សម្តេច ហ៊ុន សែន នឹង​រំលាយ​បក្ស​ប្រឆាំង ​បើ​សមាជិក​បក្សនេះ ​ចេញ​មុខការពារ​លោក កឹម សុខា

ក្នុងជំនួប ជាមួយកម្មករ កម្មការិនី ជាង៤ពាន់នាក់ នៅកោះពេជ្រ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា នឹងរំលាយគណបក្សង្រ្គោះជាតិ ប្រសិនបើសមាជិកគណបក្ស នេះ ការពារលោកកឹម​សុខា។ ព្រមាននេះ ធ្វើឡើង ក្រោយ​ពី​ចាប់​ខ្លួន​លោក កឹម សុខា កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក។

សម្តេចតេជោ ក៏បានប្រកាសស្វែងរកចាប់ខ្លួន អ្នកដែលចោទសម្តេចថា ជាជនក្បត់ជាតិផង​ដែរ។

សម្តេច​នាយករដ្ឋមន្ត្រី​អះអាង​ថា មូលហេតុ​ដែលសម្តេចប្រកាស​ដូច្នេះ ដោយសាររាជរដ្ឋាភិ​បាល មាន​ភស្តុតាងរួចទៅអំពីគម្រោងក្បត់ជាតិ របស់មេបក្សប្រឆាំង ព្រោះ​តែ​មេ​បក្ស​ប្រឆាំងហើយការចាប់ខ្លួនលោកកឹម​សុខានេះ ​ជា​បទល្មើស​ជាក់ស្ដែង មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ដីកា ឬ​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ៖ «យប់​មិញ​នេះ​យើង​ត្រូវ​ចាប់​លោក កឹម សុខា ទាំង​យប់ អំពី​ទោស​ក្បត់​ជាតិ​តែម្ដង។ ហេតុ​អី​បាន​យើង​ត្រូវ​ចាប់? បើ​សិន​មិន​មាន​រឿង​ធ្ងន់ធ្ងរ យើង​មិន​ចាំបាច់​ចាប់​ធ្វើ​អី​ទេ។ តែ​រឿង​នេះ​វា​ធ្ងន់​ពេក​ហើយ​វា​ឈាន​បណ្ដើរៗ​ហើយ»

ក្រោយការព្រមាននេះ កាលពីម្សិលមិញ(០៣ កញ្ញា ២០១៧)ដែរ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សង្រ្គោះជាតិ បានប្រាប់អ្នកសារព័ត៌មានថា គណបក្សប្រឆាំង មិនងាចធ្វើអ្វីបានទៀត ទេ គឺអាចសន្សំស្ងៀមសិន ឯលោកអេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង បានថ្លែងប្រាប់វិទ្យុ វីអូអេ សហរដ្ឋអាមេរិកថា អាចនឹងមានបាតុកម្ម ដើម្បីដោះស្រាយ ប្រសិនបើគ្មានដំណោះស្រាយ ឬដោះលែងលោកកឹម​សុខា ទេ។

ជាមួយគ្នានេះ ជាការឆ្លើយតប លោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកកាសែតថា អ្នកដែលគំាទ្រ ឬការពារជនក្បត់ជាតិ ជននោះ ក៏ក្បត់ជាតិដែរ។

 

សម្តេចហ៊ុន សែនថា បច្ចុប្បន្ន ក្រុមអ្នកប្រឆាំង បានប្រើយុទ្ធសាស្រ្ត៣កុំ ដើម្បីប្រឆាំង​រាជ​រដ្ឋាភិ​បាល

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជាង៤ពាន់នាក់មកពី៧៤រោងចក្រ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ សម្តេចតេជោនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុម​ប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិន អោយកម្ពុជាទទួលផលប្រយោជន៍។

សម្តេចបានបន្តថា ការជំទាស់៣កុំនោះ មានដូចជា ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា។  ២)កុំមកវិនិយោគនៅ កម្ពុជា និងទី ៣)កុំទិញទំនិញ​ពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិ​ឬជាទង្វើក្បត់ជាតិ បំផ្លាញផលប្រយោជន៍ ជាតិ ផលប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពី​ការខិតខំរបស់រាជរដ្ឋាភិបាល។

សម្តេចលើកឡើងថា រាជរដ្ឋាភិបាល បានខិតខំស្នើសុំឲ្យបរ ទេសជួយកម្ពុជា គឺ [៣-សុំ] គឺទី១)​សុំឲ្យបរទេសជួយ និងផ្តល់ជំនួយមកកម្ពុជា ទី២)សុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំឲ្យបរទេសជួយទិញទំនិញពីកម្ពុជា។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ សុំឲ្យកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូល​រួមថែក្សាសន្តិភាព និងគឺការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។

សម្តេចហ៊ុន សែន អះអាងថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រប្រមាណជាង១ពាន់រោងចក្រ

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជាង៤ពាន់នាក់មកពី៧៤រោងចក្រ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ សម្តេចតេជោនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា សព្វថ្ងៃនេះ កម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ រោងចក្រ ដែលពីមុនមានតែ៦៤ ហើយបើសរុបរោងចក្រ​សហគ្រាស ទាំងអស់ នៅកម្ពុជា គឺមានចំនួន ១១,១៦៨ ដែបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណ​ជាង ១លាន នាក់។

សម្តេចបន្តថា សព្វថ្ងៃនេះ រោងចក្រមួយចំនួនធំ បានរៀបចំបន្ទប់ បាយអោយកម្មករ ហើយមួយ ចំនួនទៀតបានផ្តល់ថ្លៃអាហារ១ពេលដល់កម្មករផងដែរ។

សម្តេចតេជោបញ្ចាក់ថា ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុ​គ្រោះពន្ឋដល់​វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់​ការ​ងារនឹងប្រាក់​ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុនគឺក្រោម ៤០ ដុល្លារ ហើយ​ត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅ ឆ្នាំ២០១៨ ខាងមុខនេះតិចបំផុតគឺអាចឡើងដល់​១៦០​ទៅ១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

រយៈពេលមួយខែ ប្រធានគណបក្ស ចំនួន៣ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន និងផ្តន្ទាទោស ផងដែរ

យោងតាមសារព័ត៌មាននានា មួយរយៈពេលចុងក្រោយនេះ ជាពិសេសគេសង្កេតឃើញថា ចាប់ពីដើមខែសីហាឆ្នាំ២០១៧មក មានប្រធានគំនបក្សចំនួន៣ ត្រូវបាន ចាប់ខ្លួន ក្នុងនោះ មានលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតមេទ័ព ដ៏ល្បីល្បាញ នៃគណបក្សហ្វ៊ុនស៊ីនប៉ិច ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពីបទ លាក់ទុក និងផលិតគ្រឿងញៀនញៀនខុសច្បាប់។

ប្រធានគណបក្សទី២ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនដែរនោះ គឺលោកសួនសេរីរដ្ឋា ប្រធាន​គណបក្ស អំណាចពលរដ្ឋខ្មែរ។ លោកសួន ​សេរីរដ្ឋា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៧ ពីបទប្រមាថ កងទ័ពជាតិ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១១ និង១២ ខែសីហា ឆ្នាំ២០១៧។

ប្រធានគណបក្ស​ដែលត្រូវចាប់ខ្លូនទី៣ គឺលោកកឹម សុខា អតីតប្រធានមជ្ឈមណ្ឌលការពារ​សិទ្ធិ​មនុស្ស និងអតីត ប្រធានគនបក្សសិទ្ធិមនុស្ស និងចុងក្រោយនេះ ជាប្រធានគណបក្ស សិទ្ធិមនុស្ស។ លោកកឹម សុខា ត្រូវបានសត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោងជាង១២ កណ្តាល​អាធ្រាត្រ នៅ​គេហដ្ឋានរបស់លោក នៅក្នុងខណ្ឌទួលគោក ពីបទក្បត់ជាតិ។

គួររំលឹកថា ការចាប់ខ្លួនលោកញឹក ប៊ុនឆៃ ធ្វើឡើង ក្រោយពីបែកធ្លាយព័ត៌មានថា លោកបាន​ទាក់ទងគណបក្សសង្រ្គោះជាតិ ក្បត់ដៃគូរបស់ខ្លួន គឺគណបក្សប្រជាជនកម្ពុជា ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កាលពីខែមិថុនា ឆ្នាំ២០១៧។ កាលដំបូង​ឡើយ លោក ញឹក ប៊ុនឆៃ បានបដិសេធចំពោះព័ត៌មាននេះ តែក្រោយពីការឃុំខ្លួន លោកបាន​សរសេរលិខិតសារភាពកំហុសប្រាប់ទៅសមាជិកបក្ស។

ដោយឡែកលោក សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួន ក្រោយពីលោកសរសេរអត្ថបទផ្សព្វផ្សាយ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ប្រមាថដល់ទឹកចិត្តកងទ័ព ដែលកំពុង ត្រៀមប្រយុទ្ធនៅសមរភូមិស្ទឹងត្រែង ក្នុងជម្លោះព្រំដែនអូរអាល័យ ជាមួយឡាវ

 

 

 

ការប្រកួត ដោយគ្មានគូប្រកួត តើមានន័យអ្វី?

មួយរយៈពេលចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅកម្ពុជា ហាក់កាន់តែអាក្រក់ទៅៗ អាចនិយាយ បានថា អាក្រក់ជាងកាលពីឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ និង២០០៨ទៅទៀត ព្រោះ​កាលពីប៉ុន្មានអាណត្តិ​មុននោះ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល មិនត្រូវបានរឹតត្បិត​នោះទេ។ ប៉ុន្តែ សម្រាប់ការបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខនេះ  ត្រូវបានគេមើល​ឃើញថា ជាការវិលទៅរកអតីតកាល ដ៏អួរអាប់ ការបំបិទសិទ្ធិធ្វើនយោបាយនានា  នៃប្រវត្តិ​សាស្រ្តកម្ពុជា ទោះបីជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អះអាងម្តងហើយម្តងទៀតថា រាល់ការចាប់ខ្លួន របស់អ្នកនយោបាយ មិនមែនជារឿងនយោបាយឡើយក្តី។

ការចាប់ខ្លួនលោកញឹក ប៊ុនឆៃ ប្រធានបក្សខ្មែររួបរួមជាតិ ការចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រធានបក្ស អំណាចពលរដ្ឋខ្មែរ និងការចាប់ខ្លួនលោកកឹម សុខា ពិតណាស់ គឺជាព្រឹត្តិការណ៍ ដ៏អាក្រក់សម្រាប់កម្ពុជា។ វាជាកាយវិការ ដែលបង្ហាញថា ការធ្វើនយោបាយនៅកម្ពុជា ពិតជា គួរឲ្យខ្លាច។ កម្ពុជា ហាក់ជាប្រទេសប្រជាធិបតេយ្យ តេសំបកក្រៅ តែខាងក្នុងពោរពេញទៅ​ដោយអំពើឃោរឃៅ និងរឹតត្បិត គាបសង្កត់។

វាមិនល្អប៉ុន្មានទេ​សម្រាប់ការធ្វើនយោបាយគាបសង្កត់ ដើម្បីឈ្នះអំណាចនោះ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋ មានការយល់ដឹងច្រើនណាស់ទៅហើយអំពីការដើរទៅមុខ ឬដើរថយក្រោយ របស់រាជរដ្ឋាភិបាល។

ទោះបីរាជរដ្ឋាភិបាលព្យាយាមពន្យល់យ៉ាងណា ក៏ផ្នត់គំនិតរបស់ប្រជាពលរដ្ឋ យល់ច្បាស់ ជាស្រេចហើយថា ការចាប់ខ្លួនមេបក្សទំាងនេះ ក្រោមហេតុផលនយោបាយ មិនមែនហេតុ ផលនៃក្រមព្រហ្នទណ្ឌទេ។

អ្នកនយោបាយនៅកម្ពុជា គួរបើកចិត្តឲ្យទូលាយ ទទួលយកអ្វី ដែលបានកើតឡើងមក​ដោះ​ស្រាយ មិនត្រូវធ្វើអ្វីតាមការនឹកឃើញរបស់ខ្លួននោះទេ។ គេសួរថា នៅពេលបក្សកាន់អំណាច ចាប់ចងដៃជើងគេ ដេរមាត់គេ បិទភ្នែកគេ ចុះពេលបោះឆ្នោត តើទៅប្រកួតជាមួយអ្នកណា បើគ្មានគូប្រកួត ដែលសមល្មមនឹងកម្លាំងផងនោះ។