារឲ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់រឿងមួយ។

១.៣ អ្វីទៅជាទុននៃថវិកា?

ថ្វីបើមេរៀនខាងលើតម្រូវថា អ្នកនិពន្ធទាមទារឲ្យមានទុននៃគំនិតក៏ដោយ តែនៅទីនេះ មេរៀនេះ អ្នកនិពន្ធ ក៏ទាមទារឲ្យមានគ្រប់គ្រាន់នូវតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជាថវិកា នេះផងដែរ។ប្រសិនបើគ្មានថវិកា សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទេ អ្នកនិពន្ធ ក៏នឹងគ្មាន គំនិត គិតនឹកឃើញនូវ ទិដ្ឋភាព និងសច្ចៈភាពល្អៗដែរ ។ទីនេះដែរ ក៏មិនមែននិយាយសំ ដៅដល់ទុនសម្រាប់បោះពុម្ពផ្សាយនូវកម្រងស្នាដៃដែរ គឺសំដៅតែទៅលើ ការទ្រទ្រង់ ភ្នែកជីវភាពប៉ុណ្ណោះ។

១.៤ អ្វីទៅជាទុននៃចំណដឹង?

យើងដឹងហើយថា ពាក្យថាអ្នកនិពន្ធ សូម្បីតែកូនក្មេងក៏គេដឹងដែរថា ជាអ្នកណា? ប៉ុន្តែ កត្តានេះ មិនសំខាន់ និង ចាំបាច់ប៉ុន្មាននោះទេ។អ្វីដែលសំខាន់នៅពេលនេះ គឺការ ផ្តោតទៅលើអ្វី ដែលអ្នកនិពន្ធមាន។ទោះបីវាជាពាក្យស្រួលហៅក៏ដោយ ប៉ុន្តែ ការចង់​ក្លាយខ្លួនជាអ្នកនិពន្ធមិនមែនជាការងាយស្រួលប៉ុន្មាននោះទេ។អ្នកនិពន្ធ ទោះបីជាគេ ងាយស្រួលក្នុងការហៅ ប៉ុន្តែការធ្វើគឺពិតជាមិនងាយទេ។វាទាមទារឲ្យមានចំណេះដឹង ខ្ពស់ ទោះបីជាគ្មានលក្ខ័ណ្ឌណាបញ្ជាក់ថា អ្នកនិពន្ធត្រូវតែមានសញ្ញាប័ត្រ ផ្នែកតែងនិ ពន្ធ មានសញ្ញាប័ត្រផ្នែកអក្សរសាស្រ្ត ឬគ្មានក៏ដោយ ឬថា ត្រូវតែជាមនុស្ស​មាន​កំរិត​វប្បធម៌ទាបឬខ្ពស់យ៉ាងណា​ក៏​ដោយ។គ្មានការចែង ឬបែងចែក ឬមានគោលការណ៍​ច្បាស់លាស់អំពីអ្នកនិពន្ធទេ ពីសម័យបុរាណកាលមក។ ប៉ុន្តែ ក្នុងសម័យកាល​សកល​ភាវូបនីយកម្មនេះ អ្នកនិពន្ធ ត្រូវបានគេទាមទារ ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ផងដែរ ដែលយ៉ាងហោចណាស់ក៏អាចត្រឹមតែចេះអាន ចេះសរសេរភាសាខ្មែរបាន​ត្រឹមត្រូវ ទូលំទូលាយ តាម​ក្បួនខ្នាតវេយ្យាករណ៍ខ្មែរដែរ។ឯចំណេះដឹងផ្សងៗទៀត វាទាក់ទង នឹងការចុះស្រាវជ្រាវបន្ថែមរបស់អ្នកនិពន្ធ។ដូច្នេះទីនេះ ខ្ញុំមិននិយាយលម្អិតទៀតទេ។

១.៥ អ្វីទៅជាទុននៃ ការជឿជាក់?

ចំណុចនេះ ប្រសិនបើមនុស្សគ្រប់រូបមិនចាប់អារម្មណ៍នោះទេ វាគឺគ្រាន់តែជាចំណុច មួយធម្មតាប៉ុណ្ណោះ។ប៉ុន្តែ បើយើងគិត និង ពិនត្យឲ្យបានដិតដល់ ទើបយើង អាចមើល ឃើញថា វាមានលក្ខណៈប្លែកពីគេបន្តិចត្រង់ថា ការសរសេរ បើគ្មានភាពជឿជាក់ក្នុង ខ្លួនទេ វានឹងមិនអាចទៅរួចទេ វាប្រៀបបានទៅនឹង ការធ្វើអ្វីមួយដោយមិនបាច់យកចិត្ត ទុក​ដាក់អីចឹងដែរ។ភាពជឿជាក់នៅទីនេះ មានន័យថា នៅពេលដែលយើងចាប់ធ្វើវា យើងត្រូវតែ ឬប្រកដជាបានតាំងចិត្តយ៉ាងជាក់ច្បាស់ថា យើងនឹងអាចធ្វើវាបានដោយ រលូន និង ប្រកបដោយជោគជ័យ។យើងត្រូវតែជឿជាក់លើខ្លួនឯងថា ការងារដែល យើងកំពុងតែធ្វើ ឬចាប់ផ្តើមធ្វើនេះ មិនមែនជាការរវើរវាយ ដែលគ្មានការតាំងចិត្តដ៏មុះ មុតនោះទេ។វាពិតជាចេញពីបេះដូង នៃការជឿជាក់របស់យើងពិតៗ។យើងជឿជាក់ថា វានឹងអាចធ្វើទៅបាន វានឹងជោគជ័យ វានឹងត្រូវបានបញ្ចប់តាមការគ្រោងទុក។អ្នកនិពន្ធ ដែលគ្មានភាពជឿជាក់ វានឹងក្លាយទៅជាមនុស្សបរាជ័យ។

១.៦ អ្វីទៅជាទុននៃការព្យាយាម?

ពាក្យថាព្យាយាម យើងតែងតែឮជារឿយៗ តាំងពីយើងនៅជាកុមារ និង កាលយើងរៀន នៅសាលាបឋមមកម្ល៉េះ។សុភាសិតនេះ ក៏មានសរសេរបិទនៅជញ្ជាំងនៃថ្នាក់​រៀនយើង​ដែរ។ដូចន្េះ នៅក្នុងមេរៀនគន្លឹះ ដើម្បីក្លាយជាអ្នកនិពន្ធ ពេលនេះ យើងក៏ត្រូវការ ប្រើពាក្យនេះជាចាំបាច់ដែរ។អ្នកនិពន្ធបើគ្មានការព្យាយាមទេ  វាមិនអាចធ្វើឲ្យជោគ​ជ័យ​ទេ។តើព្យាយាមទីនេះ យើងសំដៅទៅលើអ្វីដែរ?។នៅទីនេះ យើងចង់និយាយអំពី ការព្យាយាមក្នុងការអាន គឺមានទាំងពីការអានកាសែត អានសៀវភៅ ទស្សនាវដ្តី ការស្វែងរកព័ត៌មាន ការចុះទៅស្រាវជ្រាវដើម្បីចងក្រងព័ត៌មាន ការវាយតម្លៃព័ត៌មាន ការកត់ត្រារាល់ព្រឹតិការណ៍ ដែលកើតឡើង ជាពិសេសការសរសេរនេះតែម្តង។អ្នក និពន្ធ​មិនអាចខ្ជឹលបានទេ។យើងត្រូវការឲ្យសរសេរឲ្យបានច្រើន គឺសរសេរហើយ​សរ​សេរទៀត ដោយជំហ៊ានដំបូង មិនត្រូវគិតអំពីការខុសឬត្រូវ ការល្អមិនល្អ​ ដោយ គ្មាន​ការធុញទ្រាន់អ្វីឡើយ។

ខ.ក្រោយពីយើងមានទុនទាំង៦ខាងលើហើយ តើគប្បីធ្វើអ្វីទៀត?

ប្រសិនបើយើងគ្រប់រូប មានទុនទាំង៦ ឬអាចច្រើនជាងនេះ ដែលអាចគិតថា នឹងធ្វើជា អ្នកនិពន្ធបានហើយ ចូលយើងចងចាំថា អ្នកនិពន្ធ ជាទូទៅប្រៀបបានទៅនឹងអ្នកកា​សែត អ្នកនយោបាយដែរ គឺការប្រឈមមុខនឹងផលបីដូចគ្នា គឺការលួចធ្វើឃាត ការចាប់ ដាក់គុក និង ការរត់ចោលស្រុក

ការលើកឡើងបែបបនេះ មិនមែនជាការគំរាម រារាំងមិនចង់ឲ្យមិត្តអ្នកអានក្លាយជាអ្នក និពន្ធនោះទេ តែវាគ្រាន់តែ ជាការត្រៀមលក្ខណៈជាមុនប៉ុណ្ណោះ។

៧.យើងត្រូវស្គាល់ផងដែរនូវពាក្យថា អ្នកនិពន្ធ។ប៉ុន្តែពាក្យនេះ បើយើងគ្រាន់ស្តាប់ឮ ឬ មើលឃើញ នៅលើទំព័រសៀវភៅ អ្នកណាម្នាក់ក៏ស្គាល់ដែរថាអ្នកនិពន្ធ តែគ្រាន់តែ​មិនស៊ីជម្រៅ។ពាក្យថាអ្នកនិពន្ធ មានន័យថា ជាអ្នកចងក្រង ជាអ្នកស្រាវជ្រាវ​ជាអ្នក បង្កើត ឬ ជាអ្នករកឃើញនូវអ្វីដែលថ្មី។ដូច្នេះ ពាក្យថា អ្នកនិពន្ធ មិនមែនជាមនុស្ស​ដែលចម្លងពីគេទាំងស្រុងនោះទេ។

អ្នកនិពន្ធជាអ្នកទ្រផែនដី អ្នកនិពន្ធជាអ្នកត្រេះផែនដី អ្នកនិពន្ធជាអ្នកបង្វិលផែនដី។​នេះ ជាទស្សនៈ ដែលគេតែងតែលើកឡើងចំពោះអ្នកនិពន្ធ។

មុននឹងយើងចាប់ផ្តើមចាប់ដងប៉ាកាសរសេរអ្វីមួយ យើងក៏គួរតែសួរខ្លួនឯងដែរថា យើង ធ្វើជាអ្នកដើម្បីអ្វី? ដើម្បីដឹកនាំមិត្តអ្នកអានរបស់យើងទៅណា?។តើយើងធ្វើជាអ្នកនិពន្ធ ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេស ឬគ្រាន់តែដើម្បីកម្សាន្តការអផ្សុករបស់ខ្លួន?។

យើងក៏ត្រូវសួរខ្លួនឯងទៀតថា តើយើងជាអ្នកណា? មកពីណា ហើយទៅណាដើម្បីអ្វី? នេះជាសំណួរ ដែលអ្នកនិពន្ធគ្រប់រូបត្រូវតែសួរមកខ្លួនឯងជាដាច់ខាត។យើងមិនអាច និយាយថា យើងគ្មានគោលដៅពិតប្រាកដនោះទេ យ៉ាងហោចណាស់ក៏យើងបានត្រឹម តែជាអ្នកនិពន្ធ ដែលធ្វើឲ្យគេ ឬខ្លួនឯងសប្បាយចិត្តដែរ។

នៅពេលដែលយើងសួរ និង ឆ្លើយដោយខ្លួនឯងបានគ្រប់សំណួរហើយ នោះយើង ពិតជាអាចសាកល្បងចាប់ផ្តើមជីវិតអាជីពអ្នកនិពន្ធបានហើយ។

ជាការចាប់ផ្តើម តើយើងគួរតែចាប់ផ្តើមពីអត្ថបទបែបណា? ដោយរបៀបណា?ឬដោយ វិធីណា?។

គ្មានការចង្អុលបង្ហាញណាមួយដោយច្បាស់លាស់ ឬពិតប្រាកដថា អ្នកត្រូវតែ​ធ្វើបែប​នេះ ឬត្រូវតែធ្វើរបៀបនោះទើបអាចសរសេរបានល្អនោះទេ។ប៉ុន្តែយើងអាចចាប់ដោយ

ការចងក្រងនូវកូនកម្រងអត្ថបទតូចៗដូចជា…នៅមានត…