អាធ្នាក់ (រឿងខ្លី)

អាធ្នាក់ត្រូវម្ចាស់ចិញ្ចឹមតាមរយ: ភ្ញាស់បង្កាត់ពូជ លលកខ្មែរនិងម៉ាឡេស៊ី។ លុះធំល្មមអាចបូលបាន ម្ចាស់វាចាប់បង្ហាត់ពីរបៀបបូល ដើម្បីឲ្យវាក្លាយជាធ្នាក់ដ៏ល្អ។កាលពីនៅជំទង់ដូចគោឡើងគំរៀវ អាធ្នាក់ហាក់សប្បាយចិត្តនិងក្អេងក្អាងបន្តិច ព្រោះមើលទៅម្ចាស់វា ស្រលាញ់វា ថែទាំវាដូចកូនមនុស្សបង្កើតដែរ។ពេលកំពុងហ្វឹកហាត់ ម្ចាស់វា តែងតែនាំឪពុករបស់វាទៅទាក់​លលកដូចគ្នា។មួយថ្ងៃបានមួយបានពីរ។ ឯអាធ្នាក់ក៏ចេះតែលួចមើលសកម្មភាពម្ចាស់និងឪពុក។

ក្រោយមកម្ចាស់វា បានយកអាធ្នាក់ទៅសាកល្បងទាក់លលកដូចឪពុកដែរ តែទុកឪពុកអាធ្នាក់នៅផ្ទះ។ ថ្ងៃដំបូង នៃជីវិតជាធ្នាក់ អាធ្នាក់មិនអាចបូលហៅលលកដទៃឲ្យចូលធ្នាក់ឡើយ។ម្ខាស់អាធ្នាក់បានស្តីបន្ទោសអាធ្នាក់ថា មិនបានការអីសោះ ខំចិញ្ចឹមអត់វ្រយោជន៍។ អាធ្នាក់ចាំក្នុងចិត្តចំពោះពាក្យនេះ ។

ពេលមក​ដល់​ផ្ទះវិញ ឆ្លៀតម្ចាស់ទៅបាត់ អាធ្នាក់បានលួចសួរឪពុកវាពីរបៀបបូលធ្នាក់។ឪពុកអាធ្នាក់ដែលមានអាយុចាស់ទៅហើយនោះ មិនបាននិយាយអ្វីនោះទេ ព្រោះមិនចង់ឲ្យកូនចេះវិធីសម្លាប់គ្នាឯងដោយសំឡេងអូសទាញរបស់ខ្លួន។ការនៅស្ងៀមរបស់ឪពុក ធ្វើឲ្យអាធ្នាក់ខឹងយ៉ាងខ្លាំង ហើយវាគិតថា នឹងបំផ្លាញអ្នកផ្សេងឲ្យដូចវា ព្រោះតាំងពីញាស់ពីពងមក វាស្ថិតក្នុងទ្រុងរហូត ទោះបីមានការថ្នាក់ថ្នមពីម្ចាស់ និងមានអាហារស្រាប់សម្រាប់ស៊ី ក្តី។​

ចាប់ពីពេលនោះមក អាធ្នាក់ចាប់ហាត់បូលដើម្បីឲ្យលលកដទៃចូលធ្នាក់របស់ខ្លួន។ជាយុទ្ធសាស្រ្ត អាធ្នាក់បូលហៅរកឈ្មោលវ័យដូចគ្នាដើម្បីប្រយុទ្ធ បើមិនឃើញមកទេ អាធ្នាក់បូលធ្វើជាកូនលលករកមេជួយ បើមិនមកទេ អាធ្នាក់បូលរកញី ដើម្បីបង្កើតស្នេហា។ទេពកោសល្យ​របស់អាធ្នាក់ ធ្វើឲ្យម្ចាស់វាពេញចិត្តយ៉ាងខ្លាំង ព្រោះក្នុងមួយថ្ងៃ អាធ្នាក់លលកឲ្យមកចូលធ្នាក់យ៉ាងតិចក៏៥ទៅ១០ក្បាលដែរ។ន្ខាស់អាធ្នាក់កាន់តែស្រលាញ់អាធ្នាក់ហើយលែងស្តីបន្ទោសងាកមកសរសើរម្តង ធ្ចើឲ្យអាធ្នាក់កាន់តែក្រអឺតកហរទម តែឪពុកអាធ្នាក់មិនសប្បាយចិត្តឡើយ ព្រោះដឹងថាអាធ្នាក់ឈាមរាវចង់អួតស្នាដៃ។

ឪពុកអាធ្នាក់លួចខ្សឹបថា កុំប្រឹងបំផ្លាញគ្នាឯងពេក ព្រោះកាលណាយើងលែងមានតម្លៃ ប្រើលែងកើត គេនឹងបោះបង់យើងចោលដូចគ្នា។ពាក្យក្រើនរំលឹកនេះ មិនបានធ្វើឲ្យអាធ្នាក់ស្តាប់ទេ ព្រោះ​អាធ្នាក់កំពុងងប់ងល់នឹងពាក្យបញ្ចើចបញ្ចើរពីម្ចាស់។ អាធ្នាក់មោទកភាព ព្រោះតែស្នាដៃនិងភាពជោគជ័យរបស់ខ្លួន។ អាធ្នាក់មិនស្តាប់ពាក្យទូន្មានរបស់ឪពុក ហើយថាឪពុករុកគួនរំខានគោលដៅដែលខ្លួនកំពុងដើរ។អាធ្នាក់នៅតែព្យាយាមប្រើសំឡេងបូល និងទេពកោសល្យរបស់ខ្លួនដើម្បីទាក់លលកដទៃទៀត។ លុះ យូរបន្តិចក្រោយ​មក ឪពុកអាធ្នាក់ធ្លាក់ខ្លួនឈឺ ម្ចាស់មិនត្រឹនតែមិនមើកថែទេ បែរស្រែកស្តីបន្ទោសឲ្យថា មិនឲ្យធ្វើអីទេ នៅតែក្នុងទ្រុថសោះ ក៏ឈឺដែរ។

មិនតែប៉ុណ្ណោះ​ ថ្ថៃដោយសារមានកំហឹងជាមួយអ្នកដទៃ ម្ចាស់អាធ្នាក់ បានចាប់ឪពុកអាធ្នាក់បោកបឹងទ្រុងងាប់នៅចំពោះមុខវា។ហេតុការណ៍នេះ ធ្វើឲ្យអាធ្នាក់រន្ធត់ចិត្តយ៉ាងខ្លាំង។ អាធ្នាក់ចាប់ផ្តើមនឹកឃើញសម្តីឪពុក ហើយចាប់ពីពេលនោះមក អាធ្នាក់បន្ថយការអូសទាញលលកដទៃឲ្យចូលធ្នាក់ទៀត។ អាធ្នាក់លែងសូវបូល អាធ្នាក់លែងសូវស៊ីចំណី ធ្វើឲ្យម្ចាស់វាឆ្ងល់។ ពេលខ្លះអាធ្នាក់ខ្សឹបប្រាប់លលកដទៃកុំឲ្យមកជិតខ្លួន ព្រោះជាធ្នាក់ គេដាក់ចាំចាប់ទេ។ ឯម្ចាស់អាធ្នាក់ដែលមិនយល់រឿងបានទៅហៅពេទ្យនកពិនិត្យ តែពេទ្យប្រាប់ថាមិនឈឺអីទេ គ្រាន់តែអន់ចំណីមួយរយ:។ ពេលពេទ្យទៅ វិញ អាធ្នាក់នៅតែមិបស៊ីអាហារដែរ អាធ្នាក់បង្អត់អាហារខ្លួនឯងរហូតក្ស័យជីវ៉ា ព្រោះតែអាធ្នាក់យល់ថា ខ្លួនមានវិប្បដិសារី ខ្លាំងណាស់ ព្រោះដោយសារសំឡេងបូលភូតកុហករបស់ខ្លួន បានធ្វើឲ្យលលកដទៃជាច្រើនជាប់ធ្នាក់ងាប់ អាធ្នាក់ក៏គិតទៀតថាបើនៅតែបន្តធ្ចើជាធ្នាក់ បូលទៀតលលកនឹងដាច់ពូជ។ ដូច្នេះ ការបញ្ចប់ជីវិតដោយវង្អត់អាហាររបស់អាធ្នាក់ ធ្វើឲ្យលលកអាចនៅបន្តពូជបាន៕

ដោយ អ្នកនិពន្ធសំរែ

Leave a comment