អាធ្នាក់ (រឿងខ្លី)

អាធ្នាក់ត្រូវម្ចាស់ចិញ្ចឹមតាមរយ: ភ្ញាស់បង្កាត់ពូជ លលកខ្មែរនិងម៉ាឡេស៊ី។ លុះធំល្មមអាចបូលបាន ម្ចាស់វាចាប់បង្ហាត់ពីរបៀបបូល ដើម្បីឲ្យវាក្លាយជាធ្នាក់ដ៏ល្អ។កាលពីនៅជំទង់ដូចគោឡើងគំរៀវ អាធ្នាក់ហាក់សប្បាយចិត្តនិងក្អេងក្អាងបន្តិច ព្រោះមើលទៅម្ចាស់វា ស្រលាញ់វា ថែទាំវាដូចកូនមនុស្សបង្កើតដែរ។ពេលកំពុងហ្វឹកហាត់ ម្ចាស់វា តែងតែនាំឪពុករបស់វាទៅទាក់​លលកដូចគ្នា។មួយថ្ងៃបានមួយបានពីរ។ ឯអាធ្នាក់ក៏ចេះតែលួចមើលសកម្មភាពម្ចាស់និងឪពុក។

ក្រោយមកម្ចាស់វា បានយកអាធ្នាក់ទៅសាកល្បងទាក់លលកដូចឪពុកដែរ តែទុកឪពុកអាធ្នាក់នៅផ្ទះ។ ថ្ងៃដំបូង នៃជីវិតជាធ្នាក់ អាធ្នាក់មិនអាចបូលហៅលលកដទៃឲ្យចូលធ្នាក់ឡើយ។ម្ខាស់អាធ្នាក់បានស្តីបន្ទោសអាធ្នាក់ថា មិនបានការអីសោះ ខំចិញ្ចឹមអត់វ្រយោជន៍។ អាធ្នាក់ចាំក្នុងចិត្តចំពោះពាក្យនេះ ។

ពេលមក​ដល់​ផ្ទះវិញ ឆ្លៀតម្ចាស់ទៅបាត់ អាធ្នាក់បានលួចសួរឪពុកវាពីរបៀបបូលធ្នាក់។ឪពុកអាធ្នាក់ដែលមានអាយុចាស់ទៅហើយនោះ មិនបាននិយាយអ្វីនោះទេ ព្រោះមិនចង់ឲ្យកូនចេះវិធីសម្លាប់គ្នាឯងដោយសំឡេងអូសទាញរបស់ខ្លួន។ការនៅស្ងៀមរបស់ឪពុក ធ្វើឲ្យអាធ្នាក់ខឹងយ៉ាងខ្លាំង ហើយវាគិតថា នឹងបំផ្លាញអ្នកផ្សេងឲ្យដូចវា ព្រោះតាំងពីញាស់ពីពងមក វាស្ថិតក្នុងទ្រុងរហូត ទោះបីមានការថ្នាក់ថ្នមពីម្ចាស់ និងមានអាហារស្រាប់សម្រាប់ស៊ី ក្តី។​

ចាប់ពីពេលនោះមក អាធ្នាក់ចាប់ហាត់បូលដើម្បីឲ្យលលកដទៃចូលធ្នាក់របស់ខ្លួន។ជាយុទ្ធសាស្រ្ត អាធ្នាក់បូលហៅរកឈ្មោលវ័យដូចគ្នាដើម្បីប្រយុទ្ធ បើមិនឃើញមកទេ អាធ្នាក់បូលធ្វើជាកូនលលករកមេជួយ បើមិនមកទេ អាធ្នាក់បូលរកញី ដើម្បីបង្កើតស្នេហា។ទេពកោសល្យ​របស់អាធ្នាក់ ធ្វើឲ្យម្ចាស់វាពេញចិត្តយ៉ាងខ្លាំង ព្រោះក្នុងមួយថ្ងៃ អាធ្នាក់លលកឲ្យមកចូលធ្នាក់យ៉ាងតិចក៏៥ទៅ១០ក្បាលដែរ។ន្ខាស់អាធ្នាក់កាន់តែស្រលាញ់អាធ្នាក់ហើយលែងស្តីបន្ទោសងាកមកសរសើរម្តង ធ្ចើឲ្យអាធ្នាក់កាន់តែក្រអឺតកហរទម តែឪពុកអាធ្នាក់មិនសប្បាយចិត្តឡើយ ព្រោះដឹងថាអាធ្នាក់ឈាមរាវចង់អួតស្នាដៃ។

ឪពុកអាធ្នាក់លួចខ្សឹបថា កុំប្រឹងបំផ្លាញគ្នាឯងពេក ព្រោះកាលណាយើងលែងមានតម្លៃ ប្រើលែងកើត គេនឹងបោះបង់យើងចោលដូចគ្នា។ពាក្យក្រើនរំលឹកនេះ មិនបានធ្វើឲ្យអាធ្នាក់ស្តាប់ទេ ព្រោះ​អាធ្នាក់កំពុងងប់ងល់នឹងពាក្យបញ្ចើចបញ្ចើរពីម្ចាស់។ អាធ្នាក់មោទកភាព ព្រោះតែស្នាដៃនិងភាពជោគជ័យរបស់ខ្លួន។ អាធ្នាក់មិនស្តាប់ពាក្យទូន្មានរបស់ឪពុក ហើយថាឪពុករុកគួនរំខានគោលដៅដែលខ្លួនកំពុងដើរ។អាធ្នាក់នៅតែព្យាយាមប្រើសំឡេងបូល និងទេពកោសល្យរបស់ខ្លួនដើម្បីទាក់លលកដទៃទៀត។ លុះ យូរបន្តិចក្រោយ​មក ឪពុកអាធ្នាក់ធ្លាក់ខ្លួនឈឺ ម្ចាស់មិនត្រឹនតែមិនមើកថែទេ បែរស្រែកស្តីបន្ទោសឲ្យថា មិនឲ្យធ្វើអីទេ នៅតែក្នុងទ្រុថសោះ ក៏ឈឺដែរ។

មិនតែប៉ុណ្ណោះ​ ថ្ថៃដោយសារមានកំហឹងជាមួយអ្នកដទៃ ម្ចាស់អាធ្នាក់ បានចាប់ឪពុកអាធ្នាក់បោកបឹងទ្រុងងាប់នៅចំពោះមុខវា។ហេតុការណ៍នេះ ធ្វើឲ្យអាធ្នាក់រន្ធត់ចិត្តយ៉ាងខ្លាំង។ អាធ្នាក់ចាប់ផ្តើមនឹកឃើញសម្តីឪពុក ហើយចាប់ពីពេលនោះមក អាធ្នាក់បន្ថយការអូសទាញលលកដទៃឲ្យចូលធ្នាក់ទៀត។ អាធ្នាក់លែងសូវបូល អាធ្នាក់លែងសូវស៊ីចំណី ធ្វើឲ្យម្ចាស់វាឆ្ងល់។ ពេលខ្លះអាធ្នាក់ខ្សឹបប្រាប់លលកដទៃកុំឲ្យមកជិតខ្លួន ព្រោះជាធ្នាក់ គេដាក់ចាំចាប់ទេ។ ឯម្ចាស់អាធ្នាក់ដែលមិនយល់រឿងបានទៅហៅពេទ្យនកពិនិត្យ តែពេទ្យប្រាប់ថាមិនឈឺអីទេ គ្រាន់តែអន់ចំណីមួយរយ:។ ពេលពេទ្យទៅ វិញ អាធ្នាក់នៅតែមិបស៊ីអាហារដែរ អាធ្នាក់បង្អត់អាហារខ្លួនឯងរហូតក្ស័យជីវ៉ា ព្រោះតែអាធ្នាក់យល់ថា ខ្លួនមានវិប្បដិសារី ខ្លាំងណាស់ ព្រោះដោយសារសំឡេងបូលភូតកុហករបស់ខ្លួន បានធ្វើឲ្យលលកដទៃជាច្រើនជាប់ធ្នាក់ងាប់ អាធ្នាក់ក៏គិតទៀតថាបើនៅតែបន្តធ្ចើជាធ្នាក់ បូលទៀតលលកនឹងដាច់ពូជ។ ដូច្នេះ ការបញ្ចប់ជីវិតដោយវង្អត់អាហាររបស់អាធ្នាក់ ធ្វើឲ្យលលកអាចនៅបន្តពូជបាន៕

ដោយ អ្នកនិពន្ធសំរែ

គោលការណ៍​(រឿងខ្លី)

រដ្ឋា ជាបេក្ខជនសម្ភាសទី១៥ ដើម្បីចូលបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយក្នុង​ចំណោម១៥នាក់។អគ្គនាយកក្រុមហ៊ុននេះ ហាក់ចម្លែកជាងគេបន្តិច ព្រោះក្រៅពីសួរសំណួរទាក់ ទងប្រវត្តិការសិក្សា ការងារ ជំនាញ និងចំណង់ចំណូលចិត្ត គាត់នៅមានសំណួរចុងក្រោយដ៏សំខាន់មូយទៀត ដែលមិនទាក់ទងគ្នាទាល់តែសោះ ហើយបេក្ខជនអាចមានវាសនាធ្លាក់ ឬជាប់នៅលើសំណួរចុង​ក្រោយដែលទាក់ទងចំណេះដឹងទូទៅនេះ។

នៅចំពោះមុខបេក្ខជនទាំងអស់ អគ្គនាយកបានសរសេរសំណួរលើក្តារខៀន អំពីប្រវត្តិនិងតួនាទីខ្លះៗ នៃមេដឹកនាំកម្ពុជាប្រជា​ធិបតេយ្យ។សំណួរដែលមានតែមួយនេះ បានសួរថា តើក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោកនួន ជា មានតួនាទីជាអ្វី ? លោកអៀង សារី មាននាទីជាអ្វី? លោកខៀវ សំផន ជាអ្វី? លោកប៉ុល ពត ជាអ្វី?បេក្ខជនទាំងអស់សុទ្ធតែឆ្លើយត្រូវ លើក លែង តែរដ្ឋាម្នាក់គត់ ដែលសរសេរចម្លើយខុសពីគេ ដោយឆ្លើយថា លោកអៀង សារី ប្រធានរដ្ឋសភា​ លោកនួន ជារដ្ឋមន្រ្តីការ​បរទេស លោកខៀវ សំផន នាយករដ្ឋមន្ត្រី​លោកប៉ុល ពត ជា ប្រមុខរដ្ឋ។ចម្លើយរបស់រដ្ឋាធ្វើឲ្យគេអស់សំណើច ព្រោះឆ្លើយខុស។ អគ្គនាយកប្រាប់ថា ចម្លើយរបស់រដ្ឋាគឺខុស តើព្រមទទួលទេ? រដ្ឋាឆ្លើយថា ព្រម។ អគ្គនាយក បញ្ជាក់ទៀតថា បើព្រមទទួល គឺមានន័យថា ធ្លាក់ក្នុថកិច្ចសម្ភាសការងារនេះ។

រដ្ឋានៅតឬឆ្លើយថា មិនអីទេ ធ្លាក់មិបអីទេ។អគ្គនាយកបន្តបង្ហើបថា តើការឆ្លើយខុសនេះ ដោយសារច្រឡំ ឬដោយសារមិនដឹង មិនចេះ? រដ្ឋាតបថា គឺដោយសារច្រឡំ មិនមែនមិនចេះទេ។ អគ្គនាយកសួរទៀតថា តើព្រមកែចម្លើយឲ្យត្រូវតាមគេទេ?បើកែ អាចមានឱកាសជាប់ក្នុងការរបំពេញការងារ។ រដ្ឋា តបវិញថាមិនកែទេ ទោះធ្លាក់ក៏ដោយ ព្រោះជាគោលការណ៍ជីវិតរបស់គេសុខចិត្តបរាជ័យ តែមិននិយមធ្វើតាមអ្នក​ដទៃ។ អគ្គនាយកកំញើញសួរទៀត ច្បាស់ហើយឬ? ថាមិនកែ? រដ្ឋានៅតែឆ្លើយថា មិនកែ​ ។

ដំអក់បន្តិច អគ្គនាយក បានសម្រេចចិត្តប្រកាសថា រដ្ឋា គឺជាប់ជាបុគ្គលិក និងជាប្រធានផ្នែកមួយ។ការប្រកាសរបស់អគ្គនាយក ធ្វើឲ្យបេក្ខជនស្ទើរទាំងអស់ប្រតិកម្ម ជំទាស់ ខ្លះអស់សំពើច បែបចំអកពេបជ្រាយ ព្រោះយល់ថា ការ​សម្រេចបែបនេះ គឺអយុត្តិធម៌ចំពោះបេក្ខជនដែលឆ្លើយត្រូវ​ និងជាភាពល្ងង់ខ្លៅរបស់អគ្គនាយក។ អគ្គនាយកបានឲ្យអ្នកទាំងអស់គ្នាស្ងាត់បន្តិចសិន ហើយពន្យល់ថា មូលហេតុដែលលោកឲ្យរដ្ឋាជាប់ ហើយមាននាទីជាប្រធានផ្នែក គឺដោយសាររដ្ឋាមានសមត្ថភាព និងមានគោលការណ៍ច្បាស់លាស់។

មនុស្ស ដែលមានគោល​ការណ៍ច្បាស់លាស់ ទោះធ្វើអ្វីក៏ដោយក៏ភាគច្រើនទទួលជោគជ័យដែរ។ រដ្ឋា មិន​ព្រមកែចម្លើយ ដើម្បីបានជាប់ជាបុគ្គលិកក្រុនហ៊ុនទេ។ គេសុខចិត្តធ្លាក់ ទាំងគេបញ្ជាក់ថា គេដឹងថាចម្លើយរបស់គេ គឺច្រឡំ។ នេះជាការទទួលខុសត្រូវរបស់គេ។​ គេគោរពគោលការណ៍ខ្លួនឯងច្បាស់។ នេះហើយជាគោលការណ៍ ជាការសម្រេចរបស់គេ ដែលថ្ងៃក្រោយ ក៏អាចធ្វើជាមេដឹកនាំជាន់ខ្ពស់ក្នុងក្រុម​ហ៊ុននេះដែរ។ មេដឹកនាំក្រុមហ៊ុន គឺត្រូវតែមានគោលការណ៍ច្បាស់​លាស់ និងមាន​ការសម្រេចចិត្តទទួលខុសត្រូវខ្ពស់​ ទើបក្រុមហ៊ុនរីកចម្រើនបាន។អគ្គនាយកបញ្ជាក់ទៀតថា បើរដ្ឋា ព្រមកែចម្លើយ នោះរដ្ឋា នឹងត្រូវគាត់ទម្លាក់ចោល ព្រោះគ្មានគោលការជីវិតច្បាស់លាស់ និងទទួលខុសត្រូវ។ស្តាប់ការពន្យល់របស់អគ្គនាយក ពួកគេក៏ស្ងប់ចិត្តបន្តិចវិញ៕

ដោយ​ អ្នក​កនិពន្ធសំរែ

ស្បែកជើងចាស់ (រឿងខ្លី)

អង្គុយលើកៅអីធ្វើពីឈើប្រណិត ក្នុងបន្ទប់ទទួលភ្ញៀវ ដ៏ធំទូលាយ នៃភូមិគ្រឹះដ៏ស្កឹមស្កៃ នៅជាយក្រុងភ្នំពេញ អ្នកស្រីលំអង បាននិយាយទៅកាន់យុវតី វ័យ១៨ឆ្នាំថា បើសម្រេចចិត្តមកនៅជាមួយមីង មីងនឹងផ្តល់ឲ្យក្មួយទៅរៀនភាសាអង់គ្លេស និងជំនាញផ្សេងៗទៀត ដែលក្មួយចង់រៀន។ មីងឲ្យក្មួយទៅរៀន គឺមិនមែនមានបំណងចង់ឲ្យក្មួយរៀនចេះ ហើយនៅបម្រើមីងតទៅទៀតទេ តែគឺដើម្បីក្មួយអាចរកការងារបានល្អ ជាងនៅជាមួយមីងតែប៉ុណ្ណោះ។ អ្វី ដែលមីងចង់បានពីក្មួយវិញ គឺមីងត្រូវការភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាម។

និយាយចប់ អ្នកស្រីលំអង ប្រាប់ឲ្យយុវតី យកឥវ៉ាន់ទៅទុកក្នុងបន្ទប់។ ចាប់ពីពេលនោះមក យុវតី ដែលមានសម្បុរខ្មៅស្រអែម បានខិតខំបំពេញការងារ ជូន តាមតម្រូវការរបស់អ្នកស្រីលំអង។ ចំណែកឯកអ្នកស្រីលំអង ក៏នៅសង្កេតមើលពីសកម្មភាព និងចរិតលក្ខណៈរបស់យុវតី ស្រីម៉ៅផងដែរថា តើនាងអាចទុកចិត្តបានហើយឬនៅ?។ ថ្ងៃមួយ ខណៈពេលស្រីម៉ៅ កំពុងធ្វើការនៅចង្រ្កាន ស្រាប់តែសំឡេងយំខ្សឹកខ្សួរ បានបន្លឺឡើង។ ដោយមានការងឿងឆ្ងល់ ស្រីម៉ៅ ដើរយឺតៗពីចង្រ្កានបាយមកមើល ក៏ឃើញអ្នកស្រីលំអង កំពុងយំខ្សឹកខ្សួលម្នាក់ឯង នៅលើសាឡុងឈើ ដ៏ភ្លឺរលោង។ឈរទ្រឹងបន្តិច ទើបនាងដាច់ចិត្តសួរអ្នកស្រីលំអងថា មីងមានរឿងអីទៅ បានជាស្រក់ ទឹកភ្នែកដូច្នេះ?។ ខ្ញុំធ្វើការឲ្យមីងមិនបានល្អមែនទេ?។ បើសិនខ្ញុំ ធ្វើទៅ មានកំហុសឆ្គងត្រង់ ណា មីងអាចប្រាប់ខ្ញុំបាន ព្រោះខ្ញុំ បានចាត់ទីកនេះ ជាផ្ទះរបស់ខ្ញុំ ចាត់ទុកមីង ជាម្តាយរបស់ខ្ញុំ ដែរ។ ឬមួយ បើទើសទ័លខ្លាំង ខ្ញុំអាចចាកចេញពីផ្ទះមីងក៏បាន ។

ស្តាប់សម្តីនាងរួចហើយ អ្នកស្រីលំអង ដែលកែវភ្នែកពោរពេញទៅដោយ ទឹកភ្នែក ក៏តបមកស្រីម៉ៅវិញ ថា ស្រីម៉ៅគ្មានកំហុសទេ អ្វីដែលខុស គឺខ្ញុំខ្លួនឯង។ គឺខ្ញុំបានធ្វើឲ្យបាត់ស្អែកជើងចាស់មួយគូ ដែលជាមរតករបស់មីង និងប្តីមីងតាំងពីយូរមកហើយ។ ស្បែកជើងនេះ ទោះបីជាវា មានតម្លៃថោកសម្រាប់អ្នកដទៃ តែវាមានតម្លៃ សម្រាប់ជីវិតគ្រួសារមីងណាស់។ឮសម្តីនេះ ស្រីម៉ៅ បើកភ្នែកធំៗ ហើយសួរទៅកាន់អ្នកស្រីលំអងវិញ ស្បែកផ្ទាត់ សឹកកែងដល់បាតហ្នឹងមែនទេមីង?។ អ្នកស្រីលំអង ងក់ក្បាលតិច មើលមុខស្រម៉ៅ។ ស្រីម៉ៅ បើកភ្នែកធំៗ រួចនិយាយដោយអួលដើមកថា មីង ឲ្យខ្ញុំសុំទោស ស្បែកជើងនោះ ខ្ញុំបាន យកទៅចោលក្នុងធុងសំរាមបាត់ហើយ ហើយកាលពីព្រឹកមិញ ឡានសំរាម ក៏បានចូលមកយកសំរាមក្នុងធុងនោះ ទៅបាត់ទៀង។ អ៊ីចឹង ស្បែកជើងនេះ មិនដឹងទៅដល់ណាទេ? ប្រហែលជាគេចាក់កប់ គរលើគ្នា នៅកន្លែងចាក់សំរាមហើយមើលទៅ?។ មីង ខ្ញុំសុំទោសផងមីង។

(ស្រីម៉ៅ យំអង្វរម្តងទៀត)។ស្តាប់ ស្រីម៉ៅងនិយាយរួច អ្នកស្រីលំអង ស្ទើរគំាងបេះដូង រួចព្យាយាមសម្រួលចិត្តមកវិញ ហើយនិយាយថា ចុះ ឡានសំរាម គេមកយូរហើយ? បើទើបតែមកយកទេ យើងអាច ហៅគេឈប់ និងសុំគេកាយមើល ក្រែងឃើញ។ ស្រីម៉ៅតបវិញថា ចាស៎ មីង ឡានគេមកយកយូរដែរហើយ តែមិនអីទេ ចាំខ្ញុំ ចេញទៅមើល ក្រែង គេមិនទាន់ទៅឆ្ងាយ។ និយាយហើយ ស្រីម៉ៅ ក៏ចេញពីក្នុងផ្ទះទៅ។ ស្រីម៉ៅ ដើរទៅតាមទិស ដែលរថយន្តដឹកសំរាមបរ។ ដើរបានប្រហែល ៥០ម៉ែត្រ ដល់ផ្លូវកែងមួយ ស្រីម៉ៅ ក្រឡេកឃើញ ស្នាមសំរាមជ្រុះសំរាម នៅកែងផ្លូវ។

ស្រីម៉ៅ រត់យ៉ាងលឿនទៅមើល ក៏ឃើញស្បែកជើងចាស់ សឹកបាត ឡើងស្តើងមួយចំហៀង នៅលាយឡំ នឹងសំរាម។ ស្រីម៉ៅ ត្រេកអរយ៉ាងខ្លាំង នាងកាយរើសយ៉ាងប្រញាប់ យកមកកាន់នៅដៃ ហើយចោលភ្នែកក្រឡេកមើលទៅកន្លែងដទៃទៀត ក្រែងឃើញមួយចំហៀងទៀត។ គ្រប់កន្លែង ដែលនាងចោលភ្នែកមើលទៅ គ្មានអ្វីក្រៅពីចិញ្ចើមផ្លូវ ធម្មតានោះទេ។ តែដោយសារមិនទាន់អស់ចិត្ត នាងក៏ងាកមករកមើលនៅកន្លែងដដែលវិញ។

ភ្លាមនោះ ស្រាប់តែ ស្នាមញញឹមដ៏ស្រស់ស្រាយមួយ បានផុសចេញលើបបូរមាត់នាង។ នាងរត់យ៉ាងរហ័ស ទៅ ជ្រុងម្ខាងទៀត នៃចិញ្ចើមផ្លូវ រួចឈោងដៃច្បាមយកស្បែកជើងមួយចំហៀងទៀត ដែលទំនង ជ្រុះចេញពីឃ្លុប ដាក់សំរាម នៃរថយន្តដឹកសំរាម។ពេលបានស្បែកជើងទំាងពីរហើយ ស្រីម៉ៅ ក៏រត់យកមកយ៉ាងលឿន ឲ្យទៅអ្នកស្រី លំអងវិញ។ រួចនាងលំអោនកាយ បន្ទន់ជង្គង់ លើកដៃសំពះ អ្នកស្រីលំអងដោយនិយាយថា មីង ក្មួយសុំទោសម្តងទៀត ក្មួយពិតជាធ្វេសប្រហែស ធ្វើអ្វីៗ មិនសួរយោបល់មីងពិតមែន។ ក្មួយជាអ្នកធ្វើឲ្យមីងឈឺចិត្ត ។ ក្មួយសុំទោសផង។ អ្នកស្រីលំអង ដែលទឹកមុខមិនទាន់ស្រស់ស្រាយ កែវទឹកមិនទាន់ស្អត់តំណក់ទឹកភ្នែក ក៏តបទៅនាងវិញថា មិនអីទេ កាពិតមីងទេ ជាអ្នកមានកំហុស ព្រោះមីងមិនបានប្រាប់ក្មួយ ពី សារសំខាន់នៃស្បែកជើងនេះ។

ក្មួយដឹងទេ ស្បែកជើងនេះ កុំថាយកទៅឲ្យគេ ឬជ្រុះគេមិនរើស សូម្បីតែជួលឲ្យគេយកទៅចោល ក៏គេមិនយកដែរ ព្រោះវាចាស់ពេក តែសម្រាប់ជីវិត មីង និងប្តីរបស់មីង គឺមានតម្លៃណាស់។ ក្មួយដឹងទេ កាលពីទសវត្សរ៍៩០ នៅពេលមីងកំពុងសិក្សានៅសាលានៅឡើយ មីងនិងប្តីមីង បានស្រលាញ់គ្នា។ ប្តីមីង ជាយុវជនកំព្រាឪពុកម្តាយ។ ពួកយើងស្រលាញ់គ្នាណាស់ ហើយសន្យាថា ទោះបីមានអ្វីមកបំបែក ក៏យើងមិនបែកពីគ្នាដែរ។ យើងសុខចិត្តស្លាប់រស់ ទំាងពីរនាក់។ ប៉ុន្តែ ក្រោយមក ស្នេហា របស់មីងនិងប្តីមីង ត្រូវបានឮខ្ចខ្ចាយដល់ឪពុកម្តាយមីង។ ពួកគាត់បានព្យាយាមបំបែកពួកយើង គ្រប់មធ្យោបាយ តែមីងនៅតែប្តេចជ្ញាថា បើមីងបែកពីប្តីមីង គឺផ្លូវដែលមីងជ្រើរើសសម្រាប់គ្រួសារមានតែមួយ គត់គឺស្លាប់។

ដោយសារបំបែកមីង និងប្តីមីងមិនបាន ឪពុកម្តាយមីង បានសម្រេចកាត់កាលមីងចោល លែងរាប់រក ប៉ុន្តែ ក្នុងនាមឪពុកម្តាយ គាត់បានផ្តល់ឲ្យមីង នូវស្បែកជើងផ្ទាត់នេះមួយគូ ក្រមារអំបោះមួយ។ មរតកនេះ មីងបានយកវាមកប្រើប្រាស់ ដើម្បីជីវិត។ ដើម្បីកសាងគ្រួសារ ដ៏តូចនេះ មីងនិងប្តីមីង បានសម្រេចចិត្តឈប់រៀន ហើយយើង ទៅជួលផ្ទះគេនៅក្នុងតំបន់សំណងអនាធិបតេយ្យបឹងកក់ ដោយប្រកបរបរដើររើសអេតចាយលក់។ បន្ទប់ស្នាក់នៅរបស់យើង គឺពីរ ម៉ែត្របួនជ្រុង។ យើងត្រូវដេកនៅផ្ទាល់របាបក្តា ដែលបាក់បែក ដំបូល ជញ្ជាំងរហែក គ្មានកន្ទេល គ្មានភួយដណ្តប់។ ពេលថ្ងៃ ចេញទៅណាមកណា ជាពិសេស ពេលចេញទៅរើសអេតចាយ យើងពាក់ស្បែកជើងម្តងម្នាក់។ យើងប្រើក្រមារងូតទឹកម្តងម្នាក់។ ពេលយប់ យើងត្រូវដណ្តប់ក្រមារមួយកំណាត់ម្នាក់ ពេលខ្លះ យើងកើយដៃគ្នាម្តងម្នាក់ជំនួសខ្នើយ។ ពេលចេញទៅណា តំណាលគ្នា គឺក្នុងចំណោមយើង ត្រូវតែមានម្នាក់ គ្មានស្បែកជើងពាក់ ហើយជាទូទៅ មីងបានស្បែកជើងពាក់ និងទទូរក្រមារ ច្រើនជាងប្តីមីង ព្រោះគាត់ មិនព្រមពាក់ស្បែកជើងទេ គាត់លះបង់ ទំាងអស់ ឲ្យតែមីងមានសេចក្តីសុខ។ គ្រានោះ ការដើររើសអេតចាយ ក៏ជួបឧបសគ្គច្រើនណាស់ដែរ ។

នៅតាមហាងអាហារ ខ្លះ គេមិនអនុញ្ញាតឲ្យអ្នករើសអេតចាយទៅក្បែរទេ ព្រោះគេខ្លាចយើងលួចរបស់ទ្រព្យគេ ខ្លាច ភ្ញៀវខ្ពើមរអើមរាងកាយ ដ៏កខ្វក់របស់យើង ហើយហាងខ្លះទៀត គេទុករបស់របរលក់ខ្លួនឯង ចែកបុគ្គលិកគេ។ រឿងនេះ យើងមិនអាចបន្ទោសគេបានទេ ព្រោះគេត្រូវការប្រាក់ ដើម្បីចិញ្ចឹមបុគ្គលិក និងក្រុមគ្រួសារគេដែរ។ ពេលខ្លះ យើងក៏ជួបក្មេងទំនើង វាយដណ្តើមយកលុយ ពេលខ្លះ ទៅទិញអាហារគេដើម្បីហូប គេមិនលក់ឲ្យ ដោយសារសម្លៀកបំពាក់យើងកខ្វក់ និងមានក្លិនអាក្រក់ពេក។ នឹកឃើញរឿងនេះឡើង មីងតែងលួចស្រក់ទឹកម្នាក់ឯងមិនឲ្យកូនឃើញ។ កូនមីងកើតមក គេឃើញតែ ភូមិគ្រឹះ ដ៏ធំ មានលុយចាយ ជិះឡានទំនើប តែគេមិនបានដឹងថា ឪពុកម្តាយគេ ទម្រាំបានប៉ុណ្ណេះ ទម្រាំមានថ្ងៃ ត្រូវចំណាយញើសឈាមប៉ុន្មាន លីត្រនោះទេ។ កាលណោះ យប់ខ្លះ ពេលមេឃភ្លៀង យើងត្រូវក្រោកអង្គុយ ទំាងអស់គ្នា ព្រោះដំបូលលិច ពេលខ្យល់ខ្លាំងទឹកភ្លៀងក៏សាចចូលផ្ទះ គ្មានកន្លែងដេក។

ជម្រក ពេលខ្លះ គ្រាន់តែបិទបាំងកុំឲ្យគេមើលឃើញ ពេលយើងសម្រាកប៉ុណ្ណោះ។ មីង និងប្តី មីងត្រូវចំណាយពេលជាងបីឆ្នាំ ទើបបានធូរបន្តិច ហើយរើទៅជួលបន្ទប់ ធំទូលាយបន្តិច។ ពេលនោះ មីងមានផ្ទៃពោះ កូនដំបូង ប្តីមីងក៏ផ្អាកលែងឲ្យមីង ទៅរើសអេត ចាយទៀត។ ប៉ុន្តែ នៅផ្ទះ មីងបានរើសយកក្រដាស់កាសែត ឬសៀវភៅចាស់ៗខ្លះ មកកឹបចូលគ្នា ធ្វើជាសៀវភៅលក់។ ក្រដាស់ឡាំងខ្លះ ដែលប្រឡាក់ មីងយកក្រណាត់ជូតហាលថ្ងៃ និងលក់ទៅឲ្យគេវិញ។ ការធ្វើដូច្នេះយូរៗទៅ មុខរបរ ក៏រីកចម្រើន បន្ទាប់មក មីងក៏ប្រកាស ប្រមូលទិញអេតចាយ ពីក្មេងៗក្បែរផ្ទះ រួចយកទៅលក់បន្ត។ ការប្រឹងប្រែងរបស់មីង ធ្វើឲ្យគ្រួសារ កាន់តែរីកចម្រើនទៅៗ រហូតដល់ថ្ងៃនេះ។ ចឹងហើយ បានមីងរក្សាទុកស្បែកជើងផ្ទាត់ មួយគូនេះ ជាអនុស្សាវរីយ៍។ ការទុកស្បែកជើងនេះ មិនមែន ចង់អួតប្រាប់គេថា យើងស្រលាញ់ របស់ចាស់ ឬថា យើងមានបាឆនដោយសារស្បែកជើងនេះដែរ តែមីងទុកមើល ដើម្បីរំលឹកខ្លួនឯងថា ធ្វើយ៉ាងណា កុំភ្លើតភ្លើន ចាយវាយត្រូវតែគិត ត្រូវតែចេះកម្រិតដោយខ្លួនឯង។

ដើម្បីរំលឹកថា ក្រ គឺវេទនាណាស់ ហើយក៏ត្រូវគេមើលងាយណាស់ដែរ។ ស្បែកជើងនេះ ប្រៀបបានទីប្រឹក្សារបស់មីងដែរ ព្រោះ ពេលមីងចង់ចាយវាយអ្វីៗ ដែលចំណាយច្រើន មីងត្រូវតែមកឈរនៅទីនេះ ដើម្បីរំលឹកខ្លួនឯងថា មិនត្រូវធ្វើឲ្យខ្លួនឯង ឬកូនចៅ វិលទៅពាក់ស្បែកជើងនេះវិញទេ។ ស្តាប់ ការបរិយា ដ៏វែងអន្លាយ នេះហើយ ស្រីម៉ៅ ងក់ក្បាល រួច ពោលទៅកាន់ អ្នកស្រី វិញថា ចាស៎ ក្មួយយល់ហើយមីង ចាប់ពីពេលនេះទៅ ក្មួយលែងហ៊ាន ធ្វើអ្វីៗ ដោយខ្វះការសួរនាំពីមីងទៀតហើយ។ អ្នកស្រីញញឹមតិចៗ រួចយកដៃអង្អែលក្បាលស្រីម៉ៅដោយក្តីស្រលាញ់ និងនិយាយតប វិញថា មិនអីទេ តែក្មួយត្រូវតែចាំថា ក្រនេះមួយ គ្មានចំណេះនេះពីរ ទៅណាក៏គេមើលងាយ ដែរ ដូច្នេះ ក្មួយត្រូវតែខំរៀន និងត្រូវប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូររបស់ខ្លួន។ កិត្តិយស រឹតតែ សំខាន់ជាងទ្រព្យសម្បត្តិ និងចំណេះដឹងទៅទៀត។

ថ្ងៃក្រោយ បើក្មួយបានធ្វើធំ សូមក្មួយកុំភ្លេចគ្រូបង្រៀន ដែលផ្តល់ចំណេះដឹងឲ្យយើង។ បើក្មួយមានបាន ក្មួយកុំភ្លេចអ្នកក្រ។ បើក្មួយបានសុខ កុំភ្លេចទុក្ខលំបាករបស់អ្នកដទៃ។ ក្មួយកុំសោយសុខ លើគំនរទុក្ខ អ្នកដទៃ។ មើលសមត្ថភាពងាយអ្នកដទៃ គឺមើលងាយខ្លួនឯង។ បើក្មួយធ្វើជាដើមឈើ ត្រូវធ្វើជាដើមឈើ ដែលគេអាចជ្រកម្លប់បាន នៅពេលគេត្រូវការម្លប់ជ្រក។ បើធ្វើជាប្រភពទឹក ត្រូវធ្វើជាទឹក ដែលអ្នកដទៃអាចហូបបាន នៅពេលគេស្រេកឃ្លាន។ បើជាទូក ត្រូវធ្វើជាទូក ដែលអ្នកលង់ទឹក អាចតោង បឹងពាក់បាន។ បានហើយ ក្មួយទៅធ្វើការវិញចុះ ថ្ងៃក្រោយ មីងនឹងនិយាយប្រវត្តិជីវិតមីង ប្រាប់ក្មួយបន្តទៀត។

ដោយ អ្នកនិពន្ធសំរែ

កន្សែងបង់ ក (រឿងខ្លី)

ក្នុងពិធីខួបកំណើត ដ៏អ៊ឹកធឹករបស់ លោកឧកញ៉ាកិត្តិយស ដែល​ចូល រួមដោយឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី លោកឧកញ៉ា និងតារា ភាពយន្តដ៏ល្បីល្បាញនោះ លោកជំទាវ ភក្តី ឧត្តមភរិយា របស់លោក​ឧកញ៉ាកិត្តិយស បានយកកន្សែងបង់ក ដ៏ស្រស់ស្អាត ដែលលោក​ជំទាវ បានដេរប៉ាក់ដោយផ្ទាល់ដៃ មកពាក់លើ ក លោកឧកញ៉ា។ ឃើញភរិយា យកចិត្តទុកដាក់បែបនេះ លោកឧកញ៉ា ក៏រំភើបក្នុងចិត្ត ចាប់ថើបភរិយា រួចថើបកន្សែងបង់ ក នោះ។ ភ្ញៀវកិត្តិយស ទំាងអស់ បានទះដៃអបអរសាទរ ចំពោះគូស្វាមី ភរិយា ដ៏មានសុភមង្គលនេះ។

ដើម្បី ជាការអរគុណ ចំពោះភរិយា លោកឧកញ៉ា បាន ថ្លែងអំណរគុណ និងកោតសរសើរភរិយា នៅចំពោះមុខភ្ញៀវទំាងអស់។ ចំណែកភរិយា វិញ ក៏បានសួរសំណួរ មួយទៅលោកឧកញ៉ាវិញថា តើបងដឹងទេ ថាកន្សែង ដែលបងបង់ក ដែលបងថើបនេះ អូនបានមកពីណាទេ?។

លោកឧកញ៉ា ឆ្លើយថា មិនដឹងទេ។ ភរិយា បានប្រាប់ថា កន្សែងនេះ គឺបានមកពីក្រ​ណាត់​ជូតជើង ដែលបងជូតជើងរាល់ថ្ងៃ។ ឮពាក្យនេះភ្លាម ទំាងភ្ញៀវ ទំាងលោកឧកញ៉ា បើកភ្នែកធំៗ ដោយ​ការភ្ញាក់ផ្អើល។ ភរិយា ក៏បន្តប្រយោគ ប្រាប់លោកឧកញ៉ាថា អូនយក​ក្រណាត់ជូតជើង មកត្បាញ ចាក់ជាកន្សែងជូនបង មិនមែនអូន​មើលងាយបងទេ តែអូនចង់ប្រាប់បងសម្លាញ់ថា អ្វី ក៏ដោយ ប្រសិនបើយើងមិនចេះច្នៃវាទេ វានៅតែគ្មានតម្លៃដដែល។ ដូចកន្សែងនេះអញ្ចឹង បើអូនមិនច្នៃវាឲ្យជាកន្សែងនេះទេ វានៅតែជាក្រណាត់ជូតជើង វាមានតម្លៃត្រឹមជាក្រណាត់​ជូតជើងប៉ុណ្ណោះ។

តែពេលនេះ ក្រណាត់ជូតជើង បានក្លាយជា វត្ថុមានតម្លៃ ដែលបងអាចបង់កបាន អាចថើបវាបាន ។ស្តាប់ការពន្យល់នេះ ទើបមនុស្សគ្រប់គ្នា នៅស្ងៀម ដោយការស្ងប់ចិត្ត ឯលោកឧកញ៉ា ក៏ហាក់ភ្លឺភ្នែកបន្តិចដែរ ព្រោះរាល់ដង តែងតែចាត់ទុកភរិយា ដូចជាអ្នកបម្រើម្នាក់៕

ដោយ អ្នកនិពន្ធសំរែ

ជ្រៃ និងបញ្ញើក្អែក (រឿងខ្លី)

កាលពីព្រេងនាយ មានដើមត្នោតមួយដើម ដើមដង្គាបក្តាមមួយដើម ដុះនៅក្បែរគ្នា នៅវាលស្រែរបស់អ្នកស្រុកមួយកន្លែង។ ដើមត្នោត និងដើមដង្គាបក្តាម សុទ្ធតែធំៗអាចទទួលផលបាន។ ដង្គាបក្តាម មានផ្លែ ជាអាហាររបស់មនុស្សសត្វ ឯត្នោត ចេញផ្កា អាចឲ្យអ្នកស្រុក ត្រងទឹកយកធ្វើស្ករ និងនំបាន។ ថ្ងៃមួយ មានសត្វសារិកាមួយ បានហើរមកទុំដើមត្នោត ហើយបានបន្ទោរបង់លាមក(ជុះអាចម៍) ដាក់ធាងត្នោត ដែលលាមកសារិកានោះ ជាគ្រាប់ធុញជាតិ ប្រភេទឈើជ្រៃ។

ប៉ុន្មានថ្ងៃក្រោយមកទៀត សារិកាដដែល បានមកជុំដាក់ ដើមដង្គាបក្តាម ហើយលាមកសារិកាលើកនេះ ជាប្រភេទ គ្រាប់បញ្ញើក្អែក។ ច្រើនខែក្រោយមក ដោយសារទឹកសន្សើម និងទឹកភ្លៀង ជ្រៃ និងបញ្ញើក្អែក ក៏ចាប់ផ្តើមដុះពន្លក និងរីកលូតលាស់ធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណេរកាលតមក បញ្ញើក្អែក ក៏រីកលូតលាស់ធំឡើងៗ បែកមែកសាខា។ ចំណែកជ្រៃ ក៏ចាប់ផ្តើមពង្រីកខ្លួននៅលើដើមត្នោតដែរ។ ឬសរយាងរបស់ជ្រៃ ចាប់ផ្តើមហ៊ុមរុំព័ទ្ធដើមត្នោត ឯឬសកែវរបស់ជ្រៃ ចាប់ផ្តើម ចាក់ទម្លុះ ពុះបំបែកដើមត្នោត ដែលជាអ្នកផ្តល់ជីវិត ឲ្យដើមជ្រៃ។

ដោយសារជ្រៃដុះនៅធាងត្នោតខ្ពស់ជាងបញ្ញើក្អែក ក្រឡេកមកឃើញដង្គាបក្តាម មាន បញ្ញើក្អែកដុះ ក៏តំាងផ្តល់ជសំណួរមកថា ហៃអើ ដង្គាបក្តាមអើយ ចុះមានកើតជំងឺអ្វីហ្នឹង បាន ជាមែករបស់អ្នក ក្រមេងក្រមោង ដូចក្រម៉រស្រែងដូច្នេះ?។ ឮហើយ ដង្គាបក្តាមនៅស្ងៀមមិនឆ្លើយតប តែបញ្ញើក្អែក ដែលដឹងថា ជ្រៃ កំពុងនិយាយដៀមដាមឲ្យខ្លួនហើយ ក៏ឆ្លើយតបទៅវិញថា ឱអ្នកល្បងជ្រៃអើយ កុំឡើងនិយាយដៀមដាមដូច្នេះ ខ្ញុំឯណេះ មិនមែនជាក្រម៉រស្រែង ជំងឺរមាស់នៅទេ ខ្ញុំជារុក្ខធុញជាតិ ដូចល្បងដែរ។ ល្បងនិយាយដូច្នេះ ហាក់មើលងាយខ្ញុំ ពេក ហើយ។ ស្តាប់ចម្លើយបញ្ញើក្អែក ធ្វើឲ្យជ្រៃ រំពៃនឹកខឹងជាខ្លាំង ព្រោះគិតថា មួយផ្លែរបស់បញ្ញើក្អែក ធ្វើឲ្យខ្លួនខ្មាសគេ ក៏ព្រលយពាក្យអុជអាល បញ្ឆេះកំហឹងផ្លូវចិត្តមកទៀតថា អីយ៉ា អាប្រ ភេទរុក្ខជាតិ ដុះពីអាចម៍ រស់ដោយសារគេឯងនេះ ហ៊ាននិយាយសម្តីថ្លោសដាក់យើងផងឬ? ។ ពួកអាឯងនេះ ក្រៅពីរស់ដោយសារកម្លាំងញើសឈាមគេ ជញ្ជក់ញើសឈាមគេ គឺគ្មានធ្វើអ្វីផ្សេងទេ? ។

ការឌឺ ដងរបស់ជ្រៃ មិនបានធ្វើឲ្យបញ្ញើក្អែកទ័លប្រាជ្ញាទេ។ បញ្ញើក្អែក ក៏តបវិញ ដោយរីករាយថា ត្រឹមត្រូវហើយល្បងជ្រៃនិយាយនេះ។ ខ្ញុំ រស់ដោយពឹងផ្អែកតែលើកម្លាំងញើសឈាមគេមែន ប៉ុន្តែ យ៉ាងហោចណាស់ ក៏ខ្ញុំល្អជាងល្បងឯងដែរ។ ខ្ញុំមកស្នាក់នៅជាមួយគេ គឺខ្ញុំសុំតែត្រឹមមួយរស់ បើគេរស់ខ្ញុំរស់ បើគេស្លាប់ខ្ញុំក៏ស្លាប់។ ខ្ញុំមិនដូចល្បងឯងទេ។ ល្បងឯង ក៏កើតចេញពីអាចម៍ដូចខ្ញុំ តែល្បងឯងលោភលន់ជាងខ្ញុំ។ ល្បងឯង មកសុំគេរស់ជីវិតហើយ មិនត្រឹមតែ មិនជួយធ្វើការគេទេ បែរជាមានបំណងមិនល្អជាមួយគេទៀត។ ដើម្បីខ្លួនឯងបានរស់នៅ ល្បងឯង សម្លាប់ម្ចាស់ដើមទៀត។

មើលចុះ ឬសរបស់ល្បង ចាប់ផ្តើមរួតរឹត ចាក់បំបែក ដើមត្នោត ដោយមិនខ្លាចញញើត ចំពោះការឈឺចាប់របស់គេ។ និយាយរួម គឺល្បង មិនត្រឹមសុំគេរស់ទេ បែរជាសម្លាប់គេ ដើម្បីខ្លួនឯងរស់ទៀត។ មាយាទល្បងឯង គួរឲ្យស្អប់ខ្ពើមខ្លាំងណាស់។ តើល្បងមើលឃើញពីការឈឺចាប់របស់ត្នោត ដែលជាអ្នកជួយល្បងទេ?។ ការអធិប្បាយ មួយប្រាវរបស់បញ្ញើក្អែក ធ្វើឲ្យជ្រៃខឹង និងខ្មាសអៀនយ៉ាងខ្លាំង យ៉ាងខ្លាំង តែជ្រៃមិនស្តីតប។ លុះច្រើនឆ្នាំក្រោយមក ដង្គាបក្តាមក៏ងាប់ ឯបញ្ញើក្អែក ក៏ងាប់តាមដង្គាបក្តាម។ ចំណែក ដើមជ្រៃ នៅតែរស់នៅយ៉ាងហ៊ឺហារ ខណៈដើមត្នោត ចាប់ស្រពោន ស្លឹក ព្រោះតែឬសជ្រៃចាក់បំបែក ហែកត្នោតជាពីរ។ បន្តិចម្តងៗ ត្នោតបានក្លាយជា សាកសព ដែល កើតចេញពីការជួយសង្រ្គោះជីវិតគេ។

ឯមនុស្សម្នារទំាងឡាយ ដែលមើលមិនឃើញពី ការឈឺចាប់ ពីគ្រោះថ្នាក់របស់ត្នោត និងមើលមិនឃើញពីល្បិចកល ពុតត្បុងរបស់ជ្រៃ ក៏នាំគ្នា ថែទំាជ្រៃ ហើយនាំគ្នានិយាយថា ជ្រៃ ពិតជាតំណាងឲ្យចិត្តតស៊ូមែន។ សូម្បី តែលើដើមត្នោត ក៏នៅតែ ខិតខំតស៊ូរស់ រហូតធំដែរ។ មនុស្សម្នារ បានបង្រៀនកូនចៅឲ្យយកគំរូតាមជ្រៃ។

ត្នោត ក៏លែងមានឱកាសផ្តល់ទឹកផ្អែមត្រជាក់ លែងផ្តល់ផ្លែសម្រាប់ធ្វើនំ និងលែងផ្តល់ស្លឹកសម្រាប់ប្រក់ជាម្លប់ដល់អ្នកភូមិ។ច្រើនឆ្នាំក្រោយមក ជ្រៃក៏កាន់តែធំ ឯដើមត្នោត ក៏ពុកផុយ ក្លាយជាធូលីដី គេមើលលែងដឹងថា ទីនេះ ធ្លាប់មានដើមត្នោត។ ជ្រៃ ចាប់ផ្តើមបែកមែកសាខា ចោលម្លប់ត្រឈៃ ដែលអាចឲ្យអ្នក ភូមិជ្រកម្លប់បាន ឯរុក្ខជាតិតូចៗ ដែលដុះអម ក្បែរត្នោតកាលពីមុន ក៏ចាប់ដើមងាប់ជាបណ្តើរៗ ដោយសារតែជ្រៃ គ្របដណ្តប់ពីលើលែងឲ្យទទួលបានពន្លឺថ្ងៃ ស្រូបយករាល់សំណើមរបស់ទឹកសន្សើម ដណ្តើមយកអុកស៊ីហ្សែន ពីរុក្ខជាតិទំាងនេះអស់។ ប៉ុន្តែ សម្រាប់ មនុស្សម្នារក្នុងភូមិ គេនៅតែគិតថា ជ្រៃជា គំរូល្អសម្រាប់កូនចៅ និងជាទីម្លប់ដ៏ត្រជាក់ គេក៏នាំ គ្នា ធ្វើខ្ទមអ្នកតាមួយពីក្រោមដើមជ្រៃនេះ ដើម្បីអុជធូបបួងសួង បន់ស្រន់ សុំសេចក្តីសុខផ្សេងៗជាដើម។…

(ប្រភព ហ្វេសប៊ុក អ្នកនិពន្ធសំរែ)

កូនចង្រិតដែក (រឿងខ្លី)

កាលពីព្រេងនាយ​មានកូនចង្រិតឈ្មោលពីរក្បាល រស់នៅក្នុងរន្ធជាមួយឪពុកម្តាយយ៉ាងសុខសាន្ត នៅក្បែរភូមិអ្នកស្រុកដ៏ស្រស់ស្អាត និងពោរពេញទៅដោយព្រៃឈើមានតម្លៃគ្រប់ប្រភេទ។ តាំងកើតរហូតចេះស៊ីចំណី កូនចង្រិតទាំងពីរមិនដែលខិតខំរៀនសូត្រ ឬមើលគំរូឪពុកម្តាយក្នុងការស្វែងរកចំណីទេ គឺវារង់ចាំស៊ីចំណី ដែលឪពុកវាទៅរកមកឲ្យស្រាប់។ថ្ងៃមួយពេលកំពុងស្វែងត្រួយស្មៅខ្ចីៗឲ្យកូន និងប្រពន្ធ ឪពុកចង្រិតត្រូវឈើ ដែលគេលួចកាប់រលំកិនសង្កត់ងាប់ទៅ។ ចាប់ ពីពេលនោះមក មេចង្រិត ដែលទើបតែរឹងដៃជើង ក៏ចាប់ផ្តើមចេញរកចំណី សម្រាប់ខ្លួនឯង និងកូនៗម្តង។ដោយសារខានចេញរកចំណីយូរ មេចង្រឹតបានទៅកាត់ពន្លកពោត ដែលទើបនឹងដុះផុតពីដីបន្តិចជាអាហារ។ប៉ុន្តែ ដោយ​សារពោតនោះគេទើបនឹងបាញ់ថ្នាំរួច មេចង្រិតក៏ពុលងាប់ទៅទៀត។ក្រោយពីឪពុកម្តាយមរណកាលចោលអស់ កូនចង្រឹតដែកទាំងពីរ មិនបានយំស្តាយស្រណោះ អ្នកមានគុណរបស់គេឡើយ។ ពួកគេបែរឈ្លោះ និងស្តីបន្ទោសគ្នាទៅវិញទៅមកថា ដោយសារតែឯង ទើបពុកនិងម៉ែស្លាប់ទៅវិញ។

ពួកគេចិត្តមានះ ចង់ឈ្នះគ្នារៀងៗខ្លួន គ្មានទទួលស្គាល់កំហុស ឬចំណុចខ្សោយឡើយ។រវល់តែឈ្លោះប្រកែកចង់ចាញ់ចង់ឈ្នះ ចង់បានគុណសម្បត្តិ ចង់បានប្រៀបលើគ្នា អត់បានគិតពីការកសាងរន្ធ ឬទ្រនំសម្រាប់រស់នៅ លុះពេលមេឃធ្លាក់ភ្លៀងខ្លាំងមក រន្ធ ដែលជាទ្រនំរបស់ពួកគេ ក៏ត្រូវទឹកចូលលិចអស់ រកកន្លែងជ្រកមិន បាន។ ពួកវាក៏រត់យ៉ាងតក់ក្រហល់ប្រញិបប្រញាប់ចូលទៅជ្រកក្រោមផ្ទះអ្នកស្រុកមួយ ដែលមានគំនរឈើ។មកដល់ក្រោមផ្ទះ ទោះមានមាន់រង់ចាំចឹកជាអាហារក្តី ក៏ពួក គេគ្រាន់តែត្បុលចូលជ្រៅបន្តិចក៏តាំងឈ្លោះគ្នាបញ្ចេញសំឡេងច្រេកៗ ពីគំនរឈើមកក្រៅដែរ។ម្ចាស់ផ្ទះ ដែលជាអ្នកចូលចិត្តបញ្ជល់ចង្រិត ពេលលឺចង្រិតយំដូចច្នេះ ក៏អរព្រួច រួចក៏ដើរលបៗ មកបើកគំបរឈើ ដើម្បីចាប់កូនចង្រិតទាំងពីរ។គ្រាន់តែលឺសម្រឹបជើង ពួកគេតកើស្លុតយ៉ាងខ្លាំង តែមិនព្រមរកវិធីគេចពួនទេ បែរជានៅតែឈ្លោះ ចង់ចាញ់ចង់ឈ្នះគ្នាដដែល។ សំឡេងរបស់ពួកវា ស្ងាត់បានតែមួយភ្លែតក៏លាន់លឺឡើងទៀត។

ឯការរើឈើរបស់ម្ចាស់ផ្ទះ ធ្វើឲ្យចង្រិតដទៃទៀតដែលសម្ងំរស់នៅយ៉ាងសុខសាន្តនោះ ភ័យរន្ធត់ ហើយលោតរត់ចេញមកក្រៅឡើងប្រសាច។ ភ្លាមនោះហ្វូងមាន់ ដែលកំពុង​ជ្រកភ្លៀងដែរ និងស្រេកឃ្លាន បានដៃ ក៏ចឹកចង្រិតទាំង នោះធ្វើជាអា​ហារ​យ៉ាងឆ្ងាញ់មាត់។កូនចង្រិតទាំងពីរ ដែលមិនទាន់ចេញពីប្រឡោះឈើ ពេលឃើញដូច្នេះ ក៏នៅសម្ងំស្ងៀមសិន តែការសម្ងំរបស់ពួកគេមិនរួចខ្លួនឡើយ គឺម្រាមដៃដ៏រឹងមាំរបស់ម្ចាស់ផ្ទះ បានច្បាមក្រសោបយកពួកគេទាំងពីរទៅ។ ម្ចាស់ផ្ទះ បានដាក់ពួកវាឲ្យនៅផ្សេងពីគ្នា រួច និងបានបង្រៀនពួកវាឲ្យចេះជល់គ្នារៀងៗខ្លួន។មួយខែក្រោយមក ពេលដឹងថា ចង្រិតទាំងពីរអាចជល់គ្នាបានហើយនោះ គេក៏យកវាមកបញ្ជល់ដោយដាក់ភ្នាល់ជាប្រាក់។

អ្នកភូមិផ្សេងទៀតក៏មកមើលការជល់គ្នានេះ ដោយអ្នកខ្លះដាក់លុយតិច ឬច្រើនតាមលទ្ធភាព។ដូំបូងឡើយដោយសារស្គាល់គ្នាថាជាបងប្អូន និងទោះបីជាធ្លាប់ឈ្លោះគ្នា ក៏ចង្រិតទាំងពីរមិនព្រមជល់គ្នាដែរ តែមិនអាចឈរមើលចង្រិតមិនជល់គ្នាបាន ពួកអ្នកចាក់លុយ បានយកឈើស្រួចមកឆ្កឹះចង្រឹតចុះឡើងតាមវិធី ធ្ចើយ៉ាងណាឲ្យចង្រឹតខឹងគ្នាហើយងាកមកជល់ និងខាំគ្នា។ឆ្កឹះចុះឆ្កឹះឡើង ចាក់ចុះចាក់ឡើង ចង្រិតទាំងពីរយល់ថាមួយលួចខាំមួយ ក៏មានកំហឹងរៀងៗខ្លួន ហើយទីបំផុត ពីវាក៏ជល់ ខាំគ្នាយ៉ាងស៊ីសាច់ហុតឈាម។ អាចង្រិតប្អូនខាំចង្រិតបងដាច់​ស្លាបម្ខាង ឯចង្រិតបងខាំចង្រឹតប្អូនដាច់ជើងម្ខាង។កាតប្រយុទ្ធគ្នាកាន់តែខ្លាំងទៅៗ ។ ចង្រិតប្អូនដែលដាច់ជើង ប្រឹងខាំចង្រិតបងសងសឹកវិញ ធ្វើឲ្យចង្រិតបងដាច់ជើងម្ខាងដែរ ហើយពួកវានៅតែបន្តខាំគ្នាទៀត។ចំណែកអ្នកចាក់លុយ ពេលឃើញចង្រឹតទាំងពីរប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមយ៉ាង​នេះ គិតតែពីទះដៃហ៊ោរ ហើយហៅតម្លៃភ្នាល់កាន់តែខ្ពស់ទៅៗ។

មិនយូរប៉ុន្មានចង្រិតប្អូនដាច់ជើងម្ខាងទៀត ហើយ​ដោយអស់កម្លាំងផងចង្រិតប្អូនតដៃលែងរួច បានត្រឹមវារអូសជើងទាំងពីរ។អ្នកភ្នាល់ចង្រិតបានឈ្នះលុយយ៉ាងច្រើន បានស្រែកហ៊ោរ​សប្បាយយ៉ាងក្អាកក្អាយ តែម្ចាស់ចង្រិតដែលចាញ់ បានខឹងយ៉ាងខ្លាំង ហើយចាប់ចង្រិតប្អូនបោកទៅលើដីក្ស័យជីវានិងក្លាយជាចំណីមាន់ទៅ។ ចង្រិតបងឃើញដូច្នេះ ភ័យណាស់ ក៏លោតចេញពីផ្តិលដើម្បីគេចខ្លួន។ទើបតែលោតពីលើមកក្រោយ មាន់គកដែលកំពុងកៀងញីក្បែរនេះ ក៏ស្ទុះមកវ៉ ដេញចឹកគ្មានប្រណី។ ចង្រិតបងលោតរត់ទាំងជើងពិការបានតែពីរជំហានប៉ុណ្ណោះ ក៏ត្រូវចំពុះ ដ៏រឹងមាំរបស់មាន់គកចឹកទម្លុះ រាងកាយរួចលេបចីលក្នុងពោះបាត់ទៅដែរ។កូនចង្រិតបានក្លាយសាកសព និងជាចំណីមាន់ទាំងឈឺចាប់ ព្រោះគេបានយកបងប្អូនបង្កើតរបស់វាមកឲ្យខាំគ្នា ដើម្បីកម្សាន្តអារម្មណ៍​របស់ពួកគេ ភ្នាល់គ្នាយ៉ាងសប្បាយ។

(ចប់)

ដោយ អ្នកនិពន្ធសំរែ

កុលសម្ព័ន្ធ (រឿងខ្លី)

កាលពីព្រេងនាយ មានភូមិកុលសម្ព័ន្ធមួយបានកើតកុលិយុគ ដោយសារមេកន្រ្ទាញថ្មី វាយធ្វើបាប គាបសង្កត់ និងកាប់សម្លាប់ប្រជាជនក្នុងសហគមន៍។ដោយសារការគាបសង្កត់និងធ្វើបាប ខ្លាំងពេក អ្នកភូមិនាំគ្នាបន់ស្រន់សុំឲ្យមានអ្នកមកជួយសង្រ្គោះ ហើយក្រោយមកមានបុសម្នាក់បានសម្រេចចិត្តចេញមុខ ជួយកម្ចាត់នេកន្រ្ទាញនេះ រហូតបាមជោគជ័យ ធ្វើឲ្យអ្នកភូមិរីករាយ និងរស់នៅដោយសុខសាន្ត និងលើកតម្កើងបុរសនេះ ឲ្យធ្វើជាមេកន្រ្ទាញកុលសម្ព័ន្ធ ក្នុងសហគមន៍។ការរស់នៅ ដោយសុខសាន្តមិបយូរប៉ុន្មាន ក៏មានអ្នកភូមិថ្មីមកដល់ហើយប្រាប់ថា បុរសនេះ មុនអាចធ្វើឲ្យសហគមន៍រីកចម្រើនទេមានតែហិនហោចទៅៗ។ ដិយសារជឿការឃោសនានេះ ពួកកុលសម្ព័ន្ធ បានសម្រេចចិត្តបណ្តេញ មេកុលសម្ព័ន្ធនេះ ចេញពីសហគមន៍។

ដោយសារការគោរព ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ បុរសរូបនេះ និងប្រពន្ធ ដែលមានផ្ទៃពោះ សុខចិត្តចាកចេញពីសហគមន៍ទាំងទឹកភ្នែក។ចំណេរកាលតមក បុរសបានទៅកសាងសហគមន៍ថ្មីយ៉ាងសុខសាន្តជាមួយគ្រួសារ ចំណែកសហគមន៍ចាស់ ក៏ជួបកុលិយុគម្តងទៀត ព្រោះប្រធានថ្មី មិនខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋ ធ្វើឲ្យពលរដ្ឋកាន់តែឈឺចាប់ខ្លាំងជាមុនទៀត ។

ដោយសារកាតឈឺចាប់នេះ ពួកអ្នកភូមិនក៏សម្រេចចិត្ត នាំគ្នា ទៅអញ្ជើញ បុរសជាមឹកន្រ្ទាញនោះ ត្រឡប់វិញ តែដោយសារមេកន្រ្ទាញ រសើនៅសុខសាន្តជាមួយពលរដ្ឋថ្មីរបស់គេហើយ ទើបធ្វើឲ្យគេមិនអាចត្រឡប់មកជួយបាន ឯប្រជាសហគមន៍ចាស់ ពុំមានពាក្យអ្វី និយាយក្រៅពីទឹកភ្នែក យំយែកសោកស្តាយឡើយ។ដោយសារមានការអង្វរពីប្រពន្ធ នុងអ្នកភូមិរបស់ខ្លួន ចុងក្រោយបុរសនេះ សម្រេចចិត្តមកជួយប្រជាសហគមប៍ចាស់ឲ្យមានសេរីភាព និងរស់នៅជាមួយគ្នាដោយសុខសាន្ត។ដោយ អ្នកនិពន្ធ សំរែ

ព្រះច័ន្ទ និងព្រះអាទិត្យ (រឿងខ្លី)

កាលពីព្រេងនាយ​ ព្រះអាទិត្យ ព្រះច័ន្ទ ព្រះ ពាយ ព្រះភិរុណ និងផ្កាយជាបងប្អូន និងគ្នា។ ពួកគេត្រូវរះផ្លាស់វេនគ្នាជាធម្នតា វិលជុំ គឺពន្លឺតែមួយ ជួនកាលព្រះអាទ្យនិងផ្កាយរះពេលយប់ ជំនួសព្រះច័ន្ទ ឯព្រះច័ន្ទក៏មករះពេលថ្ងៃដែរ។ ប៉ុន្តែថ្ងៃមួយ ព្រះឥន្ទអផ្សុក និងដោយមានពាក្យបណ្តឹង ពីព្រះអាទិត្យថាអយុត្តិធម៌ផង ( ព្រះអាទិត្យ​មិនចង់ធ្វើការយប់ជំនួសព្រះច័ន្ទ នាំអត់ងងុយ និងគ្មានអំណាច) ព្រះឥន្ទ​ ក៏កោះប្រជុំ ដើម្បីកែប្រែគោលការណ៍។ព្រះឥន្ទ​មិនទាន់ឆ្លើយយ៉ាងណាទេ តែព្រះឥន្ទ ស្នើឲ្យមានការប្រកួតប្រជែងឆ្លើយសំណួរ និងសាកសិល្បិ៍សាស្រ្ត គ្នាបើអ្នក​ណាពូកែជាង នឹងឲ្យអ្នកនោះធ្វើជាព្រះអាទិត្យរះនៅពេលថ្ងៃ។លក្ខខណ្ឌនេះ ធ្វើឲ្យតារា ព្រះពាយ ព្រះភិរុណ ដកខ្លួន នៅសល់តែព្រះច័ន្ទ និងព្រះអាទិត្យ។បើតាមសមភ្ថភាពជាក់ស្តែង ព្រះអាទិត្យមិនអាចប្រកួតឈ្នះព្រះច័ន្ទ តែដោយសារយល់ថា ព្រះអាទិត្យស្រលាញ់វេនថ្ងៃទៅហើយ ព្រះច័ន្ទ បានបន្ធូរដៃ ដើម្បីឲ្យចាញ់ព្រះអាំឯទិត្យ។ ឯព្រះអាទិត្យមិនយល់គំនិតព្រះច័ន្ទ ក៏ត្រេកអរហួសការស្មាន ហើយត្រូវបានព្រះសមហរេចឲ្យរះពេលថ្ងៃ ព្រះច័ន្ទរះពេល យប់បំភ្លឺលោកិយទៅ ។

ចំណែកតារា ដោយសារតែដកខ្លួន ព្រះឥន្ទ​បានឲ្យទៅនៅកន្លែងឆ្ងាយ​ និងខ្ពស់ពីគេ​។ ចាប់ពីពេលនោះមកព្រះអាទិត្យហាក់មានអំនួតព្រះប្រកួតឈ្នះព្រះច័ន្ទ។ច្រើនឆ្នាំក្រោយមកតារាបានលបសួរព្រះច័ន្ទថា កាលណោះហេតុអី ធ្ចើជាចាញ់ព្រះអាទិត្យ បើមានសមត្ថភាពហើយនោះ? ?? ព្រះច័ន្ទឆ្លើយថា កិច្ចការនេះ មិនសម្រាប់អ្នកដែលមិនចង់​បាន​មុខមាត់ដូចខ្ញុំទេ។ ព្រះអាទិត្យ​ ដែលស្រលាញ់ភាពហ៊ឺហារ នីងឥទ្ធិពលអំណាច ចង់បានមុខមាត់ ទុកឲ្យគេយកចុះ។ ខ្ញុំមិនល្ងង់ដូចព្រះ អាទិត្យឲ្យគេទេ។ តារាឃើញទេ ធ្វើជាព្រះ​អាទិត្យ​មិនស្រួលប៉ុន្មានទេ ពេលក្តៅខ្លាំងគេជេរ ពេលពពកបាំងគេជេរ ពេលក្ររះគេជេរ ពេលក្រលិចគេជេរ។មិនខុសពីព្រះពាយ និងព្រះភិរុណប៉ុន្មានទេ។

ហប់អត់ខ្យល់សោះគេជេរ ខ្យល់ខ្លាំងពេកគេជេរ ឯព្រះភិរុណក៏ដូចគ្នា ។ រាំងយូរពេកគេជេរ ភ្លៀងច្រើនពេកគេជេរ ជាពិសេស ពួកអាអ្នកណាត់សង្សារមិនបានជួបគ្នាដោយសារភ្លៀងវាខឹង វាជេរប្រទេច ថាភ្លៀងរំខានស្នេហាវា។ស្តាប់ហើយតារាក៏យល់ស្របតាមគំនិតព្រះច័ន្ទ។ ព្រះច័ន្ទបន្តប្រយោគថា រស់នៅដោយស្ងប់ស្ងៀមដូចប្អូនតារា និងបង គឺសុខសាន្តណាស់ទោះគ្មានអំណាច គ្មានគេខ្លាចក្តី ជាពិសេស គេគោរពស្រលាញ់​ទៀត ។

យប់ឡើងបងរះបំភ្លឺគេ គេសប្បាយ​ចិត្ត ពេល​ថ្ងៃពេញបោរ គេនាំសង្សារមកអង្គុយមើលបងយ៉ាងក្អូកល្អឺន កក់ក្តៅ និងមានក្តីសុខ។ ពេលពពកមកបាំងបង គេខឹងពពកជំនួស ហើយនៅរដូវទឹក​ស្រក ប្រទេសមួយចំនួធ្វើបុណ្យរំលឹកគុណបងទៀត។​ តារា គិតមើលបងឆ្លាត ឬបងល្ងង់? បងសម្រេចចិត្តត្រូវ ឬសម្រេចចិត្តខុស?។តារាឆ្លើយថា បងឆ្លាត បងឆ្លាតខ្លាំងណាស់ ឆ្លាតហួសការគិតរបស់ខ្ញុំ គឺបងមិនរស់ឲ្យគេខ្លាចទេ តែធ្វើឲ្យគេគោរព។ ខ្ញុំសុំកោតសរសើេបងដោយស្មោះ។ តារាឯងក៏ល្អ និងឆ្លាត ដូច​គ្នា( ព្រះច័ន្ទឆ្លើយ)។

(ចប់)

ដោយ អ្នកនិពន្ធសំរែ

ក្នុងឆាកជីវិតត្រូវចាំថា៖

១.បើគេស្អប់យើង យើងកុំស្អប់ខ្លួនឯង

២.បើគេក្បត់យើង យើងកុំក្បត់ខ្លួនឯង

៣.បើគេកុហកយើង យើងកុំកុហកខ្លួនឯង

៤.បើគេមើលងាយយើង យើងកុំមើលងាយខ្លួនឯង

៥.បើគេប្រមាថយើង យើងកុំប្រមាថខ្លួនឯង

៦.បើគេរើសអើងយើង យើងកុំរើសអើងខ្លួនឯង

៧.បើគេមិនឲ្យតម្លៃយើង យើងត្រូវឲ្យតម្លៃខ្លួនឯង

៨.បើគេមិនលើកទឹកចិត្តយើង យើងត្រូវលើកទឹកចិត្តខ្លួនឯង

៩.បើគេបោះបង់យើង យើងកុំបោះបង់ខ្លួនឯង

កិច្ចការតូចឬធំត្រូវធ្វើដោយលម្អិត ផ្ចិតផ្ចង់ កុំខ្ជីខ្ជា

មនុស្សខ្លះ តែងតែបរាជ័យ មិនសម្រេចបំណង ដោយមិនដឹងខ្លួន និងមិនដឹងថា ការបរាជ័យនោះ​កើតឡើងដោយសារអ្វី?
មានចំណុចតូចមួយ ដែលយើងអាចលើកមកវែកញែកនៅទីនេះ ការបរាជ័យខ្លះ គឺកើតឡើងដោយ​សារការខ្ជីខ្ជា របស់អ្នកអនុវត្តកិច្ចការ។ បុគ្គលខ្លះ អ្វីក៏ចេះធ្វើដែរ គួរឱ្យសរសើរ តែការធ្វើរបស់គេ គឺធ្វើមិនបានល្អ មិនបានគាប់ចិត្តថៅកែ ឬថ្នាក់ដឹកនាំ របស់ខ្លួន។ 
កិច្ចការអ្វីក៏ដោយ ទាំងការរកស៊ី ទាំងការសិក្សារៀនសូត្រ ការប្រកបការងារជាដើម ការបរាជ័យ គឺកើតឡើងដោយសារភាពខ្ជីខ្ជានេះឯង។

បុគ្គលខ្លះ រៀនសូត្របានខ្ពស់ ធ្វើកិច្ចការអ្វីក៏ពូកែ លឿន រហ័សទាន់ចិត្ត តែកិច្ចការរបស់គេ
មិនបានជោគជ័យល្អ ដូចគំនិតដែលខ្លួនចង់បាន។
តើបញ្ហានេះ បណ្តាលមកពីហេតុអ្វី? គឺគ្មានអ្វីក្រៅពីការខ្ជីខ្ជារបស់គេនោះទេ។

ដោយសារភាពប៉ិនប្រសប់របស់គេ កិច្ចការខ្លះ គេធ្វើតែមួយភ្លែតហើយរួចរាល់ តែដោយសារការខ្ជីខ្ជារបស់គេ ធ្វើឱ្យកិច្ចការនោះ នៅមានចំណុចខ្វះខាត ស្រកេកស្រកាក ឬមិនល្អ គ្មានគុណភាព ដូចអ្វី ដែលគេ ឬថៅកែ ឬគ្រូចង់បាន។ 
មនុស្សបែបនេះ ទោះបីរៀនខ្ពស់ ឬពូកែកម្រិតណា ក៏គេមិនយកធ្វើជាមេដឹកនាំដែរព្រោះនឹងនាំឱ្យបុគ្គលិកដទៃទៀតខ្ជីខ្ជា មិនហ្មត់ចត់ មិនយកចិត្តទុកដាក់តាម។

ដូច្នេះ ដើម្បីជោគជ័យ ចូរកុំខ្ជីខ្ជា ធ្វើអ្វីធ្វើឱ្យប្រាកដ ធ្វើលម្អិត លម្អិតៗៗៗ ផ្ចិតផ្ចង់ ដោយផ្តោតលើ ទាំងគុណភាព សោភ័ណភាព ប្រណីតភាព និងបរិមាណ ព្រោះការខ្ជីខ្ជានឹងធ្វើឱ្យយើងធ្លាប់ខ្លួន មិនល្អ ក្នុងការកសាងអនាគត។

ការខ្ជីខ្ជានេះផងដែរ គឺកើតឡើងពីការប្រមាទ ឬការធ្វេសប្រហែស ព្រោះបុគ្គលខ្លះ ក្អេងក្អាង និងអំនួតថា កិច្ចការប៉ុណ្ណឹង គេអាចធ្វើបានតែមួយប៉ព្រេចភ្នែក ធ្វើបានដោយងាយបំផុត ស្រួលបំផុត លុះពេលធ្វើទៅ គឺនៅមានចំណុចខ្វះខាតច្រើន នាំឱ្យមានការរិះគន់ និងមិនទទួលស្គាល់ ឬទទួលយក៕

មេដឹកនាំល្អ ត្រូវមានទេពកោសល្យ និងសិល្បៈ នៃការដឹកនាំ

មនុស្សមួយចំនួនប្រកាសចង់ធ្វើជាមេដឹកនាំ ឬជាអ្នក​គ្រប់គ្រងគេ ប៉ុន្តែពួកគេតែងតែត្អូញត្អែរថា គ្រប់គ្រងឬដឹកនាំមនុស្សពិតជាស្មុគស្មាញណាស់។ ការពិត ការដឹកនាំមនុស្សពិបាក គឺដោយសារពួកគេមិនបានសិក្សាឈ្វេងយល់ទេថា តើមេដឹកនាំម្នាក់ គេត្រូវរៀន និងធ្វើអ្វីខ្លះ?
មនុស្សកើតមក គឺមានចរិត​លក្ខណៈ អាកប្បកិរិយាផ្សេងៗគ្នា ដូច្នេះអត្ដចរិតនៃការដឹកនាំក៏ផ្សេងៗគ្នាដែរ។ ឯភាពជាអ្នកដឹកនាំ ត្រូវបានគេចែកចេញ៤ប្រភេទ គឺដឹកនាំបែបសហការ ដឹកនាំបែបបញ្ជា ដឹកនាំបែបណែនាំ និងដឹកនាំបែបង្ហាញ។ 
អ្នកខ្លះពូកែធ្វើការ ពូកែរៀបយុទ្ធសាស្រ្ត ក្នុងការធ្វើជំនួញ តែមិនចេះដឹកនាំ។ 
អ្នកខ្លះពូកែដឹក​នាំ ពូកែគ្រប់គ្រង តែរៀនមិនពូកែ មិនពូកែរៀបយុទ្ធសាស្រ្តអាជីវកម្ម។
បើនិយាយពីការចាប់ផ្ដើមអាជីវកម្ម ដើម្បីគ្រប់គ្រង ឬដឹកនាំគេបាន អ្នកនោះត្រូវមានទាំងជំនាញទន់ និងជំនាញរឹង។ ជំនាញរឹង គឺជាជំនាញដែលគេបានរៀនសូត្រ និងចេះយ៉ាងច្បាស់ពីសាលា។ ឯជំនាញទន់ គឺជាឥរិយាបថ ដែលគេមាន ដូចជាត្រូវមានឆន្ទៈមានទេពកោសល្យ និងសិល្បៈ ក្នុងការប្រើមនុស្ស។ ភាពជាអ្នកដឹកនាំ គឺជាបុគ្គលដែលមានចរិតម៉ឺងម៉ាត់ ហ្មត់ចត់ ម្ចាស់ការ និងជាបុគ្គលដែលគេគោរពស្រឡាញ់ច្រើន។ 
អ្នកដឹកនាំពូកែ អាចប្រើមនុស្ស ឬអាចធ្វើឱ្យមនុស្សចចេសរឹងរូស មកជាទន់បាន។ អាចធ្វើឱ្យមនុស្សដែលមិនគោរពវិន័យ មកជាគោរពវិន័យ ស្រឡាញ់ការងារ និងលះបង់ដើម្បីក្រុមហ៊ុនបាន។ 
ជាពិសេស ក៏ជាមនុស្សដែលចង់មានបាន ចង់រីកចម្រើនដែរ គ្រាន់តែការចង់មានបាននោះ ធ្វើឡើងក្នុងក្របខណ្ឌគុណធម៌ និងតាមវិធីសាស្រ្ដនៃការច្នៃប្រតិដ្ឋរបស់គេតែប៉ុណ្ណោះ។
បុគ្គលដែលអាចធ្វើអាជីវកម្ម ឬគ្រប់គ្រងដឹកនាំបានជោគជ័យ 
គឺចំណេះដឹង និងទេពកោសល្យ សិល្បៈរបស់គេខុសពីអ្នកដទៃ។ 
គេមានគំនិតទូលំទូលាយមិន​រើសអើង មិនក្រអឺតក្រទម 
មិនឆ្មើងឆ្មៃ មិនវាយឫក មិនស្តីបន្ទោស មិនជិះជាន់កេងប្រវ័ញ្ចបុគ្គលិក និយាយរួមគឺគេរួសរាយរាកទាក់ ចេះលួងលោម និងផ្តល់តម្លៃឱ្យបុគ្គលិកស្មើៗគ្នា ។ 
បើឃើញបុគ្គលិកណាធ្វើខុស ឬធ្វើមិនទាន់បានល្អដល់កម្រិតដែលគេចង់បាន គឺគេតែងតែអប់រំ ណែនាំ បង្ហាត់បង្ហាញបុគ្គលិកនោះឱ្យយល់ និងចេះធ្វើការតទៅមុខទៀត។
មេដឹកនាំដែលល្អ គឺត្រូវយល់ពីទុក្ខលំបាករបស់បុគ្គលិកនេះឯង ជាពិសេសបើបុគ្គលិកមានបញ្ហាប្រឈម ឬឧបសគ្គក្នុងជីវិត មេដឹកនាំនោះចេះឈឺឆ្អាល ខ្វល់ខ្វាយ និងស្ទុះស្ទា ក្នុងការជួយយកអាសាគ្នា។ និយាយរួម មេដឹកនាំល្អមិនមែនជាមេដឹកនាំដែលខុសដៃយកដៃ ខុសជើងយកជើង មិនមែនជាមនុស្សឆេវឆាវទេ តែជាមេដឹកនាំចេះឱបក្រសោប អប់រំ ណែនាំ ធ្វើឱ្យបុគ្គលិកគោរព មិនចង់ចាកចេញពីក្រុមហ៊ុន ស្រឡាញ់ក្រុមហ៊ុន ដូចស្រលាញ់ជីវិត និងដូចគ្រួសារគេដែរ៕

ចង់សម្រេចគោលដៅ យុវជនត្រូវមាន៖


១.ក្តីស្រមៃខ្ពស់
២.មានមហិច្ឆតាខ្ពស់
៣.មានឆន្ទៈខ្ពស់
៤.ត្រូវសិក្សា ឈ្វេងយល់ពីសង្គមជាតិ និងពិភពលោកឱ្យបានទូលំទូលាយ 
៥.មានគោលបំណងពិតប្រាកដ
៦.មានគោលដៅច្បាស់លាស់
៧.មានភាពអំណត់អត់ធ្មត់ និងព្យាយាមខ្ពស់
៨.មានការតាំងចិត្ត និងប្តេជ្ញាចិត្តខ្ពស់ និង
៩.ត្រូវមានភាពជាអ្នកដឹកនាំ ក្នុងខ្លួនផងដែរ៕

ដំណើរស្វែងរកសន្តិភាព របស់លោក ហ៊ុន សែន

ការអនុវត្តលទ្ធិប្រជាធិបតេយ្យ

លទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើងវិញ ដោយសាហរដ្ឋអាមេរិក អំឡុងសតវត្សរ៍ទី១៨ បន្ទាប់ពីលោក ចច វ៉ាស៊ីនតោន ច្បាំងឈ្នះអង់គ្លេស ឬ​​បណ្តេញ​អាណានិគមអង់គ្លេសចេញពីអាមេរិក និងឡើងកាន់​អំណាច។ ក្រោយ​មក នៅអំឡុងឆ្នាំ១៨៦០ ប្រជាធិបតេយ្យ ត្រូវបានពង្រឹងម្តងទៀត ដោយប្រធានាធិបតីទី១៦ នៃសហរដ្ឋងាមេរិក គឺលោក អាប្រាហាម លីនខូន ដោយលោកបានប្រើទ្រឹស្តី ដ៏ពេញនិយមថា ដោយសាររាស្រ្ត ជារបស់រាស្រ្ត និងដើម្បីរាស្រ្ត។

លទ្ធិប្រជាធិបតេយ្យ ត្រូវបានសាបព្រោះដោយសហរដ្ឋអាមេរិក ទាំង​​ប្រ​​ទេសខ្លះយល់ព្រមទទួលយកទាំងស្រពេចស្រពិល ឬថា ទាំងប្រជាជនមិន​​យល់​​សោះថា អ្វីទៅជាប្រជាធិបតេយ្យ។ ប្រជាធបិតេយ្យ តាមនិយមន័យ នៃ​វចនានុក្រមខ្មែរ គឺមានន័យថា យករាស្រ្តជាធំ គឺអ្នកនយោបាយ ឬអ្នកដឹនាំ ធ្វើ​អ្វីៗគឺដើម្បីតែរាស្រ្ត គឺត្រូវតម្កល់រាស្រ្ត និងជាតិជាធំ។ ប្រជាធិបតេយ្យ ត្រូវ​​គេ​ដឹងថា បានហូរចូលមកកម្ពុជា នៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី២០ គឺ​ក្នុង​ពេល​បោះឆ្នោតលើក​ដំបូង នៅឆ្នាំ១៩៤៦ ខណៈកម្ពុជា កំពុងស្ថិតក្រោម​អាណា​និគមនិយមបារាំងនៅឡើយ។ លទ្ធិប្រជាធិបតេយ្យ ក៏បានធ្វើឱ្យច្របូក​ច្របល់ដល់សង្គមកម្ពុជា ដែលមិនចង់អនុវត្តន៍ ព្រោះកម្ពុជា ចង់ធ្វើអ្វីតាម​ទំនៀម​ទម្លាប់ និងអ្វីដែលខ្លួនជ្រើសរើស។ ចាប់ពីការបោះឆ្នោត នៅឆ្នាំ១៩៤៦ កម្ពុជា ជួបភាពរកាំរកូសផ្នែកនយោបាយ រហូតដល់ក្រោកម្ពុជា បានឯករាជ្យ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣ ទើបកម្ពុជា បានស្ងប់បន្តិច ប៉ុន្តែ ១៧ឆ្នាំ​ក្រោយ​មក គឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ការប្រទាញប្រទង់ បានទាញកម្ពុជា ឱ្យ​ធ្លាក់​ទៅក្នុងភ្លើងសង្រ្គាម ដ៏អុសបន្លាយមួយ រវាងពួកខ្មែរក្រហម និយមកុម្មុយ​នីស្ត និងលោក សេនាប្រមុខលន់ នល់ និយមប្រជាធិបតេយ្យ បែសហរដ្ឋ​អា​មេរិក។ សង្រ្គា​មបានឆាបឆេះប្រទេសកម្ពុជា ពីស្រស់បំព្រង ពីកោះសន្តិភាព ឱ្យ​​ក្លាយទៅជាភ្នំឆ្អឹង និងស្ទឹងទឹកភ្នែក ដ៏មហាវេទនា មហាវិនាសកម្ម អស់រយៈ​ពេលជិត៣០ឆ្នាំ។  

នៅក្នុងដំណើរស្វែងរកសន្តិភាព របស់លោកហ៊ុន សែន ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ លោក ក៏ចង់បង្កើតនូវលទ្ធិប្រជាធិបតេយ្យមួយ គឺប្រជាធិប​តេយ្យ​ត្រួតគ្នា។ លោក ហ៊ុន សែន បានទឡ្ហីករណ៍ និងហេតុផលគ្រប់គ្រាន់ ក្នុងការបង្កើតលទ្ធិប្រជាធិបតេយ្យត្រួតគ្នា។

នៅក្នុងសារផ្ញើជូនប្រជាជន និងជនរួមជាតិទូទាំងប្រទេស ក្រោយពីត្រ​ឡប់ពីកិច្ចប្រជុំ បង្កើតក្រុមប្រឹក្សាជាន់ខ្ពស់ លោក ហ៊ុន សែន បានលើក​​ទឡ្ហីករណ៍ ឬហេតុផល៣ ដើម្បីពន្យល់ប្រាប់ប្រជាជន។

ហេតុផលទី១ ដោយសារកាលពីអតីតកាល ឬហាក់ជាប្រពៃណី​​របស់​ប្រជាជនកម្ពុជា​យើងតាំងពី​ដើមមក កឺកម្ពុជាមិនដែលអនុវត្តទាល់តែសោះ នូវ​ការបោះឆ្នោតតាម​ប្រព័ន្ធ​សមា​មាត្រ។ ពីអតីតកាលកម្ពុជា បោះឆ្នោតតាមប្រ​ព័ន្ធ​ឯកត្តនាម ដែលជ្រើសរើសដោយចំពោះ ឬដោយត្រង់លើបុគ្គលដែល​ឈរ​ឈ្មោះនីមួយៗ។ ការបោះឆ្និតតាមបែបឯកត្តនាម មានផលវិជ្ជមានផង អវិជ្ជ​មានផង។ ផលជាវិជ្ជមាន គឺប្រជាជនងាយស្រួលក្នុងការបោះឆ្នោតជូនតំណាងរបស់ខ្លួន ដែលគេបាន​រាយ​ឈ្មោះ បុគ្គលម្នាក់ៗ ដោយមិនចាំបាច់មើលគណបក្ស មានន័យថា បើគេ​​ពេញចិត្តបុគ្គល ក គេអាចបោះឱ្យបុគ្គល ក តែម្តង។ ចំណែក ផលអវិជ្ជ​មាន​វិញ​​គឺលំបាកខ្លាំង   ព្រោះតាមបទពិសោធពីសម័យសង្គមរាស្រ្តនិយម ដែល​​បោះ​​ឆ្នោត តាមប្រព័ន្ធឯកត្តនាម ធ្វើឱ្យអ្នកសិល្បៈអាយ៉ៃម្នាក់ ដែលមានប្រជា​​ប្រិយភាព ទទួលបានការគាំទ្រច្រើនពីប្រជាជន ហលយជាប់​ជាតំណាងរាស្រ្ត ប៉ុន្តែ ពេលក្លាយជាសមាជិកសភា អ្នកសិល្បៈនេះ ពុំមាន​សមត្ថ​ភាពបម្រើ​ការ​ងារ ក៏លាលែងពីតំណាងរាស្រ្តវិញ។ ការបោះឆ្នោតតាមប្រព័ន្ធឯកត្តនាម បុគ្គលដែលមានប្រជាប្រិយភាព អាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យជាប់​ដោយ​ងាយ ប៉ុន្តែអាចមានវិបត្តិសង្គម ដោយសារបុគ្គលនោះ ពេលខ្លះគ្មានសមត្ថ​ភាព មានតែប្រជាប្រិយភាព។

ចំណែក ការបោះឆ្នោតតាមប្រព័ន្ធ​សមាមាត្រ គឺមិន​បាន​ជ្រើស​​រើស​​ដោយត្រង់ចំពោះបុគ្គល ចំពោះតំណាងរាស្ត្រ ដែលនឹងត្រូវទៅកាន់រដ្ឋ​សភា​ទេ។ គឺគណបក្សនីមួយៗមានតែឈ្មោះគណបក្ស និងបញ្ជីរាយនាមតំណាង​រាស្រ្ត ហើយក្រោយការបោះឆ្នោតលទ្ធផល គឺ​គិតជា​សំឡេង ប៉ុន្មានភាគរយៗ ចូលទៅប្រជុំសភាជាដើម។

មូលហេតុទី២ ដោយសារប្រជាជនកម្ពុជា ត្រូវ​មាន​តំណាង​របស់ខ្លួន​ផ្ទាល់តាមកិច្ចព្រមព្រៀង​យដែលបានចែងទុក ដូច្នេះរដ្ឋ​សភា ​ដែល​កើត​ចេញ​ពីការ​​បោះ​ឆ្នោតលើកទី១ គឺ​ជាសភាធម្មនុញ្ញ ដែលមានតួនាទីត្រូវ​តាក់​តែង​រដ្ឋធម្មនុញ្ញ។ ពេលតាក់តែងរដ្ឋធម្មនុញ្ញរួចរាល់ហើយ សភានឹងក្លាយទៅជា​សភា​​ជាតិ ដូច្នេះសភានេះនឹងបន្តអាណត្តិឆ្នាំ៥ឆ្នាំ បន្ទាប់ពីសភាធម្មនុញ្ញ​ដែល​បានអនុម័ត។ ដូច្នេះប្រជាជនមានការ ចាំបាច់​​នឹងត្រូវមាន​​តំណាង​របស់​ខ្លួន​នៅក្នុង​រយៈពេល ដែលត្រូវការដោះស្រាយ​​បញ្ហាផ្សេងៗ។ ប្រជាជនត្រូវការ​និយាយជាមួយតំណាងរាស្ត្ររបស់ខ្លួន ប្រសិន​បើចង់បាន ឬងឿងងឆ្ងល់អ្វី​មួយ។ ដូច្នេះទាមទារឱ្យមានការបោះឆ្នោត​ដោយ​បែងចែកជា​មណ្ឌល​ ហើយ បេក្ខជនឈរឈ្មោះច្រើននាក់ ហើយប្រសិនបើការ​បោះឆ្នោត ធ្វើឡើងតាមប្រព័ន្ធ​សមាមាត្រ គឺប្រជាជនមិនបានដឹងថា តើតំ​ណាងរាស្ត្ររបស់ខ្លួន មួយ​ណាទេ ព្រោះថា គណបក្សនីមួយៗបោះឆ្នោតឈ្នះ​ហើយ គឺដាក់បេក្ខជន ចូល​ទៅក្នុង​រដ្ឋសភាតែម្តង។  

ហេតុផលទី៣ រដ្ឋកម្ពុជាចង់អនុវត្តប្រជាធិបតេយ្យត្រួត។ ប្រជាធិប​តេយ្យត្រួតគ្នាយ៉ាងដូចម្តេច? គឺបោះឆ្នោតតាមបែប ពាក់កណ្តាលឯកត្តនាម ព្រោះ​ការបោះឆ្នោត​តាមសមាមាត្រ គឺអនុវត្តបាន​តែលើគណបក្ស​តែ​ប៉ុណ្ណោះ អ្នកណាស្រឡាញ់បក្សណា គឺស្រ​ឡាញ់បោះឆ្នោតឱ្យបក្សនោះ ដោយម្ចាស់​ឆ្នោត មិនបានស្គាល់តំណាងរបស់ខ្លួនទេ។ តែគណបក្សប្រជាជនកម្ពុជា ក៏​ដូច​ជា រដ្ឋកម្ពុជា ចង់បានទាំងពីរ គឺឱ្យគេស្គាល់បក្សផង ស្គាល់តំណាង​រាស្រ្ត​ផង។ ការពិតនេះ មិនមែនហៅថាប្រជាធិបតេយ្យត្រួតគ្នាទេ គឺជាប្រព័ន្ធ សមាមាត្រ​ត្រួត​គ្នា គឺយកទាំងប្រជាប្រិយភាពតំណាងរាស្រ្ត ឬអ្នកឈរឈ្មោះផង យក​ទាំង​ប្រិយភាពរបស់បក្សផង។ ការយល់ឃើញរបស់លោក ហ៊ុន សែន គឺបើ​បុគ្គល​ណាម្នាក់ មានប្រជាប្រិយភាពស្រាប់ ទៅឈរឈ្មោះបោះឆ្នោត ឱ្យគណ​បក្សណាមួយ ដោយចេញមុខ ដូចឯកត្តនាម គឺងាយស្រួលដល់ប្រជាជន ក្នុងការសម្រេចចិត្ត។

ប៉ុន្តែ ការលើកឡើងរបស់លោក ត្រូវបានសមាជិកម្នាក់ក្នុងចំណោម​សមាជិកក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់បានជំទាស់ថា ការបោះ​ឆ្នោតនេះប្រជា​ជន​មិនចាំបាច់​ត្រូវ​ការស្គាល់​តំណាង​​ទេ គ្រាន់តែត្រូវការស្គាល់គណបក្ស គឺគ្រប់​គ្រាន់​ហើយ។

ដើម្បីការពារទស្សនៈរបស់ខ្លួន លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់​​ទៅវិញថា មិនទាន់​​ប្រាកដទេថា ប្រជាជនស្រឡាញ់​គណបក្សនេះ ឬមនុស្ស​​ឈ្មោះបុគ្គលណានោះ ព្រោះម្ចាស់ឆ្នោតខ្លះ ស្រលាញ់​បក្សនេះ តែស្រលាញ់តំ​​ណាង​រាស្រ្តម្នាក់នោះ។  ឧទាហរណ៍ប្រ​ជាជនស្រ​ឡាញ់​​បក្ស ក ប៉ុន្តែមិន​​​​ច្បាស់​ថា ប្រជាជនស្រឡាញ់បុគ្គលដែលឈរឈ្មោះ   ឬ​ដែលជាមនុស្ស​នៅក្នុង​បក្ស ក ទេ។ បញ្ហានេះ នៅកម្ពុជាកើតមានហើយ ប្រជាជន ស្រ​ឡាញ់​​​របបថ្មី​ប៉ុន្តែ​មានការថ្នាំងថ្នាក់​ជាមួយ​បុគ្គល ឬមន្រ្តី នៃរបប​​នោះ​​ខ្លះ​​ដែរ។ លោក ហ៊ុន សែន នៅតែចង់ឱ្យអនុវត្តនូវប្រជាធិបតេយ្យព្រួតគ្នា ដើម្បី​​ឱ្យ​​ប្រ​​ជា​​ជន​​ស្រ​ឡាញ់​បក្សផង ស្រឡាញ់តំណាងផង ហើយបើបក្សនោះ​​ដាក់​ឈ្មោះ​ទៅមិន​​ស្រប តាម​ប្រជា​​ជនត្រូវការប្រជាជធក៏មានសិទ្ធិ នឹងមិន​បោះ​​ឆ្នោត​​​ឱ្យមនុស្ស​នោះ​តែម្តង។  ទោះយ៉ាងណា ចុងបំផុត លោក ហ៊ុន សែន យល់ព្រមទទួលយក​តាម​មតិភាគច្រើន ដែលការបោះឆ្នោតនៅកម្ពុជា គឺត្រូវធ្វើឡើងតាមប្រព័ន្ធ​សមា​​មាត្រ ដោយប្រជាជន ឬម្ចាស់ឆ្នោតមិនចាំបាច់ស្គាល់តំណាងរាស្រ្ត និង​ស្គាល់ត្រឹមតែគណបក្សជាការស្រេច។ ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ក៏មានផលល្អ និងផលអាក្រក់ដូចគ្នា ព្រោះតំណាងរាស្រ្តខ្លះ មិនដែលចុះជួប ឬជួយប្រជាជននៅមូលដ្ឋានទេ ដោយគេចំណាយតែថវិកាជួយបក្ស ហើយ​ឈរ​ឈ្មោះនៅលេខរៀងទី១ ក៏អាចជាប់ជាតំណាងរាស្រ្តទាំង​ប្រជាជនមិន​បាន​ពេញចិត្ត។ ចំណែកផលល្អ គឺមិនចាំបាច់ឱ្យប្រជាជនពិបាកគិតច្រើន បើប្រជា​ជនស្រលាញ់បក្សណា គូស ឬបោះឆ្នោតឱ្យបក្សនោះជាការស្រេច ទោះបី តំណាង​រាស្រ្តនោះល្អ ឬមិនល្អក្តី៕

ដំណើរស្វែងរកសន្តិភាព របស់លោក ហ៊ុន សែន

ក្នុងជំនួបចរចាទ្វេភាគី ទាំងពីរលើក លោកសឺន សាន បានសាកល្បងស្នើសុំពីលោកហ៊ុន សែន នូវចំណុចធំៗ២

ទី១ ជំនួបនៅប៉ារីសឆ្នាំ១៩៨៨ លោកសឺនសាន សុំបង្កើតតំបន់អង្គរសៀមរាប ទៅជាតំបន់អព្យាក្រិត ដើម្បីឲ្យក្រុមត្រីភាគី ងាយមកប្រជុំ។

ទី២ ជំនួបនៅហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោកសឺន សាន បានសាកល្បងស្នើសុំ ខេត្ត បាត់ដំបង និងខេត្តប៉ែកខាងលិច ដទៃ​ទៀតពីលោ ហ៊ុន សែន ដើម្បីគ្រប់​គ្រង។ ដោយហេតុថា កម្លាំងរបស់លោកខ្វះដីផលិតស្បៀង។

ជាការឆ្លើយតប លោក ហ៊ុន សែន បានដិសេធទាំងស្រុង

ទី១ សម្រាប់ខេត្តសៀមរាប ឬតំបន់អង្គរ មិនអាចដាក់ជាតំបន់អព្យាក្រិតបានទេ ដោយហេតុថា តំបន់នេះ ស្ថិតក្រោមការ​គ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា។ ម្យ៉ាងប្រសិនបើដាក់ជាតំបន់អព្យា ក្រិត ហើយក្រុមត្រីភាគី អាចមកប្រជុំបាន អាចកាន់តែបង្កហានិភ័យចំពោះកម្ពុជា។

ក.ពួកគេមកប្រជុំហើយ មិនព្រមដកទៅវិញ

ខ.ពួកគេអាចប្រកាសបំបែករដ្ឋ ព្រោះមានតំបន់អព្យាក្រិត ហើយប្រទេសដទៃអាគាំទ្រពួកគេ ទៅជាប្រទេស ឬរដ្ឋខ្មែរមួយទៀត។

ទី២ មិនប្រគល់ ព្រមទាំងស្តីបន្ទោសបញ្ហាខេត្តដំបង។

លោក ហ៊ុន សែន បានស្តីបន្ទោសលោកសែន សាន ថា កម្លាំងលោក សឺន សាន តិច ហើយកន្លងទៅបានទៅរួមជាមួយកម្លាំងខ្មែរបដិបក្ខដទៃទៀត វាយប្រហារ កម្លាំងសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅបន្ទាយ​មានជ័យ ថែមទាំងបានចាប់រំលោភស្រ្តី និងប្លន់យកទ្រព្យសម្បត្តិអ្នកភូមិទៅផង។

កម្លាំងលោក សឺន សាន បានសាងអំពើ អាក្រក់គួរឲ្យស្អប់ខ្ពើម ហើយគ្មានសមត្ថ ភាពប្រយុទ្ធ។ តើលោក សឺន សាន មានសមត្ថភាពអី មកសុំ ឬចង់បានខេត្តបាត់ ដំបងយកទៅគ្រប់គ្រងដោយស្រួលៗនោះ?

ការបដិសេធ និងការស្តីបន្ទោសរបស់លោក ហ៊ុន សែន ធ្វើឲ្យលោក សឺន សាន ថ្នាំង ថ្នាក់ចិត្តយ៉ាងខ្លាំង។

ក្នុងជំនួបចរចាត្រីភាគី នៅទីក្រុងប៉ារីសឆ្នាំ១៩៨៨ ពេលសម្រាកទទួលទានអាហារថ្ងៃត្រង់(អាហារប៊ូហ្វេត្ស) បន្ទាប់ពីការចរចាកំពុងតានតឹងខ្លាំង លោក សឺន សាន ដែលមានវ័យជាង៧០ទៅហើយ បានឆ្លៀតខ្សឹប ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅឯតុអាហារថា បើចរចាមិនត្រូវមានតែវ៉ៃ​(ច្បាំង)គ្នាទៀត។

លោក ហ៊ុន សែន ដែលមានរាងស្គមស្តើងខ្ពស់ ក្នុងវ័យមានវ័យជាង៣០ឆ្នាំ ដែលកំពុងហាន់សាច់(សាច់គោអាំង) នៅកន្លែងអាំងសាច់ មិនឆ្ងាយប៉ុន្មាន បានដាក់ចានសាច់ចុះ ហើយដើរមករកលោកសឺនសាន ដោយនិយាយខ្លាំងៗថា ឯកឧត្តម កុំហារឡើងវ៉ៃគ្នា ហារឡើងវ៉ៃគ្នា។ ខ្ញុំមកនេះ មកចរចា សន្តិភាព ដើម្បីបញ្ចប់ការបង្ហូរឈាម តែបើឯកឧត្តមចង់វ៉ៃគ្នា ខ្ញុំកំដរបាន ហើយកុំភ្លេចថា ឯកឧត្តមចាស់ៗអស់ហើយ។ចំណែកខ្ញុំទើបតែជាង៣០ទេ។

លោក សឺន សាន ញញឹមបែបអៀនទម្លាក់ទឹកមុខចុះ៕

ដំណើរស្វែងរកសន្តិភាព របស់លោក ហ៊ុន សែន

លោកហ៊ុនសែន មិនធ្លាប់ជួបចរចា ជាទ្វេភាគី ជាមួយលោកខៀវ សំផន ទេពីមុនមក ដោយលោកទើបតែជួបជាលើកទី១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ខណ:លោកត្រូវ ជួបចរចា ជាទ្ចេភាគី ជាមួយ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់SNC(Supreme National Consulting)។

លោកខៀវ សំផន ត្រូវប្រទេសជប៉ុនហាម​មិនឲ្យចូលប្រជុំទេ ព្រោះពុំមានក្នយងរបៀវវារ: ប៉ុន្តែ លោកខៀវ សំផន អាចធ្វើត្រឹមជាអ្នកសង្កេតការណ៍បាន។

ក្រោយការចរខាលោកហ៊ុនសែននុងព្រះករុណាបានព្រមគ្នាលើ៤ចំណុច តែលោកខៀច សំផន បានជំទាស់មិនទទួលស្គាល់ ព្រោះលោកយល់ថា ទោះព្រះអង្គជាព្រះប្រ​ធានត្រីភាគី តែព្រះអង្គមិនអាចសម្រេចជំនួស លោក សឺន សាន និងភាគីខ្មែរក្រហមទេ។

ក្រោយការជំទាស់របស់លោក ខៀវ សំផន បានជំរុញព្រះទ័យឲ្យព្រះអង្គលាលែងពីប្រធានរដ្ឋាភិបាលត្រីភាគីជាលើកទៅ២ម្តងទៀត។

ចំណែកលោកខៀច សំផន ទំនងដោយអន់ចិត្ត ដែលមិនបានចូលរួមប្រជុំនៅតូក្យូ ឬគំកួនលោក ហ៊ុន សែន ពីយូរមកហើយ ក្រោយមកពេលប្រជុំ នៃសន្និសីទអន្តរជាតិ នៅទីក្រុងប៉ារីស ស្តីពីការឈប់បាញ់ នៅឆ្នា១៩៨៩ នោះ លោក ខៀវ សំផន មិន បានចាប់ដៃលោកហ៊ុន សែន និងប្រតិភូទៅពីភ្នំពេញទេ ថែម​ទាំងងាកមុខចេញទៀត ផង​ ខណ:​លោកហ៊ុនសែនដៃទៅចាប់ដៃ លោកខៀវ សំផន ទាំងញញឹម។

លោក ហ៊ុន សែន ហាក់អាក់អន់ចិត្តបន្តិចដែរ តែមិនបង្ហាញអាការ: ឲ្យគេដឹង និងបានចងចាំកាយវិការនេះទុកក្នុងចិត្ត។

ក្រោយនៅពេលប្រជុំស្តីពីការបង្កើតក្រុម ប្រឹក្សាជាតិជាន់ខ្ពស់ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានបន្តប៉ះពៀរសម្តីខ្លះជាមួយលោក ហ៊ុន សែន ដោយលោកខៀវ សំផន បានហៅប្រតិភូពីភ្នំពេញថា ពួក​អា​យ៉ង និងរបបភ្នំពេញ ធ្វើឲ្យលោ កហ៊ុន សែនច្រឡោតខឹង ហើយតបទៅវិញថា ឯកឧត្តម សុំឯកឧត្តមមានសីលធម៌ផង។ យើងខ្ញុំហៅខាងឯកឧត្តម សុទ្ធតែឯកឧត្តម ប៉ុន្តែ ខាងឯកឧត្តមហៅខាងយើងខ្ញុំវិញ សុទ្ធ​តែពួករបបភ្នំពេញ។

ការលើកឡើងរបស់លោកហ៊ុន សែន ធ្វើឲ្យព្រះអង្គម្ចាស់រណឬទ្ធិ លោកសឺន សាន និងលោក ខៀវ សំផន នៅស្ងៀមទំនងជាស្រងល់ចិត្ត។

បន្ទាប់មក ក្រោយពីប្រជុំចប់ ដោយសារការអស់កម្លាំងផង ការប្រជុំក្តៅគគុកផងធ្វើឲ្យលោកហ៊ុនសែនបសត់បង់ភាពសហរស់ស្រាយ ហើយចេញមកវិញ លោកខៀវ សំផន បានដៀមដាមឲ្យលោក ហ៊ុន សែន​ ថា ការប្រជុំនេះ ទោះទទួលបានផលល្អគួរកត់សម្គាល់ តែពោរពេញដោយភាពសោះ កក្រោះ ព្រោះភាគីខ្លះ ពោរពេញដោយគ្មានស្នាមញញឹម។

លោកហ៊ុន សែន មិនបានតបតទៅលោកខៀវ សំផន វិញទេ ដោយគ្រាន់តែ ស្តាប់ចោលធ្វើមិនដឹងមិនឮ៕

ដំណើរស្វែងរកសន្តិភាពរបស់លោក ហ៊ុន សែន លោក

ហ៊ុន សែន ជាតារាមួយដួង ដ៏ភ្លឺ ចិញ្ចាច និងល្បី​ល្បាញ ដែលរះបំភ្លឺនៅក្នុងដែនដីសវុណ្ណភូមិ និងតំបន់អាស៊ី។ លោកចាប់កំណើតនៅទីដាច់ស្រយាល ចុងកាត់មាត់ញក ស្រកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៥២ ត្រូវនឹងខែស្រាពណ៍ ឆ្នាំរោង ។

នៅឆ្នាំ១៩៧០ដល់១៩៧៥ លោកជាមេបញ្ជាការកងទ័ព ដ៏វាងវៃ និងនៅឆ្នាំ១៩៧៩ លោកគឺជាអ្នកជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាឲ្យរួចផុត ពីក្រញាំបិសាច ប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិកម្ពុជាពីមច្ចុរាជពិភពលោក។នៅឆ្នាំ១៩៨៧ បន្ទាប់ពីឡើងជានាយករដ្ឋមន្រ្តី លោកត្រូវបានបក្ស និងរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ចាត់ទុកជាតួអង្គដ៏សំខាន់ ក្នុងការចរចាសន្តិភាព។

ពីទីក្រុងញូវយ៉ក ឆ្នាំ១៩៨៧ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ បានមានបន្ទូលប្រាប់អ្នកគាំទ្រព្រះអង្គថា ដោយសារលោកហ៊ុន សែន ជាមនុស្សឆ្លាតវាងវៃជាងគេ ទើបគេបញ្ជូនឲ្យលោកមកចរចា ជាមួយសីហនុ។ជាលើកដំបូង សំណើរបស់លោក ដែលសុំចូលគាល់ព្រះអង្គ ត្រូវបានព្រះករុណា ច្រានចោល ដោយព្រះអង្គយល់ថា លោក ហ៊ុន សែន មិនមែនជាដៃគូចរចា របស់ព្រះអង្គ។ ប៉ុន្តែ ដោយការព្យាយាមរបស់លោក ទីបំផុត ព្រះករុណា បានយល់ព្រមជួបលោកក្នុងនាមជាខ្មែរដូចគ្នា មិនមែនក្នុងនាមជាមហាក្សត្រ និងនាយករដ្ឋមន្រ្តី តែក្នុងនាមកូនខ្មែរ និងរៀមច្បង។បន្ទាប់ពីជួបជាលើកដំបូង ព្រះករុណាក៏បានលាន់មាត់ថា លោកហ៊ុ​ន សែន ជាមនុស្សឆ្លាតវាងវៃ ដូចគេថា ហើយព្រះធង្គចាត់ទុកលោកជាកូន ឯលោកហ៊ុន សែន ចាត់ទុកព្រះ​ករុណា ជាឪពុក។លោក ហ៊ុន សែន បានស្នើឲ្យព្រះអង្គយាងមកធ្វើជាព្រះប្រមុខរដ្ឋ ឬសោយរាជ្យ តែព្រះករុណា មានបន្ទូលថា ព្រះអង្គសុំធ្វើតែជាប្រជាជនធម្មតា។ ព្រះអង្គលែងចង់ធ្វើជាមហាក្សត្រទៀតហើយ។ក្នុងដំណើរការចរចាសន្តិភាព ពេលខ្លះលោកប៉ះពាល់ពាក្យសម្តីតូចធំ ជាមួយព្រះករុណាដែរ។

មានពេលមួយ លោកបានស្តីបន្ទោសព្រះអង្គថា ឆ្ការដៃឆ្ការជើងខ្លាំង​ពេក ហើយលោកសុំនិយាយម្តង ដោយសុំកុំឲ្យព្រះអង្គមានបន្ទូលកាត់។ព្រះអង្គតែងមានបន្ទូលកាត់លោក ពេលលោកកំពុងនិយាយជាមួយព្រះអង្គ។ការស្នើរបស់លោក ហ៊ុន សែន ធ្វើឲ្យព្រះ ករុណា ខ្ញាល់ និងសុំបញ្ឈប់ការចរចាជាមួយលោក ហ៊ុន សែន។ ប៉ុន្តែប៉ុណ្ណោះ ថែមទាំងជេរលោកថា ជាមនុស្សដែលវៀតណាមលើកបន្តុប។

លោកហ៊ុន សែន មិនបោះបង់ការព្យាយាមរបស់លោកទេ គឺលោកនៅតែព្យាយាមរហូតព្រះករុណា យល់ព្រមវិលមកចូលតុចរចាវិញ រហូតឈានដល់កិច្ចព្រមព្រៀងប៉ារីស និងការបោះឆ្នោតដោយសេរីឆ្នាំ១៩៩៣។លោកក៏ធ្វើឲ្យព្រះករុណា ទ័លព្រះទ័យ ឬទ័លច្រកជាញឹកញាប់ផងដែរ នៅក្នុងដំពាក់កាលចរចាសន្តិភាព ដូចជារុញឲ្យព្រះអង្គទល់ជញ្ជាំង បញ្ហាព្រះអង្គចង់ធ្វើជាព្រះប្រ ធាន ក្រុមប្រឹក្សាជាតិ និងការរៀបចំឈ្មោះ សម្រាប់អង្គុយនៅអង្គការសហប្រជាជាតិ។

រៀងរាល់មុនពេលទៅ និងក្រោយពេលត្រលប់ពីចរចាវិញ លោក ហ៊ុន សែន ត្រូវធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្ត ក្នុងការចរចាទៅកាន់អង្គសភា ឬការិយាល័យមជ្ឈិមបក្ស ដើម្បីបានដឹង និងសុំគោលការណ៍ ក្នុងការសម្រេច ចំពោះប្រការណានីមួយៗ។ពេលកំពុងចរចា ច្រើនថ្ងៃនៅឯបរទេស លោក ហ៊ុន សែន តែងតែទាក់​ទងមកជាប្រចាំ ដើម្បីរាយការណ៍ ពីលទ្ធផល នៃការចរចា ជូនបក្ស និងរដ្ឋ។ នៅអំឡុងពេលចរចា ជាមួយភាកីថៃ ក្នុងឆ្នាំ១៩៨៩ លោក ហ៊ុន សែន បានផ្ញើសារទូរលេខជាសម្ងាត់ យ៉ាងប្រញាប់ប្រញាល់មួយមកលោក ស ខេង ដើម្បី ស្នើឱ្យលោក ស ខេង ជួយរៀបចំយន្តហោះពិសេស ឱ្យលោក ហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសរុស្សី ជប៉ុន និងវៀតណាម បន្ទាប់ពីលោក ហ៊ុន សែន សម្រេចចិត្តលុបចោល ការចរចាទ្វេភាគីជាមួយថៃ ពីបញ្ហាធ្វើពាណិជ្ជកម្ម បន្ទាប់ពីលោក ហ៊ុន សែន ទទួលបានព័ត៌មានសម្ងាត់ពីចារកម្មរបស់លោកមកថា ភាគីថៃ ដែលមានភក្តីភាពជាមួយព្រះករុណា នរោត្តម​សីហនុ នឹងប្រើឧបាយកលបំផ្លាញការជួបចរចានេះ។

លោក ហ៊ុន សែន ជាអ្នកបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ ជាស្ថាបនិក និងបិតាសន្តិភាព​ របស់កម្ពុជា៕

មុននឹងបើកអាជីវកម្ម ត្រូវត្រៀមអ្វីខ្លះ?

មុនពេលបើក ឬធ្វើអាជីវកម្មអ្វីមួយ 
គប្បីយើងមានគំនិត សំខាន់ៗមួយចំនួនជាមុនសិន ដូចជា 
១.យើងចង់ធ្វើអ្វី? 
២.ចង់រកស៊ីអ្វី?
៣.ដើម្បីអ្វី? 
៤.នៅទីកន្លែងណា? 
៥.នៅពេលណា? 
៦.ឱ្យអ្នកណា?
៧.ចាប់ផ្តើមនៅពេលណា? 
៨.ចំណាយដើមទុនប៉ុន្មាន? 
៩.មានទុនបម្រុងប៉ុន្មាន?
១០.មានទម្រង់ ឬមានរចនាបថ រៀបចំបែបណា?
បែបអឺរ៉ុប ឬបែបអាស៊ី ឬបែបខ្មែរ?
១១.រំពឹងលើការប្រមូលផលចំណេញមកវិញ 
នៅពេលណា? រយៈពេលប៉ុន្មាន?
បើយើងមានគោលគំនិតនេះរួចហើយ 
នោះយើងអាចចាប់ផ្តើមដំណើរការអាជីវកម្មយើងបានហើយ៕

ទស្សនវិស័យ បុគ្គលជោគជ័យ

ស្ទើរតែគ្រប់បុគ្គល ដែលមានស្នាដៃ និងបុគ្គលជោគជ័យ គឺសុទ្ធតែជាបុគ្គល ដែលមានក្តីស្រមៃ និងការទទូច ព្យាយាម ហ្មត់ចត់ប្រកបដោយគំនិតច្នៃប្រឌិតថ្មី ប្លែកៗ និងការតាំងចិត្ត ឆន្ទៈខ្ពស់។ 
ប៉ុន្តែ ដើម្បីជោគជ័យ ពួកគេមិនដែលគ្រាន់តែដេកស្រមៃ និងមើលងាយអានុភាព នៃក្ដីស្រមៃនោះទេ ហើយពួកគេក៏មិនតក់ក្រហល់ចង់ជោគជ័យភ្លាមៗដែរ ព្រោះភាពតក់ក្រហល់ ធ្វើឱ្យខាតទាំងពេលវេលា ថវិកា ឱកាស និងអនាគត។ 
បើយើងចង់ជោគជ័យដូចគេដែរ បើមើលអ្វី ត្រូវមើលឱ្យធ្លុះ និងវែងឆ្ងាយ។ គិតអ្វីគិតឱ្យបានទូលាយ ធ្វើអ្វីធ្វើឱ្យហ្មត់ចត់ ចេះអ្វី ចេះឱ្យបានច្បាស់លាស់ ហើយធ្វើអ្វី ត្រូវធ្វើដោយអត់ធ្មត់។ ត្រូវមានក្តីស្រមៃខ្ពស់ ធ្វើឱ្យលះ ផ្ចិតផ្ចង់ ក្បោះក្បាយ និងតស៊ូ។
ដូច្នេះ ធ្វើអ្វីក៏ដោយ ត្រូវមានការស្រមើស្រមៃពិតប្រាកដ ពិចារណាឱ្យស៊ីជម្រៅ មានទិសដៅច្បាស់លាស់ ហើយសិក្សាឱ្យលម្អិត ហ្មត់ចត់ និងជឿជាក់លើខ្លួនឯង។ តែបើគ្រាន់តែស្រមៃគ្មានបំណងពិតប្រាកដ គ្មានការតស៊ូ គ្មានការព្យាយាម គ្មានទំនុកទុកចិត្ត គ្មានជំនឿជាក់លើខ្លួនឯង នោះអ្វីៗ នឹងបរាជ័យ។ បរាជ័យម្ដងពីរដង ពុំមែនមានន័យថា បរាជ័យក្នុងឆាកជីវិតដែរ ប៉ុន្តែបើបរាជ័យម្ដងហើយបោះបង់ចោលការតស៊ូ ព្យាយាមទទូចនោះ នោះទើបជាបរាជ័យពិតប្រាកដ៕