សម្តេច ហ៊ុន សែន ៖ កម្ពុជាមានកាតព្វកិច្ចចាក់វ៉ាក់សាំងជូន កុមារពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ

យោងតាមសារជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយជាសាធារណ: នៅព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានកាតព្វកិច្ច ចាក់វ៉ាក់សាំង ជូនកុមារអាយុ​ចន្លោះពី១២ឆ្នាំដល់១៧ឆ្នាំ។សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យ គឺដើម្បី​ការពារធនធានមនុស្សរបស់កម្ពុជាទៅថ្ងៃអនាគត និងដើម្បីអាចមានលទ្ធភាព បើកសាលា រៀនឡើងវិញបាន។

វ័យនេះ មានជាង១លាននាក់ ដែលរាជរដ្ឋា​ភិបាលត្រូវការវ៉ាក់សាំង២លានដូស។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ប៉ុន្តែ ការចាក់នេះ នឹងធ្វើឡើង បន្ទាប់ពីប្រជា​ជនទូទៅ និងយុវវ័យអាយុ១៨ឆ្នាំ បានចាក់រួចរាល់ ហើយការចាក់ នឹងធ្វើឡើងបែបផ្ការីក ពីភ្នំពេញទៅខេត្តដដែល៕

លោក ជា ប៉ូច ប្រមាថលោកគឹមសុខ ទៅនឹងអាចម៍គោ

លោក ជាប៉ូច អតីតមន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្ត នៃគណបក្សប្រឆាំង បានសរសេរសារលើហ្វេសប៊ុក របស់​លោក ដោយប្រៀធៀបបែបប្រមាថលោក គឹម សុខ ទៅនឹងអាចម៍គោ ជាមនុស្ស កើតចេញពីអាចម៍គោ ហើយមុន និងក្រោយ គង់ក្លាយជាអាចម៍គោវិញ។

ការហៅបែបនេះ របស់លោក ជា ប៉ូច កើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ លោកគឹម សុខ និយាយខ្ទា​ស់​សម្តី​គ្នាជា​មួយលោក អេង ឆៃអ៊ាង និងលោកសម រង្សី អំពីតួនាទីព្រះមហាក្សត្រ។ លោក គឹម សុខ ក៏បានរិះគន់លោកឆៃអ៊ាង និងលោករង្សីថា យល់រដ្ឋធម្មនុញ្ញ និងមិនយល់ពីព្រះរាជតួនាទី ព្រះ​មហា​​ក្សត្រ។

លោកគឹម សុខ ក៏បានឆ្លើយតបទៅលោក ជាប៉ូចវិញថា លោកជា ប៉ូច ក៏ដូចលោក អេង ឆៃអ៊ាងដែរ ជាមនុស្ស​កំពូលពូកែខាងយកលុយទៅសូក ដើម្បី​បានធ្វើតំណាងរាស្រ្ត ។

គួររម្លឹកថា នៅប៉ុន្មានថ្ងៃមកនេះ លោកសមរង្សី អតីតប្រធានបក្សប្រឆាំងបានទាមទារដោយការប្រមាថថា អង្គព្រះ​​មហាក្សត្រ ជាក្សត្រមិនបានការ និងឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី លាលែង ឬចុះចេញពីរាជបាល្ល័ង្ក ព្រោះ​​លោកយល់ថា ការសោយ រាជរបស់ព្រះអង្គ ពុំមានប្រយោជន៍អ្វីក្រុមដល់ប្រឆាំងរបស់លោក។ ការប្រមាថរបស់​លោករង្សី ធ្វើឲ្យក្រុមអ្នករាជានិយមប្រតិកម្មធ្ងន់ៗតបវិញផងដែរ។

គួរបញ្ជាក់ដែរថា រដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា អង្គព្រះមហាក្សត្រ ទ្រង់សោយរាជ តែមិនកាន់អំណាច និងមិន​អាច​ប៉ះ​ពាល់បាន៕

កម្ពុជាធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ​

ភ្នំពេញ៖ កម្ពុជាធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧ភាគរយ ក្នុងមួយឆ្នាំ សម្រាប់ពីរទស្សវត្តន៍ ចុងក្រោយ។ នៅក្នុងនោះ ពាណិជ្ជកម្មបានរួមវិភាគទានយ៉ាងសំខាន់ដល់កំណើន ក៏ដូចជាចូលរួមដល់ការកាត់ បន្ថយ ភាពក្រីក្រពី៥៣ភាគរយ នៅក្នុងឆ្នាំ២០០៤ មកត្រឹមក្រោម ១០ភាគរយ ក្នុងឆ្នាំ២០១៨។​ បើតាមទំព័រហ្វេស ប៊ុក ផ្លូវ ការក្រសួងពាណិជ្ជកម្មថ្ងៃទី៥ ខែកក្កដា នេះ។

ជាមួយនោះដែរ ការនាំចេញរបស់កម្ពុជាបានកើនឡើងជាលំដាប់ តាមរយៈការកើនឡើងនូវតម្រូវការ និងការពង្រឹង ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តាមតួលេខរបស់ធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់ និង ស្បែក ជើង ដែលមានចំណែកលើសពីរភាគបីនៃការនាំចេញទំនិញទាំងអស់របស់កម្ពុជា បានកើនឡើងចំនួន ១៧,៦ ភាគរយ នៅឆ្នាំ២០១៨ លើសពីកំណើន ៨,៣ភាគរយ ដែលទទួលបានក្នុងឆ្នាំ២០១៧។​ បើតាមការឱ្យដឹងពី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​។

នៅក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម (Aid for Trade Global Review ២០១៩) ដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កាល ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឹណែវ ប្រទេសស្វីស រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងបន្តថា សម្រាប់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី កម្ពុជានៅតែបន្តការតាំងចិត្តយ៉ាងមុតមាំលើគោលការណ៍ និងតម្លៃដែលទ្រទ្រង់ដោយអង្គ ការ ពាណិជ្ជកម្មពិភពលោក។

នៅក្នុងឆ្នាំ២០១៧ កម្ពុជាបានបញ្ចប់ដោយជោគជ័យនូវការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា លើកទី២ ដែលជាកាតព្វកិច្ចរបស់កម្ពុជា។  កម្ពុជាបានរៀបចំ និងវិនិយោគលើការរៀបចំស្ថានបេសកកម្ម អចិន្រ្តៃយ៍ របស់ កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក។ ជាការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ នៅក្នុងកិច្ចប្រជុំដដែល និងបានបន្តទៀតថា កម្ពុជា ជាអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងត្រូវបានជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាភិបាលរបស់ក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) ក្នុងតំណែងជាតំណាងរបស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ី។ «សមិទ្ធផលទាំងនេះ ជាសក្ខីភាពនៃសេចក្ដីទុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីដ៏មានឥទ្ធិពល ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាសសរដ៏រឹងមាំ»។ ជាការបន្ថែម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងបានលើកឡើងដោយមោទកភាពដូច្នេះ ៖«ភាពជោគជ័យរបស់កម្ពុជា ជាភស្ដុតាងបញ្ជាក់ថា គោលនយោបាយពាណិជ្ជកម្មបើកទូលាយ រួមផ្សំជាមួយគោលនយោបាយក្នុងប្រទេសដោយយកចិត្តទុកដាក់ និងការគាំទ្រដល់ធុរកិច្ច នឹងបង្កើតជាផលប៉ះពាល់ជាវិជ្ជមានប្រកបដោយចីរភាព លើការអភិវឌ្ឍន៍សេដ្ឋកិច្ច»។

ចំពោះយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កម្ពុជានៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធី EIF។ ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ ត្រូវបានរៀបចំជួនពេលជាមួយនឹងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។ បើតាមការបន្ថែមរបស់ រដ្ឋមន្រ្តីដដែល ដោយបានបន្ថែមទៀតថា គោលបំណងទីមួយនៃយុទ្ធសាស្ត្រ CTIS ២០១៩ គឺដើម្បីពង្រឹងភាពប្រកួតប្រជែងសម្រាប់គាំទ្រដល់ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យ២០៣០។​ ចំណែកឯ គោលបំណងទីពីរ គឺត្រូវចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR ៤.០)។

យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងឆ្នាំ២០១៩-២០២៣ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពន្លឿនការប្រែក្លាយឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល។ ម្យ៉ាងវិញទៀត ដើម្បីឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល កម្ពុជាមិនត្រឹមតែត្រូវមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្កើនស្ថាប័នជំនាញ និងបទបញ្ញត្តិ។ ជាការលើកឡើងបន្ថែមទៀត របស់ លោក ប៉ាន សូរភ័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះមានការចូលរួមពី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាយកប្រតិបត្តិនៃស្ថាប័ន EIF, អគ្គនាយករងនៃអង្គការ WTO និងតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម៕

អ្នកជំនាញ ៖ អ្នកលក់ពូកែ និងឆ្លាត មិនបង្ខំឱ្យអតិថិជនទិញ តែបង្ហាញ​ពីហេតុផល

ថ្លែងប្រាប់ យុវជនជំនាន់ថ្មី កាលពីពេលថ្មីៗនេះ លោកម៉ាន់ ច័ន្ទឌី អ្នកជំនាញអចលនទ្រព្យ អគ្គនាយក​ក្រុមហ៊ុនព្រីមៀមគ្រុប និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អាយឃ្យូអាយ ឃែមបូឌា បានមានប្រសាសន៍ថា ជាអ្នកលក់ពូកែ ជាអ្នកលក់ល្អ ជាទូទៅ គេមិនដែលបង្ខំឱ្យអតិថិជនទិញខុនដូ ឬផ្ទះល្វែង ឬបុរីរបស់​គេទេ។

លោកម៉ាន់ ច័ន្ទឌី បន្តថា ការនិយាយបែបបង្ខំ ឬអូសទាញឱ្យគេទិញអចលនទ្រពយរបស់ខ្លួន នឹអថ្វើឱ្យ​អតិថិជន មានមន្ទិលសង្ស័យ ឬធុញទ្រាន់ចំពោះអាកប្បកិរិយា របស់អ្នកលក់ផង ព្រោះអតិថិជនខ្លះ គេ​មិនត្រូវការ ភាពសាំញាំរបស់អ្នកលក់ទេ គេត្រូវការភាពម៉ឺងម៉ាត់ និងហ្មត់ចង់ច្បាស់លាស់ ថាតើការ​ទិញរបស់គេត្រូវឬខុស?

អ្នកជំនាញអចលនទ្រព្យរូបនេះ បានបញ្ជាក់ទៀតថា ជាអ្នកលក់ល្អ និងពូកែ គឺគេអាចពន្យល់ពីអំណោយ​ផល ពីហេតុផល ដែលអ្នកទិញត្រូវការទិញ ដូចជា ប្រសិនបើទិញ តើអតិថិជនចំណេញបានអ្វីខ្លះ ? ហើយ​ថ្ងៃអនាគត អ្នកទិញ ឬអតិថិជន អាចលក់វិញបាន ក្នុងកម្រិតណា? រួចខ្លួន ឬចំណេញតិចតួច ឬចំណេញច្រើន។

លោកអគ្គនាយកម៉ាន់ ច័ន្ទឌី ក៏បានបង្ហើបផងដែរថា អ្នកលក់ល្អ និងឆ្លាត គឺត្រូវនិយាយពាក្យស្មោះត្រង់ ទៅកាន់អតិថិជន បើអចលនទ្រព្យណា មិនមានអំណោយផលគួរប្រាប់គេតាមត្រង់ បើអចលនទ្រព្យណា មានអំណោយផលខ្លាំង ក៏គួរប្រាប់គេដែរ ទើបកិច្ចការលក់របស់អ្នកលក់ជោគជ័យ ក្នុងន័យថា បើ​អតិ​ថិជន​យើងជោគជ័យ យើងក៏ជោគជ័យដែរ៕

អ្នកទិញ​ផ្ទះ ឬដី ត្រូវគិតលើកត្តាទាំងនេះ ដើម្បីកុំឱ្យកប់លុយ ឬចាញ់បោកគេ

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន លោកម៉ាន់ ច័ន្ទឌី អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន ព្រីមៀមគ្រុប បានលើកឡើងថា ដើម្បីកុំឱ្យចាញ់បោកគេ ឬកប់​លុយចោល អ្នកទិញអចលនទ្រព្យទាំងអស់ មុននឹងទិញត្រូវគិតលើកត្តាមួយចំនួនដូចខាងក្រោមនេះ

១. គិតលើទីតាំង គឺត្រូវសិក្សាស្វែងយល់ថា ទីតាំងដែលយើងគ្រោងនឹងទិញនោះ មានអំណោយ​ផល​ឬទេ? អំណោយផលអ្វីខ្លះ? ដូចជា ទិញហើយ អាចរកស៊ីលក់ដូរបាន ឬអាចលក់ទៅវិញបានថ្លៃ បាន​ចំ​ណេញ។

២.តើតំំបន់ ឬទីតាំងដែលគ្រោងទិញនោះ មានញាតិជិតខាងជាមនុស្សប្រភេទណាដែរ? ជាមនុស្សល្អ គួរ​គោរពស្រលាញ់រាប់អានទេ?

៣.តំបន់នោះ មានប្រព័ន្ធលូ ទឹក ភ្លើង ផ្លូវថ្នល់ធំទូលាយហើយឬនៅ? ឬក្រុមហ៊ុន គេបានរៀបចំស្រេច​បាច់​​ហើយឬនៅ?

៤. តំបន់នោះ ជាតំបន់មានទំនាស់ ឬប៉ះពាល់ ឬមានវិវាទជាមួយអាជ្ញាធរ ឬក្រុមហ៊ុន ឬប្រជាពលរដ្ឋ​ណាទេ ?

៥. តើក្រុមហ៊ុនមានការធានាកាត់ប្លង់រឹងដែរឬទេ ហើយកម្រិតណា

៦. តើក្រុមហ៊ុន ធ្លាប់មានប្រវត្តិ ដូចម្តេចដែរ? ដូចជាធ្លាប់មានរឿងអាស្រូវជាមួយអ្នកទិញ ធ្លាប់មាន​ទំនាស់​​​ជាមួយ ដៃគូរកស៊ី និងធ្លាប់ត្រូវបានអាជ្ញាធរមានសត្ថកិច្ច ឬក្រសួងមានសមត្ថកិច្ចព្រមាន អំពី​រឿងខុសច្បាប់ឬទេ?

៧.តើតម្លៃទីផ្សារ នៃដីនោះខ្ពស់ឬទាបជាងទីផ្សារ?

លោកម៉ាន់ច័ន្ទឌី បញ្ជាក់ថា កាលណាយើងបានសិក្សាស្វែងយល់ល្អិតល្អន់បែបនេះ នោះទោះបីមាន​ការ​ចន្លោះប្រហោង ក៏អាចឱ្យយើងចៀសផុតពីហានិភ័យចាញ់បោកគេ ឬទិញហើយកប់លុយចោលបានមួយ​កម្រិតខ្ពស់ដែរ។

គួររំលឹកថា កាលពីពេលកន្លងមក មានប្រជាពលរដ្ឋមួយចំនួន បានចាញ់ល្បិចអ្នករកស៊ីទុចរិត ដោយបាន ចំណាយប្រាក់ដ៏សន្ធឹកសន្ធាប់ទៅទិញដី ឬផ្ទះ ដែលមិនទាន់មានប្លង់ត្រឹមត្រូវ ហើយកាលពីពេលថ្មីៗនេះ ក៏មានអ្នកជំនួញ អចលនទ្រព្យមួយចំនួន ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទឆបោកប្រជាពលរដ្ឋ រឿងទិញដី លក់ដី ឬអចកនទ្រព្យនេះដែរ៕

ប្រវត្តិតស៊ូរបស់ លោក ហ៊ុន សែន

លោកហ៊ុន សែន មានឆ្នាំកំណើត២ និងឈ្មោះកំណើត៣។ លោកចាប់កំណើតនៅឯជនបទដាច់ស្រយាល នៃឃុំពាមកោះស្នា ស្រុកស្ទឹង​ត្រង់ ខេត្តកំពង់ចាម ក្នុងត្រកូល ឪពុកម្តាយ​ជាកសិករ មានកម្រិតជីវភាពមធ្យម។ លោកកើតនៅម៉ោង១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ តែក្រោយមក នៅពេលលោក រត់ចូលព្រៃ ដើម្បីតស៊ូ ប្រឆាំងការឈ្លានពានរបស់បរទេស និង​ការ​ទម្លាក់គ្រាប់បែករបស់អាមេរិកពីឆ្នាំ១៩៧០ ដើម្បីងាយចាំលោកបានដូរពីថ្ងៃទី៥សីហា ឆ្នាំ១៩៥២ មកជាថ្ងៃទី៤ មេសា ឆ្នាំ១៩៥២ ព្រោះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ជាថ្ងៃដែលលោកសម្រេចចិត្ត ដឹកនាំមិត្តភក្តិរត់ចូលព្រៃ។ ប៉ុន្តែ ចាប់ពីថ្ងៃទី៨ មករា ឆ្នាំ១៩៧៩ បន្ទាប់ពី​រំដោះ​ប្រទេស​ចេញពីរបបឃោរ​ឃៅ​ប៉ុល ពត និងជាថ្ងៃបង្កើត​រដ្ឋាភិ​បាលថ្មី​ជា​លើកដំបូង ដែលមានឈ្មោះថា ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា  លោកបានដូរឆ្នាំកំណើត​មក​ ឆ្នាំ១៩៥១វិញ តែរក្សាថ្ងៃទី៤មេសា ដដែល។

មានកត្តា២ ដែលធ្វើឱ្យលោក មិនដូរថ្ងៃខែឆ្នាំកំណើត ពីឆ្នាំ១៩៥១ មក១៩៥២វិញ ដោយសារទី១ អ្នក​​វាយ​​អង្គូលីលេខបានវាយខុស ហើយកទៅផ្សាយវិទ្យុភ្នំពេញនៅរួចហើយ ទី២ ដើម្បីឱ្យស្របទៅតាមតួនាទី របស់​លោក ដែលលោកជារដ្ឋ​មន្រ្តីការបរទេស​អាយុ២៦ឆ្នាំ ជារដ្ឋមន្រ្តីវ័យក្មេងជាងគេលើលោក។ លុះនៅឆ្នាំ១៩៨៥ ពេលលោកឡើងជានាយករដ្ឋមន្រ្តី ក៏លោកទើបតែមានងាយុ៣៤ឆ្នាំ ហើយពេលជួបចរចាជាមួយសម្តេច នរោត្តម​សីហនុ លោកមានអាយុ៣៦ឆ្នាំ។

ចំណែកឈ្មោះរបស់លោក គឺលោក មានឈ្មោះកំណើតថា ហ៊ុន បូណាល់ ហៅ​​សែន ដោយចាស់ពីដើម​យកតាមរូបរាងរបស់លោក ដែលធាត់កាណាល់ តែក្រោយមក នៅ​ពេល​លោកសម្រេចចិត្តរត់ចូល​​ព្រៃ ​ដើម្បីតស៊ូ រំដោះជាតិ តាមការ​អំពាវនាវរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ លោកបានដូរឈ្មោះទៅ​ជា ហ៊ុន សំរេច និងក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ លោកបានដូរឈ្មោះទៅជា ហ៊ុន សែន ជាឈ្មោះកំណើតវិញ​។ លោកហ៊ុន សែន បានប្រកាសបញ្ជាក់អំពីការសម្រេចចិត្តជ្រើសរើសយកថ្ងៃទី៤មេសា ឆ្នាំ១៩៥១ ជាឆ្នាំកំណើតរបស់លោកជា​ផ្លូវការ ចំនួន៣លើក។ លើកទី១ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ សម្តេចបានផ្សព្វផ្សាយ នៅលើទំព័រហ្វេស​ប៊ុក​របស់សម្តេច លើកទី២ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ​នៅសម្តេចបានប្រកាសនៅសាលាបណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ពេលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ ជូន​និស្សិត​នាយ​នគរបាល និង​លើកទី៣ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ គឺសម្តេចបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់សម្តេច។

លោក ហ៊ុន សែន បានបោះបង់ការសិក្សា ត្រឹមមធ្យមសិក្សា នៃវិទ្យាល័យឥន្រ្ទទេវី ទៅកាន់ស្រុកកំណើត បន្ទាប់ពីបងប្រុសជីទួត​មួយរបស់លោកម្នាក់ត្រូវបានអាជ្ញាធរលោក លន់ នល់ ចាប់ខ្លួន ដោយចោទប្រកាន់ថា មាន​ជាប់ពាក់ព័ន្ធជាមួយខ្មែរ​ក្រហម។ លោក ហ៊ុន សែន បានសម្រេចចិត្តរត់ចូលព្រៃជាមួយមិត្តភក្តិមួយ​​ចំនួនទៀតនៅ​ក្នុង​ឃុំដា ស្រុកមេមត់ ខេត្តកំបង់ចាម  នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ក្នុងវ័យជិត១៨ឆ្នាំ ដើម្បី​តស៊ូ រំដោះប្រ​ទេស​ពីការឈ្លានពាន និងការទម្លាក់របស់អាមេរិក ជាពិសេសការទាមទារអំណាចថ្វាយព្រះករុណា នរោត្តមសីហនុ វិញ។ ប៉ុន្តែ លោក​និងមិត្តភក្តិ បាន​ទៅដល់ក្នុងព្រៃម៉ាគី (ព្រៃស្រោង ព្រៃស្បាត ឬព្រៃរបោះ)ថ្នាក់តំបន់ជាប់ព្រំដែនកម្ពុជា វៀតណាម  នៅអំឡុងថ្ងៃទី២០ ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ឆ្នាំ១៩៧០​ដដែល ព្រោះលោកសម្រេចថា ចុះឈ្មោះថ្ងៃទី៤មេសា និងត្រូវទៅចូលព្រៃ ក្រោយថ្ងៃបុណ្យចូលឆ្នាំ។ ទៅដល់ព្រៃដំបូង លោកត្រូវបាន​គេជ្រើស​​រើសឱ្យរៀនផ្នែកវិជ្ជាពេទ្យ ដើម្បីជួយសង្រ្គោះអ្នករបួស និងអ្នកជំងឺគ្រុនចាញ់ ប៉ុន្តែ លោក​​បាន​​បដិសេធ។ លោបាន​ប្រ​កែកដាច់អហង្កាថា មិនរៀនវិជ្ជាពេទ្យទេ ព្រោះលោកមកនេះ គឺចង់ធ្វើទាហាន ដើម្បី​រំដោះ​ជាតិ ម្យ៉ាង លោកក៏ជា​មនុស្សខ្លាចឈាម និងខ្លាចម្ជុលដែរ។ លោកបានមានះ ថាបើគេនៅតែបង្ខំឱ្យរៀន​វិជ្ជា​ពេទ្យ លោក នឹងត្រលប់មក​ស្រុកវិញ។

ដោយមើលឃើញថា លោកហ៊ុន សែន នៅតែមានះខ្លាំង អ្នកជ្រើសរើស បានសម្រេចឱ្យលោក ចូល​រៀន ផ្នែក​កងទ័ពតាមចិត្តរបស់លោក។ បន្ទាប់ពីសិក្សាពីយុទ្ធសាស្រ្ត ពីការប្រើប្រាស់អាវុធបានតិចតួច ឬមិនទាន់ចេះប្រើ​ប្រាស់​អាវុធស្រួលបួលផង នៅមួយសប្តាហ៍ក្រោយមក ទំនងដោយការចង់សាកល្បង ឬផ្ចាញ់ផ្ចាល ឬចង់ឱ្យលោក​​គ្រោះថ្នាក់លើសមរភូមិ តាម​​ច​រិតរឹងរូស​របស់លោក មេបញ្ជាការ និងអង្គភាពរបស់លោក បានបញ្ជូនលោក ឱ្យដឹក​នាំកងទ័ពប្រមាណ​ជាង​១០នាក់​ទៅវាយដណ្តើមយកបន្ទាយរបស់កងទ័ព លន់ នល់ នៅស្រុកស្នួល។ នៅគ្រានេះ លោក ហ៊ុន សែន ដើ​រតួជា​មេបញ្ជាការផង ជាអ្នកឃោសនាផង។

មុនពេលប្រយុទ្ធគ្នាកើតឡើង នៅវេលាថ្ងៃត្រង់ លោក ហ៊ុន សែន បានយកមេក្រូ ទៅចងលើដើមកៅស៊ូ ដើម្បីនិយាយឃោសនា ទៅកាន់កងទ័ពសាធារណរដ្ឋខ្មែរ នៃឧត្តមសេនីយ៍ លន់ នល់។ ប៉ុន្តែ ទើបតែនិយាយ​បាន​ប៉ុន្មានម៉ាត់ មេក្រូរបស់លោក ត្រូវគេបាញ់ទម្លាក់ ឱ្យធ្លាក់មកដី។ ទោះជាយ៉ាងនេះ​ក៏លោកនៅតែព្យាយាម រក​មធ្យោ​បាយ ដើម្បីនិយាយឃោសនា ទៅកាន់ទាហានលោក លន់ នល់ តាមទេពកោសល្យរបស់លោក។

នៅវេលាម៉ោង៤កន្លះទៅ៥ ល្ងាច នៅពេលឆាកប្រយុទ្ធជាលើកដំបូងរបស់លោក ត្រូវចាប់ផ្តើម ពួកទា​ហាន​លន់ នល់ ទាំងអស់ ដែលឈរជើងនៅស្នួលបានសុំចុះចូលជាមួយលោក។ សមរភូមិទី១របស់លោក លោកហ៊ុន សែន បានឈ្នះដោយមិនបាច់ច្បាំង អស់គ្រាប់មួយគ្រាប់។ លោកបានយកអាវុធ និងអ្នកចុះចូលមកកាន់បន្ទាយ​របស់លោក។ ប្រមាណ១០ថ្ងៃក្រោយមកទៀត ខណៈទើបតែចូលសាលាយោធា បានជាង២០ថ្ងៃ គឺអំឡុងចុង ខែឧសភា ឆ្នាំ១៩៧០ លោកហ៊ុន សែន ដែលមានរាងស្គម ស្តើងស្ពស់ ក៏ត្រូវ​មេបញ្ជាការ បញ្ជាឱ្យដឹកនាំ​​កម្លាំង​ទៅ​ប្រយុទ្ធនៅសមរភូមិទីរួមខេត្តក្រចេះ ដើម្បីដណ្តើមយកទីតាំងឈរជើងនៅទីនេះ។ នៅលើសមរភូមិ នាដើមរដូវវស្សា​នេះ លោក ហ៊ុន សែន បានឈ្នះដោយមិនបាច់ច្បាំងទៀត ដោយសារ ពេលចាប់ផ្តើមបើកការប្រយុទ្ធ កងទ័ព សាធា​រណរដ្ឋខ្មែរ ដែលឈរជើងនៅក្រចេះ បានសុំចុះចូលជាមួយលោកដូចសមរភូមិស្នួលដែរ។

(នៅមានត)

សម្តេច ហ៊ុន សែន ផ្តល់អនុសាសន៍ចំនួន ៣ ដើម្បីទប់ស្កាត់កូវីដ១៩

ទី១-ក្រសួងនានា ត្រូវប្រើថវិកាសន្សំរបស់ខ្លួន ទិញឧបករណ៍តេស្តរហ័សរកកូវីដ-១៩ មកទុកនៅក្នុងអង្គភាពខ្លួន និងប្រើប្រាស់ក្នុងលក្ខណ:សន្សំសំចៃ និងមិនត្រូវអោយធ្លាក់ទៅក្នុងទីផ្សារ។

ទី២- ត្រូវយកចិត្តទុកដាក់គ្រប់គ្រងច្រកព្រំដែនអោយបានម៉ឺងម៉ាត់។

ទី៣- យកអាទិភាពប្រឆាំងកូវីដ-១៩ ជាទិសដៅធំ និងទប់ស្កាត់ដាច់ខាតកុំឱ្យចូលក្នុងក្រសួង/ស្ថាប័ន។

(ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១)

ប្រភព AKP

សម្តេច ហ៊ុន សែន ៖ ខ្ញុំមិនបណ្តោយឲ្យស្ថាន​ភាពដូចនៅឥណ្ឌា ទេ

ថ្លែងក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុនសែន

មានប្រសាសន៍ថា ក្រុមប្រឆាំងបានវាយប្រហារសម្តេច ដោយចោទថា ការទិញម្ឈូសយកមកទុកដាក់សាកសព​អ្នកស្លាប់ដោយកូវីដ-១៩ ជាការប្រមាថជីវិតប្រជាជន។

សម្តេច បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពដូចប្រទេសឥណ្ឌា ដែលមនុស្សត្រូវបង្ខំចិត្ត​យកសាកសព​ទៅបោះចោលក្នុងទន្លេ ឬទៅកប់តែពាស ឬដូចនៅអាមេរិក ដែលរកកន្លែងដាក់សពមិនបាន រហូតត្រូវបង្ខំចិត្តយកឡានក្លាស្សេសាច់សម្រាប់ដាក់សពនោះទេ»”។

គួររម្លឹកថា ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ មក បន្ទាប់ពីមានការឆ្លងជាសហគមន៍ កម្ពុជា មានការឆ្លងជំងឺ​កូវីដ១៩ កាន់តែច្រើនទៅៗ និងបណ្តាលឱ្យមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ច្រើនទៅៗដែរ។

AKP

លោក សម សារី ផ្ញើគ្រាប់បែក២គ្រាប់ ថ្វាយសម្តេច នរោត្តមសីហនុ

សម សារី ឪពុករបស់លោក សម រង្សី បានផ្ញើកាដូគ្រាប់បែក២គ្រាប់ ថ្វាយសម្តេច នរោត្តមសីហនុ ក្នុងបំណង​ធ្វើគតព្រះអង្គ តែមិនបានសម្រេច។

សម សារី ជា អ្នកសីហនុនិយមដ៏មានមហិច្ឆតា ត្រូវបានសង្ស័យថា ជាមិត្តដ៏ជិតស្និទ្ធនឹងសហរដ្ឋអាមេរិក​នៅក្នុងប្រ​ទេសកម្ពុជា។ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៅព្រះបរមរាជវាំងនៃស្តេចជែម (ទីក្រុងឡុន​ដុន) រហូតដល់ លោកជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមួយ គឺលោកបានប្រើហិង្សា(វាយដំ)ទៅលើស្រ្តីអ្នកបម្រើក្នុង​ផ្ទះ​របស់លោកនៅអង់គ្លេស ហើយត្រូវបានតម្រួតចាប់ខ្លួនភ្លាមៗ។ សម្តេច សីហនុ បានកោះហៅ សម សារី ឱ្យធ្វើមាតុភូមិនិវត្តន៍ភ្លាមៗដែរ។

ប៉ុន្តែ កុំឱ្យលោកអាប់កិត្តិយស ព្រះអង្គបានតែងតាំង លោកសម សារី ជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ ។ ទោះជាយ៉ាងនេះក្តី លោក សម សារី មិនបានពេញចិត្តនោះទេ និងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង និងចាប់ផ្តើម​វាយប្រហារសម្តេច សីហនុ ដែលកំពុងគង់នៅបរទេស ។

លោក សម សារី នៅពេលនោះ បានចាប់ផ្តើមបង្កើតគណបក្សប្រឆាំងមួយ ដែលបោះពុម្ភកាសែតសេរី មានឈ្មោះ​​ថា រាស្រ្តាធិបតី ដែលវាយប្រហារលើប្រទេសចិន។ ដោយសារតែកាសែតនេះ មិនមានការផ្សាយ ពាណិជ្ជកម្ម គេវាយតម្លៃថា វាប្រហែលជាទទួលប្រាក់ជំនួយពីប្រភពណាមួយជាមិនខាន គឺប្រហែលជាមកពីស្ថានទូតសហរដ្ឋ​​អាមេរិក ប្រចាំកម្ពុជា។

សម្តេច សីហនុ ព្យាយាមមិនអើពើនឹងកាសែតរបស់សម សារី ទេ។ ប៉ុន្តែ នៅទីបញ្ចប់ ព្រះអង្គបានផ្តន្ទាទោស​កាសែតនេះ។ បន្ទាប់មកលោកសម សារី បានទាមទារសិទ្ធិបង្កើតគណបក្សប្រឆាំង ប៉ុន្តែសម្តេចសីហនុបាន​បដិសេធ។ ផ្ទុយមកវិញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៩ សម្ដេចនរោត្តមសីហនុ បានចាប់អារម្មណ៍ ដោយ សំដៅលើផែនការក្បត់នៅទីក្រុងបាងកក ដែលរៀបចំដោយរដ្ឋាភិបាលថ្មីរបស់ថៃ ដែលជាប់ទាក់ទិននឹងការបាត់​មុខរបស់ សម សារី។

គ្រានេះ ផ្ទះលោក សម សារី ត្រូវគេឆែកឆេរ ហើយសំបុត្រចោទបករកាន់ជាច្រើននៅ​ពេលក្រោយមក ត្រូវបានគេបោះពុម្ពនៅទំព័រសារព័ត៌មាន។ តាមរយៈលោក ដូណាល់ លែនខាស្ទ័រ សម្តេច សីហនុ ប្រហែលជាបាន​​អនុញ្ញាតឱ្យសម សារី និរទេសខ្លួនចេញពីប្រទេស ព្រោះព្រអអង្គ និងសម សារី ជាមិត្តសំលាញ់នឹងគ្នា។ ទោះបីជា ពួកគេមានគោលការណ៍នយោបាយផ្សេងគ្នាក៏ដោយ។

លោក លែនខាស្ទើរ ក៏គិតផងដែរថា ផែនការក្បត់នៅក្រុងបាងកករៀបចំដោយលោក លន់ នល់ ដើម្បីកំចាត់គូបដិបក្សរបស់លោក។ លោក សម សារី លេចមុខសារ ជាថ្មីនៅប្រទេសថៃ។ លោកបានធ្វើឱ្យមានការរីកចំរើនផ្នែកនយោបាយបន្តិចបន្តួច ហើយក៏បាត់មុខសូន្យឈឹងទៅវិញ នៅក្នុងឆ្នាំ១៩៦២។

អតីតអ្នកការទូតសហរដ្ឋអាមេរិក ដែលបំពេញបេសកកម្ម នៅក្នុងប្រទេសកម្ពុជា នៅកំឡុងពេលនោះ បានកត់សំគាល់ថា សម សារី ប្រហែលជាត្រូវបានធ្វើឃាត ដោយម្នាស់ ជំនួយមួយរបស់លោក ដែលអាចជាអាជ្ញាធរថៃ ឬចារកម្មអាមេរិក។ នៅក្នុងក្រុងភ្នំពេញ គេជឿថា លោកបានស្លាប់ដោយសារតែជំងឺគ្រុនចាញ់ ។

ទោះជា យ៉ាងណា លោក លែនខាស្ទ័រ បានលឺថា បន្ទាប់ពីដាប ឈួន ត្រូវគេសម្លាប់ លន់ នល់ បានជួលឃាតករ ឱ្យតាមរក សម សារី ដោយក្រុមទីមួយបានរត់គេចខ្លួនជាមួយនឹងលុយរបស់ លន់ នល់ ទៅបាត់ ប៉ុន្តែបើតាមរបាយការណ៍របស់មនុស្សម្នាក់ អះអាងថា គេចាប់ខ្លួនគាត់( សម សារី) ចុងក្រោយបំផុត នៅក្នុងទីក្រុងសៃហ្គន ។

បន្ទាប់ពីសម សារី ភៀសខ្លួនចេញភ្លាម ដាប ឈួន បង្កើនល្បឿនការវិភាគសំរាប់រដ្ឋប្រហាររបស់គាត់។ នៅត្រឹមពេលនេះ លោកត្រូវបានគេស្គាល់ថា ជា ឈួន ម្ជុលពេជ្រ ដែលបានដើរតួបង្ហាញនូវភាពឥតខ្ចោះ, ជម្រៅ ដួងចិត្ត” ក្នុងក្រសែភ្នែករបស់អ្នកប្រពៃណីនិយម។ លោករីករាយនឹងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹង រដ្ឋា ភិបាលថៃ ចាប់តាំងពីទសវត្សរ៍ ៩៩ ឆ្នាំ១៩៤០ និងបានក្លាយជាមិត្តរបស់ លន់ នល់ នៅក្នុងទសវត្សរ៍១៩៤០ ។

ដោយជួបនូវការបរាជ័យនៃបទសមគំនិតក្បត់ទាំងពីរលើកនេះ លោក សម សារី ដែលពេលនោះកំពុង ស្នាក់ នៅវៀតណាមខាងត្បូង បានផ្ញើកញ្ចប់ពីរទៅឱ្យសម្តេច សីហនុ និងព្រះអង្គម្ចាស់ វក្រីវ៉ាន់ នាយកពិធីការព្រះ បរមរាជវាំង។ អំណោយមួយកញ្ចប់ពីហុងកុងសំរាប់ទ្រង់ វក្រីវ៉ាន់ ហើយដោយសង្ឃឹមថា ទ្រង់នៅពេលនោះ នឹងផ្ញើកញ្ចប់មួយទៀតដែលមិនទាន់បើកទៅឲ្យសម្តេច សីហនុ។ ប៉ុន្តែព្រះអង្គម្ចាស់បានបើកកញ្ចប់ទាំង២ ហើយត្រូវបានសម្លាប់នៅក្នុងការផ្ទុះ ដ៏ធំសម្បើម។

វាជាការខំប្រឹងប្រែងលើកទីបី ក្នុងការបណ្តេញសម្តេច សីហនុ ចេញពីតំណែងក្នុងរយៈពេលពីរឆ្នាំ និងមិនបានធ្វើឱ្យព្រះអង្គបោះបង់សហរដ្ឋអាមេរិកចោលនោះទេ។ ជាក់ស្តែង ស្ថានទូតសហរដ្ឋអាមេរិកល្បីថា ជាមជ្ឈមណ្លប្រឆាំងនឹងសម្តេច សីហនុដ៏សំខាន់។ នៅថ្ងៃទី ២០ កុម្ភៈ រដ្ឋ វ៉ាត ជាយុវជនម្នាក់ ដែលបានទៅមក កាន់ស្ថានទូត ស្នើសុំជំនួយ ដើម្បីជួយធ្វើឃាតសម្តេច សីហនុ នៅឯការប្រជុំយុវជននៅពីរថ្ងៃខាងមុខ។ នៅក្នុងឱកាសនេះ ស្ថានទូតពិនិត្យរកមនុស្សដែលមានចរិតចំឡែក ឬអ្នកបង្ករឿង ហើយហៅប៉ូលីសឱ្យចាប់ខ្លួន ក្មេងប្រុសនោះទៅ ។

នៅក្រោយនោនបន្តិច សឺង ង៉ុកថាញ់ ត្រូវគេរុញចេញពីប្រទេសកម្ពុជា ជាមួយនឹងពួកឥស្សរៈរបស់ លោកដែលគេស្គាល់ ថា ជាពួកខ្មែរសេរី ដែលមានមូលដ្ឋាននៅប្រទេសថៃ និងវៀតណាមខាងត្បូង ដែលលោករស់ នៅទីនោះរហូតដល់ឆ្នាំ១៩៧០។ នៅគ្រាដដែលនោះ ប្រទេសកម្ពុជា ស្ថិតនៅក្នុងការរីករាយនឹងសន្តិភាព និងភាពរុងរឿងកាន់តែខ្លាំង ក្នុងរយៈពេលដប់ឆ្នាំ៕

(ដកស្រង់ពីសៀវភៅ ឈ្មោះ ខ្មែរក្រោក)

ដោយ លោក Justin Corfield

ប្រែសម្រួលដោយ៖ សាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា

សាស្រ្តាចារ្យ បណ្ឌិត ណុប សុខា

ទិញដី ឬផ្ទះ យ៉ាងណា ដើម្បីកុំឱ្យចាញ់បោកគេ

ភ្នំពេញ៖ ក្នុងវេទិកា ស្តីពីការវិនិយោគលើវិស័យអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព និងទទួល​បានប្រាក់ចំណេញខ្ពស់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋគារ កាំបូឌីយ៉ា អ្នកជំនាញ​អចលន​ទ្រព្យ ដ៏ជោគជ័យ និងមានបទពិសោធជិត២០ឆ្នាំ លោកម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន ព្រីមៀម គ្រុប បានមានប្រសាសន៍ថា ដើម្បីកុំឲ្យចាញ់បោកគេ ឬទិញអចលនទ្រព្យកប់លុយចោល អ្នកទិញអចលន​ទ្រព្យទាំងអស់ ត្រូវតាមដាន ព័ត៌មានអំពីអចលនទ្រព្យឲ្យជាប្រចាំ ថាតើអចលនទ្រព្យតំបន់ណា​មានតម្លៃល្អ ក្រុមហ៊ុនអចលនទ្រព្យណា មានប្រវត្តិមិនល្អ ឬក្រុមហ៊ុនណាមានប្រវត្តិល្អ គួររកស៊ីជាមួយ។

លោក ម៉ាន់ ច័ន្ទឌី បន្តថា កត្តាទីពីរ ក្រៅពីស៊ើប ឬតាមដានពីប្រវត្តិក្រុមហ៊ុន ឬប្រវត្តិអចលនទ្រព្យ​ហើយ​នោះ អ្នកទិញទាំងអស់ ត្រូវសម្រេចចិត្តទិញលើអចលនទ្រព្យ ដែលមានទីតាំងនៅមិនឆ្ងាយ​ពីផ្ទះរបស់ខ្លួន​ពេក ព្រោះងាយនឹងទៅមកមើល និងថែទាំបាន។

លោកអគ្គនាយកក្រុមហ៊ុន បញ្ជាក់ទៀតថា កត្តាទី៣ អ្នកទិញ ឬវិនិយោគិន ត្រូវពិចារណា និងទិញ​អចលនទ្រព្យ​ណា ដែលមានតម្លៃមិនខ្ពស់ពេក ឬមានតម្លៃទាបជាងទីផ្សារកាន់តែប្រសើរ។

គួររំលឹកថា កាលពីពេលកន្លងមកថ្មីៗនេះ មានក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ត្រូវបានចាប់ខ្លួនបញ្ជូន​ទៅតុលាការ បន្ទាប់ពីមានពាក្យបណ្តឹងទៅតុលាការ និងរកឃើញថា បានលក់អចលនទ្រព្យ(ផ្ទះ ឬដី) ខ្យល់ទៅឱ្យអតិថិជនរបស់ខ្លួន ធ្វើឱ្យអ្នកទិញ ខាតបង់ថវិការាប់ពាន់ រាប់ម៉ឺនដុល្លារ ក្នុងម្នាក់ៗ៕

គន្លឹះសំខាន់ៗ ក្នុងការទិញផ្ទះ ឬដីទទួលបានការចំណេញច្រើន

ភ្នំពេញ៖ ក្នុងវេទិការ ស្តីពីការវិនិយោគលើវិស័យអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព និងទទួល​បានប្រាក់ចំណេញខ្ពស់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋគារ កាំបូឌីយ៉ា អ្នកជំនាញ​អចលនទ្រព្យ ដ៏ជោគជ័យ ដែលមានបទពិសោធជិត២០ឆ្នាំ លោកម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន ព្រីមៀម គ្រុប បានមានប្រសាសន៍ថា ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ពីវិស័យអចលនទ្រព្យ ជំហាន​ទី១ អ្នកវិនិយោគ គួរវិនិយោគទៅលើអចលនទ្រព្យប្រភេទជាផ្ទះលំនៅដ្ឋាន។

លោកម៉ាន់ ច័ន្ទឌី បន្តថា ជំហានទីពីរ អ្នកវិនិយោគគួរសង្កេតមើល ឬពិនិត្យមើលទៅលើតំបន់ ដែលមានអ្នកជិតខាងរស់នៅល្អ ប្រសើរជាងមើលទៅលើទីតាំងល្អ។ អ្នកជិតខាងល្អ មានន័យថា ជាអ្នកជិតខាង ដែលមិនបង្កបញ្ហាឱ្យគ្នា មិនបង្កជម្លោះគ្នា ពេលមានបញ្ហាបន្តិចបន្តួច តែចេះជួយគ្នាទៅ​វិញទៅមក ចេះអធ្យាស្រ័យយោគយល់គ្នា ព្រោះអ្នកទិញផ្ទះ ឬលំនៅដ្ឋានភាគច្រើន ពេលគេចំណាយ​ថវិកា ទៅទិញផ្ទះ គេមិនចង់ទិញ ឬមិនចង់រស់នៅតំបន់ដែលមានជម្លោះ ឬអ្នកជិតខាត ចូលចិត្តបង្កបញ្ហា​នោះទេ ។ គេត្រូវការភាពស្ងប់សុខ ដើម្បីរស់នៅ។

លោកបញ្ជាក់ទៀតថា ជំហានទី៣ ត្រូវសង្កេតមើលតំបន់ ដែលមានមនុស្សនិយមទិញផ្ទះជាលំនៅដ្ឋាន ដើម្បីរស់នៅ និងជួលច្រើន និងមានភាពរស់រវើក សកម្មផងដែរ តែគួរទិញដី ឬផ្ទះដែលមានមនុស្សឆ្លង​កាត់ច្រើន ព្រោះតំបន់ខ្លះ គេគ្រាន់តែឆ្លងកាត់ តែំិនមិនចង់រស់នៅទេ ដោយសារការចរាចរណ៍ច្រើន របស់អ្នកដំណើរ នាំឱ្យរំខានដល់ការរស់នៅរបស់គេ៕

យុវជន និងការអភិវឌ្ឍ

យុវជនល្អប្រៀបដូចសរសរទ្រូង ទ្រទ្រង់សង្គមជាតិ តែបើយុវជនឥតមារយាទ ឬចោល ម្សៀត នោះយុវជន នឹងក្លាយជាបន្ទុក ក្លាយទៅជាអម្រែកបន្ថែមទម្ងន់ ឬជាបំណុលរបស់សង្គម។


ដូច្នេះ ដើម្បីចៀសវាងខ្លួន ក្លាយជាអំម្រែក ក្លាយបំណុលសង្គម យុវជនគប្បីធ្វើអ្វី ដែលអាចជាការរួម​ចំណែក អភិវឌ្ឍន៍ដល់សង្គម។ មិនគប្បីធ្វើជាយុវជនត្អូញត្អែរ យុវជនស្តីបន្ទោសឱ្យសង្គមនោះទេ ព្រោះ​នៅ​​ប្រទេសណា ក៏ដូចប្រទេសណាដែរ គ្មានមេដឹកនាំណា បង្កើត ឬស្វែងរកការងារឱ្យុវជនក្រោយពី​រៀន​ចប់នោះទេ។ នៅសហរដ្ឋ អាមេរិក សាំងហ្គាពួរ ថៃ ជប៉ុន យុវជនដែលរៀបចប់ គឺស្វែងរកការ​ងារធ្វើ ឬ​បង្កើត​ការងារដោយខ្លួនឯង។ គេព្យាយាមសិក្សាស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មី ដើម្បីជួយខ្លួនឯង និងជួយ​សង្កំ មិនមែនរៀនចប់ ចាំសង្គមបង្កើត ឬស្វែងរកការងារឱ្យធ្វើនោះទេ។

ចូរឈប់ត្អូញត្អែរដាក់សង្គម តែត្រូវលើកទឹកចិត្តសង្គម ទើបជាយុវជនល្អ។


ទុន នៃជីវិត

ដើម្បីអនាគត ភ្លឺស្វាង ថ្លៃថ្លា ដំបូងបំផុត មនុស្ស ត្រូវចេះត្រូវរក្សាជីវិតឱ្យបានគង់វង្ស ព្រោះនៅពេលមានជីវិត គឺមានក្តីសង្ឃឹមនៅពេលមានក្តីសង្ឃឹម អ្វីៗនឹងប្រសើរឡើង។

ទី២ មនុស្សត្រូវចេះរក្សាសុខភាពឱ្យបានល្អ កុំឱ្យមានជំងឺបៀតបៀនប្រចាំកាយ

ទី៣ ត្រូវបញ្ចៀស​ជិវិតឱ្យចៀសផុតពីបញ្ហារឿងរ៉ាវ ឬអំពើខុសច្បាប់ផ្សេងៗ

ទិ៤ ត្រូវមានចំណេះដឹង។ ត្រូវស្វែងរកចំណេះដឹង ប្រឹងប្រែងសិក្សារៀនសូត្រ ទាំងនៅសាលា ទាំងពីរៀមច្បង ឬ​អ្នក​ធ្លាប់មានបទពិសោធ ទាំងការសង្កេតចំពោះបរិកាសជុំវិញខ្លួន។ ពេលខ្លះអាចសិក្សារៀនសូត្រពី​មិត្តភក្តិបាន​ដែរ។

៥ ត្រូវមានសេចក្តីថ្លៃថ្នូរ។ ទោះក្នុងការលៈទេសៈណាក៏ដោយ កុំភ្លេចរក្សាភាពថ្លៃថ្នូររបស់ខ្លួនឱ្យ ដូចគេនិយាយថា ធ្វើយ៉ាងណា កុំឱ្យគេបាត់បង់ទំនុកចិត្តចំពោះយើង។

៦ ត្រូវមានមិត្តភាពដ៏ស្មោះត្រង់ ឬហៅថា ផាពរួសរាយរាក់ទាក់ ទោះបីគេមិនចូលចិត្តយើងក៏ដោយ ក៏យើងគប្បី​រួសរាយ រាក់ទាក់ជាមួយគេដែរ។ មានន័យថា ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។

៧ ត្រូវរក្សាស្នាមញញឹម ជានិច្ច ព្រោះស្នាមញញឹម ជាមន្តស្នេហ៍ដ៏សក្តិសិទ្ធិ ហើយវាមិនចាំបាច់ចំណាយថវិកាទេ

៨ ត្រូវចេះអត់ឱន។ ប្រសិនបើគេធ្លាប់ធ្វើលើសលស់មកលើយើង ប្រសិនបើមិនធំដុំពេកទេ យើងគប្បីបំភ្លេចចោល​ខ្លះ ហើយបន្តរាប់អានគេជាមិត្ត ដោយសេចក្តីថ្លៃថ្នូរដដែល។

៩ ត្រូវចេះជួយគ្នា ។ ទោះបីជាមិត្ត ឬមិនមែនជាមិត្ត ទោះស្គាល់គ្នា ឬមិនស្គាល់គ្នា ប្រសិនបើគេមានអាសន្ន ដែល​យើងអាចមានលទ្ធភាពអាចជួយបាន យើងគប្បីជួយដោយស្មោះត្រង់ កុំសម្លឹងមើលឃើញពីប្រយោជន៍អ្វីឱ្យសោះ។

ចំណុចទាំងអស់ខាងលើ ជាទុនជវិត ដែលអាចជួយយើងបាន នៅពេលណាមួយ ដែលមានការចាំបាច់៕

អតីតទណ្ឌិត គឹម សុខ អះអាងថា ព្រះមហាក្សត្រ មិនចង់សោយរាជប៉ុន្មានទេ

យោងតាមសម្តីលោក គឹម សុខ អតីតទណ្ឌិត ដែលត្រូវបានចាប់ខ្លួនពីប៉ុន្មានឆ្នាំមុន និងដែលអ្នកនាំពាក្យក្រ​សួង​មហាផ្ទៃ លោក ឧត្តមសេនីយ៍ ខៀវ សុ័គ ដាក់រហស្សនាមឱ្យថា ជាមនុស្សមានបញ្ហាស្មារតី ឬវិកលចរិត ដោយ​សារតែ ម្តងចោទថា លោក ស ខេង ចង់ធ្វើរដ្ឋប្រហារទម្លាក់លោក ហ៊ុន សែន ម្តងថា ក្រសួង​មហាផ្ទៃ​ត្រូវបានលក់​ទៅឱ្យឯកជននោះ បានផ្តល់បទសម្ភាសន៍ឱ្យអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក ដើម្បីវាយប្រហាររដ្ឋាភិបាល ឌឺឃែម​បូឌាដេលី ថាបច្ចុប្បន្ននេះ ព្រមហាក្សត្រ ដែលទ្រង់គង់នៅជាម្លប់ដល់ពលរដ្ឋខ្មែរ ព្រះអង្គមិនសព្វព្រះហរទ័យ​ប៉ុន្មាន​​​ទេ ហើយប្រសិនបើរាជានិយម ត្រូវបានបំបាត់ចោលនោះ ក៏ព្រះអង្គមិនទើសទាស់អីដែរ។ សម្តីលោក គឹម សុខ មាន​ន័យថា ចង់ឱ្យប្រទេសខ្មែរគ្មានស្តេច គ្មានព្រះមហាក្សត្រ ខណៈប្រជាជនកម្ពុជា កំពុងត្រូវការស្តេច ត្រូវការ​ព្រះមហាក្សត្រគង់នៅជាម្លប់ដល់កូនចៅ ឯព្រះមហាក្សត្រ ក៏ព្រះអង្គ ចង់គង់ធ្វើជាម្លប់ដល់កូនចៅប្រជារាស្រ្តដែរ។

ការលើកឡើងបែបវិកលចរិតនេះ ធ្វើឱ្យមានការសើចចម្អកពីមជ្ឈដ្ឋានទូទៅថា លោក កឹម សុខ ពិតជាមានបញ្ហាខួរ​ក្បាល​មែនហើយ ហើយគេបាននិយាយបែបសើចចម្អកឱ្យលោក គឹម សុខទៀតថា ប្រសិនបើលោក ហ៊ុន សែន គ្មានចេតនារក្សារាជានិយម ឬប្រសិនបើលោកហ៊ុន សែន ចង់បំបាត់រាជានិយមមែននោះ ឆ្នាំ១៩៨៧ លោក ហ៊ុន សែន មិនចាំ​បាច់ ទៅចរចាអុសយកសម្តេចព្រះនរោត្តម សីហនុ ពីក្នុងព្រៃមកទេ ខណៈព្រះអង្គកំពុងគង់នៅ​ជាមួយ​ពួក​បាតដៃប្រឡាក់ឈាមប្រជាជន ប៉ុល ពត។

លោកអ្នកវិភាគស្ទើរភ្លើងតោងយល់ថា អ្នកដែលឈ្នះពីរនាក់ គឺ​លោក លន់ នល់ និងលោក ប៉ុល ពត បាន​រំលាយ​រាជានិយមចោល បណ្តេញមហាក្សត្រចេញពីរាជវាំង យកព្រះមហាក្សត្រមកឃុំឃាំងនៅក្នុងវាំង នៅពេលពួកគេ​ឈ្នះ​សង្រ្គាម និងធ្វើរដ្ឋប្រហារ ដោយគ្មានអ្នកតវ៉ា។ ប៉ុន្តែ លោក ហ៊ុន សែន បានព្យាយាមទៅអំពាវនាវ និងបញ្ចុះ​បញ្ចូល អង្វរព្រះអង្គ(សម្តេចឪ នរោត្តមសីហនុ) ឱ្យព្រះអង្គយាងមកកម្ពុជា ដើម្បីគង់នៅជាម្លប់សម្រាប់​កូន​ចៅ ចៅ​ទួតរបស់ព្រះអង្គវិញ នៅពេលលោកឈ្នះសង្រ្គាម ឬផ្តួលរំលំរបបប៉ុលពតនៅឆ្នាំ១៩៧៩។ លោក ហ៊ុន​ សែន ត្រូវព្រះអង្គជេរប្រមាថ ថាជាអាយ៉ងវៀតណាម ប៉ុន្តែ លោក ហ៊ុន សែន ដោយសារតែ ដើម្បីជាតិប្រជាជនបាន​សុខ​សាន្ត សុខចិត្តឱ្យព្រះអង្គជេរ ហើយនៅតែព្យាយាមអូសទាញព្រះអង្គឱ្យយាងមកកម្ពុជា ឱ្យខាងតែ ដែលទីបំផុត ព្រះអង្គបានស្បថចំពោះមុខលោក ហ៊ុន សែន ចំនួន៣លើកថា ព្រះអង្គឈប់ជេរលោក ហ៊ុន សែន ហើយ។

លោកគឹម សុខ គួរយល់ថា បច្ចប្បន្ន គ្រាន់តែក្រសួងព្រះបរមរាជវាំងមួយ គឺរាជរដ្ឋាភិបាល ត្រូវចំណាយថវិកាជាតិ ដើម្បីទ្រទ្រង់ ក្នុងមួយឆ្នាំយ៉ាងតិចពី៧ទៅ១០លានដុល្លារ ខណៈពេលក្រសួងនេះ ពុំមានសកម្មភាពអ្វីជាធំដុំ ឬហៅ​ថា ចំណាយថវិកាជាតិមិនមានប្រយោចន៍។ ប៉ុន្តែ ដោយសារតែជាតិ ប្រជាជនយើង តាំងពីបរមបុរាណមក ធ្លាប់​មានរាជានិយម មិនអាចខ្វះបាន ទើបរាជរដ្ឋាភិបាល នៅតែថែរក្សារបរាជានិយមឱ្យនៅដដែល។ ប្រសិនបើ ដូច​លោកគឹម សុខ ដែលគិតឆ្កួតៗនោះ គេនឹងធ្វើដូចលោក លន់ ​នល់ ឬលោក ប៉ុល ពត បាត់ទៅហើយ មិនចាំបាច់​អីចំណាយពេលចរចារាប់ឆ្នាំ និងមានរបបរាជានិយមទី២ទេ។ របបរាជានិយម ត្រូវបានការបារដោយរដ្ឋធម្មនុញ្ញ ហើយប្រជាជនខ្មែរទូទាំងប្រទេស ត្រូវការព្រះមហាក្សត្រ ឬលោកចង់ឱ្យព្រះមហាក្សត្រ ដាក់រាជ រំលោភរដ្ឋធម្មនុញ្ញ ខណៈរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រ ត្រូវសោយរាជអស់មួយព្រះជន្ម(ជីវិត) ។ និយាយចុះនិយាយឡើង គឺ​​លោក គឹម សុខ ឯងនេះ​ទេ ដែលប្រមាថ​របបរាជានិយម ប្រមាថព្រះមហាក្សត្រនោះ។ ប៉ុន្តែ ការវិភាគរបស់លោក ធ្វើ​ឱ្យគេងាណិតលោក​ទៅវិញ ដោយសារតែលោក គំនិតខ្លី និងមានបញ្ហាខួរក្បាលផង៕

អ្នកកាសែតចំនួន៣នាក់ ត្រូវាបានរកឃើញថា មានជំងឺកូវីដ១៩

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អនុគណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នៃក្រសួងសខាភិបាល បានឱ្យ​ដឹងថា នៅថ្ងៃទី៣០មិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញថា  អ្នកកាត់តវីដេអូ នៅស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ឬខេមរៈភូមិន្ទ ចំនួន២នាក់ និងភ្នាក់ងារសារ ព័ត៌មានរ៉យទ័រ ប្រចាំកម្ពុជា ម្នាក់ មានវិជ្ជមាន​កូវីដ១៩។

ប្រភពដដែលបញ្ជាក់ថា អ្នកសារព័ត៌មានរបស់រ៉យទ័រ(Reuters)ម្នាក់នេះ  បានទៅយកព័ត៌មាននៅក្រសួងការ​បរទេស កាល​​ពី​ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២១។

គួររម្លឹកថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ  មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី១១៣០ នាក់ មានអ្នកស្លាប់ដោយ​សារ​ជំងឺកូនវី១៩ ចំនួន ២៧ នាក់ និងជាសះស្បើយ ៦៧០ នាក់។

ក្រសួងសុខាភិបាល ក្រើនរម្លឹកឱ្យបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

ប្រវត្តិ លោក គង់ សំអឿន

លោកគង់ សំអឿន ត្រូវបាន ខ្មែរក្រហមជម្លៀសដោយបង្ខំចេញពីភ្នំពេញ ជាមួយ​ពលរដ្ឋ​​ខ្មែររាប់លាន​នាក់ផ្សេង​ទៀត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ លោកត្រូវបានក្រុម​គ្រួសារ​សន្និដ្ឋានថា ត្រូវ​បានខ្មែរ​ក្រហមសម្លាប់ នៅម្តុំកោះគ ស្រុកកោះធំ ខេត្តកណ្តាល អំឡុង​ខែសីហា ឆ្នាំ១៩៧៥។

លោកគង់ សំអឿន កើតនៅឆ្នាំ១៩៤១ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។  ទោះបី​គ្រួសារ​លោក តឹងតែងចំពោះកូនៗ លើវិស័យសិល្បៈក្តី តែលោកគង់ សំអឿន បានលួចទៅ​សម្តែង​ភាពយន្ត នៅឆ្នាំ១៩៦០ គឺរឿង កម្មម្ដាយ។ ប៉ុន្តែ រឿងដែលធ្វើឲ្យលោកល្បីល្បាញ គឺរឿង​សព្វសិទ្ធ របស់លោកលី ប៊ុនយីម នៃផលិតកម្មរន្ទះពេជ្រភាពយន្ត ហើយនៅពេល នេះ ហើយ ដែលឪពុករបស់លោក​ដឹងថា លោក បានក្លាយជាតារាភាពយន្ត។

លោកគង់ សំអឿន ទទួលបានពានមហោស្រពភាពយន្តនៅទីក្រុងបាងកក នៅអំឡុង ឆ្នាំ​១៩៦៣ គឺភាពយន្ត បញ្ចពណ៌ទេវី ដែលលោកសម្តែងរួមគ្នាជាមួយតារាភាពយន្តទិត្យ វិជ្ជរា​ដានី ។ កិត្តិនាមរបស់លោកល្បីល្បាញសុះសាយខ្ទរខ្ទា រហូតបច្ចុប្បន្ន។

លោកគង់ សំអឿន មានបងប្អូន ប្រុស៦នាក់ សុទ្ធតែជាអ្នកសិល្បៈទំាងអស់។ លោក គង់ សំអឿន មានរូបរាងខ្ពស់សង្ហា ប៉ុន្តែ បើពិនិត្យលម្អិតផ្នែកនីមួយៗ នៃរាងកាយ លោកគង់ សំអឿន គ្មានអ្វីល្អលើសគេពេកនោះទេ ភ្នែករបសលោករាងតូចម្ខាង ច្រមុះរាងពៀច មាត់រាង​វៀចបន្តិច ឯដំណើររបស់លោកក៏រាងប៉ែលបន្តិចដែរ។ ឪពុករបស់លោជាភូឈួយ​របស់ លោក​ញឹក ជូឡុង និងជាតន្ត្រីករម្នាក់ ដែលមានជំនាញខាងកូតវីយូឡុង និងចូលចិត្តភ្លេងខ្មែរ ភ្លេង​មហោរី ​តែលោកមិនចង់ឲ្យកូនក្លាយជាតារាភាពយន្តទេ។

ប្រហែលដោយសារកត្តាខ្វះខាតពីធម្មជាតិនេះហើយ ដែលធ្វើឲ្យលោក មើលទៅកាន់​តែមានអំណោយតទាន កាន់តែសង្ហា ជាទីគាប់ចិត្ត នៃទស្សនិកជនរបស់លោកទៅវិញ ជា​ពិសេសស្នាមញញឹមរបស់លោក ធ្វើឲ្យមិត្តនារីៗ ជាកូនលោកធំៗមួយចំនួន បាក់ចិត្តប្រតិព័ទ្ធ លើលោកក្រៃលែង​។​ លក្ខណៈពិសេសរបស់លោកនេះហើយ ធ្វើឲ្យលោកបានក្លាយទៅ ជាបុរស ដ៏សម្បូរស្នេហ៍ នៅសម័យ ដ៏រុងរឿងនៃយើង ។

អ្នកដែលធ្លាប់ស្គាល់លោកគង់ សំអឿន បានរៀបរាប់ថា លោកគង់ សំអឿន មានមិត្ត​ស្រីណាស់ ប៉ុន្តែ ភាពសំបូរស្នេហ៍នេះ មានពេលខ្លះ ក៏ធ្វើឲ្យលោកដេកមិនលក់បក់​មិនល្ហើយ ដែរ ព្រោះតែមាននាងៗមួយចំនួន មកហួងហែងលើសេរីភាពលោកខ្លាំងពេក។ មិនតិចដងទេ ដែលមហាមិត្តស្រីរបស់លោកស្ទាក់ផ្លូវ ហើយនិយាយគំរាមលោកថា ត្រូវបញ្ឈប់ការ​ទាក់​ទង​ជាមួយនាងនេះ ឬនាងនោះ បើមិនដូច្នេះទេ លោកនឹងមានបញ្ហា។

ទោះជាយ៉ាងនេះក្តី លោកមិនដែលគិតថា រឿងនេះ ជារឿងធំដុំ នោះទេ ព្រោះលោក​មិន ដែលឆក់ឱកាសទៅអូស​ទាញនាងណាម្នាក់ ឲ្យឈ្លក់វង្វេង ឬបង់ស្នេហ៍លើលោកឡើយ គឺពួកនាងៗទេ ដែលតាំងខ្លួនជានារីនគរស្រីល្វោ មករកលោកដោយខ្លួនឯង​។​មានពេលខ្លះ​លោកក៏​ត្រូវបាត់បង់ពេលវេលា ដើម្បីតែរត់គេចនាងៗ” ទាំងនោះផងដែរ។

អ្នកស្រី ប៉ូ ផល ជាម្តាយរបស់លោក គង់ សំអឿន ធ្លាប់បានរៀបរាប់កាល​ពីទសវត្សរ៍​៩០ថា លោកគង់ សំអឿន ជាមនុស្សស្លូតបូត និងសុភាពរាបសារណាស់។ សំអឿន ជា​មនុស្ស​មិនសូវចេះនិយាយស្តី ហើយភាគច្រើនរបស់កាយវិការសំអឿន គឺញញឹម។ សំអឿន ស្រ​ឡាញ់​ប្អូនៗណាស់។ គេតែងតែផ្គត់ផ្គង់ និងថែទាំម្តាយ និងប្អូនៗជានិច្ច។

អ្នកស្រីបន្តថា អ្នកស្រីមិនបានមិនដឹងថា លោកគង់ សំអឿនមាននិស្ស័យសិល្បៈ តាំងពីពេលណាមកទេ ព្រោះកាលណោះ អ្នកស្រីរស់នៅពោធិចិនតុង ឯសំអឿន, សំអាត និង​ឡុច បីនាក់បងប្អូននាំនេះ គ្នាមកស្នាក់នៅផ្ទះឪពុកមា ធ្វើគយនៅភ្នំពេញ ដើម្បីរៀនសូត្រ។  ប៉ុន្តែ ក្រោយពីសំអឿន មានឈ្មោះល្បីល្បាញហើយ ទើបអ្នកស្រី និងប្តីបានជ្រាប​ពីរឿងនេះ។

អ្នកស្រីផល ពណ៌នាទៀតថា ប្តីអ្នកស្រីជាអ្នករដ្ឋការ ហើយគាត់មិនចូលចិត្តសិល្បៈ ជាតួកុនល្ខោនទេ តែអ្វីដែលគាត់ចង់បាន គឺកូនម្នាក់ៗត្រូវតែខិតខំរៀនសូត្រ ។

សំអឿន តែងតែត្រូវ “រំពាត់ជាញឹកញាប់ ដោយសារចំណង់ចំណូលចិត្តជា​អ្នកសិល្បៈ​នេះ ហើយ​ដោយសារតែដឹងថា និស្ស័យចិត្តឪពុកដូច្នេះ កូនៗទាំងអស់នាំគ្នាជួយលាក់ មិន​ឱ្យឪពុកម្តាយដឹងពី​រឿងសំអឿនសម្តែងភាពយន្ត។ ដើម្បីក្លាយជាតារាភាពយន្តបាន និងដើម្បី​កុំឲ្យ​ឪពុកដឹង លោកគង់ សំអឿន សុខចិត្តទៅខ្ចីអាវធំ​ពីបងប្រុសជីដូន​មួយមកពាក់ ជាញឹក​ញាប់ ដោយកុហកថា ខ្ចីពាក់ទៅញ៉ាំការ។ ការខ្ចីញយដឹង ក្លាយទៅជាការខ្លាចចិត្ត សំអឿន បានពឹងឲ្យប្អូនប្រុសឡុច ទៅខ្ចីម្តង រហូតធ្វើឲ្យបងជីដូនមួយនោះថា ហេតុអី បងប្អូន​សំអឿន សម្បូរគេហៅការម្ល៉េះ បានជាខ្ចីអាវខោមិនចេះឈប់សោះ ។

អ្នកស្រីប៉ូ ផល រំលឹកទៀតថា ថ្ងៃមួយ សំអឿន បានយកសំបុត្រទស្សនាភាពយន្ត ជា ច្រើនសន្លឹកមកអញ្ជើញអ្នកស្រី និងប្តីឲ្យទៅទស្សនារឿងសព្វសិទ្ធ របស់ផលិតកម្ម រន្ទះ​ពេជ្រ លោកលី ប៊ុនយីម ធ្វើប្តីអ្នកស្រីលាន់មាត់ និងសង្ស័យថា មុខនិងឈ្មោះ​តួនេះ ដូច​សំអឿន ណាស់ សង្ស័យសំអឿន ទៅលួចសម្តែងកុនទេដឹង? ។

ដំបូងឡើយ ឪពុកសំអឿនខឹងខ្លាំង ដោយគិតថា ពេលត្រឡប់មកផ្ទះវិញ នឹងប្រើធម៌​ក្តៅ ដាក់សំអឿនមិនខាន។ ប៉ុន្តែ ដោយសារនៅក្នុងរោងភាពយន្ត មានអ្នកទស្សនា ជាច្រើន​និយាយសរសើរ ពីទេពកោសល្យសម្តែងរបស់សំអឿនថា ល្អឥតខ្ចោះ ទើបធ្វើឲ្យប្តីអ្នកស្រី រំសាយកំហឹងវិញ។

ពេលមកដល់ផ្ទះវិញ ពេលឪពុកហៅសួរ សំអឿនសារភាពថា ការថតនេះ គឺដោយសារ ចាងហ្វាងផលិតកម្មអង្វរខ្លាំងពេក។

ក្រោយមក នៅពេលសំអឿន ល្បីល្បាញខ្លាំង មានថវិកាច្រើន សំអឿន បាន​ទិញផ្ទះ​មួយឱ្យឪពុកទៅនៅក្រៅក្រុង ធ្វើស្រែចម្ការដាំដុះតែម្នាក់ឯង ដោយធ្វើមិត្តជាមួយនឹង “ចប” ឯ អ្នកស្រីផល និងកូនៗរស់នៅជាមួយសំអឿននៅផ្ទះវីឡានៅផ្លូវភ្លោះសព្វថៃ្ង (ផ្ទះទូតគុយបា) រហូតដល់ថៃ្ងបែក៧៥”។

 លោក គង់ សុភី ដែលត្រូវជាប្អូនប្រុសរបស់លោក គង់ សំអឿន បានមានប្រ​សាសន៍​ថា លោកគង់ សំអឿន ជាបុរសសុភាពណាស់។ នៅខាងក្រៅ មិនដូចជានៅក្នុងភាពយន្ត ដែល​ទស្សនិកជនឃើញថាសំអឿនជាមនុស្សខិល ក្រមាច់ក្រមើមនោះទេ។ សំអឿន ជា​មនុស្ស​​មិនសូវចេះមាត់ក គឺស្រគត់ស្រគំ ស្ងប់ស្ងាត់ តែស្រឡាញ់ប្អូនៗ និងចូលចិត្តក្មេងៗ។

ពេលត្រូវទៅសម្តែង​នៅជនបទឆា្ងយៗ សំអឿនតែងតែចូលផ្សារដូរលុយរាយ ដើម្បី​ចែកឱ្យក្មេងៗ កូនចៅ អ្នកភូមិពេលដែលមកចោមរោមមើលលោកសម្តែង ។ ពេលខ្លះ ពេល​កំពុង​គាត់ផាត់មុខ បើមានក្មេងៗមករោមមើល សំអឿន សំអឿនតែងលើកក្មេងណា ដែលតូច​ជាងគេមកដាក់លើភ្លៅ ហើយផាត់មុខបណ្តើរ។

សំអឿនមិនដែលសម្តែងកិរិយា ឱ្យឃើញថាលោកស្អប់ខ្ពើម ឬរើសអើង ខ្លាចប្រឡាក់ ពីក្មេងៗ ដែលកខ្វក់ឡើយ។ កាយវិការនេះ ធ្វើចាស់ទុំជិតខាងក៏ដូច្នេះ ស្រឡាញ់ចូល​ចិត្ត​គាត់​គ្រប់ៗគ្នា។

ចរិតលក្ខណៈ ដ៏ពិសេសរបស់សំអឿន គឺគោរពចាស់ ស្រឡាញ់ក្មេង។

សំអឿន ប្រពន្ធមិនរៀបការម្នាក់ ឈ្មោះរ៉េន ប៉ុន្តែសំអឿន និងភរិយា គ្មានកូនទេ។ រ៉េន​ជាមនុស្សស្រឡាញ់ថែថួនប្អូនៗ និងម្តាយឪពុកសំអឿនណាស់។ រ៉េន មិនចេះប្រច័ណ្ឌទេ ធ្វើឲ្យសំអឿន មិនដាច់ចិត្ត​ទៅរៀបការជាមួយនារីផ្សេងបាន។ ហើយក៏មិនដែលប្រច័ណ្ឌ​ហួង​ហែងបងប្រុសទាល់តែសោះ ។

សំអឿន ចាប់ល្បីខ្លាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥។ ចន្លោះពេលនោះ សំអឿន អឿនបានទៅថតខ្សែភាពយន្តរឿងឯណាប្រពន្ធខ្ញុំ? ឱ្យលោក លី ប៊ុនយីម នៅទីក្រុងហុងកុង ថៃ និងខ្មែរ ជាមួយអ្នកស្រី វីរៈតារា ។

 លោកគង់សំអឿន ធ្លាប់បានចងមិត្ត ជាមួយតារាឯកក្នុងក្រុមហ៊ុនសាវប្រាឌ័រ មាន​លោក ជាង តាវវ៉េ, ទីលុង, ឈិន ក្វាន់ថៃ ជាដើម។ លោកសំអឿន ក៏ធ្លាប់សម្តែង និងច្រៀង​រួមគ្នា ជាមួយបងប្រុសរបស់លោក គឺលោកគង់ ចន្ថា ផងដែរ។ បទចម្រៀង ដែលោក​បាន​ច្រៀង គឺបទ អាសូររៀមផង។

លោកគង់ សុភី បានពណ៌នាថា “ប្រសិនបើលោកសំអឿន មិនគិតគ្រួសារពេក កុំស្រ​ឡាញ់បងប្អូនពេក ម្ល៉េះគាត់មិនស្លាប់ទេ ព្រោះនៅឆ្នាំ១៩៧៥ គាត់ចុះកិច្ចសន្យា ថតបី​រឿង​ជាមួយក្រុមហ៊ុនបរទេស ហើយគេបានបង្ខំឱ្យគាត់ទៅក្នុងពេលឆាប់ៗ ដើម្បីចាប់ផ្តើមថតនៅ ប្រទេសថៃ, ប៉ុន្តែសំអឿនគិតថា ការទៅសម្តែងលើនេះមានរយៈពេលយូរ ដូច្នេះ ត្រូវរង់ចាំជួប​ជុំគ្រួ​សារនៅភ្នំពេញ រហូតដល់ចូលឆ្នាំខ្មែរហើយសិន។

ការរង់ចាំរបសើលោកគង់ សំអឿន បានធ្វើឲ្យបំណងរបស់លោក ក្លាយទៅជាខក ខះ ខុសស្រឡះពីការគិត ព្រោះព្រឹត្តិការណ៍១៧មេសា បានធ្វើឱ្យគម្រោងការនោះ ត្រូវរលាយ ហើយ​ត្រូវបាត់បង់ជីវិតយ៉ាងខ្លោចផ្សាទៀត ។

លោកសុភី និទានថា គ្រួសារលោកទាំងអស់ត្រូវគេជម្លៀស ដោយបង្ខំ ឱ្យចេញទៅ​តាមផ្លូវតាខ្មៅស្អាង ព្រែកតូច។ លោកសំអឿនស្លៀកខោចែវ ពាក់អាវយឺត បង់កក្រមា ពាក់​ស្បែកជើងផ្ទាត់រុញឡានចេញទៅ។

នៅតាមដងផ្លូវ ដែលមានមនុស្សណែនណាន់ប្រជៀតគ្នាដើរ លោកសំអឿន ព្យា​យាមលាក់មុខកុំឲ្យគេស្គាល់ តែគេនៅតែស្គាល់ ។

ក្រោយពេលទៅរស់នៅស្រុកស្អាង បានរយៈពេលប្រមាណពីរខែ ខ្មែរក្រហម) បានមក​យកសំអឿនចេញពីគ្រួសារទៅ។ លោក សុភី ពណ៌នាថា នៅថៃ្ងនោះម្តាយលោក និងភរិយា​លោកគង់សំអឿន កំពុងគក់ខោអាវនៅមាត់ទន្លេ ឯលោកលីងពោត ដាក់ស្ករឱ្យលោកសំអឿន​ទទួលទាន។ ខណៈសំអឿន កំពុងអង្គុយហូបពោតលីងនោះ ពួកយោធាអាវ ខ្មៅពីរនាក់ បាន ជិះម៉ូតូសេអិលឈប់ ហើយចូលមកប្រាប់ថា “គណៈតំបន់ សុំជួបមិត្តសំអឿនជាប្រញាប់” គង់ សំអឿន ដែលមានតែខ្លួនទទេ បានទាញអាវយឺត ហើយលាឪពុកខ្ញុំ អង្អែលក្បាលខ្ញុំ រួច​ក៏ឡើង ម៉ូតូសេអិល ទៅជាមួយពួកឈ្លបនោះ ដោយមានឈ្លបម្នាក់ កាន់កាំភ្លើងអង្គុយ ជាប់ពី ក្រោយ។ តាំងពីថៃ្ងនោះមក សំអឿន ក៏បាត់ស្រមោលលែងឃើញត្រឡប់មកវិញ។ ក្រោយមក ក៏មានដំណឹងលេខឮមកថា លោកសំអឿន ត្រូវគេបណ្តើរមកនៅម្តុំកោះគ ហើយ​លោកប្រ ហែលជា​ត្រូវគេសម្លាប់នៅទីនោះ។ ដំណឹង ដ៏រន្ធត់នេះ ធ្វើឲ្យម្តាយលោក រីងរៃ ស្ទើរឆ្កួត ដើររកកូន៕

ក្រុមហ៊ុនអន្តរជាតិ ៦ គ្រោងវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

ក្រុមហ៊ុនអន្តរជាតិចំនួន៦ គ្រោយមកវិនិយោគលើវិស័យសុខាភិបាល គឺកសាងមន្ទីរពេទ្យថ្មី មជ្ឈមណ្ឌលថែទាំសុខភាព នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ៤០លាន​ដុល្លារ​អាមេរិក ជាពិសេសក្រុមហ៊ុន​អន្តរជាតិ​ហ៊ុនទាំង៦ ក៏ចាប់អារម្មណ៍​ លើ​វិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។

នៅក្នុងជំនួបការងារជាមួយ ជាមួយសម្តេចតេជោហ៊ុន សែន ក្នុងឱកាស​ ដែលនាយករដ្ឋមន្រ្តីកម្ពុជា អញ្ចើញចូលរួមកិច្ច​ប្រជុំ​នៅអង្គការពាណិជ្ជពិភពលោក (WTO) ទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩  តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិទាំង៦ បានលើក​ឡើងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់  ក្រោម​ការ​ដឹក​​នាំរបស់សម្ដេច ហ៊ុន សែន ធ្វើឱ្យក្រុមហ៊ុនទាំង៦ របស់ពួកគេមានការចាប់អារម្មណ៍ ចង់មកធ្វើការវិនិយោគទៅ​លើវិ​ស័សុខា​ភិបាល​ វិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។​

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានរៀបចំគម្រោងរួចហើយ ទាក់ទងនឹងវិស័យសុខាភិបាល ដែលពួកគេបានរៀបចំ​នូវ​​គម្រោងវិនិយោគលើទឹកប្រាក់ប្រមាណជាប្រមាណជា ៤០លានដុល្លារ។ លើសពីនេះទៅទៀត​ក្រុមហ៊ុន មានបំណងចង់​ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលនេះ។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគាំទ្ររាល់ការវិនិយោគនៅកម្ពុជា ជាពិសេសការ​កសាង​នូវហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី ដូចជាមន្ទីរពេទ្យ និងការបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងវិស័យ​ថាមពលនេះ។

 សម្តេចតេជោ លើកឡើងថា កន្លងទៅ​នេះ ប្រជាជនកម្ពុជា តែងតែទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេសវៀត​ណាម ប្រទេសថៃ និងប្រទេសសិង្ហ​បុរីជាដើម ដូច្នេះប្រសិនបើមានអ្នកវិនិយោគទៅដាក់ទុនលើវិស័យ​សុខាភិបាល​នៅឯប្រ​ទេសកម្ពុជានោះ ជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមាន​ជំនឿទុកចិត្ត​ពីប្រជាពលរដ្ឋខ្មែរផងដែរ។

សម្តេចហ៊ុន សែនបញ្ជាក់ថា បច្ចុប្បន្ន ដោយសារតែកម្ពុជាមានកំណើនភ្ញៀវទេសចរច្រើន ដូច្នេះវិស័យសុខា​ភិបាល​ដែល​បង្កើតនៅប្រទេសកម្ពុជានោះ មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាច​បំរើសេវាកម្មផ្នែក​សុខាភិបាលនៅដល់ភ្ញៀវទេសចរ ដែលមកទស្សនាប្រទេសកម្ពុជា៕

ការដាំកូនឈើចំនួន ២ពាន់ដើមលើផ្ទៃដី ៦ហិកតា ដើម្បីជំនួសព្រៃដែលបាត់បង់

ព្រះវិហារ៖ កូនឈើចំនួន ២០០០ដើមបានដាំនៅលើផ្ទៃដី៦ហិកតា​ នៅសហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទ​ភ្នំក្រៀល នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់»​ ​ដែលស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ការដាំ​កូនឈើទាំងនេះជំនួសឱ្យព្រៃដែលបានបាត់បង់ទៅ និងដើម្បីស្ដារឡើងវិញនូវគម្របព្រៃ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការ​នៃក្រសួងបរិស្ថានថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួនជាង៥៦កន្លែង និងរបៀងអភិរក្សជីវៈចម្រុះដែលគ្រប     ដណ្តប់​​លើ​ផ្ទៃដីជាង ៧,៥លានហិកតា ត្រូវជា ៤១ភាគរយនៃផ្ទៃដីប្រទេស ស្ថិតក្នុងដែនយុត្ថាធិការរបស់ក្រ​សួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិ​ការគ្រប់គ្រង។ ជាការថ្លែងរបស់ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក រ័ត្ន វិរៈ។

រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងបរិស្ថានជាសេនាធិការបានកំណត់យកបញ្ហាជា​អាទិភាពក្នុងការរកយន្តការ​ដោះស្រាយលើបញ្ហាប្រឈមនានាដែលត្រូវដោះស្រាយជាបន្ទាន់ គឺការការពារ និងអភិរក្សធន ធានធម្មជាតិ និងការ​លើកកម្ពស់ការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន។ ជាការបន្តរបស់ លោក រ័ត្ន វិរៈ​។​

នៅក្នុងពិធីដាំកូនឈើ ចំនួន២ពាន់ដើម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលដឹកនាំដោយ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ មានការចួលរួមពី អភិបាលរងខេត្ត​ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និង​ប្រជាសហគមន៍ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យានុរក្ស​។​

ក្រសួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការអនុវត្តគម្រោងជំរុញភាពធន់របស់​សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិ ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមការឧត្ថម្ភថវិកាពី​មូលនិធិបន្ស៉ាំ(UNEP Adaption Fund) ដើម្បីលើកស្ទួយជីវភាពសហគមន៍​។ បើតាមការឱ្យដឹងពី លោក រ័ត្ន វិរៈ និងបាន បន្តទៀតថា ការបង្កើនគម្របព្រៃតាមរយៈការដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរួមចំ​ណែកកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ​។

អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានបន្ថែមថា មិនតែប៉ុណ្ណោះប្រជាសហគមន៍អាចដកហូតប្រើប្រាស់ផល អនុផល​ព្រៃឈើ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសហគមន៍ត្រូវបង្កើត និងផ្តល់សេវាទេសចរណ៍​ធម្មជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ និងការអភិវឌ្ឍរបស់សហគមន៍ឱ្យបានកាន់តែប្រសើរឡើង។​

សហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទភ្នំក្រៀល ត្រូវបានទទួលស្គាល់ដោយក្រសួងបរិស្ថាននៅដើមឆ្នាំ២០១៩ នៅលើផ្ទៃដី ២២២៦,៥៨ ហិកតា។ ចំពោះការដាំកូនឈើ ២ពាន់នេះ ជាគំនិតផ្តួចផ្តើមរបស់  គណៈកម្មការសហព័ន្ធ​សហគមន៍ និងប្រជាសហគមន៍ក្នុងគោលបំណងបង្កើនកិច្ចសហការរវាងសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងការចូលរួម​គ្រប់គ្រងធនធានធម្មជាតិ និងបង្កើនគម្រប់ព្រៃឈើនៅក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិ និងតំបន់ការពារ​ធម្មជាតិ៕