អង្គុយលើកៅអីធ្វើពីឈើប្រណិត ក្នុងបន្ទប់ទទួលភ្ញៀវ ដ៏ធំទូលាយ នៃភូមិគ្រឹះដ៏ស្កឹមស្កៃ នៅជាយក្រុងភ្នំពេញ អ្នកស្រីលំអង បាននិយាយទៅកាន់យុវតី វ័យ១៨ឆ្នាំថា បើសម្រេចចិត្តមកនៅជាមួយមីង មីងនឹងផ្តល់ឲ្យក្មួយទៅរៀនភាសាអង់គ្លេស និងជំនាញផ្សេងៗទៀត ដែលក្មួយចង់រៀន។ មីងឲ្យក្មួយទៅរៀន គឺមិនមែនមានបំណងចង់ឲ្យក្មួយរៀនចេះ ហើយនៅបម្រើមីងតទៅទៀតទេ តែគឺដើម្បីក្មួយអាចរកការងារបានល្អ ជាងនៅជាមួយមីងតែប៉ុណ្ណោះ។ អ្វី ដែលមីងចង់បានពីក្មួយវិញ គឺមីងត្រូវការភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាម។
និយាយចប់ អ្នកស្រីលំអង ប្រាប់ឲ្យយុវតី យកឥវ៉ាន់ទៅទុកក្នុងបន្ទប់។ ចាប់ពីពេលនោះមក យុវតី ដែលមានសម្បុរខ្មៅស្រអែម បានខិតខំបំពេញការងារ ជូន តាមតម្រូវការរបស់អ្នកស្រីលំអង។ ចំណែកឯកអ្នកស្រីលំអង ក៏នៅសង្កេតមើលពីសកម្មភាព និងចរិតលក្ខណៈរបស់យុវតី ស្រីម៉ៅផងដែរថា តើនាងអាចទុកចិត្តបានហើយឬនៅ?។ ថ្ងៃមួយ ខណៈពេលស្រីម៉ៅ កំពុងធ្វើការនៅចង្រ្កាន ស្រាប់តែសំឡេងយំខ្សឹកខ្សួរ បានបន្លឺឡើង។ ដោយមានការងឿងឆ្ងល់ ស្រីម៉ៅ ដើរយឺតៗពីចង្រ្កានបាយមកមើល ក៏ឃើញអ្នកស្រីលំអង កំពុងយំខ្សឹកខ្សួលម្នាក់ឯង នៅលើសាឡុងឈើ ដ៏ភ្លឺរលោង។ឈរទ្រឹងបន្តិច ទើបនាងដាច់ចិត្តសួរអ្នកស្រីលំអងថា មីងមានរឿងអីទៅ បានជាស្រក់ ទឹកភ្នែកដូច្នេះ?។ ខ្ញុំធ្វើការឲ្យមីងមិនបានល្អមែនទេ?។ បើសិនខ្ញុំ ធ្វើទៅ មានកំហុសឆ្គងត្រង់ ណា មីងអាចប្រាប់ខ្ញុំបាន ព្រោះខ្ញុំ បានចាត់ទីកនេះ ជាផ្ទះរបស់ខ្ញុំ ចាត់ទុកមីង ជាម្តាយរបស់ខ្ញុំ ដែរ។ ឬមួយ បើទើសទ័លខ្លាំង ខ្ញុំអាចចាកចេញពីផ្ទះមីងក៏បាន ។
ស្តាប់សម្តីនាងរួចហើយ អ្នកស្រីលំអង ដែលកែវភ្នែកពោរពេញទៅដោយ ទឹកភ្នែក ក៏តបមកស្រីម៉ៅវិញ ថា ស្រីម៉ៅគ្មានកំហុសទេ អ្វីដែលខុស គឺខ្ញុំខ្លួនឯង។ គឺខ្ញុំបានធ្វើឲ្យបាត់ស្អែកជើងចាស់មួយគូ ដែលជាមរតករបស់មីង និងប្តីមីងតាំងពីយូរមកហើយ។ ស្បែកជើងនេះ ទោះបីជាវា មានតម្លៃថោកសម្រាប់អ្នកដទៃ តែវាមានតម្លៃ សម្រាប់ជីវិតគ្រួសារមីងណាស់។ឮសម្តីនេះ ស្រីម៉ៅ បើកភ្នែកធំៗ ហើយសួរទៅកាន់អ្នកស្រីលំអងវិញ ស្បែកផ្ទាត់ សឹកកែងដល់បាតហ្នឹងមែនទេមីង?។ អ្នកស្រីលំអង ងក់ក្បាលតិច មើលមុខស្រម៉ៅ។ ស្រីម៉ៅ បើកភ្នែកធំៗ រួចនិយាយដោយអួលដើមកថា មីង ឲ្យខ្ញុំសុំទោស ស្បែកជើងនោះ ខ្ញុំបាន យកទៅចោលក្នុងធុងសំរាមបាត់ហើយ ហើយកាលពីព្រឹកមិញ ឡានសំរាម ក៏បានចូលមកយកសំរាមក្នុងធុងនោះ ទៅបាត់ទៀង។ អ៊ីចឹង ស្បែកជើងនេះ មិនដឹងទៅដល់ណាទេ? ប្រហែលជាគេចាក់កប់ គរលើគ្នា នៅកន្លែងចាក់សំរាមហើយមើលទៅ?។ មីង ខ្ញុំសុំទោសផងមីង។
(ស្រីម៉ៅ យំអង្វរម្តងទៀត)។ស្តាប់ ស្រីម៉ៅងនិយាយរួច អ្នកស្រីលំអង ស្ទើរគំាងបេះដូង រួចព្យាយាមសម្រួលចិត្តមកវិញ ហើយនិយាយថា ចុះ ឡានសំរាម គេមកយូរហើយ? បើទើបតែមកយកទេ យើងអាច ហៅគេឈប់ និងសុំគេកាយមើល ក្រែងឃើញ។ ស្រីម៉ៅតបវិញថា ចាស៎ មីង ឡានគេមកយកយូរដែរហើយ តែមិនអីទេ ចាំខ្ញុំ ចេញទៅមើល ក្រែង គេមិនទាន់ទៅឆ្ងាយ។ និយាយហើយ ស្រីម៉ៅ ក៏ចេញពីក្នុងផ្ទះទៅ។ ស្រីម៉ៅ ដើរទៅតាមទិស ដែលរថយន្តដឹកសំរាមបរ។ ដើរបានប្រហែល ៥០ម៉ែត្រ ដល់ផ្លូវកែងមួយ ស្រីម៉ៅ ក្រឡេកឃើញ ស្នាមសំរាមជ្រុះសំរាម នៅកែងផ្លូវ។
ស្រីម៉ៅ រត់យ៉ាងលឿនទៅមើល ក៏ឃើញស្បែកជើងចាស់ សឹកបាត ឡើងស្តើងមួយចំហៀង នៅលាយឡំ នឹងសំរាម។ ស្រីម៉ៅ ត្រេកអរយ៉ាងខ្លាំង នាងកាយរើសយ៉ាងប្រញាប់ យកមកកាន់នៅដៃ ហើយចោលភ្នែកក្រឡេកមើលទៅកន្លែងដទៃទៀត ក្រែងឃើញមួយចំហៀងទៀត។ គ្រប់កន្លែង ដែលនាងចោលភ្នែកមើលទៅ គ្មានអ្វីក្រៅពីចិញ្ចើមផ្លូវ ធម្មតានោះទេ។ តែដោយសារមិនទាន់អស់ចិត្ត នាងក៏ងាកមករកមើលនៅកន្លែងដដែលវិញ។
ភ្លាមនោះ ស្រាប់តែ ស្នាមញញឹមដ៏ស្រស់ស្រាយមួយ បានផុសចេញលើបបូរមាត់នាង។ នាងរត់យ៉ាងរហ័ស ទៅ ជ្រុងម្ខាងទៀត នៃចិញ្ចើមផ្លូវ រួចឈោងដៃច្បាមយកស្បែកជើងមួយចំហៀងទៀត ដែលទំនង ជ្រុះចេញពីឃ្លុប ដាក់សំរាម នៃរថយន្តដឹកសំរាម។ពេលបានស្បែកជើងទំាងពីរហើយ ស្រីម៉ៅ ក៏រត់យកមកយ៉ាងលឿន ឲ្យទៅអ្នកស្រី លំអងវិញ។ រួចនាងលំអោនកាយ បន្ទន់ជង្គង់ លើកដៃសំពះ អ្នកស្រីលំអងដោយនិយាយថា មីង ក្មួយសុំទោសម្តងទៀត ក្មួយពិតជាធ្វេសប្រហែស ធ្វើអ្វីៗ មិនសួរយោបល់មីងពិតមែន។ ក្មួយជាអ្នកធ្វើឲ្យមីងឈឺចិត្ត ។ ក្មួយសុំទោសផង។ អ្នកស្រីលំអង ដែលទឹកមុខមិនទាន់ស្រស់ស្រាយ កែវទឹកមិនទាន់ស្អត់តំណក់ទឹកភ្នែក ក៏តបទៅនាងវិញថា មិនអីទេ កាពិតមីងទេ ជាអ្នកមានកំហុស ព្រោះមីងមិនបានប្រាប់ក្មួយ ពី សារសំខាន់នៃស្បែកជើងនេះ។
ក្មួយដឹងទេ ស្បែកជើងនេះ កុំថាយកទៅឲ្យគេ ឬជ្រុះគេមិនរើស សូម្បីតែជួលឲ្យគេយកទៅចោល ក៏គេមិនយកដែរ ព្រោះវាចាស់ពេក តែសម្រាប់ជីវិត មីង និងប្តីរបស់មីង គឺមានតម្លៃណាស់។ ក្មួយដឹងទេ កាលពីទសវត្សរ៍៩០ នៅពេលមីងកំពុងសិក្សានៅសាលានៅឡើយ មីងនិងប្តីមីង បានស្រលាញ់គ្នា។ ប្តីមីង ជាយុវជនកំព្រាឪពុកម្តាយ។ ពួកយើងស្រលាញ់គ្នាណាស់ ហើយសន្យាថា ទោះបីមានអ្វីមកបំបែក ក៏យើងមិនបែកពីគ្នាដែរ។ យើងសុខចិត្តស្លាប់រស់ ទំាងពីរនាក់។ ប៉ុន្តែ ក្រោយមក ស្នេហា របស់មីងនិងប្តីមីង ត្រូវបានឮខ្ចខ្ចាយដល់ឪពុកម្តាយមីង។ ពួកគាត់បានព្យាយាមបំបែកពួកយើង គ្រប់មធ្យោបាយ តែមីងនៅតែប្តេចជ្ញាថា បើមីងបែកពីប្តីមីង គឺផ្លូវដែលមីងជ្រើរើសសម្រាប់គ្រួសារមានតែមួយ គត់គឺស្លាប់។
ដោយសារបំបែកមីង និងប្តីមីងមិនបាន ឪពុកម្តាយមីង បានសម្រេចកាត់កាលមីងចោល លែងរាប់រក ប៉ុន្តែ ក្នុងនាមឪពុកម្តាយ គាត់បានផ្តល់ឲ្យមីង នូវស្បែកជើងផ្ទាត់នេះមួយគូ ក្រមារអំបោះមួយ។ មរតកនេះ មីងបានយកវាមកប្រើប្រាស់ ដើម្បីជីវិត។ ដើម្បីកសាងគ្រួសារ ដ៏តូចនេះ មីងនិងប្តីមីង បានសម្រេចចិត្តឈប់រៀន ហើយយើង ទៅជួលផ្ទះគេនៅក្នុងតំបន់សំណងអនាធិបតេយ្យបឹងកក់ ដោយប្រកបរបរដើររើសអេតចាយលក់។ បន្ទប់ស្នាក់នៅរបស់យើង គឺពីរ ម៉ែត្របួនជ្រុង។ យើងត្រូវដេកនៅផ្ទាល់របាបក្តា ដែលបាក់បែក ដំបូល ជញ្ជាំងរហែក គ្មានកន្ទេល គ្មានភួយដណ្តប់។ ពេលថ្ងៃ ចេញទៅណាមកណា ជាពិសេស ពេលចេញទៅរើសអេតចាយ យើងពាក់ស្បែកជើងម្តងម្នាក់។ យើងប្រើក្រមារងូតទឹកម្តងម្នាក់។ ពេលយប់ យើងត្រូវដណ្តប់ក្រមារមួយកំណាត់ម្នាក់ ពេលខ្លះ យើងកើយដៃគ្នាម្តងម្នាក់ជំនួសខ្នើយ។ ពេលចេញទៅណា តំណាលគ្នា គឺក្នុងចំណោមយើង ត្រូវតែមានម្នាក់ គ្មានស្បែកជើងពាក់ ហើយជាទូទៅ មីងបានស្បែកជើងពាក់ និងទទូរក្រមារ ច្រើនជាងប្តីមីង ព្រោះគាត់ មិនព្រមពាក់ស្បែកជើងទេ គាត់លះបង់ ទំាងអស់ ឲ្យតែមីងមានសេចក្តីសុខ។ គ្រានោះ ការដើររើសអេតចាយ ក៏ជួបឧបសគ្គច្រើនណាស់ដែរ ។
នៅតាមហាងអាហារ ខ្លះ គេមិនអនុញ្ញាតឲ្យអ្នករើសអេតចាយទៅក្បែរទេ ព្រោះគេខ្លាចយើងលួចរបស់ទ្រព្យគេ ខ្លាច ភ្ញៀវខ្ពើមរអើមរាងកាយ ដ៏កខ្វក់របស់យើង ហើយហាងខ្លះទៀត គេទុករបស់របរលក់ខ្លួនឯង ចែកបុគ្គលិកគេ។ រឿងនេះ យើងមិនអាចបន្ទោសគេបានទេ ព្រោះគេត្រូវការប្រាក់ ដើម្បីចិញ្ចឹមបុគ្គលិក និងក្រុមគ្រួសារគេដែរ។ ពេលខ្លះ យើងក៏ជួបក្មេងទំនើង វាយដណ្តើមយកលុយ ពេលខ្លះ ទៅទិញអាហារគេដើម្បីហូប គេមិនលក់ឲ្យ ដោយសារសម្លៀកបំពាក់យើងកខ្វក់ និងមានក្លិនអាក្រក់ពេក។ នឹកឃើញរឿងនេះឡើង មីងតែងលួចស្រក់ទឹកម្នាក់ឯងមិនឲ្យកូនឃើញ។ កូនមីងកើតមក គេឃើញតែ ភូមិគ្រឹះ ដ៏ធំ មានលុយចាយ ជិះឡានទំនើប តែគេមិនបានដឹងថា ឪពុកម្តាយគេ ទម្រាំបានប៉ុណ្ណេះ ទម្រាំមានថ្ងៃ ត្រូវចំណាយញើសឈាមប៉ុន្មាន លីត្រនោះទេ។ កាលណោះ យប់ខ្លះ ពេលមេឃភ្លៀង យើងត្រូវក្រោកអង្គុយ ទំាងអស់គ្នា ព្រោះដំបូលលិច ពេលខ្យល់ខ្លាំងទឹកភ្លៀងក៏សាចចូលផ្ទះ គ្មានកន្លែងដេក។
ជម្រក ពេលខ្លះ គ្រាន់តែបិទបាំងកុំឲ្យគេមើលឃើញ ពេលយើងសម្រាកប៉ុណ្ណោះ។ មីង និងប្តី មីងត្រូវចំណាយពេលជាងបីឆ្នាំ ទើបបានធូរបន្តិច ហើយរើទៅជួលបន្ទប់ ធំទូលាយបន្តិច។ ពេលនោះ មីងមានផ្ទៃពោះ កូនដំបូង ប្តីមីងក៏ផ្អាកលែងឲ្យមីង ទៅរើសអេត ចាយទៀត។ ប៉ុន្តែ នៅផ្ទះ មីងបានរើសយកក្រដាស់កាសែត ឬសៀវភៅចាស់ៗខ្លះ មកកឹបចូលគ្នា ធ្វើជាសៀវភៅលក់។ ក្រដាស់ឡាំងខ្លះ ដែលប្រឡាក់ មីងយកក្រណាត់ជូតហាលថ្ងៃ និងលក់ទៅឲ្យគេវិញ។ ការធ្វើដូច្នេះយូរៗទៅ មុខរបរ ក៏រីកចម្រើន បន្ទាប់មក មីងក៏ប្រកាស ប្រមូលទិញអេតចាយ ពីក្មេងៗក្បែរផ្ទះ រួចយកទៅលក់បន្ត។ ការប្រឹងប្រែងរបស់មីង ធ្វើឲ្យគ្រួសារ កាន់តែរីកចម្រើនទៅៗ រហូតដល់ថ្ងៃនេះ។ ចឹងហើយ បានមីងរក្សាទុកស្បែកជើងផ្ទាត់ មួយគូនេះ ជាអនុស្សាវរីយ៍។ ការទុកស្បែកជើងនេះ មិនមែន ចង់អួតប្រាប់គេថា យើងស្រលាញ់ របស់ចាស់ ឬថា យើងមានបាឆនដោយសារស្បែកជើងនេះដែរ តែមីងទុកមើល ដើម្បីរំលឹកខ្លួនឯងថា ធ្វើយ៉ាងណា កុំភ្លើតភ្លើន ចាយវាយត្រូវតែគិត ត្រូវតែចេះកម្រិតដោយខ្លួនឯង។
ដើម្បីរំលឹកថា ក្រ គឺវេទនាណាស់ ហើយក៏ត្រូវគេមើលងាយណាស់ដែរ។ ស្បែកជើងនេះ ប្រៀបបានទីប្រឹក្សារបស់មីងដែរ ព្រោះ ពេលមីងចង់ចាយវាយអ្វីៗ ដែលចំណាយច្រើន មីងត្រូវតែមកឈរនៅទីនេះ ដើម្បីរំលឹកខ្លួនឯងថា មិនត្រូវធ្វើឲ្យខ្លួនឯង ឬកូនចៅ វិលទៅពាក់ស្បែកជើងនេះវិញទេ។ ស្តាប់ ការបរិយា ដ៏វែងអន្លាយ នេះហើយ ស្រីម៉ៅ ងក់ក្បាល រួច ពោលទៅកាន់ អ្នកស្រី វិញថា ចាស៎ ក្មួយយល់ហើយមីង ចាប់ពីពេលនេះទៅ ក្មួយលែងហ៊ាន ធ្វើអ្វីៗ ដោយខ្វះការសួរនាំពីមីងទៀតហើយ។ អ្នកស្រីញញឹមតិចៗ រួចយកដៃអង្អែលក្បាលស្រីម៉ៅដោយក្តីស្រលាញ់ និងនិយាយតប វិញថា មិនអីទេ តែក្មួយត្រូវតែចាំថា ក្រនេះមួយ គ្មានចំណេះនេះពីរ ទៅណាក៏គេមើលងាយ ដែរ ដូច្នេះ ក្មួយត្រូវតែខំរៀន និងត្រូវប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូររបស់ខ្លួន។ កិត្តិយស រឹតតែ សំខាន់ជាងទ្រព្យសម្បត្តិ និងចំណេះដឹងទៅទៀត។
ថ្ងៃក្រោយ បើក្មួយបានធ្វើធំ សូមក្មួយកុំភ្លេចគ្រូបង្រៀន ដែលផ្តល់ចំណេះដឹងឲ្យយើង។ បើក្មួយមានបាន ក្មួយកុំភ្លេចអ្នកក្រ។ បើក្មួយបានសុខ កុំភ្លេចទុក្ខលំបាករបស់អ្នកដទៃ។ ក្មួយកុំសោយសុខ លើគំនរទុក្ខ អ្នកដទៃ។ មើលសមត្ថភាពងាយអ្នកដទៃ គឺមើលងាយខ្លួនឯង។ បើក្មួយធ្វើជាដើមឈើ ត្រូវធ្វើជាដើមឈើ ដែលគេអាចជ្រកម្លប់បាន នៅពេលគេត្រូវការម្លប់ជ្រក។ បើធ្វើជាប្រភពទឹក ត្រូវធ្វើជាទឹក ដែលអ្នកដទៃអាចហូបបាន នៅពេលគេស្រេកឃ្លាន។ បើជាទូក ត្រូវធ្វើជាទូក ដែលអ្នកលង់ទឹក អាចតោង បឹងពាក់បាន។ បានហើយ ក្មួយទៅធ្វើការវិញចុះ ថ្ងៃក្រោយ មីងនឹងនិយាយប្រវត្តិជីវិតមីង ប្រាប់ក្មួយបន្តទៀត។
ដោយ អ្នកនិពន្ធសំរែ
You must be logged in to post a comment.