ទិញដី ឬផ្ទះ យ៉ាងណា ដើម្បីកុំឱ្យចាញ់បោកគេ

ភ្នំពេញ៖ ក្នុងវេទិកា ស្តីពីការវិនិយោគលើវិស័យអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព និងទទួល​បានប្រាក់ចំណេញខ្ពស់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋគារ កាំបូឌីយ៉ា អ្នកជំនាញ​អចលន​ទ្រព្យ ដ៏ជោគជ័យ និងមានបទពិសោធជិត២០ឆ្នាំ លោកម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន ព្រីមៀម គ្រុប បានមានប្រសាសន៍ថា ដើម្បីកុំឲ្យចាញ់បោកគេ ឬទិញអចលនទ្រព្យកប់លុយចោល អ្នកទិញអចលន​ទ្រព្យទាំងអស់ ត្រូវតាមដាន ព័ត៌មានអំពីអចលនទ្រព្យឲ្យជាប្រចាំ ថាតើអចលនទ្រព្យតំបន់ណា​មានតម្លៃល្អ ក្រុមហ៊ុនអចលនទ្រព្យណា មានប្រវត្តិមិនល្អ ឬក្រុមហ៊ុនណាមានប្រវត្តិល្អ គួររកស៊ីជាមួយ។

លោក ម៉ាន់ ច័ន្ទឌី បន្តថា កត្តាទីពីរ ក្រៅពីស៊ើប ឬតាមដានពីប្រវត្តិក្រុមហ៊ុន ឬប្រវត្តិអចលនទ្រព្យ​ហើយ​នោះ អ្នកទិញទាំងអស់ ត្រូវសម្រេចចិត្តទិញលើអចលនទ្រព្យ ដែលមានទីតាំងនៅមិនឆ្ងាយ​ពីផ្ទះរបស់ខ្លួន​ពេក ព្រោះងាយនឹងទៅមកមើល និងថែទាំបាន។

លោកអគ្គនាយកក្រុមហ៊ុន បញ្ជាក់ទៀតថា កត្តាទី៣ អ្នកទិញ ឬវិនិយោគិន ត្រូវពិចារណា និងទិញ​អចលនទ្រព្យ​ណា ដែលមានតម្លៃមិនខ្ពស់ពេក ឬមានតម្លៃទាបជាងទីផ្សារកាន់តែប្រសើរ។

គួររំលឹកថា កាលពីពេលកន្លងមកថ្មីៗនេះ មានក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ត្រូវបានចាប់ខ្លួនបញ្ជូន​ទៅតុលាការ បន្ទាប់ពីមានពាក្យបណ្តឹងទៅតុលាការ និងរកឃើញថា បានលក់អចលនទ្រព្យ(ផ្ទះ ឬដី) ខ្យល់ទៅឱ្យអតិថិជនរបស់ខ្លួន ធ្វើឱ្យអ្នកទិញ ខាតបង់ថវិការាប់ពាន់ រាប់ម៉ឺនដុល្លារ ក្នុងម្នាក់ៗ៕

Leave a comment