ក្នុងឆាកជីវិតត្រូវចាំថា៖

១.បើគេស្អប់យើង យើងកុំស្អប់ខ្លួនឯង

២.បើគេក្បត់យើង យើងកុំក្បត់ខ្លួនឯង

៣.បើគេកុហកយើង យើងកុំកុហកខ្លួនឯង

៤.បើគេមើលងាយយើង យើងកុំមើលងាយខ្លួនឯង

៥.បើគេប្រមាថយើង យើងកុំប្រមាថខ្លួនឯង

៦.បើគេរើសអើងយើង យើងកុំរើសអើងខ្លួនឯង

៧.បើគេមិនឲ្យតម្លៃយើង យើងត្រូវឲ្យតម្លៃខ្លួនឯង

៨.បើគេមិនលើកទឹកចិត្តយើង យើងត្រូវលើកទឹកចិត្តខ្លួនឯង

៩.បើគេបោះបង់យើង យើងកុំបោះបង់ខ្លួនឯង

កិច្ចការតូចឬធំត្រូវធ្វើដោយលម្អិត ផ្ចិតផ្ចង់ កុំខ្ជីខ្ជា

មនុស្សខ្លះ តែងតែបរាជ័យ មិនសម្រេចបំណង ដោយមិនដឹងខ្លួន និងមិនដឹងថា ការបរាជ័យនោះ​កើតឡើងដោយសារអ្វី?
មានចំណុចតូចមួយ ដែលយើងអាចលើកមកវែកញែកនៅទីនេះ ការបរាជ័យខ្លះ គឺកើតឡើងដោយ​សារការខ្ជីខ្ជា របស់អ្នកអនុវត្តកិច្ចការ។ បុគ្គលខ្លះ អ្វីក៏ចេះធ្វើដែរ គួរឱ្យសរសើរ តែការធ្វើរបស់គេ គឺធ្វើមិនបានល្អ មិនបានគាប់ចិត្តថៅកែ ឬថ្នាក់ដឹកនាំ របស់ខ្លួន។ 
កិច្ចការអ្វីក៏ដោយ ទាំងការរកស៊ី ទាំងការសិក្សារៀនសូត្រ ការប្រកបការងារជាដើម ការបរាជ័យ គឺកើតឡើងដោយសារភាពខ្ជីខ្ជានេះឯង។

បុគ្គលខ្លះ រៀនសូត្របានខ្ពស់ ធ្វើកិច្ចការអ្វីក៏ពូកែ លឿន រហ័សទាន់ចិត្ត តែកិច្ចការរបស់គេ
មិនបានជោគជ័យល្អ ដូចគំនិតដែលខ្លួនចង់បាន។
តើបញ្ហានេះ បណ្តាលមកពីហេតុអ្វី? គឺគ្មានអ្វីក្រៅពីការខ្ជីខ្ជារបស់គេនោះទេ។

ដោយសារភាពប៉ិនប្រសប់របស់គេ កិច្ចការខ្លះ គេធ្វើតែមួយភ្លែតហើយរួចរាល់ តែដោយសារការខ្ជីខ្ជារបស់គេ ធ្វើឱ្យកិច្ចការនោះ នៅមានចំណុចខ្វះខាត ស្រកេកស្រកាក ឬមិនល្អ គ្មានគុណភាព ដូចអ្វី ដែលគេ ឬថៅកែ ឬគ្រូចង់បាន។ 
មនុស្សបែបនេះ ទោះបីរៀនខ្ពស់ ឬពូកែកម្រិតណា ក៏គេមិនយកធ្វើជាមេដឹកនាំដែរព្រោះនឹងនាំឱ្យបុគ្គលិកដទៃទៀតខ្ជីខ្ជា មិនហ្មត់ចត់ មិនយកចិត្តទុកដាក់តាម។

ដូច្នេះ ដើម្បីជោគជ័យ ចូរកុំខ្ជីខ្ជា ធ្វើអ្វីធ្វើឱ្យប្រាកដ ធ្វើលម្អិត លម្អិតៗៗៗ ផ្ចិតផ្ចង់ ដោយផ្តោតលើ ទាំងគុណភាព សោភ័ណភាព ប្រណីតភាព និងបរិមាណ ព្រោះការខ្ជីខ្ជានឹងធ្វើឱ្យយើងធ្លាប់ខ្លួន មិនល្អ ក្នុងការកសាងអនាគត។

ការខ្ជីខ្ជានេះផងដែរ គឺកើតឡើងពីការប្រមាទ ឬការធ្វេសប្រហែស ព្រោះបុគ្គលខ្លះ ក្អេងក្អាង និងអំនួតថា កិច្ចការប៉ុណ្ណឹង គេអាចធ្វើបានតែមួយប៉ព្រេចភ្នែក ធ្វើបានដោយងាយបំផុត ស្រួលបំផុត លុះពេលធ្វើទៅ គឺនៅមានចំណុចខ្វះខាតច្រើន នាំឱ្យមានការរិះគន់ និងមិនទទួលស្គាល់ ឬទទួលយក៕

មេដឹកនាំល្អ ត្រូវមានទេពកោសល្យ និងសិល្បៈ នៃការដឹកនាំ

មនុស្សមួយចំនួនប្រកាសចង់ធ្វើជាមេដឹកនាំ ឬជាអ្នក​គ្រប់គ្រងគេ ប៉ុន្តែពួកគេតែងតែត្អូញត្អែរថា គ្រប់គ្រងឬដឹកនាំមនុស្សពិតជាស្មុគស្មាញណាស់។ ការពិត ការដឹកនាំមនុស្សពិបាក គឺដោយសារពួកគេមិនបានសិក្សាឈ្វេងយល់ទេថា តើមេដឹកនាំម្នាក់ គេត្រូវរៀន និងធ្វើអ្វីខ្លះ?
មនុស្សកើតមក គឺមានចរិត​លក្ខណៈ អាកប្បកិរិយាផ្សេងៗគ្នា ដូច្នេះអត្ដចរិតនៃការដឹកនាំក៏ផ្សេងៗគ្នាដែរ។ ឯភាពជាអ្នកដឹកនាំ ត្រូវបានគេចែកចេញ៤ប្រភេទ គឺដឹកនាំបែបសហការ ដឹកនាំបែបបញ្ជា ដឹកនាំបែបណែនាំ និងដឹកនាំបែបង្ហាញ។ 
អ្នកខ្លះពូកែធ្វើការ ពូកែរៀបយុទ្ធសាស្រ្ត ក្នុងការធ្វើជំនួញ តែមិនចេះដឹកនាំ។ 
អ្នកខ្លះពូកែដឹក​នាំ ពូកែគ្រប់គ្រង តែរៀនមិនពូកែ មិនពូកែរៀបយុទ្ធសាស្រ្តអាជីវកម្ម។
បើនិយាយពីការចាប់ផ្ដើមអាជីវកម្ម ដើម្បីគ្រប់គ្រង ឬដឹកនាំគេបាន អ្នកនោះត្រូវមានទាំងជំនាញទន់ និងជំនាញរឹង។ ជំនាញរឹង គឺជាជំនាញដែលគេបានរៀនសូត្រ និងចេះយ៉ាងច្បាស់ពីសាលា។ ឯជំនាញទន់ គឺជាឥរិយាបថ ដែលគេមាន ដូចជាត្រូវមានឆន្ទៈមានទេពកោសល្យ និងសិល្បៈ ក្នុងការប្រើមនុស្ស។ ភាពជាអ្នកដឹកនាំ គឺជាបុគ្គលដែលមានចរិតម៉ឺងម៉ាត់ ហ្មត់ចត់ ម្ចាស់ការ និងជាបុគ្គលដែលគេគោរពស្រឡាញ់ច្រើន។ 
អ្នកដឹកនាំពូកែ អាចប្រើមនុស្ស ឬអាចធ្វើឱ្យមនុស្សចចេសរឹងរូស មកជាទន់បាន។ អាចធ្វើឱ្យមនុស្សដែលមិនគោរពវិន័យ មកជាគោរពវិន័យ ស្រឡាញ់ការងារ និងលះបង់ដើម្បីក្រុមហ៊ុនបាន។ 
ជាពិសេស ក៏ជាមនុស្សដែលចង់មានបាន ចង់រីកចម្រើនដែរ គ្រាន់តែការចង់មានបាននោះ ធ្វើឡើងក្នុងក្របខណ្ឌគុណធម៌ និងតាមវិធីសាស្រ្ដនៃការច្នៃប្រតិដ្ឋរបស់គេតែប៉ុណ្ណោះ។
បុគ្គលដែលអាចធ្វើអាជីវកម្ម ឬគ្រប់គ្រងដឹកនាំបានជោគជ័យ 
គឺចំណេះដឹង និងទេពកោសល្យ សិល្បៈរបស់គេខុសពីអ្នកដទៃ។ 
គេមានគំនិតទូលំទូលាយមិន​រើសអើង មិនក្រអឺតក្រទម 
មិនឆ្មើងឆ្មៃ មិនវាយឫក មិនស្តីបន្ទោស មិនជិះជាន់កេងប្រវ័ញ្ចបុគ្គលិក និយាយរួមគឺគេរួសរាយរាកទាក់ ចេះលួងលោម និងផ្តល់តម្លៃឱ្យបុគ្គលិកស្មើៗគ្នា ។ 
បើឃើញបុគ្គលិកណាធ្វើខុស ឬធ្វើមិនទាន់បានល្អដល់កម្រិតដែលគេចង់បាន គឺគេតែងតែអប់រំ ណែនាំ បង្ហាត់បង្ហាញបុគ្គលិកនោះឱ្យយល់ និងចេះធ្វើការតទៅមុខទៀត។
មេដឹកនាំដែលល្អ គឺត្រូវយល់ពីទុក្ខលំបាករបស់បុគ្គលិកនេះឯង ជាពិសេសបើបុគ្គលិកមានបញ្ហាប្រឈម ឬឧបសគ្គក្នុងជីវិត មេដឹកនាំនោះចេះឈឺឆ្អាល ខ្វល់ខ្វាយ និងស្ទុះស្ទា ក្នុងការជួយយកអាសាគ្នា។ និយាយរួម មេដឹកនាំល្អមិនមែនជាមេដឹកនាំដែលខុសដៃយកដៃ ខុសជើងយកជើង មិនមែនជាមនុស្សឆេវឆាវទេ តែជាមេដឹកនាំចេះឱបក្រសោប អប់រំ ណែនាំ ធ្វើឱ្យបុគ្គលិកគោរព មិនចង់ចាកចេញពីក្រុមហ៊ុន ស្រឡាញ់ក្រុមហ៊ុន ដូចស្រលាញ់ជីវិត និងដូចគ្រួសារគេដែរ៕

ចង់សម្រេចគោលដៅ យុវជនត្រូវមាន៖


១.ក្តីស្រមៃខ្ពស់
២.មានមហិច្ឆតាខ្ពស់
៣.មានឆន្ទៈខ្ពស់
៤.ត្រូវសិក្សា ឈ្វេងយល់ពីសង្គមជាតិ និងពិភពលោកឱ្យបានទូលំទូលាយ 
៥.មានគោលបំណងពិតប្រាកដ
៦.មានគោលដៅច្បាស់លាស់
៧.មានភាពអំណត់អត់ធ្មត់ និងព្យាយាមខ្ពស់
៨.មានការតាំងចិត្ត និងប្តេជ្ញាចិត្តខ្ពស់ និង
៩.ត្រូវមានភាពជាអ្នកដឹកនាំ ក្នុងខ្លួនផងដែរ៕

មុននឹងបើកអាជីវកម្ម ត្រូវត្រៀមអ្វីខ្លះ?

មុនពេលបើក ឬធ្វើអាជីវកម្មអ្វីមួយ 
គប្បីយើងមានគំនិត សំខាន់ៗមួយចំនួនជាមុនសិន ដូចជា 
១.យើងចង់ធ្វើអ្វី? 
២.ចង់រកស៊ីអ្វី?
៣.ដើម្បីអ្វី? 
៤.នៅទីកន្លែងណា? 
៥.នៅពេលណា? 
៦.ឱ្យអ្នកណា?
៧.ចាប់ផ្តើមនៅពេលណា? 
៨.ចំណាយដើមទុនប៉ុន្មាន? 
៩.មានទុនបម្រុងប៉ុន្មាន?
១០.មានទម្រង់ ឬមានរចនាបថ រៀបចំបែបណា?
បែបអឺរ៉ុប ឬបែបអាស៊ី ឬបែបខ្មែរ?
១១.រំពឹងលើការប្រមូលផលចំណេញមកវិញ 
នៅពេលណា? រយៈពេលប៉ុន្មាន?
បើយើងមានគោលគំនិតនេះរួចហើយ 
នោះយើងអាចចាប់ផ្តើមដំណើរការអាជីវកម្មយើងបានហើយ៕

ទស្សនវិស័យ បុគ្គលជោគជ័យ

ស្ទើរតែគ្រប់បុគ្គល ដែលមានស្នាដៃ និងបុគ្គលជោគជ័យ គឺសុទ្ធតែជាបុគ្គល ដែលមានក្តីស្រមៃ និងការទទូច ព្យាយាម ហ្មត់ចត់ប្រកបដោយគំនិតច្នៃប្រឌិតថ្មី ប្លែកៗ និងការតាំងចិត្ត ឆន្ទៈខ្ពស់។ 
ប៉ុន្តែ ដើម្បីជោគជ័យ ពួកគេមិនដែលគ្រាន់តែដេកស្រមៃ និងមើលងាយអានុភាព នៃក្ដីស្រមៃនោះទេ ហើយពួកគេក៏មិនតក់ក្រហល់ចង់ជោគជ័យភ្លាមៗដែរ ព្រោះភាពតក់ក្រហល់ ធ្វើឱ្យខាតទាំងពេលវេលា ថវិកា ឱកាស និងអនាគត។ 
បើយើងចង់ជោគជ័យដូចគេដែរ បើមើលអ្វី ត្រូវមើលឱ្យធ្លុះ និងវែងឆ្ងាយ។ គិតអ្វីគិតឱ្យបានទូលាយ ធ្វើអ្វីធ្វើឱ្យហ្មត់ចត់ ចេះអ្វី ចេះឱ្យបានច្បាស់លាស់ ហើយធ្វើអ្វី ត្រូវធ្វើដោយអត់ធ្មត់។ ត្រូវមានក្តីស្រមៃខ្ពស់ ធ្វើឱ្យលះ ផ្ចិតផ្ចង់ ក្បោះក្បាយ និងតស៊ូ។
ដូច្នេះ ធ្វើអ្វីក៏ដោយ ត្រូវមានការស្រមើស្រមៃពិតប្រាកដ ពិចារណាឱ្យស៊ីជម្រៅ មានទិសដៅច្បាស់លាស់ ហើយសិក្សាឱ្យលម្អិត ហ្មត់ចត់ និងជឿជាក់លើខ្លួនឯង។ តែបើគ្រាន់តែស្រមៃគ្មានបំណងពិតប្រាកដ គ្មានការតស៊ូ គ្មានការព្យាយាម គ្មានទំនុកទុកចិត្ត គ្មានជំនឿជាក់លើខ្លួនឯង នោះអ្វីៗ នឹងបរាជ័យ។ បរាជ័យម្ដងពីរដង ពុំមែនមានន័យថា បរាជ័យក្នុងឆាកជីវិតដែរ ប៉ុន្តែបើបរាជ័យម្ដងហើយបោះបង់ចោលការតស៊ូ ព្យាយាមទទូចនោះ នោះទើបជាបរាជ័យពិតប្រាកដ៕


បើជ្រើសរើសបុគ្គលិកខុស នឹងក្លាយជាបំណុល តែបើរើស ត្រូវនឹងក្លាយជាទ្រព្យ


បើជ្រើសរើសបុគ្គលិកត្រូវ បុគ្គលិក នឹងក្លាយជាទ្រព្យដ៏មហាសាល តែបើជ្រើសបុគ្គលិកខុស នោះ បុគ្គលិក នឹងក្លាយជាបំណុលដ៏ធ្ងន់របស់ក្រុមហ៊ុន។

បុគ្គលិក ត្រូវបានគេចាត់ទុកថា ជាធនធានកម្ររបស់សហគ្រិន ក្នុងចំណោមធនធានកម្រដទៃទៀត។ បុគ្គលិក គឺជាកម្មករ ដែលលក់កម្លាំងពលកម្ម ដោយប្រើបញ្ញាស្មារតី ជំនាញ ចំណេះដឹង ខុសពីកម្មករ​​ដទៃទៀត ដែលប្រើកម្លាំងកាយ ដើម្បីធ្វើការ។ ដូច្នេះការជ្រើសរើសបុគ្គលិក មកបំពេញការងារ គឺជារឿង​សំខាន់បំផុត ដែលម្ចាស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រង ត្រូវប្រយ័ត្នប្រយែងផងដែរ។ បើជ្រើសរើសបុគ្គលិកត្រូវ បុគ្គលិក នឹងក្លាយជាទ្រព្យ ដ៏មហាសាល តែបើជ្រើសបុគ្គលិកខុស នោះ បុគ្គលិក នឹងក្លាយជា​បំណុលដ៏ធ្ងន់របស់ក្រុមហ៊ុន។

អ្នកខ្លះជ្រើសរើសបុគ្គលិក សម្លឹងរកមើលមនុស្សមានរូបសម្បត្តិស្អាត សង្ហាមានសញ្ញាបត្រច្រើន តែគេបែរជាមើលរំលងមនុស្ស ដែលមានឥរិយាបថថ្លៃថ្នូរ និងចំណេះដឹងជ្រៅជ្រះទៅវិញ។
ការសម្លឹង​មើល​សញ្ញាបត្រ ជារឿងមួយ ដែលការសម្លឹងមើលលើជំនាញ ចំណេះដឹង ចំណេះធ្វើ និងសីលធម៌រស់នៅរបស់បុគ្គលិក ក៏ជារឿងសំខាន់។

សម្រាប់ប្រទេសជឿនលឿនមួយចំនួន ពេលគេជ្រើសរើសបុគ្គលិក គេមើលទៅលើចំណង់ចំណូលចិត្ត ចំណេះដឹង និងសេចក្តីអំណត់ព្យាយាម ឯសញ្ញាបត្រត្រូវគេទម្លាក់ស្ថិតលំដាប់ទី២ បន្ទាប់ពីចំណង់​ចំណូលចិត្ត និងចំណេះដឹង។

អ្នកខ្លះ មានតែសញ្ញាបត្រ តែគ្មានជំនាញ គ្មានចំណេះធ្វើ ឬមានចំណេះធ្វើតិចតួច ក៏ពិបាកនឹង​ទទួលដែរ។អ្នកមានសញ្ញាបត្រខ្លះចេញមកអឿ ក្រអឺតក្រទម និងទារមុខតំណែងខ្ពស់ប្រាក់ខែ​ច្រើន​ជាដើម។

សម្រាប់ខ្ញុំ ពេលជ្រើសរើសបុគ្គលិក ខ្ញុំជ្រើសរើសយកមនុស្ស ដែលមានអាកប្បកិរិយាថ្លៃថ្នូរ មិនចេះ​ឡេមឡឺម រណេបរណប ចង់បានតែអំណាច ចង់បានតែមុខមាត់។ ខ្ញុំជ្រើសរើសយកមនុស្ស ដែលមាន​គុណធម៌ សីលធម៌ មេត្តាធម៌ ចិត្តធ្ងន់ ចេះជួយទុក្ខធុរៈ ចេះចែករំលែកបទពិសោធ ចំណេះដឹងដល់​បុគ្គលិក ចេះណែនាំ និងដឹកនាំបុគ្គលិកឱ្យធ្វើការ ប្រកបដោយគុណភាព ប្រសិទ្ធភាព ផ្ចិតផ្ចង់ យកចិត្ត​ទុកដាក់ និងលម្អិត។ ខ្ញុំជ្រើសរើសយកមនុស្ស ដែលចេះប្រាំធ្វើការងារបានដប់ ខ្ញុំមិនរើសយកមនុស្ស​ចេះដប់ តែធ្វើបានតែប្រាំនោះទេ ព្រោះអ្នកចេះប្រាំ ធ្វើបាន១០ នឹងធ្វើឱ្យយើងចំណេញ​ពេលវេលា​ចំណេញថវិកា និងការគ្រប់គ្រង៕

ចំណេះដឹង និងជំនាញ នឹងក្លាយជាទ្រព្យគ្មានតម្លៃ បើអ្នកមិនចេះប្រើប្រាស់

គឺជាការពិបាកខ្លាំងណាស់ សម្រាប់ជីវិត ដែលខិតខំក្រេបជញ្ជក់យកចំណេះដឹង និងជំនាញគ្រប់បែបយ៉ាង ដើម្បីបម្រើផលប្រយោជន៍ខ្លួនឯង គ្រួសារ និងសង្គម ព្រោះចំណេះ និងជំនាញគឺជាទ្រព្យសម្បត្តិមហាសាល ដែលគ្មានទ្រព្យសម្បត្តិអ្វីអាចប្រៀបផ្ទឹមបាន។ 
ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រសិនបើយើងមាននូវទ្រព្យទាំងពីរនេះហើយ ហើយមិនព្យាយាមអនុវត្ត មិនចែករំលែក ឬមិនបង្ហាត់បង្រៀនដល់អ្នកដទៃ វានឹងក្លាយទៅជាទ្រព្យ ដ៏គ្មានន័យ ព្រោះមិនបានធ្វើឱ្យយើង ឬសង្គមជាតិរីកចម្រើនឡើយ។ វានឹងប្រែទៅជារឿងដ៏ក្រៀមស្រពោន ឥតប្រយោជន៍ គ្មានតម្លៃ ហើយមិនយូរប៉ុន្មាន នឹងបាត់បង់ទៅវិញដោយឥតខ្លឹមសារ។ 
នៅក្នុងសង្គមខ្មែរយើង ច្រើនជំនាន់មកហើយ អ្នកមានចំណេះដឹងមួយច្រើនតែលាក់ចំណេះដឹងរបស់ខ្លួន មិនព្រមចែករំលែកដល់អ្នកដទៃ ឬក្មេងជំនាន់ក្រោយទេ ព្រោះពួកគេយល់ថា ឱ្យគេចេះដូចខ្លួន ឬចេះជាងខ្លួន នឹងធ្វើឱ្យគេបាត់បង់លាភ ឬបាត់បង់តម្លៃ។ ការលាក់ចំណេះដឹងនេះហើយ ធ្វើឱ្យសង្គមយើងមានការរីកចម្រើន និងមានការអភិវឌ្ឍយឺតយ៉ាវ។ ដូច្នេះ បើយើងមានភ័ព្វសំណាង រៀនបានខ្ពស់ មានជំនាញពិតប្រាកដ សូមកុំលាក់ចំណេះ ដឹងទាំងនោះ ព្រោះមិនចំណេញទេ។ គួរចេះចែករំលែកគេឯងផង។ បើយើងចេះតែម្នាក់ឯង នោះយើងនឹងក្លាយជាមនុស្សឯកោណាស់ ព្រោះគ្មានអ្នកណាចូលចិត្ត និងរាប់រកយើង ដូច្នេះ ដើម្បីកុំឱ្យឯកោ ដើម្បីជួយអភិវឌ្ឍដល់សង្គមជាតិ គួរយើងចេះចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក ទើបជាការប្រសើរ៕

ចូរគ្រប់គ្រងខ្លួនឯងឱ្យបាន មុនគ្រប់គ្រងអ្នកដទៃ

ក្រៅពីការគ្រប់គ្រងអាជីវកម្ម គ្រប់គ្រងបុគ្គលិក និងគ្រប់គ្រងបញ្ហា មនុស្សគប្បីចេះគ្រប់គ្រងខ្លួន​ឯងផងដែរ។ 
មនុស្សខ្លះចូលចិត្តគ្រប់គ្រងចិត្តគេ ហាមឃាត់គេ ណែនាំគេ ប្រាប់ឱ្យគេចេះគ្រប់គ្រងចិត្ត គ្រប់គ្រង​អារម្មណ៍ ប៉ុន្តែ មិនចូលចិត្តគ្រប់គ្រងចិត្ត ឬអារម្មណ៍ខ្លួនឯងឡើយ។ 
ពេលខ្លះ ប្រាប់គេ​ថា កុំឱ្យឆេវឆាវ តែខ្លួនឯងឆេវឆាវ។ ប្រាប់ឱ្យគេអត់ធ្មត់ ហ្មត់ចត់ និងតស៊ូចំពោះការងារ តែខ្លួនឯង មិន​អត់​ធ្មត់ មិនតស៊ូចំពោះការងារ។ ពេលខ្លះ ប្រាប់កុំឱ្យគេប្រើអំពើហិង្សា កុំឱ្យគេគាបសង្កត់ ឬដាក់គំនាបអ្នកដទៃ តែខ្លួនឯង ចូលចិត្តដាក់គំនាប និងប្រើហិង្សាលើអ្នកដទៃ។
ការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងការងារ ការគ្រប់គ្រងអ្នក​ដទៃ ជារឿងងាយស្រួល ប៉ុន្តែការគ្រប់គ្រងខ្លួនឯង គឺជារឿងដ៏ស្មុគស្មាញ និងលំបាកបំផុត។
តាមទ្រឹស្តី នៃការរំងាប់អារម្មណ៍ ដើម្បីកាត់បន្ថយអំពើហិង្សា
និយាយថា នៅពេលមានអារម្មណ៍ក្រោធ មនុស្សតែងតែឆេវឆាវ ឆាប់ច្រឡោតខឹង។ 
ប្រសិនបើយើងមិនអាចគ្រប់គ្រង ឬរំងាប់អារម្មណ៍ក្រោធបានភ្លាមៗទេ អំពើហិង្សានឹងកើតឡើង។
នៅទីនេះក៏ដូចគ្នា បើគ្រប់គ្រងខ្លួនឯងកុំឱ្យឆេវឆាវ កុំឱ្យខ្ជះខ្ជាយថវិកា ពេលវេលា កុំឱ្យខ្ជីខ្ជាពេលបំពេញការងារ មិនបានទេ នោះបញ្ហានឹងកើតឡើងដូចគ្នា។ 
ដូច្នេះ ការគ្រប់គ្រងចិត្តខ្លួនឯង គឺជារឿងពិបាកបំផុត ព្រោះសូម្បីពេលខ្លះ យើងសន្យាចំពោះខ្លួនឯងថា នឹ​ងឈប់ចាយ​លុយ​ផ្តេសផ្តាស នឹងឈប់ដើរលេងឥតប្រយោជន៍ ឬថា នឹងធ្វើកិច្ចការណាមួយ ឱ្យបានរួចរាល់មុនផែនការ តែធ្វើមិនបាន។ ប៉ុន្តែ ផ្ទុយមកវិញ ប្រសិនបើយើងធ្វើបាន នោះអ្វីៗពិតជាល្អខ្លាំងណាស់ នឹងធ្វើឱ្យយើងជោគជ័យផងដែរ។
ចូរសាកល្បងគ្រប់គ្រងខ្លួនឯងឱ្យបាន ដើម្បីភាពជោគជ័យរបស់យើង៕

ថៅកែល្អ គេធ្វើអ្វីខ្លះ?

មានទ្រឹស្តីមួយគេនិយាយថា ក្រុមហ៊ុនល្អ មិនប្រាកដថាថៅកែល្អ ថៅកែល្អ មិនប្រាកដថាក្រុមហ៊ុនល្អ ហើយការជ្រើសរើសការងារ គួរជ្រើសរើសយកការងារណាដែលមានថៅកែល្អ កុំជ្រើសយកក្រុមហ៊ុនល្អ។ ពាក្យថា ថៅកែល្អ មិនមែនជាថៅកែដែលថ្នមកម្លាំងពលកម្មបុគ្គលិកទេ តែជាមនុស្សពូកែទំាងការគិត ពូកែទំាងការធ្វើ ការគ្រប់គ្រងថវិកា ការគ្រប់គ្រងពេលវេលា ការគ្រប់គ្រងបុគ្គលិក ជាពិសេសពូកែយល់​ពីចិត្តបុគ្គលិក។ ថៅកែពូកែខ្លះ គ្រាន់តែឃើញទឹកមុខបុគ្គលិក គឺដឹងថាបុគ្គលិកនោះមានបញ្ហាអ្វីមួយ​បាត់ទៅហើយ ហើយគេព្យាយាមរកវិធីល្អៗដើម្បីដោះស្រាយបញ្ហានោះ បញ្ចប់បញ្ហានោះដោយសន្តិវិធី ដោយរលូន។

ក្រៅពីយល់ចិត្តបុគ្គលិក ថៅកែល្អក៏មើលឃើញផងដែរ ពីទុក្ខលំបាករបស់បុគ្គលិក ពីតម្រូវការរបស់ បុគ្គលិក ពីចំណុចខ្វះខាតរបស់បុគ្គលិក ហើយចេះចែករំលែកចំណេះដឹង ទុក្ខលំបាក និងភាគលាភ ដោយ ផ្តល់នូវអំណោយ ឬរង្វាន់លើកទឹកចិត្តដល់បុគ្គលិក ដូចជាការលើកសរសើរផ្ទាល់មាត់ ការចេញបណ្ណ សរ សើរ ការផ្តល់រង្វាន់ជាថវិកា និងការជប់លៀងជូនបុគ្គលិកជាដើម។

បើក្រុមគ្រួសារបុគ្គលិកជួបទុក្ខលំបាករឿងអ្វីមួយ ថៅកែល្អ អាចជួយដោះស្រាយទុក្ខលំបាកនោះ ដោយមិនគិតពីការសងគុណរបស់បុគ្គលិកវិញឡើយ។

ថៅកែល្អ ចេះដឹកនាំបុគ្គលិក ណែនាំបុគ្គលិក បង្ហាត់បង្រៀនបុគ្គលិកឱ្យចេះសហការគ្នាធ្វើការមិន ចូលចិត្ត ពាក្យបញ្ចើចបញ្ចើ ឬបញ្ជោរហួសហេតុពីបុគ្គលិក និងថៅកែល្អ ចូលចិត្តធ្វើអំពើល្អ ចូលចិត្តសាងគុណ តែ មិនខ្វល់ពីការជំពាក់គុណ ឬការសងគុណរបស់បុគ្គលិក។ ថៅកែល្អ គិតគូរពីសុខទុក្ខ ទុក្ខលំបាករបស់បុគ្គ លិក ច្រើនជាងការដាក់បន្ទុក គាបសង្កត់ ស្តីបន្ទោស ឬកេងចំណេញពីបុគ្គលិក៕

កុំប្រមាថ កុំមើលងាយអ្នកដទៃ

ការប្រមាថ មើលងាយ ជាកាយវិការ ដ៏អសីលធម៌របស់សង្គមមនុស្ស។
អ្នកខ្លះប្រមាថគេត្រឹម​តែស្តីបន្ទោស បន្តុះបង្អាប់ ឬជេរបញ្ចោរ
តែអ្នកខ្លះទៀតប្រមាថគេរហូតដល់ជីវិត អ្នកខ្លះប្រមាថចំណេះដឹង និងសមត្ថភាពគេ។ ខ្លះទៀតប្រមាថ ដោយសារឃើញគេធ្វើខុស ឬធ្វើមិនទាន់បានល្អ។ 
ការប្រមាថ ច្រើនតែកើតឡើងលើមនុស្ស ដែលមិនសូវមានចំណេះដឹង ប៉ុន្តែ អ្នកដែលរៀនសូត្របានខ្ពង់ខ្ពស់ខ្លះ
ក៏មិនប្រាកដថា មិនចេះប្រមាថគេដែរ។
ការប្រមាថ ពេលខ្លះកើតឡើងដោយសារកំហឹង ពេលខ្លះកើតឡើងដោយសារអំនួត អំណាច អាងមានបក្សពួកជាអ្នកធំ អាងខ្លួនជាអ្នកមាន អាងខ្លួនមានទ្រព្យសម្បត្តិច្រើនជាដើម។ 
ការប្រមាថ គឺអាស្រ័យលើចរិតលក្ខណៈរបស់មនុស្សម្នាក់ ដែលទទួលបានការអប់រំនៅសាលា នៅផ្ទះ ក្នុងសង្គមគ្រួសារ និងនៅក្នុងសង្គមជាតិ។
ដូច្នេះ កើតមកជាមនុស្ស មិនគួរប្រមាថអ្នកដទៃនោះទេ
ទោះបីគេក្រជាងយើង មានឋានៈតូចជាងយើង មានចំណេះដឹងទាបជាងយើងក៏ដោយ ព្រោះការប្រមាថនាំឱ្យអាប់ឱនដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូរ របស់យើងផងដែរ៕

កុំមានជំងឺគ្រប់គ្រាន់និយម

ជាទូទៅនៅលើលោកយើងនេះ ជំងឺគ្រប់គ្រាន់និយម តែងតែកើតមានលើមនុស្សមួយចំនួន។ ការគ្រប់គ្រាន់និយម មិនមែនសុទ្ធតែជារឿងមិនល្អនោះទេ។ គ្រប់គ្រាន់និយមមានន័យថា មនុស្សចេះស្កប់ស្កល់ មនុស្សអាចស្កប់ស្កល់នូវអ្វីដែលគេមាន។ ប៉ុន្តែ ប្រសិនបើយើងត្រូវការភាពរីកចម្រើន ឬក៏អភិវឌ្ឍន៍ខ្លួនឯងឱ្យរីកចម្រើនទៅមុខ គេមិនគប្បីមានជំងឺគ្រប់គ្រាន់និយមទេ។ ជំងឺគ្រប់គ្រាន់និយម មានន័យថា អ្នកខ្លះ ឬយុវជនខ្លះ ក្រោយពេលរៀនចប់បរិញ្ញាបត្រមួយ ឬពីរហើយ ក៏គិតថា ខ្លួនឯងចេះគ្រប់អ្វីៗ ឬចេះចាំចប់សព្វគ្រប់ហើយ មិនចាំបាច់ ឬមិនព្រមរៀនបន្ថែមទៀតឡើយ។ អ្នកខ្លះ ធ្វើការ ឬរកស៊ី បានប្រាក់កាសបន្តិចបន្តួច ឬសមល្មមអាចរស់នៅបាន ក៏មិនព្យាយាមបន្តឱ្យរីកចម្រើនទៅមុខ ព្រោះគេគិតថា អ្វីដែលពួកគេមាន គឺល្មមនឹងអាចរស់បាន។ ប៉ុន្តែ គេមិនបានគិតទៅដល់ពេលវេលាណាមួយ នៅពេលពួកគេត្រូវការជាចាំបាច់នូវថវិកា ដើម្បីធ្វើអ្វីមួយទៀតនោះ តើនឹងត្រូវធ្វើដូចម្តេចឡើយ?

កុំគ្រប់គ្រាន់និយម នៅទីនេះ មានន័យថា ប្រសិនបើយើងមានអ្វីៗ ឬចេះអ្វីៗគ្រប់យ៉ាងហើយ គប្បីធ្វើអ្វីផ្សេង ឬស្វែងរកអ្វីៗបន្តទៀត ដោយកុំគិតថា អ្វីដែលយើងមាននោះ អ្វីដែលយើងចេះនោះ ល្មមគ្រប់គ្រាន់ហើយ។

បើយើងរៀនចប់បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬអនុបណ្ឌិត ឬរៀនចេះផ្នែកណាមួយ គប្បីរៀនបន្តនូវមុខវិជ្ជាដដែល ឬមុខវិជ្ជាផ្សេងទៀត។ គួរកុំអាលគិតថា អ្វីដែលមាន អ្វីដែលយើងរៀន គឺយើងចេះអស់ហើយ គ្រប់គ្រាន់ហើយ ឬមានអ្វីៗគ្រប់យ៉ាងអស់ហើយ ព្រោះអ្វីៗដែលយើងមាន ដែលយើងចេះនេះ អាចនឹងប្រែប្រួល អាចគ្រាន់តែជាផ្នែកឬជ្រុងតូចមួយ នៃពិភពលោកប៉ុណ្ណោះ។

ដូច្នេះ ធ្វើអ្វីក៏ដោយ សូមកុំកើតជំងឺគ្រប់គ្រាន់និយម។ មានន័យថា ប្រសិនបើយើងជោគជ័យលើមុខជំនួញហើយ គប្បីបន្តស្វែងរកគន្លឹះនៃភាពរីកចម្រើន ដើម្បីខ្លួនឯង និងក្រុមហ៊ុនបន្ថែមទៀត។

ការពង្រីកចំណេះដឹង ពង្រីកភាពមានបាន មិនមែនជាគោលការណ៍ដែលត្រូវកំណត់ព្រំដែននៃចំណេះដឹងរបស់ខ្លួនឯងឱ្យនៅក្រេះក្រិនឡើយ ត្រូវខំហើយខំទៀត ព្យាយាមហើយព្យាយាមទៀត ទើបយើងរីកចម្រើនទៅមុខបាន៕

ចំណេះដឹង គួរស្វែងយល់

នៅលើលោកនេះ មិនមានរដ្ឋាភិបាលណាមួយ ចេញលុយឲ្យឈ្មួញពេលរកស៊ីខាត ឬជួយចេញលុយពេលកសិករធ្វើកសិកម្មខាតនោះទេ។រដ្ឋគេអាចជួយយើងតែលើផ្នែកខ្លះប៉ុណ្ណោះ ដូច្នេះ សូមបងប្អូនឈប់បន្ទោស ឈប់ត្អូញត្អែរដាក់រដ្ឋទៀតទៅ។

មានតែការខិតខំដោយប្រយ័ត្នប្រយែងទេ ទើបយើងគេចផុតពីការខាតបង់។បើបងប្អូនដាំស្វាយបងប្អូនត្រូវដាំទៅតាមស្តង់ដារ បើធ្វើស្រូវ ត្រូវធ្វើតាមស្តង់ដារ បើចិញ្ចឹមសត្វ ឬត្រី ត្រូវធ្វើតាមស្តង់ដារ ដែល ទីផ្សារតម្រូវ និងមានអ្នកជំនាញបង្ហាត់​បង្ហាញត្រឹមត្រូវ។ កុំដាំតាមយថាផល តាមទម្លាប់ដែលបងប្អូនធ្លាប់ធ្វើតៗគ្នា ពីបុរាណដូនតាមក។

ជីវិត ចំណេះដឹង និងសុខភាព


មិនមានដាក់លក់នៅលើទីផ្សារឡៃឡុងទេ
សូមព្យាយាមថែទាំ និងរៀនសូត្រឲ្យបានល្អ ទាន់កម្លាំងនៅមាន សុខភាពនៅល្អ។
សូមកុំខ្ជះខ្ជាយពេលវេលា កុំខ្ជីខ្ជា ចំពោះសុខភាព និងជីវិត។
ការខ្ជះខ្ជាយពរលវេលា គឺជាការខ្ជះខ្ជាយដ៏ធំសម្បើមមួយ ចំណែកការខ្ជីខ្ជាមិនយកចិត្តទុកដាក់ចំពោះសុខភាព និងជីវិត គឺជាការខ្ជីខ្ជាធំជាងអ្វីៗទាំងអស់។
កំហាតបង់ដ៏ធំរបស់មនុស្សយើង គឺការទុកពេលវេលា ឲ្យរត់ទៅហួស ដោយឥតប្រយោជន៍។

ស្ថានភាពកម្ពុជាបច្ចុប្បន្ន

បច្ចុប្បន្ន ស្ថានភាពកម្ពុជាប្រៀបបានទៅនឹងដើមឈើដ៏តូចមួយដើម ដែលហ៊ុមព័ទ្ធទៅដោយព្រៃឈើធំៗ និងយ៉ាងក្រាស់។កម្ពុជា ប្រឈមនឹងការបិទអុកស៊ីហ្សែន មិនឲ្យដកដង្ហើមរួច ពីបណ្តាព្រៃទាំងនោះ។ ព្រៃខ្លះ នៅឯនាយសមុទ្រឆ្ងាយ ក៏នៅឆ្លៀតឈោងដៃមកឈ្លានពា​ន មករំខានកម្ពុជាទាំងបំពាន។

ដូច្នេះ កម្ពុជាព្យាយាមរស់ ព្យាយាមតតាំងជាមួយព្រៃទាំងនេះ ហើយប្រសិនបើគ្មានមេដឹកនាំឈ្លាសវៃ ដូចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ កម្ពុជា នឹងធ្លាក់ចូលទៅក្នុងសង្រ្គាមមនោគមន៍វិជ្ជាទៀត។

ឥរិយាបថ របស់ពលរដ្ឋខ្មែរបច្ចុប្បន្ន

បច្ចុប្បន្នេះ ពលរដ្ឋខ្មែរមួយចំនួនមិនសូវនិយមឲ្យគេអប់រំ ឬផ្តល់ចំណេះដឹងដល់ខ្លួនទេ។ គឺចូលចិត្តមើល ឬតាមដានរឿងឥតប្រយោជន៍ ដូចជាការជេរប្រ​មាថ ការបរិហារគ្នា ឬរឿងមិនពិត ឬរឿងកុហកបោកប្រាស់តាមហ្វេសប៊ុក។ល។ ចំណែករឿងអប់រំ ដូចជាប្រវត្តិសាស្រ្ត ឬការផ្តល់ចំណេះដឹងផ្សេងៗ ឃើញបណ្ឌិត ឬអ្នកចេះដឹង អ្នកជំនាញមួយ ចំនួនខំស្រាវជ្រាវ នូវឯកសារល្អៗ យកមកផ្សព្វផ្សាយ តែពុំមានអ្នកមើល ឬចូលចិត្ត ឬចែករំលែកបន្តឡើយ។

មូលហេតុនោះអាចមកពី៖

១. ខ្ជិលគិត ខ្ជិលខ្វល់ ដោយគិតថាមិន​មែនជារឿងរបស់ខ្លួន ដែលត្រូវគិតត្រូវរៀនសូត្រ។

២. គិតថាខ្លួនឯងចេះហើយមិនចាំបាច់អាន ឬរៀនបន្តទៀត។

៣. មិនទម្លាប់អាន ឬតាមដានរឿងរ៉ាវ ដែលមានប្រយោជន៍។

៤.មិនចង់ចេះ មិនចង់ដឹង រឿងរ៉ាវដែលកើតឡើងថ្មីៗ និងចំណេញដល់ខ្លួន។

៥.មិនចេះវាយតម្លៃ និងបែងចែកថា រឿងណាមានប្រយោជន៍ រឿងណាខាតប្រយោជន៍។

៦.មិនទម្លាប់រៀនសូត្រពីអ្នកដទៃ។

កាលៈទេសៈខ្លះ កុំពឹងលើលុយពេក

ជារឿងធម្មតា គេថាលើលោកនេះ ធ្វើអ្វីក៏ដោយ
បើគ្មានលុយទេ ធ្វើអ្វីក៏មិនកើតដែរ។ 
ការលើកឡើងនេះ ពិតជាមិនខុសទេ ប៉ុន្តែ ចំពោះកាលៈទេសៈខ្លះ កុំពឹងលើលុយពេក ព្រោះលុយពិតជាមិនអាចជួយយើងបានគ្រប់ពេលវេលាទេ ទោះបីលុយជាធ្វើឱ្យមានអ្វីៗគ្រប់យ៉ាង ទាំងកិត្តិយស កេរ្តិ៍ឈ្មោះ និងអំណាចក៏ដោយ តែលុយក៏ធ្វើឱ្យយើងបាត់បង់អ្វីៗគ្រប់យ៉ាងដែរ ប្រសិនបើ យើងគ្រប់គ្រងលុយមិនបានទេ។

ដូច្នេះហើយ គប្បីកុំពឹងផ្អែកលើលុយតែមួយមុខពេក។ កុំអាងមានលុយ ដើរក្អេងក្អាង ច្រងេងច្រងាង ដាក់គេដាក់ឯង ប្រមាថគេប្រមាថឯង ស្រេចតែចិត្ត តែយើងគប្បីពឹងលើជំនាញទន់ផងដែរ
ដូចជាឥរិយាបថ អាកប្បកិរិយា សេចក្តីថ្លៃថ្នូរ រួសរាយរាក់ទាក់ ទន់ភ្លន់ សុភាពរាបសារជាដើម។ កាន់តែខ្ពស់ កាន់តែទាប កាន់តែទាប កាន់តែមានន័យណាស់ ព្រោះថា កិត្តិយស កេរ្តិ៍ឈ្មោះល្អរបស់យើង នឹងអាចជួយយើង នៅពេលណាមួយ ដែលលុយជួយយើងលែងបាន។ បើឃើញគេឃ្លាន យើងផ្តល់អាហារដល់គេ បើគេរងា យើងផ្តល់អាវ ឬភួយឱ្យគេ បើគេក្តៅ យើងត្រូវផ្តល់ដំបូលឱ្យគេ នោះគឺល្អណាស់។

បានន័យថា ភាពក្រអូបសាយ នៃកេរ្តិ៍ឈ្មោះ របស់យើង នឹងជួយឱ្យយើងកាន់តែល្អប្រសើរបានមួយកម្រិតទៀត ប៉ុន្តែនឹងមិនប្រសើរទេ
ឬនឹងកាន់តែធ្លាក់ចុះ ប្រសិនបើកេរ្តិ៍ឈ្មោះ កិត្តិយសរបស់យើង
ត្រូវបានអាប់ឱន ឬមានក្លិនមិនល្អ ដោយសារតែយើងអាងលើលុយនោះ។ លុយពេលខ្លះ អាចជួលគេឱ្យធ្វើការបាន តែមិនអាចទិញទឹកចិត្តគេឱ្យស្មោះត្រង់ គ្រប់កាលៈទេសៈបានទេ មានតែទឹកចិត្តដ៏ល្អបរិសុទ្ធប៉ុណ្ណោះ ដែលអាចទទួលបាននូវទឹកចិត្តបរិសុទ្ធវិញបាសន៕

ក្រឹត្យក្រមរីកចម្រើន

បើគេស្អប់យើង យើងកុំស្អប់ខ្លួនឯង

បើគេមើលងាយយើង យើងកុំមើល ងាយខ្លួនឯង

បើគេរើសអើងយើង យើងកុំរើសអើងខ្លួនឯង

បើគេមិនឲ្យតម្លៃយើង យើងត្រូវឲ្យតម្លៃខ្លួនឯង

ព្រោះថា លើលោកនេះ គ្មានអ្នកស្រលាញ់យើង ចូលចិត្តយើង លើកទឹកចិត្តយើងគ្រប់គ្នាបានទេ។ មនុស្សខ្លះបន់ឱ្យតែយើងធ្លាក់ទឹក បន់ឱ្យតែយើងបរាជ័យថែមទៀតផង។