រាជរដ្ឋាភិបាល ផ្ញើសារចំអកឱ្យអតីតក្រុមបក្សប្រឆាំង ដែលបរាជ័យនៅម៉ាឡេស៊ី

យោងសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសរសេរបែប​ចំអក​ពេប​ជ្រាយ ឱ្យអតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង មួយចំនួន ដែលដឹកនាំដោយលោកសម រង្សី ថា ​ រាជរដ្ឋា​ភិបាល បានទទួលជោគជ័យ ក្នុងការទប់ស្កាត់ផែនការរដ្ឋប្រហារ៩ វិច្ឆិការបស់សម រង្ស៉ី ដែល​ជ័យជម្នះ​នេះ មិនអាច​កាត់ផ្តាច់ និងមិនអាចខ្វះបានពីការចូលរួមចំណែក​ដ៏សំខាន់របស់ប្រជា​ជនកម្ពុជា​ទូទាំង​ប្រទេស។

ប្រភពដដែលបន្តថា ប្រជាជនកម្ពុជាទូទាំង​ប្រទេស ​បានបង្ហាញសាមគ្គីភាពយ៉ាងរឹងមាំជាមួយ​រាជរដ្ឋា​ភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ​មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ​ថែរក្សាសន្តិភាព ស្ថិរភាពសង្គម ព្រមទាំងបានបង្ហាញ នូវ​ស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតចំពោះ អង្គព្រះ​មហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃជាតិខ្មែរ ចំពោះ​របបរាជានិយម ដែលបានរារាំងមិន​ឱ្យ​ផែនការ រដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ថ្ងៃទី០៩ ខែវិច្ឆិកា របស់ក្រុមឧទ្ទាម សម រង្ស៉ី ឱ្យទទួល​បរា​ជ័យទាំងស្រុង។

សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ជោគជ័យ ដែលបង្ហាញពីសាមគ្គីភាព ដ៏រឹងមាំ​ជាមួយរាជរដ្ឋា​ភិបាល នេះ ក៏បង្ហាញពីស្វាមីភក្តិ ដ៏ជ្រាលជ្រៅបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំ​ផុតនៃជាតិខ្មែរ និងចំពោះរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជាផងដែរ ជាពិសេស​បង្ហាញ​ប្រា​ប់​ សាធារណជនជាតិ និងអន្តរជាតិ ពីភាពបរាជ័យដ៏អាម៉ាស់​ នៃផែនការរដ្ឋ​ប្រហារផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលរៀបចំឡើងដោយ មេឧទ្ទាម សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ៕

សម្តេចហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋចូលរួមប្រាព្ធទិវាបុណ្យឯករាជ្យជាតិ និងទទួលទានអំបុកខ្មែរថែជាតិ

ដើម្បីធ្វើឱ្យមានភាពកក់ក្តៅក្នុងចិត្ត កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីប្រជា​ពលរដ្ឋហាក់​មាន​ការមន្ទិល លើរឿងនយោបាយ សម្តេចតេជោបាយករដ្ឋមន្រ្តីហ៊ុនសែន បានសរសេរ​នៅលើទំព័រ​ហ្វេស​ប៊ុក​របស់សម្តេចថា សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមហូបអំបុកថ្ងៃទី ៩វិច្ឆិកា ២០១៩ ទាំងអស់គ្នា។

សម្តេចតេជោបញ្ជាក់ទៀតថា សូមអញ្ជើញបងប្អូន និងកូនក្មួយចូលរួមសប្បាយរីករាយក្នុងថ្ងៃ៩ វិច្ឆិកា នៃទិវាបុណ្យឯករាជ្យជាតិ ជាមួយនឹងកម្មវិធីហូបអំបូកទូទាំងប្រទេស(អំបុកខ្មែរ ថែជាតិ សាសនា ព្រះ​មហាក្សត្រ) ដែលនឹងបន្តរហូតដល់ថ្ងៃទី ១០-១២ វិច្ឆិកា នៃព្រះរាជពិធីបុណអុំទូក អកអំបុក លយប្រទីប និង សំពះព្រះខែ ខាងមុនេះ។

ទំព័រហ្វេសប៊ុកបន្តថា នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ កាលពីម្សិលថ្ងៃទី៧ វិច្ឆិកា សម្តេច បានអំពាវនាវ​ដល់បង​ប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបងប្អូនដែលកំពុងពួនលាក់​ខ្លួននៅភ្នំក្រវ៉ាញ និងនៅតាម​កន្លែងដទៃៗទៀត សូមចេញមករសារភាព កុំមានការភ័យខ្លាច ចូលរួម​សប្បាយរីករាយជាមួយក្រុម​គ្រួសារ​នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ស្អែកនេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយ​ប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

សម្តេចបញ្ជាក់ថា មានតែបុគ្គល(៩) នាក់ប៉ុណ្ណោះ ដែលមានសាលដីការតុលាការកំពុងស្វែងរកចាប់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី សូមធានានូវសុវត្ថិភាពចំពោះ​បងប្អូន​ប្រ​ជា​ពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលមកទេសចរណ៍កម្សាន្តសប្បាយនៅក្នុងប្រទេស គឺមិនឱ្យ​មាន​ការភ័យខ្លាចអ្វីឡើយ៕

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អនុសាសន៍៦ចំណុច ដើម្បីទប់​ស្កាត់ការរាលដាលមេរោគអេដស៍ និង​ជំងឺ​អេដស៍

ដើម្បីទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងទិវាប្រយុទ្ធប្រឆាំងមេរោគអេដស៍ ជំងឺ​អេដស៍១ធ្នូ ឆ្នាំ២០១៩ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍៦ចំណុច ដូច​ខាងក្រោម ៖

១៖ សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីក សកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ និងត្រូវផ្តល់ការជួយឧបត្ថម្ភគំាពារ ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។

២៖ ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅ​​ពិនិត្យ​​ឈាមរកមេរោគអេដស៍ និងទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់ ព្រមទាំង​​ជៀសវាង​ដាច់ខាតកុំចម្លងទៅអ្នកដទៃ និងចូលរួមសហការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

៣៖ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បី​ទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក និងជម្រុញលើកទឹកចិត្តដៃគូមកពិនិត្យ និង​ទទួលសេវាព្យាបាលទាំងអស់គ្នា។

៤៖ សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំ​ឱ្យ​ឆ្លងមេរោគអេដស៍នេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំ​​ថាការ​ការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។

៥៖ មិនត្រូវមាក់ងាយ និងរើសអើងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវ​​បង្កើត​បរិយាកាសគាំទ្រ ដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវា សុខភាព សេវាគាំពារ​សង្គម និងការការពារផ្លូវច្បាប់។

៦៖ សូមអ្នកផ្ទុកមេរោគអេដស៍កុំមានការខ្មាសអៀន និងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់រួសរាន់ទៅ​​ទទួលការប្រឹក្សា និងការព្យាបាលឱ្យបានទាន់ពេលវេលា៕

សម្តេចហ៊ុនសែន ឱ្យពលរដ្ឋខ្មែរ និងជនបរទេស ត្រៀមអំបុក ទឹកដូងខ្ចី និងចេកទុំ ដើម្បីទទួល​ទានរួមគ្នា ថ្ងៃ៩វិច្ឆិកា

មុនពេលឡើងលើយន្តហោះត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នៅប្រ​ទេសថៃ កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែនបានសរសេរ​សារបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច សួរសុខទុក្ខប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តាមទម្លាប់ដ៏ល្អ​របស់សម្តេច ដូចជាពាក្យថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

នៅចុងបញ្ចប់ នៃសារ សម្តេចតេជោ ក៏បានជូនពរដល់ជនរួមជាតិរបស់សម្តេចផងដែរថា សូមជូនពរ​បងប្អូនជនរួមជាតិជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា។ នៅក្នុងសារ ដ៏មានអត្ថ​ន័យនេះ សម្តេចតេជោ ក៏បានលើកឡើងថា នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យ​ឯករាជ្យជាតិ ៩ វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១០ ដល់១២ វិច្ឆិកា។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរជាតិ និង​អន្តរជាតិចូលរួមកំសាន្តសប្បាយទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហើយសូម​ត្រៀមអំបុក, ចេកទុំ, ដូងខ្ចី.. ដើម្បីយើងទទួលទានអំបុកទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាស​សប្បាយរីករាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”។

សម្តេចបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ បន្ទាប់ពី​បាន​មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេស​ថៃ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ ដែលទទួលបានលទ្ឋផលល្អជាទីមោទនៈបំផុត។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកក បានផ្តល់ឱកាសអោយប្រទេសសមា​ជិកអាស៊ានទាំងអស់បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់​សហគមន៍អាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ ជាពិសេសពង្រឹង និងពង្រីកកិច្ចសហប្រតិ​បត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនដូចជា ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការ​អភិវឌ្ឍ ស្ថេរភាព សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព។ សម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៦ គឺនឹងធ្វើនៅប្រទេសវៀតណាមវិញម្តង៕

សម្តេចហ៊ុន សែន នៅតែបន្តឧបត្ថម្ភអង្ករ និងថវិកា ដល់និស្សិតក្រីក្រ នៅសាកលវិទ្យាល័យ និងវិទ្យាស្ថាន​នានា

មានប្រសាសន៍្នុងពិធីប្រគ់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស ប្រមាណ​១,៩៥៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច គឺបានខិតខំខ្លាំងណាស់ ក្នុងការផ្តល់​ឱកាសការងារផ្សេងៗដល់យុវជន ទាំងការងារក្នុងស្រុក និងក្រៅស្រុក ជាក់ស្តែងបច្ចុប្បន្ននេះ មានពលករ​ជាច្រើន កំពុងបម្រើរការងារនៅតាមបណ្តាប្រទេសមួយចំនួន ហើយពួកគេកំពុងទទួលបានផល​ប្រយោជន៍​យ៉ាងច្រើនពីការងារទាំងអស់នោះផងដែរ។

សម្តេចតេជោបន្តថា ដូច្នេះអ្នកដែលបានបម្រើការការងារនៅក្រៅប្រទេសទាំងអស់ ត្រូវយល់ឱ្យបានច្បាស់ អំពីអ្វី ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ ដូចជាការចរចារជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីជួយសម្រួល​អោយពលករយើងបានចេញទៅបម្រើការងារនៅប្រទេសទាំងអស់នោះ ដើម្បីទទួលបានប្រាក់ចំណូល​ផ្គត់ផ្គង់ជីវភាពគ្រួសារ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំជំរុញការបង្កើតការងារក្នុងស្រុក ទាក់ទាញវិនិយោគថ្មីៗ និងខិតខំស្វែងរកការងារក្រៅប្រទេសជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា សម្តេចនៅតែបន្តផ្តល់ការឧបត្ថមជាថវិកា និងអង្ករជាបន្តបន្ទាប់ទៀតដល់និស្សិតក្រីក្រ នៃសាកលវិទ្យាល័យធនធានមនុស្ស សាកលវិទ្យាល័យមួយ​ចំនួនទៀត និងវិទ្យាស្ថាននានាដដែល គឺក្នុង១ខែ អង្ករចំនួន២តោន និងថវិកាចំនួន៥លានរៀលផងដែរ៕

សម្តេចតេជោ៖ ទោះបីខ្ញុំមមារញឹកយ៉ាងណាក្តី ក៏ខ្ញុំពេញចិត្តបម្រើ និងការរក្សាសុខសន្តិភាពជាតិដែរ

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហាក់មិនខុសពីសារ  រៀងរាល់ថ្ងៃសៅរ៍អាទិត្យមុនៗ ទេ គឺសម្តេចតេជោប្រមុខរា​ជ​រដ្ឋា​ភិបាល តែងតែផ្តើមអត្ថបទដោយពាក្យថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

អង្គុយនៅ ក្នុងអាហារដ្ឋានជាប់មាតិសមុទ្រ ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ សម្តេចបន្តថា «ពេញមួយ​សប្តាហ៍នេះខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗរួមទាំងការ​សម្ពោធ​រោងចក្រស៊ី​ម៉ងត៌នៅ​ខេត្តកំពត និងបើកការដ្ធានកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំ​ពូលអន្តរជាតិអាស៊ី​ប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗរក​ដក​ឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើន​របស់បងប្អូនប្រជាពលរដ្ធ»។

នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូចេញទៅ​ប្រជុំកំពូល​អាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្ត។ ខ្ញុំសង្ឃឹមថានឹងបានជួបបងប្អូនប្រជាពលរដ្ធ និងកូនក្មួយសិស្ស​ និស្សិត ព្រមទាំងកូនក្មួយពលករ​ ពលការនីដែលកំពុងធ្វើការនៅទីនោះផងដែរ។ តាមរយៈវត្តមាន​ខ្ញុំ​នៅកូរ៉េនឹងជួយអោយលក្ខ័ណ្ឌការងារកូនក្មួយកាន់តែល្អប្រសើរឡើង។

នៅចុងបញ្ចប់ សម្តេចក៏តែងតែមិនភ្លេចនូវពាក្យជូនពរ ដល់ប្រជាជនខ្មែរទូទាំងប្រទេស និងគ្រប់និន្នាការ​នយោបាយដែរ «សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយ​សប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុង​ថ្ងៃ​ចុងសប្តាហ៍គ្រប់ៗគ្នា»៕

សម្តេចតេជោហ៊ុន សែន ៖ ការកសាងមហាវិថី វិថី និងអនុវិថី នៅព្រះសីហនុ គឺស្លឹកត្នោត ខ្ចប់ស្ករត្នោត

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបានមានប្រសាសន៍ថា ការកសាងមហាវិថី វិថី និងអនុវិថី (ផ្លូវ)នៅខេត្តព្រះសីហនុនេះ គឺ ដោយសារតែបច្ចុប្បន្ន  ហេដ្ឋារចនា​សម្ព័ន្ធក្នុងក្រុងព្រះសីហនុ មិនអាចប្រើប្រាស់បន្តទៀតបាន។ ដូច្នេះហើយទើប ត្រូវចាប់ផ្តើម​កសាងឡើង​វិញទាំងអស់ ដើម្បីបំពេញតម្រូវការចាំបាច់របស់ក្រុងដែលកំពុង មានសក្តា នុពល។

សម្តេចតេជោ បន្តទៀតថា នេះជាការគិតគូររបស់រាជរដ្ឋា ភិបាលកម្ពុជា តាមរយៈ «យកស្លឹកត្នោត ខ្ចប់ស្ករ​ត្នោត» ដោយប្រើប្រាស់ថវិការរបស់រដ្ឋតាមមរយៈក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ រួមសហការជាមួយក្រ​សួង​ពាក់ព័ន្ធមួយចំនួនទៀត និងថវិការបស់ខេត្តព្រះសីហនុផ្ទាល់។ ប៉ុន្តែប្រសិនបើខេត្តមិនអាចមានលទ្ឋ​ភាពរក​ទុនបាន​គ្រប់ទេ​នោះ គឺរាជរដ្ឋាភិបាលនឹងទម្លាក់ថវិកា ទាំងអស់តែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការសាងសង់ផ្លូវនេះ គឺមានក្រុម ហ៊ុនចំនួន៨ ទទួលធ្វើ ដោយត្រូវ​ចំណាយទុនប្រមាណ $២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណិត ដោយចែកចេញ​ជា៣​ប្រភេទ គឺ១)ប្រភេទមហាវិថី , ២)វិថី និង៣)អនុវិថី។ ចំពោះ មហាវិថីមានចំនួន៣ខ្សែ មានទទឹង​ផ្លូវ​៥០ម៉ែត្រ, ចំពោះវិថីវិញមានទទឹងពី២០ទៅ៤០ម៉ែត្រ រីឯអនុវិថី គឺមានទទឹងពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវ​ទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ (សម្រាប់ អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរថាចរណ៍ត្រឹមត្រូវ បង្គោល​​ភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កា មេរ៉ា សុវត្តិភាពតាមដងផ្លូវផងដែរ។

សម្តេចបន្ថែមថា ផ្លូវទាំងនេះ ត្រូវប្រើរយៈ​ពេលក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ ដូច្នេះ នៅឆ្នាំ​ក្រោយ ក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា៕

សម្តេចហ៊ុន សែន ៖ អ្នកស្រាវជ្រាវទាំងអស់ ត្រូវខិតខំផ្តោតលើវិទ្យាសាស្រ្ត និងសង្គមសាស្រ្ត

ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្រ្ទទេវី នៅរាជបណ្ឌិតសភាកម្ពុជា ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ ជំរុញដល់អ្នកស្រាវ​ទាំងអស់ថា ត្រូវខិតខំស្រាវ​ជ្រាវទាំង​លក្ខណៈវិទ្យាសាស្ត្រ និងសង្គមសាស្រ្ត ដោយបើកទូលាយអោយមានកម្រិត​ស្រាវ​ជ្រាវទាំងក្នុង​ប្រទេស​ជាតិ និងអន្តរជាតិផងដែរ ដើម្បីអោយយើងបានដឹងពីសភាពការណ៍ខាង​ក្រៅ​ផង មិនត្រូវគិតសិក្សា​ស្រាវជ្រាវតែក្នុងប្រទេសមួយមុខប៉ុណ្ណោះ។

សម្តេចតេជោបន្តថា  នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល បានបង្កើតក្រុមស្រាវជ្រាវមួយទៀត ដែលមាន​ឈ្មោះ​ថា CAP ដែលក្រុមនេះមានតួនាទីស្រាវជ្រាវផ្នែកចារកិច្ច, ក្នុងនោះក៏មានក្រុមស្រាវជ្រាវ​របស់​ក្រសួង​កា​របទេស និងមួយទៀតជាក្រុមស្រាវជ្រាវ នៃគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចតេជោបញ្ជាក់ថា កិច្ចការសិក្សាស្រាវជ្រាវ គឺជារឿងដែលត្រូវធ្វើបន្ទាន់ និងមានភាពចាំចាច់​សម្រាប់​ជាប្រយោជន៍សង្គម។ សម្តេច  បានចែករំលែកអំពី​ការស្រាវជ្រាវផ្ទាល់របស់សម្តេចមុននឹងដាក់​នឹងចេញ​នូវ​នយោបាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាពិសេសបញ្ចប់សកម្មភាពកង​ទ័ពប៉ុលពត  ដើម្បីឱ្យពួកគេបានវិលត្រឡប់ចូលមករួមរស់នៅក្នុងសង្គមជាតិវិញ ដែលក្នុងនោះក្រោយពី​បានសិក្សាស្រាវជ្រាវអំពីព័ត៌មានទាំងឡាយ ដែលសម្តេចតេជោទទួលបានរួចហើយ គឺសម្តេចបានដាក់​ចេញ នូវ​គោលនយោបាយឈ្នះឈ្នះដែលមានបីចំណុចសំខាន់ៗដូចជា ៖

១) ធានាអាយុជីវិតប្រជាជនមិនឱ្យមានការធ្វើទុក្ខទោសអ្វីឡើយ

២) ធានារក្សាការងារតួនាទីមុខតំណែងដែលពួគេមានពីមុន

៣) ធានាការការពារទ្រព្យសម្បត្តិរបស់ពួកគេមិនឱ្យមានការបាត់បង់

សម្តេចបញ្ជាក់ថា យុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចនេះហើយ ដែលកម្ពុជាបានធ្វើការបង្រួបបង្រួម​ជាតិចុងក្រោយ បញ្ចប់សង្រ្គាម ហើយបាននាំមកនូវសុខសន្តិភាព​ពេញលេញសម្រាប់ប្រទេស​ជាតិទាំង​មូលមកទល់សព្វថ្ងៃនេះដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ (១៩៩៨-២០១៩)។

សម្តេចតេជោ ហ៊ុន សែន មានសង្ឃឹមយ៉ាងមុតមាំថា នឹងបានចូលរួមចំណែក​បម្រើ​វិស័យអប់រំ និងការ​សិក្សា​ស្រាវដ៏សំខាន់សម្រាប់សង្គមជាតិយើង ៕

សម្តេចហ៊ុន សែន ៖ គាលនយោបាយឤទិភាព អាណត្តិទី៦ គឺបង្កើន​ល្បឿន នៃ​ការ​កែទម្រង់អភិបាលកិច្ច

ថ្លែងក្នុងពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅផែការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៩  ២០២៣ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ នៅសណ្ឋាគារភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា គាលនយោបាយឤទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា គឺការបង្កើនល្បឿន នៃការកែទម្រង់ អភិបាលកិច្ច ដើម្បីបន្តធានាឱ្យមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និង បរិយាបន្ន។

សម្តេចតេជោបានបន្តថា ចំណុចស្នូល ដែលជាយុទ្ធសាស្ត្រអនុវត្តរួម ហើយដែលកម្ពុជា​ត្រូវផ្តោតការ យក​ចិត្តទុកដាក់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ជាបន្តទៀត រួមមាន៖

ទី១៖ ការបន្តពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើក​កម្ពស់វិធានការច្បាប់, ការញរសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស, លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បី​បង្កើតនូវបរិយាកាសនយោបាយ និងសន្តិសុខអនុគ្រោះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុង​រយៈពេលវែង ។

ទី២៖ ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ រយៈពេលវែង ក្នុងរង្វង់៧% និងការកាត់បន្ថយ​ភាព​ក្រីក្រឱ្យ បានកាន់តែទាបក្រោម ១០% ។

ទី៣·ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចជនបទ សំដៅលើកកម្ពស់ស្ថាន​ភាព សេដ្ឋកិច្ចនៅសហគមន៍ជនបទ តាមរយៈការសម្របសម្រួលរៀបចំផែនការ និងការអនុវត្តកម្មវិធី ជា​មួយស្ថាប័នញក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការបង្កើនផលិតភាព និងពិពិធកម្មវិស័យ​កសិកម្ម, ការអភិវឌ្ឍកសិឧស្សាហកម្ម ការ ស្តារឡើងវិញ និងការកសាងបណ្តាញផ្លូវជនបទ ព្រម​ទាំង​ការបណ្តុះបណ្តាលបច្ចេកទេស, មុខវិជ្ជាជីវៈ និង សេវាសុខភាព នៅតំបន់ជនបទ ។

ទី៤៖ ការបន្តពង្រឹងការសម្របសម្រួលញណិជ្ជកម្ម និង ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជាទៅ​ក្នុង​ទីផ្សារឤស៊ាន និង ក្នុងមហាអនុតំបន់ទន្លេមេគង្គ និង តំបន់អភិវឌ្ឍត្រីកោណកម្ពុជា ឡាវ វៀតណាម និង កម្មវិធីអភិវឌ្ឍនានារបស់ខ្លួន សម្រាប់វិស័យមួយចំនួន រួមមាន ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ និង ព្រលានយន្តហោះ, ការអភិវឌ្ឍវិស័យឯកជន ជាពិសេសការរៀបចំផែនការ និង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ការសម្របសម្រួលការធ្វើ ញណិជ្ជកម្ម និង វិស័យឧស្សាហកម្ម, ការ​បង្កើតលក្ខខណ្ឌចាំបាច់នានា ដើម្បីធ្វើសមាហរណកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យមិន​រៀប​រយ ទៅក្នុងសេដ្ឋកិច្ចរៀបរយវិញ និង

ទី៥៖ ការបន្តពង្រឹងសមត្ថភាពស្ថាប័នរាជរដ្ឋាភិបាល តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវប្បធម៌តម្លាភាព និងគណនេយ្យភាព។ រៀបចំ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍ​សមត្ថភាព​នៅ​គ្រប់ស្ថាប័នសាធារណៈឱ្យ បានទូលំទូលាយ ដើម្បីធានានូវប្រសិទ្ធភាពនៃសេវាសាធារណៈ ឱ្យកាន់តែ​ប្រសើរឡើង៕

សម្តេចតេជោ ហ៊ុន សែន៖ តាមរយៈចំណូលប្រចាំខែ រាជរដ្ឋាភិបាល​មានលទ្ធភាព​បើកប្រាក់ខែ​មន្រ្តីរាជ​ការបាន

ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់មហាវិថី វិថី និងអនុវិថី នៅខេ្តព្រះសីហនុ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងមួយខែៗរាជ​រដ្ឋាភិ​បាល​​​អាចសន្សំប្រាក់ពី១០០ទៅជាង២០០លានដុល្លារ ខណៈប្រាក់ចំណូលក្នុងមួ​យខែប្រ​មាណ៥០០​លាន​ដុល្លារ ដែលអាចប្រើប្រាក់ខែជូនមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ បានយ៉ាងងាយស្រួល ដោយ​គ្មាន​ការព្រួយបារម្ភ។

សម្តេចតេជោបានបន្តថា «អ្នកខ្លះគេគិតថា ហ៊ុន សែន ជិតដាច់ខ្យល់ហើយ ដោយសារតែសម្ពាធបរទេស សុំទោស ខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា គ្រាន់តែចំណូលពន្ធគយមួយ គឺចិញ្ចឹម ប្រាក់ខែគ្រប់គ្រាន់ លើសពី​សេច​ក្ដីត្រូវការ គ្រាន់តែចំណូលពន្ធគយ ដែលក្នុងមួយខែៗ គិតជាមធ្យម ២៥០លានដុល្លារ​សហរដ្ឋ​អាមេរិក។ យើងមានប្រាក់ចំណូលក្នុង១ខែ គឺប្រមាណ៥០០លាន ដុល្លារ សហរដ្ឋអាមេរិក ហើយយើង​ចាយត្រឡប់ទៅវិញ ចំណាយអស់៣០០ ទៅ៤០០លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា  សូមកុំភ័ន្ឌច្រឡំជាមួយនឹង ការគិតគូរ របស់​រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលកំណែទម្រង ហិរញ្ញវត្ថុ​សាធារណៈផងដែរ។ យើងធ្វើជារាជរដ្ឋាភិបាល មិនមែនបានសេចក្ដីថា យើងវ៉ៃអស់សន្លឹកបៀចេញ​ពីដៃ​នោះទេ ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដែលបញ្ចេញឲ្យខេត្តព្រះសីហនុ១០០លានដុល្លារនេះ វាតិចតួច​ណាស់ បើប្រៀបធៀបជាមួយនិងប្រាក់សន្សំដែលរាជរដ្ឋាភិបាលមានជាសាច់ប្រាក់តែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ប៉ូលសេដ្ឋកិច្ចចំនួន៣ គឺប៉ូលទី១ភ្នំពេញ ទី២ព្រះសីហនុ និងទី៣ សៀមរាប គឺជាចក្ខុវិស័យ ដែលដាក់ចេញតាំងពីទសវត្សរ៍ឆ្នាំ៩០។ សម្ដេច នឹងធ្វើឲ្យប៉ូលទី១ ភ្នំពេញ និងប៉ូលទី២ ខេត្ដព្រះសីហនុ ក្លាយទៅច្រកកំណើនសេដ្ឋកិច្ច។ ដូច្នេះ យើង​កំពុងសម្រេច​គោល​ដៅរបស់យើង តាមរយៈធ្វើឲ្យតាមដងផ្លូវជាតិលេខ៤ ពោលពេញទៅដោយរោងចក្រ សហគ្រាស ខណៈ​ដែលខេត្តព្រះសីហនុ មានតំបន់ឧស្សាហកម្ម រហូតដល់៩ទីតាំង, ៥ទីតាំងកំពុងដំណើរការ និង៤ទីតាំង កំពុងដាក់ឲ្យដំណើរការ៕

សម្តេចហ៊ុន សែន៖ ការជប់លៀងបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព រវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី ប៉ា ស៊ីហ្វិក

ថ្លែងក្នុងពិធីជប់លៀង ជូនគណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូល អាស៊ី ប៉ា ស៊ីហ្វិក កាលពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខាភ្នំពេញ​សម្តេច តេជោនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានមានប្រសាសន៍ថា ការជប់លៀង ដ៏មានអត្ថន័យនេះ ដើម្បីឆ្លុះបញ្ចាំងនូវចំណង​មិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ជាពិសេសគឺការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានការពិភាក្សារួមគ្នាជាមួយគ្រប់​ជាតិ​សាសន៍ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើក កម្ពស់សុខសន្តិភាព និងវិបុលភាព ដើម្បី​ភាពសុខ​ដុមរមនា នៃប្រជាជននៅក្នុងតំបន់ អាស៊ី ប៉ាស៊ីហ្វិក និងពិភពលោក។

សម្តេច បន្តតថា ការជួបជុំទទួលទានអាហារនារាត្រីនេះ គឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដែលប្រទេស​ទាំង​អស់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានឱកាសបានបង្កើន ចំណងមិត្តភាព និងទំនាក់ទំនងគ្នាកាន់តែ​ជិតស្និទ្ធ ជាពិសេសគឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក រួមគ្នាថែរក្សានូវ​គុណ​តម្លៃ​សកល និងសុខសន្តិភាពសម្រាប់តំបន់ និងពិភពលោក ដោយប្រកាន់ភ្ជាប់នូវការគោរព និងការ​យោគយល់គ្នា ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅ មកទាំងបច្ចុប្បន្ន និងទៅអនាគត៕

សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យទន្លេគង្គារ បង់ក្លាដែស ក្លាយជាសមាជិក នៃគណកម្មការទ្លេមេគង្គ

ក្នុងជំនួបលោក ស្រី Shirin Sharmin Chaudhury ប្រធានសភាប្រទេសបង់ក្លាដែស កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា  ទំនាក់ទំនង ប្រទេសទាំង កម្ពុជា បង់ក្លាដែស បានរួមចំណែកយ៉ាងច្រើន ក្នុង​ការចូលរួមពង្រឹង និងពង្រីកទំនាក់​ទំនង​ទ្វេភាគី។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការមេគង្គគង្គារ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យលោកស្រីប្រធាន​រដ្ឋ​សភា ជម្រាប​ជូន​លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស ពីការស្នើសុំក្នុងក្របខណ្ឌមេគង្គគង្គារ ដោយ​សម្ដេច​តេជោ​ កំពុង​ធ្វើការជាមួយបណ្តាប្រទេសដែលជាសមាជិក នៃយន្តការកិច្ចសហប្រតិបត្តិ​ការមេគង្គ​គង្គារ​នេះ ដើម្បីស្នើ​សុំបញ្ចូលប្រទេសបង់ក្លាដែស ដូច្នេះត្រូវរង់ចាំការឆ្លើយតបពីបណ្ដាប្រទេស​ដែលជា​សមា​ជិក នៃ​គណកម្ម​កា​រនេះសិន ប៉ុន្តែកម្ពុជានឹងបន្តខិតខំជួយក្នុងកិច្ចការដ៏សំខាន់នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអរគុណលោកស្រី ដែលបានដឹកនាំប្រតិភូមកចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជា។ វត្តមានរបស់លោកស្រី​គឺបានបង្ហាញពីមិត្តភាពនិងសាមគ្គីភាព​រវាងប្រទេស​អាស៊ីប៉ាស៊ីហ្វិក និងផ្ដល់កិត្តិយសដល់ប្រទេសកម្ពុជា ព្រមទាំងបានចូលរួមចំណែកដល់ការពង្រឹង និង​ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

សម្តេចតេជោបញ្ជាក់ថា ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកគួរតែធ្វើយ៉ាង ណាសហការគ្នានៅក្នុងកិច្ចខិតខំ ធ្វើ​យ៉ាងណាចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពហុភាគីក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលបច្ចុប្បន្នមាននិន្នាការទៅរកឯកតោភាគី។

ជាការឆ្លើយតប លោក ស្រី Shirin Sharmin Chaudhury បានមានប្រសាសន៍ថា ទំនាក់​ទំនងទ្វេភាគី​រវាងប្រទេសបង់ក្លាដែស និងកម្ពុជាមានការវិវឌ្ឍទៅមុខយ៉ាងល្អ។ លោកស្រី ក៏​បានអរគុណប្រទេសកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជា សម្ដេចតេជោនាយក​រដ្ឋមន្ត្រី ដែលបានរៀបចំ​កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកកន្លងទៅនេះ ដែលទទួលបានជោគជ័យ ជាពិសេស​ជំរុញយន្តការ​នៃកិច្ច​ប្រជុំ និងធ្វើឲ្យកាន់តែមានសារៈសំខាន់ដល់ការពង្រឹងពង្រីកកិច្ចសហ​ប្រតិបត្តិការ​កាន់តែទូលំទូលាយ​នៅ​ក្នុងតំបន់ផងដែរ៕

សម្តេចហ៊ុន សែន៖ នឹងប្រែក្លាយ វេទិកា នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ទៅជាវេទិកា នៃកិច្ច​សន្ទនា

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Syed Yusurf Raza Gilani អតីតនាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកទី២ កាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​វិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅឆ្នាំនេះ កិច្ចប្រជុំ​កំពូល​នៅប្រ​ទេស​កម្ពុជា គឺមានការចូលរួមយ៉ាងច្រើន ពីបណ្ដាប្រទេសជាច្រើនជាសមាជិក ហើយកម្រិត​ដែល​អ្នកចូល​រួម គឺកម្រិតថ្នាក់ខ្ពស់ថែមទៀត ដែលធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកលើកនេះ ទទួល​បាន​ជោគជ័យ ហើយប្រែក្លាយយន្តការនេះកាន់តែមានសារៈសំខាន់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភាពជោគជ័យ​នៃ​កិច្ចប្រជុំនេះ គឺជាជោគជ័យរួមរបស់យើងទាំង​អស់គ្នា ហើយអ្វីដែលសំខាន់នេះ គឺយើងនឹងប្រែក្លាយ​វេទិកា​នេះ ឲ្យទៅជាវេទិកានៃកិច្ចសន្ទនា និងកិច្ច​សហ​ប្រតិបត្តិការក្នុងចំណោមប្រទេសដែលចូលរួម។

សម្តេច នាយករដ្ឋមន្ត្រី បានលើកឡើងផងដែរ អំពី​ទំនាក់ទំនងទ្វេភាគី​រវាងកម្ពុជា និងប៉ាគីស្ថាន ដែល​ បានធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកហើយ ហើយសម្ដេចតេជោ ក៏ធ្លាប់ជួប ឯកឧត្តមអតីតនាយករដ្ឋមន្ត្រី នៅពេលឯកឧត្តម នៅធ្វើជានាយករដ្ឋមន្ត្រី នៃប្រទេសប៉ាគីស្ថាននេះ ដែលបានជួយពង្រឹង​នូវកិច្ច​សហ​ប្រតិបត្តិការរួមរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ។

សម្ដេចតេជោបញ្ជាក់ថា ​សម្តេចធ្លាប់បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក លើកទី១ នៅប្រ​ទេស​នេប៉ាល់ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ហើយកិច្ចប្រជុំនៅប្រទេសកម្ពុជា ជាលើកទី២ និងកិច្ច​ប្រជុំកំពូលលើកទី ៣ នៅឆ្នាំក្រោយ គឺគ្រោងធ្វើនៅប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំ២០២០។

លោក Syed Yusurf Raza Gilani អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានថ្លែងអំណរគុណសម្ដេចហ៊ុន សែន ដែលបានអនុញាតឱ្យលោក និង គណៈប្រតិភូ ចូលជួបសម្ដែងការគួសម ព្រមទាំងបានអញ្ជើញ​ លោក និងគណៈប្រតិភូចូល​រួមក្នុងកិច្ចប្រជុំកំពុលអាស៊ី-ប៉ាស៊ីហ្វិក លើកទី២នេះ។ វត្តមានរបស់លោ បានចូលរួមចំណែក​ក្នុងការ​ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសប៉ាគីស្ថាន និងកម្ពុជា៕

សម្តេចតេជោ ៖ នៅកម្ពុជា មានបណ្ឌិតថ្មី និងចាស់ជាង៦០០នាក់ អាចច្រើនជាងគេលើពិភពលោក តែគុណភាពគួរឱ្យព្រួយបារម្ភ

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ២១ ខែវិច្ឆិកា ២០១៩  សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ចំនួនបេក្ខជន​ជា”បណ្ឌិត”មានចនួនច្រើនហួសសរុបទាំងចាស់ និងថ្មីប្រមាណជាង៦០០ នាក់ នៅរាជបណ្ឌិត្យ​សភា​កម្ពុជា អាចចាត់ថាជាប្រ​ទេស ដែលមានចំនួន “ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក បើប្រៀប​ធៀប​នឹងចំនួនអត្រា​ប្រជា​ពលរដ្ឋ។

សម្តេចតេជោ បន្តថា ការទទួលបានងារជា “ បណ្ឌិត” តែគ្មានចំណេះដឹង និង​សមត្ថភាព​ពិតប្រាកដ គឺជា​ក្តី​បារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។ តែចំពោះ​អ្នក​ដែលគ្មានសញ្ញាបត្របណ្ឌិត តែបានខិតខំសិក្សា​ស្រាវ​ជ្រាវ ដើម្បីទទួលបាន​នូវបទពិសោធន៍ និងចំណេះ​ដឹងពិតប្រាកដបន្ថែម គឺត្រូវមានការទទួលស្គាល់ និង​លើកទឹកចិត្ត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា  ដើម្បីពង្រឹងគគុណភាពថ្នាក់បណ្ឌិត ក្រុម​ប្រឹក្សារាជ​បណ្ឌិត្យ​សភា​ត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់ នូវគុណភាពបេក្ខជនដែលត្រូវបញ្ចប់ថ្នាក់បណ្ឌិត​នៅ​រាជ​បណ្ឌិត្យសភាកម្ពុជា។ ចំពោះអ្នកណែនាំនិក្ខេបបទត្រូវមានសមត្ថភាព និងលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​មុន​នឹងក្លាយជាអ្នកណែនាំធ្វើនិក្ខេបទដល់បក្ខជននីមួយៗ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បាន​ស្នើ​ឲ្យរាជ​បណ្ឌិត្យ​សភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាពចំពោះក្រុមប្រឹក្សាការពារនិក្ខេបបទ ហើយ​ត្រូវ​ពង្រឹង​​គុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានាថា បេក្ខជននីមួយៗពិតជាមានចំណេះដឹង និង​សមត្ថភាព​ច្បាស់លាស់ អាចជាប់និងក្លាយជា “ បណ្ឌិត” បានពិតប្រាកដមែន។

គួររម្លឹកថា ដើម្បីក្លាយខ្លួនជាបណ្ឌិតបាន បេក្ខជន ត្រូវតែខិតខំស្រាវជ្រាវ និងបោះពុម្ពស្នាដៃរបស់ខ្លួន ប្រក​ប​ដោយវិជ្ជាជីវៈ និងវិទ្យាស្រ្ត កម្រិតយ៉ាងតិច១៥ ចំណងជើងសៀវភៅឡើងទៅ ប៉ុន្តែនៅកម្ពុជា បេក្ខជន​បណ្ឌិតមួយចំនួន ពុំបានបំពេញលក្ខខណ្ឌនេះទេ មិនទាំងមានស្នាដៃបពុម្ពផង ក៏ទទួលបានសញ្ញាបត្រ​ថ្នាក់​បណ្ឌិត ឬបណ្ឌិតសភាចារ្យដែរ៕

សម្តេចហ៊ុន សែន យល់ព្រមឲ្យក្រុមការងារកម្ពុជា អាមេរិក ធ្វើកិច្ចសហការជាមួយគ្នាឡើងវិញ ដើម្បីស្តារ​ទំនុកចិត្ត

ដើម្បីឆ្លើយតបចំពោះលិខិត ដែលប្រធានាធិប​តីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលបញ្ជាក់ថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការ​ការ​ផ្លាស់​ប្តូររបបគ្រប់គ្រងនោះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បានធ្វើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយបានយល់ព្រមឲ្យក្រុម​ការងារកិច្ចការបរទេស​នៃប្រទេសទាំងពីរ ធ្វើកិច្ចសហការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញនឹងកសាង​ឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។

សម្តេចតេជោ ក៏បានឆ្លើយតបចំពោះការអញ្ជើញរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលអញ្ជើញសម្តេចឱ្យ​ទៅ​ចូល​រួម​ប្រជុំ​កំពូលអាស៊ានអាមេរិក ថា សម្តេច​នឹង អញ្ជើញទៅចូលរួម​កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅអំឡុងត្រីមាស​ទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋ​អាមេរិកនេះ ផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈលោក Patrick Murphy អគ្គរដ្ឋទូតសហ​រដ្ឋអា​មេរិកប្រចាំនៅកម្ពុជា លោកដូណាល់ត្រាំ បានផ្ញើលិខិតចំនួនពីរជូនសម្តេចហ៊ុន សែន  ដើម្បីបញ្ជាក់​ជំហរ​របស់សហរដ្ឋអាមេរិក ក្នុងការចង់បង្កើនទំនាក់ទំនងចំណងមិត្តភាព​ទ្វេភាគីកាន់តែល្អប្រសើរថែម​ទៀត​ជាមួយ​កម្ពុជា។

ក្នុងលិខិតនោះ  លោកប្រធានាធិបតី បានបញ្ជាក់​ថា អាមេរិកគោរពអធិបតេយ្យ​ភាពរបស់កម្ពុជា ហើយ​មិន​គាំទ្រចំពោះការការផ្លាស់ប្តូររបបគ្រប់គ្រងម្តងណាឡើយ ព្រមទាំងស្នើសុំឲ្យ​ក្រុម​ការងារកិច្ចការបរ​ទេស​នៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរ​ឡើង​វិញ៕

សម្តេច ហ៊ុន សែន ស្នើឱ្យក្រសួងយុត្តិធម៌ តុលាការ និងព្រះរាជអាជ្ញា ​សិក្សាលើការលើកលែង ទោស​ជនសង្ស័យ ថ្ងៃ៩វិច្ឆិកា

ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត​ នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩នេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍​បញ្ជាក់ថា ប្រ​ជាពល​រដ្ឋ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេច នោះ ក្រសួងយុត្តិធម៌ ត្រូវធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញា ក្នុងការដោះលែងឱ្យនៅក្រៅឃុំ តាម​រយៈ​ការ​ស្នើសុំពីសាមីខ្លួន ពីក្រុមគ្រួសារ ឬពីមេធាវី។

សម្តេចតេជោ ហ៊ុន សែន បាញ្ជាក់ថា  ប្រជាពលរដ្ឋទាំងអស់នោះ ជាអ្នក ចាញ់ឧបាយកល ចាញ់ បោក​ការឃោសនារបស់ក្រុមជនក្បត់ជាតិ។ ដូច្នេះ ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះ គឺជាដំណើរ​នៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាម​បង​ប្អូន​ប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬ​សមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការណ៍មក សម្តេចតេជោតាមរយៈ Facebook ផ្ទាល់របស់ សម្តេច ក៏​បានដែរ ៕

សម្តេចតេជោ ហ៊ុន សែន ធានាមិនឱ្យពលរដ្ឋរងគ្រោះដោយ​សារចាញ់ឧបាយកល​រដ្ឋប្រហារភ័យ​ព្រួយ​ឡើយ

ពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានឃើញ និងយល់កាន់តែច្បាស់អំពីទឹកចិត្តគោរព​ស្រឡាញ់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមកលើប្រជាពលរដ្ឋ ទោះបីមាននិន្នាការ​នយោ​បាយខុសគ្នាក្តី ឬក៏ត្រូវចាញ់ឧបាយកលរបស់មេក្លោងរដ្ឋប្រហារអោយរត់ចូលព្រៃ ឬនិរទេសទៅ​ក្រៅ​ប្រទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាមិនបានសម្រេច កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៩ គឺសម្តេច​តេជោ មិនប្រកាន់ទោសពៃរ៍អ្វីឡើយ ព្រោះបងប្អូនចាញ់បោកគេពិតប្រាកដមែន។

ការពិត នៅពេលដែលគេត្រូវការប្រើបងប្អូនរុញអោយធ្វើអំពើខុសច្បាប់អ្វីមិនបានសម្រេចហើយ គឺគេទុក​បងប្អូនចោលអោយប្រឈមនឹងទុក្ខទោសតែម្នាក់ឯង រីឯមេក្លោងរដ្ឋប្រហារក៏ចេញទៅក្រៅប្រទេស​វិញ​ដោយសុខស្រួល។ បងប្អូនត្រូវរងទុក្ខតែម្នាក់ឯងយ៉ាងឈឺចាប់បំផុត។

បើគ្មាន សម្តេចតេជោ ហ៊ុន សែន ទេ មិនដឹងថា តើបងប្អូនត្រូវប្រឈមនឹងទុក្ខទោស​ឬភ័យខ្លាច​រហូតដល់​ពេលណា? ហើយបងប្អូនមួយចំនួនទៀត តើត្រូវនៅក្នុងមន្ទីរឃុំឃាំងដល់ឆ្នាំណា? ចុះប្រពន្ធកូន ឪពុក​ម្តាយ ចំការស្រែ តើមានអ្នកណាជាអ្នកមើលថែ?

នេះហើយជាទឹកចិត្ត សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមិនចង់ឃើញសង្រ្គាម និងដំណក់ឈាមប្រជា​ពលរដ្ឋស្រក់តទៅទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន អាណិតស្រឡាញ់បងប្អូនដែលចាញ់បោកគេ សម្តេចតេជោលោកបានលើកលែងទោសអោយបងប្អូនដើម្បីបានវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារវិញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា និងបញ្ជាក់ប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ច​នគរបាល អាវុធហត្ថទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នាជាអ្នកជិតខាងល្អ និងជាមិត្តល្អរស់នៅសុខ​សប្បាយជាមួយគ្នាកុំអោយមានការភ័យខ្លាចអោយសោះ៕

សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយរៀបចំបកប្រែឯកសារសំខាន់ៗពីបរទេសជាខេមរភាសារ

នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ភោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកមិញថ្ងៃទី ២១ វិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា បានគាំទ្រលើកទឹកចិត្ត និងជំរុញឲ្យរាជបណ្ឌិត្យសភាពកម្ពុជារៀបចំបណ្ណា​ល័យឱ្យ​មាននឹងធនធានសៀវភៅសិក្សាស្រាវជ្រាវអោយបានគ្រប់គ្រាន់នៅទីតាំងអគារថ្មី “ខេមរវិទូ” សម្រាប់ឲ្យ​ក្មួយៗ​សិស្សនិស្សិត បញ្ញាវន្ត និងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ អាចមកសិក្សាស្រាវជ្រាវនៅទីកន្លែង​នេះ​បាន។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យ ឯ.ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ធ្វើការរៀបចំក្រុមការងារអ្នកបកប្រែឯកសារនានាពីបរទេសទៅជាខេមភាសារ ដើម្បីបោះ​ពុម្ភ​ទុកសម្រាប់ដាក់នៅរាជបណ្ឌិត្យសភាកម្ពុជា និងនៅតាមបណ្ណាល័យនានា​ដើម្បីផ្តល់ជាទន់ដល់ក្មួយៗ​ក្នុងការសិក្សាស្រាវជ្រាវ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅពេលដែលយើងបានរៀបចំឯកសារបកប្រែរួចរាល់ហើយ គឺនឹង​ក្លាយ​ទៅជាបណ្តុំនៃការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ភាពងាយស្រួលជួយដល់ក្មួយៗ សិស្សានុសិស្ស បញ្ញា​វន្ត និងអ្នកសិក្សាប្រើប្រាស់បានគ្រប់គ្រាន់៕